ព័ត៌មាន

«ផែនការសន្តិភាពមជ្ឈឹមបូព៌ា» ដោយ៖ ធន ឆាយពិសិដ្ឋ មន្រ្តីស្រាវជ្រាវនៃនាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិ

2020-03-03 03:08:49 ថ្ងៃអង្គារ, 03 មីនា 2020, 03:08 AM
post_detail

ផែនការសន្តិភាពដែលមានកម្រាស់៨០ទំព័រនេះ មានខ្លឹមសារប្រមាណ៥០ទំព័រទាក់ទងនឹងការដោះស្រាយបញ្ហា «រដ្ឋពីរ» អ៊ីស្រាអែលនិងប៉ាឡេស្ទីន ដែលមានការប៉ះទង្គិចគ្នារ៉ាំរ៉ៃជាច្រើនទសវត្សរ៍មកហើយ។ នៅក្នុងផែនការនេះ ប្រធា​នាធិបតីអាម៉េរិកស្នើឱ្យរៀបចំបង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីន ដែលមានរដ្ឋធានីស្ថិតនៅមួយចំណែកនៃភាគខាងកើតយេរ៉ូ​សាឡឹម មានអំណាចក្នុងការគ្រប់គ្រងដែនដីដែលមានផ្ទៃដីច្រើនជាងទ្វេរដងធៀបនឹងបច្ចុប្បន្ននិងអាចកសាងផ្លូវក្រោមដីតភ្ជាប់វេសបែងជាមួយនឹងហ្គាហ្សា ប៉ុន្តែប៉ាឡេស្ទីនត្រូវតែទទួលស្គាល់យេរ៉ូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រា​អែល រីឯ អ៊ីស្រាអែល ត្រូវបានអាម៉េរិកទទួលស្គាល់តំបន់តាំងទីលំនៅរបស់ខ្លួនដែលបានកសាងនៅលើដែនដីដែលដណ្ដើមកាន់កាប់បានពីប៉ាឡេស្ទីននៅតំបន់វេសបែង ដែលត្រូវគេមើលឃើញថាខុសនឹងច្បាប់។

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហូ នៅសេតវិមាន កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ កន្លងមក លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសផែនការសន្តិភាពនៅមជ្ឈឹមបូព៌ា ដោយមានខ្លឹមសារសំខាន់គឺ សំណើដំណោះស្រាយបញ្ហា «រដ្ឋពីរ» សម្រាប់អ៊ីស្រាអែលនិងប៉ាឡេស្ទីន។ លោកត្រាំ អះអាងថា សំណើនេះជា «កិច្ចព្រមព្រៀងប្រចាំសតវត្សរ៍» និងជា«ឱកាសជាប្រវត្តិសាស្រ្ត» ដើម្បីឱ្យប៉ាឡេស្ទីនរៀបចំបង្កើតរដ្ឋឯករាជ្យ ហើយបានដាស់តឿនថា ប៉ាឡេស្ទីន ត្រូវតែសម្រេចឱ្យបាននូវ «លក្ខខណ្ឌសម្រាប់ជារដ្ឋ» មុនបង្កើត «ដែនដីនៅក្នុងរដ្ឋប៉ាឡេស្ទីននាពេលអនាគត» ដែលរួមបញ្ចូលទាំងការបញ្ចប់«សកម្មភាពរបស់ក្រុមហាម៉ាស់» និងការបញ្ចប់ការអុជអាលប្រឆាំងនឹងអ៊ីស្រាអែល ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ការឆ្លើយតបរបស់ប៉ា​ឡេស្ទីន ពិភពអារ៉ាប់ និងពិភពលោក បែរជាមានភាពខុសៗគ្នា។

មែនទែនទៅ វាហាក់ដូចជាផលិតផលចាស់ ដែលបំពាក់យីហ៊ោថ្មីប៉ុណ្ណោះ។ អ្នកវិភាគជាច្រើនមើលឃើញថា ទាំងសំ​ណើ​ដំណោះស្រាយបញ្ហាដ៏សំខាន់បំផុតនៅមជ្ឈឹមបូព៌ា ទាំងវិធានរបស់យេរ៉ូសាឡឹម តំបន់តាំងលំនៅរបស់ជន​ជាតិជីហ្វ និងដែនដីដែលត្រូវដណ្ដើមកាន់កាប់ សុទ្ធតែជារឿងចាស់ៗ ហើយផែនការសន្តិភាពនៅមជ្ឈឹមបូព៌ា គឺគ្រាន់តែជាការបន្តជំហានដែលប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់អនុវត្តរួចមកហើយ ដូចជាការទទួលស្គាល់ក្រុងយេរ៉ូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែលកាលពីខែធ្នូ ឆ្នាំ២០១៧, ការផ្លាស់ស្ថានទូតអាម៉េរិកពីតែលអាវីវ ទៅកាន់ក្រុងយេរ៉ូសាឡឹមកាល​ពីខែឧសភា ឆ្នាំ២០១៨, ការទទួលស្គាល់តំបន់ខ្ពង់រាបហ្គោឡាន់ (Golan) ថាស្ថិតនៅក្រោមអធិបតេយ្យភាពរបស់អ៊ី​ស្រាអែលកាលខែមីនា ឆ្នាំ២០១៩ និងចុងក្រោយបំផុតគឺគាំទ្រអ៊ីស្រាអែលក្នុងការកសាងតំបន់តាំងលំនៅរបស់ជន​ជាតិជីហ្វនៅវេសវបែង ដែលជាតំបន់ដណ្ដើមកាន់កាប់បានពីប៉ាឡេស្ទីន កាលពីថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៩។ ជំហរបស់សហរដ្ឋអាម៉េរិកទាំងនេះ ត្រូវបានគេមើលឃើញថាជាភាពលម្អៀងទៅរកអ៊ីស្រាអែល ហើយជំហរនេះក៏ត្រូវបានជំទាស់ដោយប៉ាឡេស្ទីននិងប្រទេសផ្សេងៗនៅអារ៉ាប់ ក៏ដូចជាពិភពលោក ហើយវាក៏ជាឧបសគ្គដ៏ធំដែលរារាំងដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ាដែរ។

កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ សន្និបាតអារ៉ាប់ (AL) បានចេញសេចក្ដីប្រកាសជាផ្លូវការដោយជំទាស់នឹងផែនការសន្តិភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយសារតែ «អយុត្តិធម៌» ចំពោះជនជាតិប៉ាឡេស្ទីន ហើយក៏មិនឆ្លើយតបចំពោះសិទ្ធិជាមូលដ្ឋាន ព្រមទាំងបំណងប្រាថ្នារបស់ជនជាតិប៉ាឡេស្ទីនដែរ។ ជាច្រើនឆ្នាំកន្លងមក មតិផ្សេងៗនៃការប្រ​ជុំកំពូលអារ៉ាប់ ដាក់ឱ្យយេរ៉ូសាឡឹមខាងកើតជារដ្ឋធានីរបស់ប៉ាឡេស្ទីនដែលឯករាជ្យ ដោយមានបន្ទាត់ព្រំដែនដែលត្រូវបានកំណត់មុនសង្រ្គាមឆ្នាំ១៩៦៧ ហេតុដូចនេះទើបបណ្ដាមេដឹកនាំអារ៉ាប់អះអាងថា មិនរួមដៃនឹងសហរដ្ឋអា​ម៉េរិកដើម្បីអនុវត្តផែនការនេះទេ រីឯខាងប៉ាឡេស្ទីន មានឥរិយាបថកាន់តែដាច់ខាត ដោយចោទសហរដ្ឋអាម៉េរិកជាច្រើនសារថា កំពុងបំផ្លាញដំណើរសន្តិភាពតាមរយៈការប្រកាសផែនការ«ដែលគ្មានទំនួលខុសត្រូវ» និង«ខ្វះចក្ខុវិ​ស័យ»។

នៅក្នុងការប្រជុំបន្ទាន់នៅក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ អង្គការសហប្រតិបត្តិការអ៊ិស្លាម (OIC) ដែលមានប្រទេសជាសមាជិកចំនួន៥៧ប្រទេស ជាតំណាងឱ្យមូស្លីមទូទាំងពិភពលោកជាង១ពាន់៥រយលាននាក់ បានចេញសេចក្ដីថ្លែងការណ៍ជំទាស់នឹងផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ហើយថែមទាំងជំរុញឱ្យប្រទេសជាសមាជិក កុំគាំទ្រការអនុវត្តផែនការនេះ។

ជំហររបស់ពិភពលោកបង្ហាញឱ្យឃើញថា ឥរិយាបថរបស់ជនជាតិប៉ាឡេស្ទីន និងពិភពអារ៉ាប់ ជាអ្វីដែលមិនពិបាកយល់ទេ ហើយវាបង្ហាញឱ្យឃើញថា ផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់សហរដ្ឋអាម៉េរិកមិនអាចទៅរួចទេ ក្នុងសេច​ក្ដីប្រកាសជាផ្លូវការកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ អនុប្រធានគណៈកម្មការអឺរ៉ុប (EC) និងតំណាងជាន់ខ្ពស់ពាក់ព័ន្ធនឹងនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) ចូសេប បូរែល (Josep Borrel) បានអះ​អាងថា ផែនការសន្តិភាពថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក នឹងមិនអាចទទួលបានជោគជ័យទេ បើគ្មានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមទាំងជនជាតិប៉ាឡេស្ទីន និងពិភពអារ៉ាប់។ សេចក្ដីប្រកាសនេះបង្ហាញឱ្យឃើញថា អឺរ៉ុបគ្មានភាពជឿជាក់ចំពោះផែនការសន្តិភាពរបស់សហរដ្ឋអាម៉េរិកមួយនេះទេ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកវិភាគជាច្រើននាក់យល់ឃើញថា សំណើដោះស្រាយបញ្ហាតំបន់តាំងលំនៅរបស់ជនជាតិជីហ្វរបស់សហរដ្ឋអាម៉េរិក ផ្ទុយនឹងគោលការណ៍ចំណាត់ការរដ្ឋពីរដែលទទួលបានការគាំទ្រពីបណ្ដាប្រទេសនានាជាយូរមកហើយ មានន័យថា «កិច្ចព្រមព្រៀងប្រចាំសតវត្សរ៍» របស់សហរដ្ឋអាម៉េរិក ដើម្បីដោះស្រាយបញ្ហានៅមជ្ឈឹមបូព៌ា មិនស្របនឹងដំណើរសន្តិភាពរបស់ប្រជាជាតិពិភពលោកកំពុងប្រកាន់ខ្ជាប់ក្នុងការនាំប៉ាឡេស្ទីននិងអ៊ី​ស្រាអែលត្រឡប់មកតុចរចារទេ ដូចនេះ ផែនការដែលមានភាពលម្អៀងទៅភាគីម្ខាងនិងអយុត្តិធម៌ នឹងមិនអាច​បោះជំហានទៅមុខបានទេ គឺមានតែធ្វើឱ្យមជ្ឈឹមបូព៌ាដែលមានភាពច្របូកច្របល់និងស្មុគស្មាញខ្លាំងស្រាប់ទៅហើយនោះ ឱ្យកាន់តែជ្រៅនិងជាប់គាំងខ្លាំងឡើង។

នៅពីក្រោយនៃផែនការនេះ ក្រុមអ្នករិះគន់ សង្ស័យអំពីពេលវេលានៃការបង្ហាញផែនការនេះ។ ពួកគេសង្ស័យថា វាជា​ឧបាយកលដើម្បីអំពាវនាវដល់ចលនាអ្នកតាំងទីលំនៅអ៊ីស្រាអែលដែលអភិរក្សនិយម និងអ្នកផ្សព្វផ្សាយសាសនា​នៅសហរដ្ឋអាមេរិក ព្រោះថាពួកគេទាំងពីរសុទ្ធតែត្រូវឈរឈ្មោះបោះឆ្នោតនាពេលខាងមុខដូចគ្នា។ កិច្ចព្រមព្រៀងដែលបានប្រកាសនៅក្រុងយេរ៉ូសាឡឹមជារដ្ឋធានីនៃប្រទេសអ៊ីស្រាអែល មិនមានអ្វីលើសពីក្តីសុបិនមួយដែលគំរាមកំហែងដល់សន្តិភាពនៅក្នុងតំបន់នេះទេ។ សន្តិភាពយូរអង្វែងក៏នឹងមិនអាចសម្រេចបានឡើយ ប្រសិនបើផលប្រយោជន៍លម្អៀងទៅភាគីណាមួយ៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា



អត្ថបទទាក់ទង

គុណសម្បត្តិនិងគុណវិបត្តិក្នុងការប្រើវិធីសាស្រ្តបង្រៀនបញ្ច្រាស់ (Flipped Classroom))​ក្នុងការបង្រៀននិងរៀនភាសាអង់គ្លេស ដោយ៖ លោក ឆោម ជុំរ៉ុង- លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

ឯកសារនេះមានគោលបំណងបង្ហាញអំពីផលប្រយោជន៍និងបញ្ហាប្រឈម នៅក្នុងការប្រើវិធីសាស្រ្តបង្រៀន បញ្ច្រាស់ដែលជាវិធីសាស្រ្តដ៏ពេញនិយមមួយក្នុងសតវត្សរ៍ទី២១ ដើម្បីបង្រៀនភាសាអង់គ្លេសជាភាសាបរទេសឬជាភាសាទីពីរ។ តាមរយៈការធ...

2023-08-02 10:26:36   Wed, 02,08,2023, 10:26 AM
Southeast Asian Alliances and the US-China Partnership by Dr. Seun Sam

In Sept. 24, 2015, Chinese President Xi Jinping and President Joe Biden Walk down the red carpet on the tarmac during and arrival ceremony in Andrews Air Force Base, Md. AP Photo/Carolyn Kaster.In tod...

2023-08-02 08:18:33   Wed, 02,08,2023, 08:18 AM
ស្វែងយល់អំពីល្បែងបោះអង្គញ់ (Understanding on Angkugn Game) ដោយ៖ ឯកឧត្ដមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

ល្បែងបោះអង្គញ់ ជាល្បែងប្រជាប្រិយមួយក្នុងចំណោមល្បែងប្រជាប្រិយ (Popular game) ទាំងឡាយរបស់ខ្មែរ ដែលគេបានកត់សម្គាល់ឃើញនិងនិយមចូលចិត្តលេងមានដូចជា ល្បែងចោលឈូង លាក់កន្សែង ទាញព្រ័ត្រ ចាប់កូនខ្លែង លេងពួន វាយក្...

2023-08-02 08:00:27   Wed, 02,08,2023, 08:00 AM
Challenges and Solutions for the Next Prime Minister of Cambodia By: Dr. Seun Sam

Cambodia's political landscape has been shaped by a complex history and is currently at a critical juncture as the country looks towards the future. At the heart of this landscape is the role of the P...

2023-07-28 14:22:30   Fri, 28,07,2023, 02:22 PM
សេចក្តីថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្ដមបណ្ឌិត សួន រ៉ានី ដែលបានផ្តល់សៀវភៅជូនដល់លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិត សួន រ៉ានី ដែលបានផ្ដល់សៀវភៅចំនួន៩មុខ សរុប៦៤ក្បាល នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ សៀវភៅទាំងនោះរួមមាន៖១- ការគ្រប់គ្រងសេវា២...

2023-07-12 09:48:28   Wed, 12,07,2023, 09:48 AM
ទិដ្ឋភាពមួយចំនួន ស្ដីពី មេដឹកនាំ(Some Overviews on Leaders) ដោយ៖ ឯកឧត្ដមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

ជាទូទៅបើគេនិយាយពីធម្មជាតិ នៃការរស់នៅ របស់មនុស្សក្នុងសង្គមគេតែងតែជួបប្រទះនឹងមនុស្សពីរប្រភេទ ដែលមាន ឋានៈសង្គមខុសប្លែកគ្នា ពោលគឺ មនុស្សមួយប្រភេទមានឋានៈជាមេដឹកនាំ ហើយមនុស្សមួយប្រភេទទៀតជាអ្នកនៅក្រោមបង្...

2023-07-10 14:35:15   Mon, 10,07,2023, 02:35 PM

សេចក្តីប្រកាស