Royal Academy of Cambodia
ចាប់ពីចុងសតវត្សរ៍ទី១៦ រហូតដល់ដើមសតវត្សរ៍ទី២០ ទំនាក់ទំនងរវាងចក្រភពអូតូម៉ង់(តួកគី)និងចក្រភពរុស្ស៊ី ជាធម្មតាមានលក្ខណៈមិនល្អនិងមានអរិភាពនឹងគ្នា។ ប្រទេសទាំងពីរបានធ្វើសង្គ្រាមជាច្រើនលើកច្រើនសារ ហើយប្រទេសរុស្ស៊ីបានព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់បាល់កង់និងបានគ្រប់គ្រង Bosphorus ចំពេលដែលចក្រភពអូតូម៉ង់ចុះខ្សោយ។
នៅដើមទសវត្សឆ្នាំ១៩២០ ប្រទេសរុស្ស៊ី (សហភាពសូវៀត) បានប្រកាសទទួលស្គាល់ប្រទេសតួកគីជាផ្លូវការ ក្រោយពេលដែលរដ្ឋាភិបាលរុស្ស៊ី Bolshevik ជួយដល់បដិវត្តតួកគីក្នុងអំឡុងសង្គ្រាមដណ្តើមឯករាជ្យរបស់តួកគី ។
ទំនាក់ទំនងនៃប្រទេសទាំងពីរបានប្រែទៅជាជូរចត់នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ ខណៈពេលដែលរដ្ឋា ភិបាលសូវៀតបានទាមទារទឹកដីនិងទាមទារសម្បទានផ្សេងទៀតពីប្រទេសតួកគី។
តួកគីបានចូលរួមជាមួយអង្គការណាតូក្នុងឆ្នាំ១៩៥២ និងបានចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចប្រឆាំងនឹងអនុសញ្ញាវ៉ាសូវី (Warsaw Pact) នៅអំឡុងក្នុងសង្គ្រាមត្រជាក់។ នៅពេលនោះហើយដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងកម្រិតទាបបំផុត។
ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានចាប់ផ្តើមធ្វើឱ្យប្រសើរឡើងនៅឆ្នាំបន្ទាប់ នៅពេលដែលសហភាពសូវៀតបានលះបង់ការទាមទារទឹកដីរបស់តួកគីបន្ទាប់ពីការស្លាប់របស់ស្តាលីន។
បន្ទាប់ពីសហភាពសូវៀតដួលរលំក្នុងឆ្នាំ១៩៩១ ទំនាក់ទំនងរវាងប្រទេសតួកគីនិងរុស្ស៊ីមានភាពប្រសើរឡើងគួរ ឱ្យកត់សម្គាល់ ហើយប្រទេសទាំងពីរបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេ។ ប្រទេសរុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ថាមពលដ៏ធំបំផុតរបស់ប្រទេសតួកគី ខណៈដែលក្រុមហ៊ុនតួកគីជាច្រើនបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី មិនតែប៉ុណ្ណោះ ប្រទេសតួកគីបានក្លាយជាគោលដៅទេសចរណ៍សម្រាប់ទេសចររុស្ស៊ីថែមទៀតផង។
ទោះបីយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរនៅតែប្រកាន់ជំហរផ្ទុយគ្នាអំពីគោលនយោបាយការបរទេស ជាពិសេសក្នុងបញ្ហាតានតឹងមួយចំនួន ដូចជា ជម្លោះ Nagorno-Karabakh, សង្គ្រាមស៊ីវិលស៊ីរី, ជម្លោះកូសូវ៉ូ និងមាន ទស្សនៈផ្ទុយគ្នាអំពីអំពើប្រល័យពូជសាសន៍អាមេនី ជាដើម។
លើសពីនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏មានភាពតានតឹងផងដែរ បន្ទាប់ពីតួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ ប៉ុន្តែ ឆ្នាំ២០១៧ ក៏បានក្លាយជាធម្មតាឡើងវិញ រហូតមានកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលការពាដែនអាកាស S-400 និងថាមពលពីប្រទេសរុស្ស៊ីផងដែរ។
បើក្រលេកមើលអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរថ្មីៗនេះហាក់មានភាពតានតឹងកើតឡើងម្តងទៀត នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយសារតែការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយរុស្ស៊ីជាមួយនឹងកម្លាំងឧទ្ទាមប្រឆាំងរបបអាសាដ ដែលគាំទ្រដោយតួកគីនៅក្នុងខេត្តអ៊ីដលីប (Idlib) ស្ថិតជាប់ព្រំដែនជាមួយតួកគី ដែលបានធ្វើឱ្យទាហានតួកគីស្លាប់ និងរបួសជាបន្តបន្ទាប់។
ការប្រយុទ្ធគ្នានេះហាក់ដូចជាការបង្ហាញកម្លាំងនៃរបបស៊ីរីដែលគាំទ្រដោយរុស្ស៊ី ប្រឆាំងនឹងក្រុមឧទ្ទាមនិងក្រុមជ្រុលនិយមស៊ីរីដែលគាំទ្រដោយតួកគី។ ប៉ុន្តែ វាដូចជាផ្ទុយទៅនឹងសកម្មភាពរវាងតួកគី និងរុស្ស៊ីដែលកំពុងតែធ្វើកិច្ចព្រមព្រៀងស្តីពីការទិញប្រព័ន្ធមីសុីលការពារដែនអាកាស S-៤០០ និងកិច្ចព្រមព្រៀងស្តីពីថាមពលផងដែរ។
លោក ប្រធានាធិបតី Erdogan ក៏បានរិះគន់រុស្ស៊ីដែលជាសម្ព័ន្ធមិត្តថាងាយនឹងរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួនស្តីពីកិច្ចព្រមព្រៀងស៊ូជី (Sochi) ឆ្នាំ២០១៨ ។
សូមរម្លឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៨ តួកគីនិងរុស្ស៊ី បានចេញមុខធ្វើកិច្ចព្រមព្រៀងមួយដើម្បីកំណត់តំបន់ភាគខាងជើងស៊ីរី នៅជាប់តាមបណ្តោយព្រំដែនតួកគី គឺជាតំបន់គ្មានអាវុធ។ ក្នុងន័យនេះ តួកគីបានបញ្ជូនទ័ពខ្លួនចូលមកតំបន់ក្បែរក្រុងអ៊ីដលីប ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន និងដកហូតអាវុធពីក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី។ ប៉ុន្តែអ្វីដែលគេសង្កេតឃើញថា រយៈប្រមាណជាង១ឆ្នាំមកហើយកិច្ចនេះធ្វើមិនទាន់ចេញនៅឡើយទេ។
ប្រទេសតួកគីបានប្រើគ្រប់មធ្យោបាយដើម្បីដាក់សម្ពាធលើរុស្ស៊ី ដូចជា ការធ្វើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតួកគីទៅប្រទេសអ៊ុយក្រែន ការប្រកាសគំរាមវាយប្រហាររបបអាសាដ ការស្នើសុំឱ្យអាម៉េរិកដាក់ពង្រាយមីស៊ីល ប៉ាទ្រីយ៉ូតចំនួន២គ្រាប់ ដើម្បីរារាំងនឹងប្រទេសរុស្ស៊ីក្នុងការគាំទ្រដល់ការវាយប្រហារណាមួយរបស់អាសាដ។
ការប្រយុទ្ធគ្នារវាងកងកម្លាំងរបបអាសាដ និងកងទ័ពតួកគីមិនអាចរលត់បានទេ បើគ្មានភ្លើងខៀវពីរុស្ស៊ី ព្រោះ រុស្ស៊ីជាអ្នកសម្រេចជួយកសាងឡើងនូវរដ្ឋាភិបាលស៊ីរី។ ដោយឡែកតួកគី ទោះបីជា លោកប្រធានាធិបតីអ៊ែរដូហ្កាន ប្រើសម្តីគម្រាមខ្លាំងយ៉ាងណា ក៏ខ្លួននៅតែខ្លាចចិត្តរុស្ស៊ីដែរ។ ហេតុដូច្នេះហើយ បានយើងឃើញថាតួកគីព្យាយាមស្នើរុស្ស៊ីចរចាគ្នា។
តាមរយៈការស្នើសុំចរចារនេះ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងសមភាគីតួកគី លោក Tayyip Erdogan បានយល់ព្រមចាត់វិធានការជាបន្ទាន់ដើម្បីធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួលសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសស៊ីរី។ លោក Vladimir Putin និងលោក Tayyip Erdogan បាននិយាយាគ្នាតាមទូរស័ព្ទដែលផ្តួចផ្តើមដោយភាគីតួកគីបានលើកឡើងអំពីភាពចាំបាច់ដើម្បីអនុវត្តកិច្ចព្រមព្រៀងរុស្ស៊ី-តួកគី ស្តីពីតំបន់អ៊ីដលីបនៅស៊ីរី ដែលគេមើលឃើញថាកិច្ចសហប្រតិបត្តិការកើតឡើងដើម្បីបន្សាបក្រុមជ្រុលនិយម។
ទន្ទឹមនឹងនេះ មេដឹកនាំទាំងពីរបានសន្យារួមគ្នាថា ត្រូវតែគោរពកិច្ចព្រមព្រៀងស៊ូជីឱ្យបាន មានន័យថា ត្រូវតែបិទបញ្ចប់ការផ្ទុះអាវុធនៅតំបន់ភាគខាងជើងស៊ីរី ដែលបានសន្យាគ្នារួចហើយ។ ប្រទេសរុស្ស៊ីក៏បានបញ្ជូនគណៈប្រតិភូយោធាទៅប្រទេសតួកគីដើម្បីជួបប្រជុំគ្នាអំពីជម្លោះដែលកំពុងកើតមាននៅខេត្ត Idlib ប្រទេសស៊ីរី ហើយ ប្រទេស តួកគីក៏បានបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅ កាន់ក្រុងម៉ូស្គូដើម្បីធ្វើការចរចាផងដែរ ប៉ុន្តែ មិនទាន់សម្រេចជាសាច់ការអ្វីទេ។
មិនត្រឹមតែប៉ុណ្ណោះ ភាពតានតឹងនេះបានបង្កឱ្យរាំងស្ទះក្នុងការនាំចូលបន្លែ ផ្លែឈើរាប់ពាន់តោនទៅកាន់ប្រទេសរុស្ស៊ីផងដែរ។ ជាក់ស្តែង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រទេសរុស្ស៊ីបានឈប់ទទួលយកការនាំចូលប៉េងប៉ោះ ៥០០០ តោន ដោយឱ្យរង់ចាំនៅព្រំដែន ដែលធ្វើឱ្យតួកគីបាត់បង់ហិរញ្ញវត្ថុប្រហែល ២០ លានទៅ ៣០ លានដុល្លារ នេះក៏អាចជាការដាក់សម្ពាធមួយរបស់រុស្ស៊ី ចំពោះតួកគីដែរ។
ថ្វីបើមានការដាក់សម្ពាធទៅវិញមកនិងមានការចរចាគ្នាក៏ដោយ ក៏ស្ថានភាពនៃទំនាក់ទំនងរវាងរុស្ស៊ី និងតួកគីហាក់នៅទ្រឹងដែរ។ រីឯការប្រឈមមុខដាក់គ្នានៅតែបន្តកើតឡើងរវាងកងកម្លាំងឧទ្ទាមដែលគាំទ្រដោយតួគី និងកងកម្លាំងរបបអាសាធដែលគាំទ្រដោយរុស្ស៊ី ព្រោះថា រុស្ស៊ី ក៏ដូចតួកគីដែរ គឺមិនអាចគ្រប់គ្រងក្រុមរបស់ខ្លួនបានទាំងស្រុងទេ។ ទោះជាយ៉ាងណា ក៏ភាគីរុស្ស៊ីនិងភាគីតួកគី នៅតែប្តេជ្ញាចិត្តការពារកិច្ចព្រមព្រៀងទីក្រុងស៊ូជី(Sochi) ឱ្យបាន ដើម្បីរំលត់ស្នូរផ្ទុះអាវុធនៅតំបន់ភាគខាងជើងស៊ីរី និងមានបំណងបន្ធូរបន្ថយភាពតានតឹង ព្រមទាំងនឹងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពប្រក្រតីឡើងវិញ ថ្វីបើរហូតដល់ពេលនេះកងទ័ពតួកគីបានស្លាប់កើនរហូតដល់៥៣នាក់ក៍ដោយ៕
RAC Media
ថ្លែងសុន្ទករថាបើកវេទិកាវិទ្យាសាស្ត្រ ក្នុងសប្ដាហ៍ផ្លាស់ប្ដូរការអប់រំ ចិន-អាស៊ាន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ពីខេត្តគួយចូវ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា...
In the ever-evolving landscape of international relations, Cambodia's strategic partnership with Japan has played a significant role in shaping the country's development and progress. As the Indo-Paci...
The visit of Chinese Foreign Minister Wang Yi in Cambodia from August 12-13, 2023 holds immense significance, not only for the bilateral relations between the two nations but also for the broader regi...
ស្រែអំពិល គឺជាឈ្មោះភូមិមួយស្ថិតនៅក្នុងឃុំឈើទាល ស្រុកគៀនស្វាយ ខេត្ត កណ្តាល ហើយក៏ជាភូមិមួយបន្សល់ទុកគ្រឹះប្រាសាទយ៉ាងច្រើន ដែលនៅរាយពាសពេញបរិវេណនៃតំបន់ទាំងមូល ព្រមទាំងបំណែកកុលាលភាជន៍ ជាច្រើននៅរាយប៉ាយតាមទ...
The present small-scale study examined the relationship between integrative and instrumental motivation and English proficiency among Cambodian university students. The participants were seventy-two (...