ព័ត៌មាន

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញបើកវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីរាជការថ្មីចំនួន១៧នាក់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី» ដោយ៖ រឿន ភារុន

2020-02-26 01:54:12 ថ្ងៃពុធ, 26 កុម្ភៈ 2020 ម៉ោង 08:54 AM
អ្នកមើល 829
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជាអធិបតីបើកវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីរាជការថ្មីចំនួន១៧នាក់ ឱ្យចូលបម្រើការងារក្នុងរាជបណ្ឌិត្យសភាកម្ពុជា ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានសមាសភាពចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងមុខងារសាធារណៈផងដែរ។

ដើម្បីធានាការរៀបចំដំណើរការប្រឡងឱ្យប្រព្រឹត្តទៅបានដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវចំពោះបេក្ខជនប្រឡងទាំងអស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានណែនាំគណៈកម្មការ និងអនុគណៈកម្មការរៀបចំដំណើការប្រឡងទាំងអស់ត្រូវតែយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ចដែលបានបែងចែករៀងៗខ្លួនឱ្យបានល្អប្រសើរ។

ចំពោះការប្រឡងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ថា វិញ្ញសាប្រឡងទាំងបី ត្រូវបានសម្រិតសម្រាំងយ៉ាងសុក្រឹតពីគណៈកម្មការជំនាញនីមួយៗដែលមានបទពិសោធន៍លើការអនុវត្តការងារជាក់ស្តែង និងទ្រឹស្តី ហើយវិញ្ញាសាទាំងអស់ត្រូវបានរក្សាយ៉ាងសម្ងាត់បំផុត មុនពេលចែកជូនបេក្ខជនប្រឡង នាពេលនេះ។

ពីរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជាត្រូវការជ្រើសរើសមន្ត្រីដែលមានសមត្ថភាព មានឆន្ទៈបម្រើការងារច្បាស់លាស់ ដើម្បីបម្រើការងារជូនស្ថាប័ន និងជាតិមាតុភូមិឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព ស្របតាមតួនាទីភារកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលមានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។

សូមជម្រាបជូនថា នៅព្រឹកនេះ បេក្ខជនទាំងអស់ត្រូវប្រឡងវិញ្ញាសាចំនួន២វិញ្ញាសា រួមមាន វិញ្ញាសាចំណេះទូទៅ និងវិញ្ញាសាភាសាអង់គ្លេស។ រីឯ ពេលរសៀល ពួកគេត្រូវប្រឡងវិញ្ញាសាជំនាញ។ ការប្រឡងដ៏តឹងរឹងនាពេលនេះ មានគោលបំណងស្វែងរកមន្ត្រីដែលមានសមត្ថភាពពិតប្រាកដចូលបម្រើការងារក្នុងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងដំណើរការប្រឡងជ្រើសរើសមន្ត្រីរាជការឆ្នាំ២០២០នេះ បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេររួច ពួកគេនឹងត្រូវឆ្លងកាត់ការប្រឡងវិញ្ញាសាផ្ទាល់មាត់ថែមទៀត។

ចំពោះលទ្ធផលប្រឡង រាជបណ្ឌិត្យសភាកម្ពុជានឹងប្រកាសលទ្ធផលបេក្ខជនប្រឡងជាប់ជាស្ថាបពរនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

គួរជម្រាបជូនផងដែរថា តាមផ្អែកព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ ដូចតទៅ៖

- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ

- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា

- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស

- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ

- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា

- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស

- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ

- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ

- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌

- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ

- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់

- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕


អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួយអ្នកស្រាវជ្រាវជនជាតិជប៉ុន

នៅថ្ងៃទី២១ ខែវិច្ឆិកា ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួល​ជួបពិភាក្សាការងារជាមួយអ្នកសិក្សាស្រាវជ្រាវជនជាតិជប៉ុន លោក ហិរ៉ូមិ យ៉ាណុ (HIROMI YANO) ដើម្បីសិក្សាលទ្ធភា...

  ថ្ងៃចន្ទ, 28 វិច្ឆិកា 2022 ម៉ោង 02:54 PM
បទបង្ហាញស្នាដៃរបស់វិទ្យាស្ថានជាតិភាសាខ្មែរ

រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំធ្វើបទបង្ហាញស្នាដៃរបស់វិទ្យាស្ថានជាតិភាសាខ្មែរ នៅសាលមករតកសិល្បខ្មែរ អគារឥន្ទ្រទេវី នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩: ០០ នាទីព្រឹក ដែលមានស្នាដៃ ដូចខាងក្រោម៖១- វចនាន...

  ថ្ងៃចន្ទ, 28 វិច្ឆិកា 2022 ម៉ោង 02:46 PM
ការសម្របសម្រួលប្រកបដោយភាពបត់បែន ជាកត្តាជំរុញទៅរកភាពជោគជ័យរបស់អាស៊ាន ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ មូលបទនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ស្មារតីអាស៊ាន ជាគ្រួសាររួ...

  ថ្ងៃសុក្រ, 25 វិច្ឆិកា 2022 ម៉ោង 09:22 PM
ប្រវត្តិរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដោយ៖ បណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្ត្រវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មានទីតាំងស្ថិតនៅ...

  ថ្ងៃសុក្រ, 25 វិច្ឆិកា 2022 ម៉ោង 01:10 PM
ការវិវត្តនៃរដ្ឋបាលដែនដីខ្មែរ(តាំងពីសម័យមុនអង្គរ រហូតដល់ឆ្នាំ១៩៩៣) ដោយ​៖ បណ្ឌិត ហែម ឡាច -មន្ត្រីនាយកដ្ឋាននីតិសាស្ត្រវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

ការរៀបចំរដ្ឋបាលដែនដីគឺជាភារកិច្ចដ៏ចម្បង និងមានសារៈសំខាន់បំផុតដែលថ្នាក់ដឹកនាំរដ្ឋទូទាំងពិភពលោក ត្រូវតែផ្ដោតការយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការអភិវឌ្ឍមួយប្រកបដោយសមភាព យុត្តិធម៌ និរន្តរភាព...

  ថ្ងៃចន្ទ, 21 វិច្ឆិកា 2022 ម៉ោង 01:05 PM
សិក្ខាសាលាស្តីពី «សារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ»

នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលាម៉ោង៩៖៣០នាទីព្រឹក មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «សារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេ...

  ថ្ងៃអង្គារ, 15 វិច្ឆិកា 2022 ម៉ោង 12:58 PM

សេចក្តីប្រកាស