Royal Academy of Cambodia
ឯកឧត្តមបណ្ឌិត យង់ ពៅ ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា តំណាងបុគ្គលិករាជបណ្ឌិត្យសភាកម្ពុជា អាណត្តិទីមួយ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា តំណាងបុគ្គលិកនៃរាជបណ្ឌិត្យសភាកម្ពុជា អាណត្តិទីមួយ ដែលមានរយៈពេល៣ឆ្នាំ។ នៅក្នុងចំណោមបេក្ខជនចំនួន៥នាក់ បានឈរឈ្មោះជាតំណាងបុគ្គលិករាជបណ្ឌិត្យសភាកម្ពុជា និងចំនួនសន្លឹកឆ្នោតក្នុងធុងឆ្នោត ១៤០សំឡេង (សន្លឹកឆ្នោតបានការ ១៣៦សំឡេង និងមិនបានការ ៤សំឡេង) ឯកឧត្តមយង់ពៅ ទទួលបានការគាំទ្រ ៥៩សំឡេង ឈ្នះដាច់ខាត ខណៈពេលដែលបេក្ខជន ៤រូបទៀត ទទួលបានតែ ២៣សំឡេង ២០សំឡេង ១៨សំឡេង និងតិចបំផុត ១៦សំឡេង។
ការបោះឆ្នោតនេះ រៀបចំឡើងប្រកបដោយតម្លាភាព សេរី និងយុត្តិធម៌ត្រឹមត្រូវ នៅរសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ដោយមានការចូលរួមឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត លោកជំទាវបណ្ឌិត សាស្ត្រាចារ្យ អស់លោក លោកស្រីបណ្ឌិត លោក លោកស្រី អ្នកនាង និងកញ្ញាដែលជាមន្ត្រីរាជការចំណុះរាជបណ្ឌិត្យសភាកម្ពុជា សរុបចំនួន ១៥០នាក់។
នៅក្នុងដំណើរការនៃការបោះឆ្នោត ប្រធានគណៈកម្មការរៀបចំ បានអនុញ្ញាតឱ្យបេក្ខជនឈរឈ្មោះទាំង៥រូបឡើងធ្វើការបង្ហាញអំពីផែនការការងារ និងគោលបំណងរបស់ខ្លួនរៀងខ្លួន រយៈពេល១៥នាទី សម្រាប់បេក្ខជនម្នាក់ៗ នៅចំពោះមុខមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ ដែលកំពុងមានវត្តមាននៅសាលសន្និសីទ អាគារឥន្ត្រទេវី។ ការបង្ហាញនេះ គឺមានគោលបំណងសំខាន់ ដើម្បីឱ្យអ្នកចូលរួមបោះឆ្នោតទាំងអស់ ធ្វើការសម្រេចជ្រើសរើសបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនឈរឈ្មោះទាំង០៥រូប ដើម្បីក្លាយជាតំណាងបុគ្គលិករាជបណ្ឌិត្យសភាកម្ពុជា ធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា ប្រកបដោយតម្លាភាព សេរី និងយុត្តិធម៌ត្រឹមត្រូវតាមលក្ខណៈប្រជាធិបតេយ្យ។
ក្រោយពីទទួលបានលទ្ធផលសំឡេងឆ្នោតគាំទ្រ ឯកឧត្តមបណ្ឌិត យង់ ពៅ ជា តំណាងបុគ្គលិកនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា អាណត្តិទីមួយ បានមានប្រសាសន៍ប្តេជ្ញាយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍ឱ្យបុគ្គលទាំងអស់ និងរាជបណ្ឌិត្យសភាកម្ពុជា ដោយជំរុញការបង្កើនសមត្ថភាពស្រាវជ្រាវរបស់មន្ត្រីរាជការ និងផលប្រយោជន៍រាជបណ្ឌិត្យសភាកម្ពុជា។
សូមជម្រាបជូនថា ការរៀបចំបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា តំណាងបុគ្គលិកនៃរាជបណ្ឌិត្យសភាកម្ពុជានាពេលនេះធ្វើឡើងស្របតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ដែលប្រែក្លាយរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។
សូមជម្រាបជូនផងដែរថា ផ្អែកតាមមាត្រា១១និង១២ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាកម្ពុជា មានសមាសភាពចំនួន៧រូបដូចតទៅ៖
១. តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ១រូប ជាប្រធាន
២. តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១រូប សមាជិក
៣. តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ១រូប សមាជិក
៤. តំណាងក្រសួងអប់រំ យុវជន និងកីឡា ១រូប សមាជិក
៥. តំណាងក្រសួងពាណិជ្ជកម្ម ១រូប សមាជិក
៦. ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ១រូប សមាជិក
៧. តំណាងបុគ្គលិកនៃរាជបណ្ឌិត្យសភាកម្ពុជា ១រូប ជាសមាជិកស្វ័យប្រវត្តិ។
តំណាងបុគ្គលិកនៃរាជបណ្ឌិត្យសភាកម្ពុជា១រូបជាសមាជិកស្វ័យប្រវត្តិនៃក្រុមប្រឹក្សាភិបាលដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោតពីក្នុងចំណោមបុគ្គលិកអចិន្ត្រៃយ៍នៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់អាណត្តិ៣ឆ្នាំ៕
RAC Media | រឿន ភីរុន
RAC Media | រឿន ភារុន
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៨បន្ទាប់ពីលោកដុកទ័រវ៉ាលឡេត៍(Docteur Vallet)ជាចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាម ចាស់បានបញ្ចប់នូវសុន្ទរកថារបស់លោករួចរាល់ នៅក្នុងភាគទី៨នេះយើងសូមលើកយកន...
រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បងប្អូនសាធារណជនទូទៅ ដែលមានបងប្អូនសាច់ញាតិ មិត្តភ័ក្តិ ជាពិសេស និស្សិតដែលបានបញ្ចប់ការសិក្សាឯកទេសផ្នែកឯកទេសចំណីអាហារ សូមជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវការជ្រើសរើស...
កាលពីរសៀល ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យ...
នៅក្នុងទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិត ក្រុមអ្នកជំនាញឧទ្យានជាតិ បានបង្ហាញពីប្រវត្តិសាវតាពីអតីតកាលនៃឧស្សាហកម្មដែកនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ទាំងមូល ហើយជាពិសេស បានលើកបង្ហាញអំពីតំបន់បុរាណដ្ឋ...
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ គឺជាការបរិច្ឆេទចាប់ផ្តើមនៃការដាំកូនឈើ នៅក្នុងរដូវកាលឆ្នាំនេះ ដែលអនុវត្តនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដោយមានការចូលរួមពីសាស្ត្រាចារ្យ និងនិស្សិតនៃសាកល...
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ វគ្គទី៧ផ្អែកតាមបណ្ណសារស្តីអំពី«បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្ន...