ព័ត៌មាន

តើមានអ្វីកើតឡើងចំពោះអង់គ្លេសនិងសហភាពអឺរ៉ុបបន្ទាប់ពី BREXIT? ដោយ៖ លោក ហ៊ាន ស្រស់ និងលោក សួន សុភា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2020-02-14 09:57:02 ថ្ងៃសុក្រ, 14 កុម្ភៈ 2020, 09:57 AM
post_detail

តើហេតុអ្វីបានជាចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប? តើការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប នឹងធ្វើឱ្យចក្រភពអង់គ្លេសខ្លួនឯងនិងសហភាពអឺរ៉ុបប្រឈមនឹងបញ្ហាអ្វីខ្លះ? តើសហភាពអឺរ៉ុបនឹងមានលក្ខណៈដូចម្តេច? តើប្រទេសណាខ្លះនឹងអាចយកគំរូតាមចក្រភពអង់គ្លេស? ទាំងនេះសុទ្ធតែជាសំណួរចាក់ស្រេះដែលត្រូវបានចោទសួរឡើងតាំងពីចរន្តនៃការប៉ុនប៉ងចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ក្នុងអំឡុងឆ្នាំ២០១៤-២០១៦ មកម្ល៉េះ។

ដោយធ្លាប់ជាប្រទេសម្ចាស់អាណានិគម ចក្រភពអង់គ្លេសប្រហែលជាថប់ដង្ហើមជាមួយនឹងការរឹតត្បិតនិងចំណងកាតព្វ កិច្ចនៃប្រព័ន្ធច្បាប់របស់សហភាពអឺរ៉ុបដ៏ញឹកល្អិតស្ទើររើខ្លួនមិនរួច ផ្គួបផ្សំជាមួយវិបត្តិជាបន្តបន្ទាប់ ដូចជា វិបត្តិធានាគារកណ្តាលរបស់អឺរ៉ុប អត្រាគ្មានការងារធ្វើកើនឡើងខ្ពស់នៅក្នុងប្រទេសក្រិកនិង អេស្ប៉ាញ ជនអន្តោប្រវេសន៍មកពីប្រទេសប៊ុលហ្គារី​និងរ៉ូម៉ានី ជាពិសេស វិបត្តិជនភៀសខ្លួនស៊ីរីដែលហូរចូលមកអឺរ៉ុប ព្រមទាំងមានការចំណាយថវិកាប្រចាំឆ្នាំជាង១០ពាន់លានផោនដែលត្រូវបង់ឱ្យសហភាពអឺរ៉ុប ដែលជាតួលេខច្រើនជាងអ្វីដែលអង់គ្លេសបានទទួលពីអឺរ៉ុប ប្រហែល​​ជាហេតុផលទាំងដែលធ្វើឱ្យចក្រភពអង់គ្លេសមិនពេញចិត្តក្នុងនាមជាសមាជិកនៃសហភាពអឺរ៉ុប បើទោះបីជាប្រទេសនេះធ្លាប់ជាសមាជិកនៃសហគមន៍អឺរ៉ុបឬសហគមន៍សេដ្ឋកិច្ចអឺរ៉ុបតាំងពីឆ្នាំ១៩៧៣ មកក៏ដោយ។

និន្នាការប៉ុនប៉ងចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុបឬហៅកាត់ជាភាសាអង់គ្លេសថា Brexit នោះបានលេចឡើងក្នុងឆ្នាំ២០១៤ ពេលនោះ នាយករដ្ឋមន្រ្តីអង់គ្លេស លោក ដេវីដ កាមេរូន(David Cameron) មានបំណងបង្រួបបង្រួមអ្នកបោះឆ្នោតប្រឆាំងនឹងជនអន្តោប្រវេសន៍នៅក្នុងគណបក្សរបស់លោក ព្រោះតែលោកបារម្ភពីការឈ្នះឆ្នោតរបស់គណបក្សចក្រភពអង់គ្លេសឯករាជ្យនិយមស្តាំ។ លោកបានសន្យាថា នឹងធ្វើប្រជាមតិមួយស្តីពីការចាកចេញរបស់អង់​គ្លេស​ពីសហភាពអឺរ៉ុបប្រសិនបើគាត់ឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៥។

ការបោះឆ្នោតប្រជាមតិមួយអំពី Brexit ត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅពេលអ្នកបោះឆ្នោតត្រូវបានគេសួរសំណួរតែមួយប៉ុណ្ណោះ - ថាតើចក្រភពអង់គ្លេសគួរតែចាកចេញឬបន្តស្ថិតនៅក្នុងសហភាពអឺរ៉ុប។ អ្នកបោះឆ្នោតចំនួន៥១.៩% បានបោះឆ្នោតគាំទ្រក្រុមចាកចេញពីសហភាពអឺរ៉ុប ខណៈពលរដ្ឋចំនួន៤៨.១% បោះឆ្នោតគាំទ្របន្តជាសមាជិកសហភាពអឺរ៉ុប ក្នុងចំណោមអ្នកដែលទៅបោះឆ្នោតសរុបមានចំនួន៧១.៩% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប។ ជាមួយនឹងជ័យជម្នះទាំងប្រផិតប្រផើយសម្រាប់ការចាកចេញនេះ ចក្រភពអង់គ្លេសបានក្លាយជារដ្ឋសមាជិកអឺរ៉ុបទីមួយ ដែលបានចាកចេញពីសហភាពអឺរ៉ុប បន្ទាប់ពីបានរួមសុខទុក្ខជាមួយសហភាពអឺរ៉ុបអស់រយៈពេលជាង៤៧ឆ្នាំមកនេះ។ ប៉ុន្តែចក្រភពអង់គ្លេសមិនបានចាកចេញភ្លាមៗទេ, ដំណើរការចរចាសម្រាប់ការចាកចេញនេះត្រូវអូសបន្លាយអស់រយៈពេលជាងបីឆ្នាំ។

ទីបំផុតទៅ នៅម៉ោង១១:០០នាទីយប់ (ម៉ោងនៅទីក្រុងឡុងដ៍) ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ Brexit បានកើតឡើងជាផ្លូវការ។ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសចំនួនបីរូប គឺលោក ដេវីដ កាមេរូន លោកស្រី ថេរ៉ា ម៉េយ៍ និងចុងក្រោយគឺលោក បូរីស ចនសុន បានខិតខំប្រឹងប្រែងចរចាជាបន្តបន្ទាប់រហូតទទួលបានការគាំទ្រពីសភាអង់គ្លេស ក៏ដូចជាសភាសហភាពអឺរ៉ុប ដែលធ្វើឱ្យចក្រភពអង់គ្លេសទទួលបានជោគជ័យក្នុងការចាកចេញពីសហភាពអឺរ៉ុប។

ទោះជាយ៉ាងណាក៏ដោយ ក៏ចក្រភពអង់គ្លេសនឹងត្រូវស្ថិតនៅក្នុងរយៈពេលអន្តរកាលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០២០។ ក្នុងរយៈពេល១១ខែនេះ ចក្រភពអង់គ្លេសនៅតែជាសមាជិកមានតែឈ្មោះក្នុងសហភាពអឺរ៉ុប និងលែងមានតំណាងព្រមទាំងមិនអាចចូលរួមនៅក្នុងកិច្ចប្រជុំរបស់សហភាពអឺរ៉ុបទៀតនោះទេ។ ប៉ុន្តែ ចក្រភពអង់គ្លេសនៅមានសិទ្ធិចរចាអំពីអនាគតនៃទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុប។ កិច្ចចរចាជាផ្លូវការនឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី០៣ ខែមីនាខាងមុខនេះតទៅ ហើយក្នុងពេលជាមួយគ្នានេះ ភាគីទាំងពីរនឹងដាក់ចេញនូវចំណុចអាទិភាពរៀងៗខ្លួន ព្រមទាំងកំណត់អ្វីដែលជាបន្ទាត់ក្រហមរបស់ពួកគេផងដែរ។

ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ធ្វើឱ្យអង់គ្លេសអាចបើកផ្លូវក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មថ្មីទូទាំងពិភពលោក។ ក្រុមហ៊ុនផលិតរបស់ចក្រភពអង់គ្លេសនឹងមិនត្រូវបានកំណត់ក្នុងការចរចាពាណិជ្ជកម្ម តាមរយៈសហភាពអឺរ៉ុបទៀតឡើយ ហើយនឹងអាចធ្វើកិច្ចព្រមព្រៀងដោយផ្ទាល់ជាមួយប្រទេសផ្សេងទៀត ស្របពេលដែលបច្ចុប្បន្ននេះ ចក្រ ភពអង់គ្លេសកំពុងតែកំណត់គោលដៅនៃភាពជាដៃគូប្រកបដោយមហិច្ឆតាជាមួយ ប្រទេសអូស្ត្រាលី ចិន កាណាដា និងជប៉ុន។ ជាមួយគ្នានេះដែរ នឹងបើកឱកាសថ្មីសម្រាប់ក្រុមហ៊ុនផលិតរបស់ ចក្រភពអង់គ្លេសក្នុងការលក់ផលិតផលរបស់ពួកគេនៅទូទាំងពិភពលោក។ ការស្វែងរកវត្ថុធាតុដើមរបស់ចក្រភពអង់គ្លេសនិងការលក់ផលិតផលនៅក្នុងប្រទេសនឹងអាចឈានដល់ទីផ្សារក្នុងល្បឿនលឿនជាងមុន។ ខ្សែចង្វាក់ផ្គត់ផ្គង់នឹងមានរយៈពេលខ្លីជាងមុន ដែលនាំឱ្យមានការគ្រប់គ្រងបានកាន់តែល្អប្រសើរ។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ធ្លាប់បានអះអាងថា Brexit គឺជាឱកាសសេដ្ឋកិច្ចដ៏ធំមួយសម្រាប់ចក្រភពអង់គ្លេស។ សម្រាប់លោក បូរីស ចនសុន ការលែងលះពីសហភាពអឺរ៉ុប គឺជាការនាំយកមកវិញនូវភាពម្ចាស់ការរបស់ចក្រ ភពអង់គ្លេស។ ការចាកចេញនេះ គឺជាឱកាសសេដ្ឋកិច្ចដ៏ធំមួយ ដែលអនុញ្ញាតឱ្យចក្រភពអង់គ្លេសមាន លទ្ធភាពធ្វើអ្វីដែលចក្រភពអង់គ្លេសមិនត្រូវបានអនុញ្ញាតឱ្យធ្វើអស់ជាច្រើនទសវត្សរ៍មកហើយ។

ទន្ទឹមនឹងមានផលវិជ្ជមាន ចក្រភពអង់គ្លេសក៏នឹងប្រឈមនឹងផលអវិជ្ជមានដែរ ដូចជា អត្រាពន្ធគយទូទៅរបស់សហភាព​អ៊ឺរ៉ុប នឹងត្រូវអនុវត្តចំពោះការនាំចេញពីចក្រភពអង់គ្លេស ដែលនាំឱ្យមានការកើនឡើងនូវថ្លៃដើម។ បុគ្គលិកនៃប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួនអាចនឹងផ្លាស់ទីលំនៅចេញពីចក្រភពអង់គ្លេស ដែលនាំឱ្យមានលំហូរបុគ្គិលកចេញពីចក្រភពអង់គ្លេស ជាហេតុធ្វើឱ្យមិនមានប្រសិទ្ធិភាពសម្រាប់ក្រុមហ៊ុនផលិតនៅចក្រភពអង់គ្លេស។ ការផ្លាស់ប្តូរណាមួយនៅក្នុងគោលនយោបាយជាតិនឹងជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលអាចនាំឱ្យកើតមានវិបត្តិសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះ វានឹងនាំមកនូវការផ្លាស់ប្តូរសំខាន់ៗនៃសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស។ ទាំងអស់នេះវានឹងបង្កើតឱ្យមានអារម្មណ៍អសន្តិសុខទោះតិចឬច្រើនក្តីក្នុងចំណោមពាណិជ្ជករនិងអ្នកផលិតរបស់ចក្រភពអង់គ្លេស។ ទំនាក់ទំនងពាណិជ្ជកម្មជាមួយអឺរ៉ុបនឹងមានការប្រែប្រួល។ ការនាំចេញរបស់អង់គ្លេសគឺមានចំនួនស្មើនឹង១២.៦% នៃផលិត​ផល​សរុបក្នុងស្រុក។ ចំពោះវិស័យសំខាន់ៗ ដូចជា វិស័យសេវាកម្មហិរញ្ញវត្ថុនិងធានារ៉ាប់រង, វិស័យរថយន្ត វិស័យគីមីនិង​ឱសថ វិស័យអាវកាស វិស័យទំនិញមូលធននិងគ្រឿងម៉ាស៊ីន, វិស័យម្ហូបអាហារ ភេសជ្ជៈ និងថ្នាំជក់ និងវិស័យសេវាកម្មជំនាញវិជ្ជាជីវៈ ក៏អាចនឹងមានផលប៉ះពាល់ផងដែរ។ ដោយឡែកជនជាតិអង់គ្លេសដែលកំពុងរស់នៅក្នុងសហភាពអឺរ៉ុបអាចនឹងរងផលប៉ះពាល់ផងដែរ។

ចំពោះទំនាក់ទំនងអន្តរជាតិរបស់ចក្រភពអង់គ្លេស មានបណ្តាញធំៗចំនួន៣ គឺសហភាពអឺរ៉ុបជាដៃគូសេដ្ឋកិច្ច សហ​រដ្ឋអាមេរិកជាដៃគូសន្តិសុខ និងទំនាក់ទំនងទ្វេភាគីព្រមទាំងស្ថាប័នអន្តរជាតិសំខាន់ៗដទៃទៀត។ ដោយឡែក នាពេលបច្ចុប្បន្ន សហរដ្ឋអាមេរិកងាកមកអាស៊ី។ ដូច្នេះ ចក្រភពអង់គ្លេសអាចលែងជាដៃគូសំខាន់ទៀតហើយ សម្រាប់សហរដ្ឋ​​ អា​មេរិក និងសម្រាប់យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក។

បើយើងក្រឡេកមកមើលសហភាពអឺរ៉ុបឯណោះវិញ តើនឹងមានបញ្ហាប្រឈមអ្វីខ្លះក្រោយការចាកចេញរបស់ចក្រភពអង់​គ្លេស ហើយប្រទេសណាខ្លះអាចនឹងយកគំរូតាមចក្រភពអង់គ្លេស? សហភាពអឺរ៉ុបក៏អាចជួបបញ្ហាប្រឈមមួយចំនួនដែរ ដូចជា ការបាត់បង់ថវិកាដែលបានមកពីការបង់វិភាគទានរបស់ចក្រភពអង់គ្លេស ក៏ដូចជាភាពចលាចលខាងទីផ្សារហិរញ្ញវត្ថុ ការបាត់បង់សាមគ្គីភាព ការផ្លាស់ប្តូរគោលនយោបាយ ការផ្លាស់ប្តូរមនោគមន៍វិជ្ជា ដោយសារតែអវត្តមានរបស់អង់​គ្លេស​អាចនឹងប៉ះពាល់ដល់តុល្យភាពមនោគមវិជ្ជានៅក្នុងស្ថាប័នសហភាពអឺរ៉ុប។ ដោយឡែកគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប អាចមានឥទ្ធិពលតិចជាងមុន បើគ្មានចក្រភពអង់គ្លេសទេ ព្រោះចក្រភពអង់គ្លេសគឺប្រទេសសមាជិកដ៏សំខាន់សម្រាប់សហភាពអឺរ៉ុបក្នុងវិស័យកិច្ចការបរទេសនិងការពារជាតិ ដែលមានសមត្ថភាពស៊ើបការណ៍សម្ងាត់ មានអំណាចទន់ និងមានបណ្តាញការទូតខ្លាំង។ ទន្ទឹមនឹងនេះ អ្វីដែលជាបញ្ហាប្រឈមមួយទៀតសម្រាប់សហ​ភាពអឺរ៉ុប គឺគំរូ Brexit អាចនឹងឆ្លងរាលដាលដល់សមាជិកសហភាពអឺរ៉ុបដទៃទៀត ដូចជា អ៊ីតាលី, ប៉ូឡូញ, ហូឡង់, ហុងគ្រី និងដាណាម៉ាក ជាដើម ជាពិសេស អ៊ីតាលី ដែលអាចនឹងយកគំរូតាមចក្រភពអង់គ្លេសដ្បិតនិន្នាការស្តាំនិយមកំពុងតែរីកដុះដាលខ្លាំងនៅក្នុងប្រទេសនេះ។

ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ថ្វីបើជាសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនអង់គ្លេស ខ្លួនឯង ប៉ុន្តែ វាបង្ហាញពីនិន្នាការឯតោភាគីនិយមនិងការគាំពារនិយម ដើរបញ្ច្រាស់ចរន្តសាកលភាពវូបនីយកម្មនិងនិន្នាការពហុភាគីនិយម។ បច្ចុប្បន្ន ប្រជាជាតិមួយចំនួនហាក់ដូចជាអាត្មានិយមជាងមុន គិតគូរតែផលប្រយោជន៍ផ្ទាល់ខ្លួន បោះបង់នូវកាតព្វកិច្ចមួយចំនួនសម្រាប់ភពផែនដីនិងមនុស្សជាតិ។ Brexit ជាមេរៀនមួយដែលអាស៊ាន ត្រូវចៀសវាងឱ្យបាន ដើម្បីកុំឱ្យជួបបញ្ហាដូចសហភាពអឺរ៉ុប។ ដូច្នេះ អាស៊ានត្រូវបន្តរិតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងសមា​ហរណកម្មតំបន់ និងរក្សាឱ្យបាននូវមជ្ឈភាពរបស់ខ្លួន ព្រមទាំងយន្តការនៃការសម្រេចចិត្តដោយកុងសង់ស៊ូស៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា។


អត្ថបទទាក់ទង

បណ្ឌិត យង់ ពៅ៖ ការបង្កើតបក្សសម្ព័ន្ធរវាងមហាអំណាចអាម៉េរិក-ចិន បង្ហាញការទប់ទល់ឥទ្ធិពលគ្នាដោយប្រយោលនៅតំបន់អាស៊ី

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្រោយពេលរដ្ឋាភិបាលចិន ដាក់ចេញគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ មានការបង្កើតបក្សសម្ព័ន្ធជាបន្តបន្ទាប់ស្ថិតនៅក្រោមពាក្...

2022-12-20 06:16:59   Tue, 20,12,2022, 06:16 AM
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី “សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល”

សន្និសីទអន្តរជាតិនេះ ដើរតួជាមជ្ឈមណ្ឌលជួបជុំគ្នាសម្រាប់អ្នកសិក្សាស្រាវជ្រាវ អ្នករៀប ចំគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ និងអ្នកចូលរួមផ្សេងៗទៀត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ក៏ដូចជាការរៀនសូត្រពីគ្នាទ...

2022-12-20 04:49:30   Tue, 20,12,2022, 04:49 AM
ទស្សនៈជុំវិញបញ្ហានយោបាយសេដ្ឋកិច្ច Perspectives on Political and Economic Issues ដោយ៖ បណ្ឌិត ឈឿន សាវន ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រសេដ្ឋកិច្ច និងទេសចរណ៍ នៃវិទ្យា​ស្ថាន​មនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

នយោបាយសេដ្ឋកិច្ច គឺសំដៅដល់ការគ្រប់គ្រង និងត្រួតពិនិត្យរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធសេដ្ឋកិច្ច ដោយសិក្សាពីការកំណត់លើអត្រាពន្ធ ការកំណត់ច្បាប់ថវិកាជាតិ ការគ្រប់គ្រងរូបិយវត្ថុ ការត្រួតពិនិត្យអត្រាការប្រាក់ ន...

2022-12-19 04:36:27   Mon, 19,12,2022, 04:36 AM
តម្លៃនៃការអប់រំបរិយាបន្នThe Value OF Inclusive Education ដោយ៖ ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំវិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម

ការអប់រំ ចាប់បដិសន្ធិតាំងពីកូនៗនៅក្នុងផ្ទៃម្ដាយដោយម្ដាយឪពុកតែងនិទានរឿងអានអក្សរនេះនោះដែលបង្កប់នូវន័យល្អៗពោរពេញដោយខ្លឹមសារអប់រំដល់កូនៗរបស់ខ្លួន។ ម្ដាយនិងកូនមានសមានចិត្តឆ្លងគ្នា ពីព្រោះម្ដាយជាអ្នកពរពោះ។...

2022-12-18 04:15:24   Sun, 18,12,2022, 04:15 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាជាមន្ត្រីស្រាវជ្រាវ ត្រូវតែមានស្នាដៃស្រាវជ្រាវជាប្រចាំ ហើយមន្ត្រីរាជការទាំងអស់គួរតែចេះរអៀសចិត្ត នៅពេលទទួលប្រាក់បៀវត្សរ៍ជារៀងរាល់ខែ ប៉ុន្តែពុំបានបំពេញការងារដែលខ្លួនទទួលខុសត្រូវ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងចំណាប់អារម្មណ៍បិទកម្មវិធីបទបង្ហាញស្ដីពី «សមិទ្ធផលការងារ៥ឆ្នាំ (២០១៨-២០២២) របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា» នាព្រឹកថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នា...

2022-12-15 08:28:03   Thu, 15,12,2022, 08:28 AM
រាជបណ្ឌិត្យសភាកម្ពុជាទទួលបានការឧបត្ថម្ភលើការបោះពុម្ពសៀវភៅ ស្តីពី «ការផលិតសាច់ច្រក (សាច់ក្រក)» នៅលើពិភពលោក ចំនួន ៥ ពាន់ដុល្លារសហរដ្ឋអាម៉េរិក

នៅព្រឹកថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចាត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាជាមួលោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអ...

2022-12-14 00:54:33   Wed, 14,12,2022, 12:54 AM

សេចក្តីប្រកាស