Royal Academy of Cambodia
នាថ្ងៃទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជាបានផ្តល់កាដូនៃក្តីស្រឡាញ់ដ៏រំភើបរីករាយចំពោះអ្នកដំណើរនៅលើនាវា Westerdam ចំនួន២២៥៧នាក់ (ភ្ញៀវ១៤៥៥នាក់ និងបុគ្គលិកនាវា៨០២នាក់) ដែលបានចេញដំណើរពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាម៉េរិក) និងប្រទេសថៃ បដិសេធមិនអនុញ្ញាតឱ្យចូលចតក្នុងតំបន់របស់ខ្លួន ដោយសារការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ សកម្មភាពរបស់ព្រះរាជាណាកម្ពុជានាពេលនេះ បានធ្វើឱ្យប្រជាជន មេដឹកនាំប្រទេស ស្ថានទូតបរទេស ប្រធានអង្គការជាតិ-អន្តរជាតិ តំណាងពិសេសរបស់អង្គការសហប្រជាជាតិនានាជុំវិញពិភពលោក បានមើលឃើញផ្ទាល់ភ្នែក និងបានថ្លែងសាទរស្ទើរគ្រប់ទិសទីចំពោះសកម្មភាពជួយគ្នាក្នុងអាសន្នប្រកបដោយទឹកចិត្តមនុស្សធម៌របស់កម្ពុជា។
ព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រជាជនទូទាំងពិភពលោករំភើបជាពន់ពេកស្ទើរតែទប់ទឹកភ្នែកពុំបានតាមរយៈសកម្មភាពមនុស្សធម៌ដែលត្រូវបានសារព័ត៌មានជាតិ និងអន្តរជាតិធំៗចុះផ្សព្វផ្សាយ ការបញ្ចេញមតិតាមបណ្តាញសង្គមនានា អំពីសកម្មភាពទទួលអនុញ្ញាតឱ្យនាវា Westerdam ដែលមានផ្ទុកអ្នកដំណើរចំនួន ២២៥៧នាក់ ចូលចត ចំពេលវេលានៃទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ពួកគេបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅទូទាំងពិភពលោកអំពីសកម្មភាពរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ផ្តល់ជូនក្រមា បាច់ផ្កាដែលជាសារបង្ហាញការស្វាគមន៍ និងក្តីស្រឡាញ់យ៉ាងកក់ក្តៅ ចំពោះអ្នកដំណើរក្មេង-ចាស់ ទាំង២២៥៧នាក់ដោយផ្ទាល់។ ពួកគេបានមើលឃើញផ្ទាល់ភ្នែកថា នាវាកម្សាន្តខ្នាតយក្សដែលជាប់គាំងកណ្តាលមហាសាគរ ដោយសារការភ័យខ្លាចវីរុស ត្រូវបានបញ្ចប់ដោយស្នាមញញឹមជាមួយផ្កាកុលាបនៅកម្ពុជា។
នៅក្នុងអំឡុងពេលទទួលស្វាគមន៍ដោយផ្ទាល់នៅកំពង់ផែក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា៖ «ប្រសិនបើមានអ្នកជំងឺនៅលើនាវា ខ្ញុំនឹងធ្វើយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន… តើយើងឱ្យអ្នកជំងឺស្លាប់នៅលើនាវានេះ ដែលត្រូវទម្លាក់ចោលសាកសពលើសមុទ្រ ឬត្រូវទុកលើនាវា។ នេះជាបញ្ហាដែលត្រូវមើលឃើញអំពីការទទួលខុសត្រូវរបស់ពិភពលោក ក៏ដូចជាការទទួលខុសត្រូវរបស់យើងក្នុងនាមជាសមាជិករបស់សហគមន៍អន្តរជាតិ»។
បន្ថែមលើសពីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងអំពីគុណភាពសម្បត្តិនៃសន្តិភាពដែលអាចនាំកម្ពុជាមានលទ្ធភាពទទួលអនុញ្ញាតឱ្យនាវាទេសចរណ៏ខ្នាតយក្សចូលចតដោយសុវត្ថិភាពហើយអាចជួយសម្របសម្រួលអ្នកដំណើរទាំងអស់ឱ្យផ្ទេរពីនាវាខ្នាតយក្សទៅអាកាសយានដ្ឋានអន្តរជាតិ ដើម្បី ហោះហើរតាមយន្តហោះទៅកាន់ប្រទេសរៀងៗខ្លួនរបស់ពួកគេវិញ។
ជាងនេះទៀត ថ្លែងដោយទឹកមុខញញឹមរីករាយ និងមោទកភាព សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យភ្ញៀវចាកចេញពីលើនាវា Westerdam ហើយស្វាគមន៍ចំពោះដំណើរកម្សាន្ត ទស្សនកិច្ចសិក្សានៅក្នុងខេត្តព្រះសីហនុ និងសៀមរាបដោយក្តីរីករាយជានិច្ច។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋានទាំងអស់មិនត្រូវរើសអើងចំពោះពួកគេឡើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ភ្ញៀវទេចរណ៍ទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ថ្ងៃនេះ។
សូមជម្រាបថា នាវាទេសចរណ៍ Westerdam ដឹកមនុស្សសរុប ២២៥៧នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែនាវានេះ ត្រូវបានអាជ្ញាធរកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឱ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនាវានោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ នាវាទេសចរណ៍ខ្នាតយក្សនេះ ផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់ ៦៥១នាក់ ជនជាតិកាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ជនជាតិខ្មែរដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់ និងជាតិសាសន៍ដទៃ៕
RAC Media | រឿន ភារុន
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានាមេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និង សហព័ន្...
ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចុះអនុស្សរណៈនៃការយោគយល់គ្នាដែលផ្តោតជាសំខាន់លើវិស័យសិក្សានិងស្រាវជ្រាវ។អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលដៅបង្កើតនិ...
រាជបណ្ឌិត្យសភាកម្ពុជា បានចាប់ដំណើរការវគ្គបណ្តុះបណ្តាលវិជ្ជាជីវ:ជំនាញចុងភៅ វគ្គទីមួយ ដែលរៀបចំនិងបណ្តុះបណ្តាល ដោយមានលោកគ្រូចុងភៅ ស័រ សំអាង ជាគ្រូបង្រៀនដែលមានបទពិសោធន៍យូរឆ្នាំជាអ្នកបណ្តុះបណ្តាលដោយផ្ទាល់...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ អញ្ជើញថ្លែងសុន្ទរកថាបិទកម្មវិធីបាឋកថា ស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ទី១៤ ខែ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ទី១៤ ខែមករា ឆ្នាំ២០២២នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយស្ថានទូតអូស្ត្...
នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបពិភាក្សាការងារជាមួួយលោកស្រី Al...