ព័ត៌មាន

«១៤ កុម្ភៈ ឆ្នាំនេះ កម្ពុជាជូនសេចក្តីស្រឡាញ់ទៅពិភពលោក»

2020-02-14 09:22:19 ថ្ងៃសុក្រ, 14 កុម្ភៈ 2020, 09:22 AM
post_detail

នាថ្ងៃទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជា​​បាន​​ផ្តល់​កាដូ​នៃ​ក្តី​ស្រឡាញ់​ដ៏​រំភើបរីក​រាយ​ចំពោះអ្នកដំណើរ​នៅលើ​នាវា Westerdam ចំនួន២២៥៧នាក់ (ភ្ញៀវ១៤៥៥នាក់ និងបុគ្គលិកនាវា៨០២នាក់) ដែលបានចេញដំណើរពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ​​កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាម៉េរិក) និងប្រទេសថៃ បដិសេធមិនអនុញ្ញាតឱ្យចូលចតក្នុងតំបន់របស់ខ្លួន ដោយសារការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ សកម្មភាពរបស់ព្រះរាជាណាកម្ពុជានាពេលនេះ បានធ្វើឱ្យប្រជាជន មេដឹកនាំប្រទេស ស្ថានទូតបរទេស ប្រធានអង្គការជាតិ-អន្តរជាតិ តំណាងពិសេសរបស់​អង្គការ​សហប្រជាជាតិ​នានា​ជុំវិញ​ពិភពលោក​ បានមើលឃើញផ្ទាល់ភ្នែក និង​បានថ្លែងសាទរ​ស្ទើរគ្រប់ទិសទី​ចំពោះ​សកម្មភាពជួយគ្នាក្នុងអាសន្ន​ប្រកប​ដោយទឹកចិត្តមនុស្សធម៌របស់កម្ពុជា។

ព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រជាជនទូទាំងពិភពលោករំភើបជាពន់ពេកស្ទើរតែទប់​ទឹក​ភ្នែក​ពុំបាន​តាម​រយៈសកម្មភាព​មនុស្សធម៌ដែល​ត្រូវបានសារព័ត៌មានជាតិ និងអន្តរជាតិធំៗចុះផ្សព្វផ្សាយ ការបញ្ចេញមតិតាមបណ្តាញសង្គមនានា អំពីសកម្មភាពទទួលអនុញ្ញាតឱ្យនាវា Westerdam ដែលមានផ្ទុកអ្នកដំណើរចំនួន ២២៥៧នាក់ ចូលចត ចំពេលវេលានៃទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០​នេះ។

ពួកគេបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅទូទាំងពិភពលោកអំពីសកម្មភាពរបស់ប្រមុខរាជរដ្ឋាភិបាល​នៃព្រះរាជាណា ចក្រ​កម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ផ្តល់ជូនក្រមា បាច់ផ្កា​ដែល​ជាសារបង្ហាញ​ការ​ស្វាគមន៍ និងក្តីស្រឡាញ់យ៉ាងកក់ក្តៅ ចំពោះអ្នកដំណើរ​ក្មេង-ចាស់ ទាំង​២២៥៧នាក់​ដោយផ្ទាល់។ ពួកគេបាន​មើលឃើញផ្ទាល់ភ្នែកថា នាវាកម្សាន្តខ្នាតយក្ស​ដែលជាប់គាំងកណ្តាលមហាសាគរ​ ដោយសារការភ័យខ្លាច​វីរុស ត្រូវ​បានប​ញ្ចប់ដោយស្នាមញញឹម​ជាមួយផ្កាកុលាបនៅកម្ពុជា។

នៅក្នុងអំឡុងពេលទទួលស្វាគមន៍ដោយផ្ទាល់នៅកំពង់ផែក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍​បញ្ជាក់​ថា៖ «ប្រសិនបើមានអ្នកជំងឺនៅលើនាវា ខ្ញុំនឹងធ្វើយ៉ាងលឿន​បំផុតតាម​ដែល​អាច​ធ្វើទៅបាន… តើយើងឱ្យ​អ្នកជំងឺស្លាប់​នៅលើនាវា​នេះ ដែលត្រូវទម្លាក់ចោលសាកសពលើសមុទ្រ ឬត្រូវទុកលើនាវា។ នេះជាបញ្ហា​ដែលត្រូវមើល​ឃើញ​អំពីការទទួលខុសត្រូវ​របស់​ពិភពលោក ក៏ដូចជា​ការទទួលខុសត្រូវរបស់យើង​ក្នុងនាម​ជា​សមាជិករបស់​សហគមន៍​អន្តរជាតិ»។

បន្ថែម​លើសពីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងអំពីគុណភាពសម្បត្តិនៃសន្តិភាពដែលអាចនាំកម្ពុជាមានលទ្ធភាពទទួលអនុញ្ញាតឱ្យនាវាទេសចរណ៏ខ្នាតយក្សចូលចតដោយសុវត្ថិភាពហើយអាចជួយសម្របសម្រួលអ្នកដំណើរទាំងអស់ឱ្យផ្ទេរពីនាវាខ្នាតយក្សទៅអាកាសយានដ្ឋានអន្តរជាតិ​ ដើម្បី ហោះហើរ​តាម​យន្តហោះ​ទៅកាន់​ប្រទេស​រៀងៗ​ខ្លួន​របស់​ពួកគេវិញ។

ជាងនេះទៀត ថ្លែងដោយទឹកមុខញញឹមរីករាយ និងមោទកភាព សម្តេចតេជោ ហ៊ុន សែន បានប្រកាស​អនុញ្ញាត​ឱ្យភ្ញៀវ​ចាក​ចេញ​ពី​លើ​នាវា Westerdam ហើយស្វាគមន៍ចំពោះដំណើរកម្សាន្ត ទស្សនកិច្ចសិក្សានៅក្នុងខេត្តព្រះសីហនុ និងសៀមរាប​ដោយ​ក្តី​រីករាយ​ជានិច្ច។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យម្ចាស់សណ្ឋាគារ និង​ភោជនីយដ្ឋាន​ទាំងអស់​មិន​ត្រូវ​រើសអើង​ចំពោះពួកគេ​ឡើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានជូនពរ​ដល់ភ្ញៀវ​ទេចរណ៍​ទាំងអស់​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ថ្ងៃនេះ។

សូមជម្រាបថា នាវាទេសចរណ៍ Westerdam ដឹកមនុស្សសរុប ២២៥៧នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និង​បុគ្គលិក​កប៉ាល់​ចំនួន ៨០២នាក់ បានចាកចេញ​ពីទីក្រុង​ហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែនាវានេះ ត្រូវបានអាជ្ញាធរកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិន​ឱ្យ​ចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់​នៅលើនាវានោះ អាចមានផ្ទុកវីរុសកូរ៉ូណា​ថ្មី (Covid-19)។ នាវាទេសចរណ៍ខ្នាតយក្សនេះ ផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិក​ច្រើនជាងគេ មានចំនួនរហូតដល់ ៦៥១នាក់ ជនជាតិកាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ជនជាតិខ្មែរដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់ និងជាតិសាសន៍ដទៃ៕

RAC Media | រឿន ភារុន

អត្ថបទទាក់ទង

«បេក្ខជនបណ្ឌិតមកពីអាម៉េរិក សិក្សាពីវប្បធម៌ខ្មែរ»

កញ្ញា អេមីលី ហាវ ជាបេក្ខជនបណ្ឌិត ជនជាតិអាម៉េរិក មកពីសាកលវិទ្យាល័យបូស្តុន សហរដ្ឋអាមេរិក សិក្សា ពីវប្បធម៌ខ្មែរ ហើយកញ្ញាជាស្រ្តីបរទេសដែលកំពុងតែជក់ចិត្តនឹងការសិក្សាពីតូរតន្ត្រីរបស់កម្ពុជា ជាមួយឯកឧត្តមបណ្ឌ...

2018-09-12 09:03:45   Wed, 12,09,2018, 09:03 AM
ដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា យើងខ្ញុំត្រូវការជ្រើសរើសមន្ត្រីស្ម័គ្រចិត្ត ជំនាញអគ្គិសនីចំនួន ០២រូប ដើម្បីបំពេញការងារនៅទីស្នាក់ការ ឧទ្យានផ្ទាល់នៅ ក...

2018-09-12 04:59:32   Wed, 12,09,2018, 04:59 AM
«ស្នាដៃតន្រ្តីបង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន​បច្ចុប្បន្នដើម្បីអនាគត»

«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃ​និពន្ធថ្មី​​ស្រឡាងមួយដែលកើតចេញពីគំនិត និងការ​​​ច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរ​​​ដោយរួមបញ្ចូល​ការនិពន្ធ​បទភ្លេងថ្មី ចម្រៀង​​...

2018-09-12 03:22:49   Wed, 12,09,2018, 03:22 AM
បោកខោអាវក្នុងផ្ទះ ជាភាពចាំបាច់សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...

2018-09-11 04:24:56   Tue, 11,09,2018, 04:24 AM
«គម្រោងការចិញ្ចឹមគោយកទឹកដោះ ឈានដល់ដំណាក់កាលសំខាន់»

អស់រយៈពេលជិត១ឆ្នាំកន្លងមកហើយដែលរាជបណ្ឌិត្យសភាកម្ពុជា បាន​ដាក់​ចេញ​នូវ​គោល​ដៅ​​រៀបចំ​​គម្រោង​​​សិក្សា​ពីលទ្ធភាពនៃការចិញ្ចឹមគោយកទឹកដោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ គម្រោងការនេះ ជា​ចំណែក​​​មួយ​​ដែល​ថ្...

2018-09-08 09:59:36   Sat, 08,09,2018, 09:59 AM
«ថ្ងៃនេះ ឆ្នាំមុន គឺគម្រប់ខួបមួយឆ្នាំនៃពិធីក្រុងពាលី និងបញ្ចុះបឋមសីលា សាងសង់អគារខេមរវិទូ»

បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...

2018-09-07 07:35:15   Fri, 07,09,2018, 07:35 AM

សេចក្តីប្រកាស