ព័ត៌មាន

«ការសម្លឹងមើលរបស់ពិភពលោកទៅលើចិនក្រោយការផ្ទុះមេរោគ COVID-19 » ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

2020-02-13 11:43:50 ថ្ងៃព្រហស្បតិ៍, 13 កុម្ភៈ 2020, 11:43 AM
post_detail

វីរុសកូរ៉ូណាថ្មី ឬហៅជាផ្លូវការថា COVID-2019 ដែលបានផ្ទុះឡើងដំបូងចេញពីទីក្រុងវូហាន នៃខេត្តហូប៉ី ភាគកណ្តាល ប្រទេសចិនកាលពីចុងឆ្នាំ២០១៩កន្លងមកនេះ បានបង្កនូវផលវិបាកជាច្រើន ទាំងវិស័យសុខភាពសាធារណៈ សេដ្ឋ​កិច្ច និងសង្គម។ ការរាតត្បាតបានកើនឡើងយ៉ាងឆាប់រហ័ស។ គិតមកទល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានចំនួន​អ្នកឆ្លងមេរោគនេះប្រមាណជាង ៦០,០០០ នាក់ និងអ្នកស្លាប់មានជាង ១,០០០នាក់ ហើយបានរាលដាលដល់ជិត​​៣០​ប្រទេស​ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។ ការរីករាលដាលមេរោគកូរ៉ូណាប្រភេទថ្មី ឬ COVID-2019នេះ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់សេដ្ឋកិច្ច និងអាយុជីវិតមនុស្ស ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏កំពុងបង្កបញ្ហាមួយដ៏ធំផងដែរ នោះគឺការរើស​អើង​លើ​ជនជាតិចិន ឬអ្នកមានដើមកំណើតចិន។

ការរើសអើងជនជាតិចិនបានកើតឡើងនៅបណ្តាប្រទេសមួយចំនួន។ យោងតាមការផ្សាយរបស់ BBC នៅសង្កាត់ចិនក្នុងទីក្រុងឡុងដ៍ ជាទីដែលម្ចាស់ភោជនីយដ្ឋានជាពលរដ្ឋអង់គ្លេសដើមកំណើតចិន បានត្អូញត្អែរពីភាពស្ងប់ស្ងាត់ភ្ញៀវខុសពីធម្មតាចាប់តាំងពីការឆ្លងដំបូងនៃវីរុសកូរ៉ូណា ដែលត្រូវបានគេរាយការណ៍ជាលើកដំបូងនៅចក្រភពអង់គ្លេស។ នៅប្រទេស​​ជប៉ុន មានស្លាកសញ្ញាសរសេរថា “Chinese Don't Come To Japan” នៅលើបណ្តាញសង្គម Twitter។ នៅសិង្ហ​បុរី ប្រជាជនរាប់ម៉ឺននាក់បានចុះហត្ថលេខាលើញត្តិអំពាវនាវឱ្យរដ្ឋាភិបាលហាមឃាត់ជនជាតិចិនមិនឱ្យចូលប្រទេស​របស់ខ្លួន។ នៅហុងកុង កូរ៉េខាងត្បូង និងវៀតណាម តាមហាងអាជីវកម្មនានា បានបង្ហាញសញ្ញាថា អតិ​ថិ​ជន​ចិន​ដីគោកមិនស្វាគមន៍ទេ។ល។

នៅប្រទេសបារាំងឯណោះវិញ បើតាមការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ក៏មានគំនិតម៉ៃនិងការរើសអើងប្រកាន់ពូជសាសន៍​អាស៊ីកាន់តែខ្លាំងឡើងផងដែរ។ ខ្លះសម្លឹងមើលពូជសាសន៍អាស៊ីក្នុងក្រសែភ្នែកស្អប់ខ្ពើម ខ្លះឡែបខាយពាក្យសំដីបែបមាក់ងាយ បែបសើចចំអក ខ្លះបដិសេធមិនចាប់ដៃជាកិច្ចស្វាគមន៍ ខ្លះមិនព្រមថើបថ្ពាល់ ដែលជាប្រពៃណីបារាំងនៅពេលជួបគ្នា ខ្លះដើរគេច ឬដើរថយនៅពេលឃើញជនជាតិអាស៊ីនៅតាមដងផ្លូវ ឬនៅពេលឡើងឡានក្រុងរួមគ្នា។ល។និង។ល។ ទាំងនេះសុទ្ធសឹងជាអ្វីដែលពលរដ្ឋក្នុងសហគមន៍អាស៊ី នៅប្រទេសបារាំងបានជួបប្រទះនារយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ។ មិនថាអ្នកមានសញ្ជាតិបារាំង សញ្ជាតិ ខ្មែរ ចិន ចាម វៀតណាម ឬថៃទេ ឱ្យអ្នកមានប្រភព​មកពីអាស៊ី អ្នកនឹងត្រូវគេដៀង ឌឺដង ជាងពេលណាៗទាំងអស់។

ជនរងគ្រោះដោយផ្ទាល់និងដោយប្រយោលច្រើនឡើងៗបាននាំគ្នាបង្ហោះសារជាមួយនឹងពាក្យ #JeNeSuisPas​UnVirus​ (ខ្ញុំមិនមែនជាវីរុស) ដើម្បីបញ្ជាក់អំពីការលេចឡើងជាថ្មីនៃចរន្តប្រកាន់ពូជសាសន៍រើសអើងជនជាតិអាស៊ី។ កូនសិស្សសាលាបីនាក់ ជាដើមកំណើតអាស៊ី មានអាការៈមិនស្រួលខ្លួនបន្តិច ត្រូវបានសិស្សធំៗវាយធ្វើ​បាបដោយគិត​ថា​ជាជនជាតិចិននាំមេរោគកូរ៉ូណាថ្មីមកបារាំង។ នេះបើតាមសាក្សីម្នាក់ដែលរៀបរាប់បង្ហោះក្នុងប្រព័ន្ធ​សង្គម។

ផ្ទុយពីនិន្នាការខាងលើ ប្រទេសកម្ពុជាដែលរកឃើញមានវីរុសកូរូណាមួយករណីទៅលើជនជាតិចិន ហើយក្រោយមកត្រូវបានព្យាបាលជាសះស្បើយ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្រេចមិនជម្លៀសប្រជាជនកម្ពុជាចេញពីក្រុងវូហាននិង​​ចិននោះទេ គឺធ្វើតាមបទពិសោធន៍ និងបង្ហាញពីសាមគ្គីភាពជាមួយចិន ដែលនេះជាការអាចជួយទៅបានរបស់កម្ពុជា។ សម្តេចនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់សុភាសិតប្រចាំប្រទេសមួយជូនសាធារណជនជុំវិញករណីវីរុសកូរូណាវាយ​លុក​សុខ​ភាពសាធារណៈពិភពលោកថា ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អពេលជួបទុក្ខលំបាក។

ចំពោះមុខការរើសអើងដ៏គួរឱ្យបារម្ភនេះ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង ពីលទ្ធភាពនៃការផ្ទុះឡើងនូវទង្វើរើសអើងប្រឆាំងនឹងក្រុមមនុស្សមួយចំនួន។ ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាពិតជាងាយស្រួល ក្នុងការចូលទៅកាន់ទស្សនៈ ដែលមាននិន្ននាការបែបរើសអើង... ប៉ុន្តែ និន្ននាការទាំងនេះ គឺជាការរំលោភលើសិទ្ធិមនុស្ស ហើយវានឹងនាំទៅរកការមើលងាយជនគ្មានកំហុសដោយសារតែជាតិសាសន៍របស់ពួកគ»។

ដើម្បីទប់ស្កាត់ការរើសអើងនេះ លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) នាយកប្រតិបត្តិផ្នែកសុខភាព និងសង្រ្គោះបន្ទាន់​របស់អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងនៅក្នុងទីភ្នាក់ងារព័ត៌មានស៊ីនហួរថា មិនគួរតែមាន​ការរើសអើងណាមួយឡើយពាក់ព័ន្ធជាមួយនឹងវីរុសកូរ៉ូណាប្រភេទថ្មីនេះទេ។ លោកក៏បានបន្ថែមថា វាគឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ដើម្បីធានាថា ពុំមានការរើសអើងក្នុងទម្រង់ណាមួយឡើយទាក់ទងទៅនឹងវីរុសកូរ៉ូណាថ្មីនេះ ព្រោះ​វាជារឿងមិនចាំបាច់ និងមិនអាចជួយអ្វីបាននោះទេ។ លោក Ryan បានគូសបញ្ជាក់ថា រដ្ឋាភិបាលទាំងឡាយ មានតួនាទីអប់រំប្រជាជនរបស់ខ្លួនជុំវិញការរើសអើង។ វាជាការទទួលខុសត្រូវដ៏សំខាន់មួយ។

ចំណែកឯមន្រ្តីជាន់ខ្ពស់ម្នាក់ទៀតរបស់អង្គការអង្គការសុខភាពពិភពលោក គឺលោកស្រី ម៉ារៀ វ៉ាន កឺខូវ (Maria Van Kerkhove) ក៏បានបង្ហាញក្តីកង្វល់ស្រដៀងគ្នានេះដែរ ដោយផ្តោតទៅលើឈ្មោះរបស់វីរុស។ លោកស្រីបានបញ្ជាក់ថា អង្គ​ការ​សុខភាពពិភពលោក បានផ្តល់ឈ្មោះបណ្តោះអាសន្នហៅថា 2019-nCoV សម្រាប់វីរុសកូរ៉ូណាប្រភេទថ្មីនេះ ដើម្បីធា​នា​​ថាពុំមានទីតាំងណាមួយត្រូវយកទៅភ្ជាប់ជាមួយវីរុសនេះឡើយ បើទោះបីជាវាបានផ្ទុះចេញពីក្នុងប្រទេសចិនក៏​ដោយ​។​

សរុបមក ជំងឺឆ្លងគ្មានព្រំដែនទេ ហើយក៏គ្មានប្រទេសណាមួយឬជនជាតិណាមួយចង់ឱ្យវាកើតឡើងដែរ។ ការរើសអើងប្រទេសណាមួយឬជនជាតិណាមួយដោយសារតែជំងឺឆ្លង ហើយមិនព្រមរួមដៃគ្នាប្រយុទ្ធប្រឆាំង គឺជាអំពើអមនុស្សធម៌និងខ្វះការគោរពសិទ្ធិមនុស្ស។ ទន្ទឹមនឹងនោះ ប្រទេសចិននិងជនជាតិចិន មិនគួរជាកម្មវត្ថុនៃការរើសអើងនោះទេ។ ពិភព​លោក​ទាំងមូលត្រូវតែពួតដៃគ្នាបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុសដ៏កាចសាហាវនេះ សម​ដូចប្រសាសន៍របស់ប្រធានអង្គការ WHO លោក Ghebreyesus ដែលបានថ្លែងចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការត្រួសត្រាយផ្លូវដល់នាវាទេសចរណ៍ Westerdam នេះ ជាសកម្មភាពមួយដើម្បី​ទប់ស្កាត់ភាពវិលវល់និងអារម្មណ៍ភ័យខ្លាច។ ការបោះជំហានរបស់ប្រទេសកម្ពុជា គឺជាសកម្មភាពស្វាគមន៍មួយចំពោះសាមគ្គីភាព ខណៈពេលដែលពិភពលោកនៅតែមានឱកាសជានិច្ចក្នុងការបញ្ឈប់ការរីករាលដាលនៃវីរុស COVID-2019។ ការផ្ទុះវីរុសនេះអាចនាំឱ្យយើងស្គាល់មនុស្សល្អនិងអាក្រក់។ ផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីប្រយុទ្ធ​ COVID-2019 ការកើតមានភាពវិលវល់អាចត្រឹមតែធ្វើឱ្យយើងបាត់បង់ការយកចិត្តទុកដាក់និងបង្វែរមនុស្ស​ឱ្យ​ប្រឆាំងគ្នាប៉ុណ្ណោះ៕

RAC Media




អត្ថបទទាក់ទង

កម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ បានបិទបញ្ចប់ដោយជោគជ័យ

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីបិទកម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ "ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញ...

2020-12-23 12:56:17   Wed, 23,12,2020, 12:56 PM
សហគមន៍អ៊ិស្លាមក្រុមកនអ៊ីមុំាសាន់កម្ពុជា នៅភូមិស្រែប្រិយ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពត់ឆ្នាំង ដោយ ម៉ិល វាសនា, ធន ឆាយពិសិដ្ឋ, ប្រែង ពិសិដ្ឋ

...

2020-12-22 09:32:28   Tue, 22,12,2020, 09:32 AM
លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ទទួលសញ្ញាបត្រនិងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការន...

2020-12-22 08:52:36   Tue, 22,12,2020, 08:52 AM
មូលហេតុនៃបញ្ហាចិននិងអូស្រ្តាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-22 07:47:25   Tue, 22,12,2020, 07:47 AM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជានឹងចូលរួមជាអធិបតីបើកសន្និសីទអន្តរជាតិតាមប្រព័ន្ធអនឡាញលើកទី១ ស្តីពី:ការអប់រំ ប្រឹក្សាគរុកោសល្យ

...រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានាឱ្យបានជ្រាបថា នៅថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៧:០០នាទ...

2020-12-19 10:08:38   Sat, 19,12,2020, 10:08 AM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាពិភាក្សា ស្ដីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាពិភាក្សា ស្ដីពី «ដំណើរការសរសេរប្រវត្តិសាស្ត្រប្...

2020-12-18 05:18:52   Fri, 18,12,2020, 05:18 AM

សេចក្តីប្រកាស