Royal Academy of Cambodia
វីរុសកូរ៉ូណាថ្មី ឬហៅជាផ្លូវការថា COVID-2019 ដែលបានផ្ទុះឡើងដំបូងចេញពីទីក្រុងវូហាន នៃខេត្តហូប៉ី ភាគកណ្តាល ប្រទេសចិនកាលពីចុងឆ្នាំ២០១៩កន្លងមកនេះ បានបង្កនូវផលវិបាកជាច្រើន ទាំងវិស័យសុខភាពសាធារណៈ សេដ្ឋកិច្ច និងសង្គម។ ការរាតត្បាតបានកើនឡើងយ៉ាងឆាប់រហ័ស។ គិតមកទល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានចំនួនអ្នកឆ្លងមេរោគនេះប្រមាណជាង ៦០,០០០ នាក់ និងអ្នកស្លាប់មានជាង ១,០០០នាក់ ហើយបានរាលដាលដល់ជិត៣០ប្រទេស ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។ ការរីករាលដាលមេរោគកូរ៉ូណាប្រភេទថ្មី ឬ COVID-2019នេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងអាយុជីវិតមនុស្ស ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏កំពុងបង្កបញ្ហាមួយដ៏ធំផងដែរ នោះគឺការរើសអើងលើជនជាតិចិន ឬអ្នកមានដើមកំណើតចិន។
ការរើសអើងជនជាតិចិនបានកើតឡើងនៅបណ្តាប្រទេសមួយចំនួន។ យោងតាមការផ្សាយរបស់ BBC នៅសង្កាត់ចិនក្នុងទីក្រុងឡុងដ៍ ជាទីដែលម្ចាស់ភោជនីយដ្ឋានជាពលរដ្ឋអង់គ្លេសដើមកំណើតចិន បានត្អូញត្អែរពីភាពស្ងប់ស្ងាត់ភ្ញៀវខុសពីធម្មតាចាប់តាំងពីការឆ្លងដំបូងនៃវីរុសកូរ៉ូណា ដែលត្រូវបានគេរាយការណ៍ជាលើកដំបូងនៅចក្រភពអង់គ្លេស។ នៅប្រទេសជប៉ុន មានស្លាកសញ្ញាសរសេរថា “Chinese Don't Come To Japan” នៅលើបណ្តាញសង្គម Twitter។ នៅសិង្ហបុរី ប្រជាជនរាប់ម៉ឺននាក់បានចុះហត្ថលេខាលើញត្តិអំពាវនាវឱ្យរដ្ឋាភិបាលហាមឃាត់ជនជាតិចិនមិនឱ្យចូលប្រទេសរបស់ខ្លួន។ នៅហុងកុង កូរ៉េខាងត្បូង និងវៀតណាម តាមហាងអាជីវកម្មនានា បានបង្ហាញសញ្ញាថា អតិថិជនចិនដីគោកមិនស្វាគមន៍ទេ។ល។
នៅប្រទេសបារាំងឯណោះវិញ បើតាមការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ក៏មានគំនិតម៉ៃនិងការរើសអើងប្រកាន់ពូជសាសន៍អាស៊ីកាន់តែខ្លាំងឡើងផងដែរ។ ខ្លះសម្លឹងមើលពូជសាសន៍អាស៊ីក្នុងក្រសែភ្នែកស្អប់ខ្ពើម ខ្លះឡែបខាយពាក្យសំដីបែបមាក់ងាយ បែបសើចចំអក ខ្លះបដិសេធមិនចាប់ដៃជាកិច្ចស្វាគមន៍ ខ្លះមិនព្រមថើបថ្ពាល់ ដែលជាប្រពៃណីបារាំងនៅពេលជួបគ្នា ខ្លះដើរគេច ឬដើរថយនៅពេលឃើញជនជាតិអាស៊ីនៅតាមដងផ្លូវ ឬនៅពេលឡើងឡានក្រុងរួមគ្នា។ល។និង។ល។ ទាំងនេះសុទ្ធសឹងជាអ្វីដែលពលរដ្ឋក្នុងសហគមន៍អាស៊ី នៅប្រទេសបារាំងបានជួបប្រទះនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ មិនថាអ្នកមានសញ្ជាតិបារាំង សញ្ជាតិ ខ្មែរ ចិន ចាម វៀតណាម ឬថៃទេ ឱ្យអ្នកមានប្រភពមកពីអាស៊ី អ្នកនឹងត្រូវគេដៀង ឌឺដង ជាងពេលណាៗទាំងអស់។
ជនរងគ្រោះដោយផ្ទាល់និងដោយប្រយោលច្រើនឡើងៗបាននាំគ្នាបង្ហោះសារជាមួយនឹងពាក្យ #JeNeSuisPasUnVirus (ខ្ញុំមិនមែនជាវីរុស) ដើម្បីបញ្ជាក់អំពីការលេចឡើងជាថ្មីនៃចរន្តប្រកាន់ពូជសាសន៍រើសអើងជនជាតិអាស៊ី។ កូនសិស្សសាលាបីនាក់ ជាដើមកំណើតអាស៊ី មានអាការៈមិនស្រួលខ្លួនបន្តិច ត្រូវបានសិស្សធំៗវាយធ្វើបាបដោយគិតថាជាជនជាតិចិននាំមេរោគកូរ៉ូណាថ្មីមកបារាំង។ នេះបើតាមសាក្សីម្នាក់ដែលរៀបរាប់បង្ហោះក្នុងប្រព័ន្ធសង្គម។
ផ្ទុយពីនិន្នាការខាងលើ ប្រទេសកម្ពុជាដែលរកឃើញមានវីរុសកូរូណាមួយករណីទៅលើជនជាតិចិន ហើយក្រោយមកត្រូវបានព្យាបាលជាសះស្បើយ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្រេចមិនជម្លៀសប្រជាជនកម្ពុជាចេញពីក្រុងវូហាននិងចិននោះទេ គឺធ្វើតាមបទពិសោធន៍ និងបង្ហាញពីសាមគ្គីភាពជាមួយចិន ដែលនេះជាការអាចជួយទៅបានរបស់កម្ពុជា។ សម្តេចនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់សុភាសិតប្រចាំប្រទេសមួយជូនសាធារណជនជុំវិញករណីវីរុសកូរូណាវាយលុកសុខភាពសាធារណៈពិភពលោកថា ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អពេលជួបទុក្ខលំបាក។
ចំពោះមុខការរើសអើងដ៏គួរឱ្យបារម្ភនេះ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង ពីលទ្ធភាពនៃការផ្ទុះឡើងនូវទង្វើរើសអើងប្រឆាំងនឹងក្រុមមនុស្សមួយចំនួន។ ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាពិតជាងាយស្រួល ក្នុងការចូលទៅកាន់ទស្សនៈ ដែលមាននិន្ននាការបែបរើសអើង... ប៉ុន្តែ និន្ននាការទាំងនេះ គឺជាការរំលោភលើសិទ្ធិមនុស្ស ហើយវានឹងនាំទៅរកការមើលងាយជនគ្មានកំហុសដោយសារតែជាតិសាសន៍របស់ពួកគ»។
ដើម្បីទប់ស្កាត់ការរើសអើងនេះ លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) នាយកប្រតិបត្តិផ្នែកសុខភាព និងសង្រ្គោះបន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងនៅក្នុងទីភ្នាក់ងារព័ត៌មានស៊ីនហួរថា មិនគួរតែមានការរើសអើងណាមួយឡើយពាក់ព័ន្ធជាមួយនឹងវីរុសកូរ៉ូណាប្រភេទថ្មីនេះទេ។ លោកក៏បានបន្ថែមថា វាគឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ដើម្បីធានាថា ពុំមានការរើសអើងក្នុងទម្រង់ណាមួយឡើយទាក់ទងទៅនឹងវីរុសកូរ៉ូណាថ្មីនេះ ព្រោះវាជារឿងមិនចាំបាច់ និងមិនអាចជួយអ្វីបាននោះទេ។ លោក Ryan បានគូសបញ្ជាក់ថា រដ្ឋាភិបាលទាំងឡាយ មានតួនាទីអប់រំប្រជាជនរបស់ខ្លួនជុំវិញការរើសអើង។ វាជាការទទួលខុសត្រូវដ៏សំខាន់មួយ។
ចំណែកឯមន្រ្តីជាន់ខ្ពស់ម្នាក់ទៀតរបស់អង្គការអង្គការសុខភាពពិភពលោក គឺលោកស្រី ម៉ារៀ វ៉ាន កឺខូវ (Maria Van Kerkhove) ក៏បានបង្ហាញក្តីកង្វល់ស្រដៀងគ្នានេះដែរ ដោយផ្តោតទៅលើឈ្មោះរបស់វីរុស។ លោកស្រីបានបញ្ជាក់ថា អង្គការសុខភាពពិភពលោក បានផ្តល់ឈ្មោះបណ្តោះអាសន្នហៅថា 2019-nCoV សម្រាប់វីរុសកូរ៉ូណាប្រភេទថ្មីនេះ ដើម្បីធានាថាពុំមានទីតាំងណាមួយត្រូវយកទៅភ្ជាប់ជាមួយវីរុសនេះឡើយ បើទោះបីជាវាបានផ្ទុះចេញពីក្នុងប្រទេសចិនក៏ដោយ។
សរុបមក ជំងឺឆ្លងគ្មានព្រំដែនទេ ហើយក៏គ្មានប្រទេសណាមួយឬជនជាតិណាមួយចង់ឱ្យវាកើតឡើងដែរ។ ការរើសអើងប្រទេសណាមួយឬជនជាតិណាមួយដោយសារតែជំងឺឆ្លង ហើយមិនព្រមរួមដៃគ្នាប្រយុទ្ធប្រឆាំង គឺជាអំពើអមនុស្សធម៌និងខ្វះការគោរពសិទ្ធិមនុស្ស។ ទន្ទឹមនឹងនោះ ប្រទេសចិននិងជនជាតិចិន មិនគួរជាកម្មវត្ថុនៃការរើសអើងនោះទេ។ ពិភពលោកទាំងមូលត្រូវតែពួតដៃគ្នាបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុសដ៏កាចសាហាវនេះ សមដូចប្រសាសន៍របស់ប្រធានអង្គការ WHO លោក Ghebreyesus ដែលបានថ្លែងចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការត្រួសត្រាយផ្លូវដល់នាវាទេសចរណ៍ Westerdam នេះ ជាសកម្មភាពមួយដើម្បីទប់ស្កាត់ភាពវិលវល់និងអារម្មណ៍ភ័យខ្លាច។ ការបោះជំហានរបស់ប្រទេសកម្ពុជា គឺជាសកម្មភាពស្វាគមន៍មួយចំពោះសាមគ្គីភាព ខណៈពេលដែលពិភពលោកនៅតែមានឱកាសជានិច្ចក្នុងការបញ្ឈប់ការរីករាលដាលនៃវីរុស COVID-2019។ ការផ្ទុះវីរុសនេះអាចនាំឱ្យយើងស្គាល់មនុស្សល្អនិងអាក្រក់។ ផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីប្រយុទ្ធ COVID-2019 ការកើតមានភាពវិលវល់អាចត្រឹមតែធ្វើឱ្យយើងបាត់បង់ការយកចិត្តទុកដាក់និងបង្វែរមនុស្សឱ្យប្រឆាំងគ្នាប៉ុណ្ណោះ៕
RAC Media
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថា្នក់ដឹកនាំ និងមន្រ្តីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រមាណ៤០នាក់ បាននាំយកទេយ្យទានទៅចូលរួមកាន់បិណ្ឌទី១០ នៅវត្តពោធិ៍រុន ស្ថិត...
ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់មកពីខេត្តនានាមកកាន់រាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្...
ជារៀងរាល់សប្តាហ៍ នៅថ្ងៃអង្គារ និងថ្ងៃពុធ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំប្រជុំគណៈកម្មការទាំងអស់ដើម្បីពិនិត្យនិងវាយតម្លៃលើបច្ចេកសព្ទតាមជំនាញនីមួយៗ។ នៅសប្តាហ៍នេះ គឺត្រូវនឹងថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្ន...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា កម្ពុជានឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោកនាពេលខាងមុខនេះ តាមរយៈគោ...
ថ្ងៃពុធ ទី៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក នៅសាលប្រជុំស្លឹករឹតមានជំនួបពិភាក្សាមួយស្ដីពី ការសិក្សាតាមប្រព័ន្ធអនឡានរវាងរាជបណ្ឌិត្យសភាកម្...