ព័ត៌មាន

«ឯកឧត្តមបណ្ឌិត យង់ ពៅ ណែនាំនិស្សិតឱ្យប្រកាន់ភ្ជាប់គោលការណ៍វិទ្យាសាស្រ្ត ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិ »

2020-02-01 08:27:45 ថ្ងៃសៅរ៍, 01 កុម្ភៈ 2020, 08:27 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) បានណែនាំនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតទាំងអស់ត្រូវតែប្រកាន់ភ្ជាប់គោលការណ៍វិទ្យាសាស្រ្តជានិច្ច ដើម្បីពង្រឹងសមត្ថភាពចំណេះជំនាញរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន នៅក្នុងសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាវិទ្យាសាស្ត្រ នាពេលនេះ។

ថ្លែងក្នុងឱកាសអញ្ជើញបើកបវេសនកាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៨ វគ្គ១ និងថ្នាក់បណ្ឌិត ជំនាន់ទី៥ វគ្គ១ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសាលសន្និសីទ អគារឥន្រ្ទទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃ រ.ប.ស.ក. បានមានប្រសាសន៍លើកឡើងថា គោលការណ៍សិក្សាអប់រំតាមបែបវិទ្យាសាស្ត្រពិតជាមានសារសំខាន់ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះជំនាញសមត្ថភាព និងគុណភាពពិតប្រាកដដែលជួយដល់ការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនរឹងមាំ។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ប្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតថ្មីចំនួន៨៤អង្គ/នាក់ថា រាជបណ្ឌិត្យសភាកម្ពុជាបានប្រកាន់ភ្ជាប់នូវគោលការណ៍បណ្តុះបណ្តាលនិងស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តនេះជានិច្ច ដោយសារគោលការណ៍សិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តនេះជួយឱ្យនិស្សិតមានចំណេះជំនាញពិតប្រាកដ ដើម្បីប្រកួតប្រជែងគុណភាពធនធានមនុស្សជាមួយបណ្តាប្រទេសអភិវឌ្ឍន៍នានា។ ឯកឧត្តមបណ្ឌិតបានពន្យល់បន្ថែមថា ការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជាមានគុណភាពមិនខុសពីការបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍នោះទេ ដូចនេះនិស្សិតទាំងអស់ត្រូវតែគោរពវិន័យ និងខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវក្រេបយកចំណេះវិជ្ជាពីបណ្ឌិតសាស្រ្តាចារ្យជំនាញរៀងៗខ្លួន ស្របតាមគោលការណ៍បណ្តុះបណ្តាលនិងស្រាវជ្រាវតាមបែបវិទ្យាសាស្ត្ររបស់រាជបណ្ឌិត្យសភាកម្ពុជាឱ្យបានត្រឹមត្រូវ។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់បន្ថែមថា ប្រសិនបើនិស្សិតពុំគោរពតាមគោលការណ៍បណ្តុះបណ្តាលនិងស្រាវជ្រាវខាងលើ ពួកគេនឹងពំុអាចបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតដោយជោគជ័យនោះទេ។

សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហើយ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។

ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ ដូចតទៅ៖

- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ

- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា

- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស

- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ

- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា

- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស

- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ

- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ

- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌

- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ

- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់

- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕

RAC Media | រឿន ភារុន


អត្ថបទទាក់ទង

«ដំណើរនយោបាយកម្ពុជា៖ ជំហរនិងសម្បទានដើម្បីឧត្ដមប្រយោជន៍ជាតិ (ភាគទី២)»

ចុះផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ - ម៉ោង៖ ១០ : ៣០នាទីបន្ទាប់ពីកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលជាង៣ទស្សវត្សរ៍ ការបោះឆ្នោតថ្នាក់ជាតិលើកទីមួយ ដែលបានគ្រោងធ្វើឡើងនៅខែឧសភា ឆ្នាំ១៩៩៣ ត្រូវបានរៀបចំឡើងដោយស...

2018-12-12 03:57:18   Wed, 12,12,2018, 03:57 AM
«និម្មិតសញ្ញានៃមិត្តភាពរវាង រាជបណ្ឌិត្យសភាកម្ពុជានិងសាកលវិទ្យាល័យយូណាន ប្រទេសចិន»

ថ្ងៃអង្គារ៍ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ប្រធានមជ្ឈមណ្ឌលសិក្សាចិន លោកបណ្ឌិត គីសេរីវឌ្ឍន៍  តំណាងឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចូលរួមដាំ...

2018-12-11 16:30:55   Tue, 11,12,2018, 04:30 PM
«ប្រជុំអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍»

ថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍ បានចំនួន០៩ព...

2018-12-11 16:10:16   Tue, 11,12,2018, 04:10 PM
«សាកលវិទ្យាល័យយូណាន សម្ភោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសិក្សាកម្ពុជា»

ខណៈដែលមជ្ឈមណ្ឌលសិក្សាចិន ទើបនឹងបានបង្កើតឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលដៅសិក្សាអំពីគម្រោងធំៗនិងសំខាន់ៗ ព្រមទាំងសិក្សាអំពីសេដ្ឋកិច្ចប្រទេសចិន ថ្មីៗនេះ នៅសាធារណរដ្ឋប្រជាមានិតចិនក៏មានបង្កើតមជ្ឍមណ្ឌលស...

2018-12-11 04:37:56   Tue, 11,12,2018, 04:37 AM
«ដំណើរនយោបាយកម្ពុជា៖ ជំហរនិងសម្បទានដើម្បីឧត្ដមប្រយោជន៍ជាតិ»

ដោយ លឹម សុវណ្ណរិទ្ធចុះផ្សាយថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ - ម៉ោង៖  ១០:៣០ នាទីយប់ភ្នំពេញ៖ មកទល់នឹងឆ្នាំ២០១៨នេះ មានរយៈពេល៣៩ឆ្នាំហើយដែលរបបប្រល័យមនុស្សជាតិត្រូវបានផ្ដួលរំលំ ហើយដែលប្រជាជាតិកម្ពុជាបានស្គាល់ជាថ្ម...

2018-12-05 15:41:38   Wed, 05,12,2018, 03:41 PM
«ប្រជុំអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...»

ថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...

2018-12-05 15:24:29   Wed, 05,12,2018, 03:24 PM

សេចក្តីប្រកាស