Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែជាមន្ត្រីដែលមានសមត្ថភាពសកម្ម សីលធម៌ និងគោរពវិជ្ជាជីវៈពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍជាតិឱ្យកាន់តែចម្រើន។ នេះជាប្រសាសន៍ក្រើនរម្លឹកថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពឧបសម្ព័ន្ធចំណុះរាជបណ្ឌិត្យសភាកម្ពុជារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបានប្រព្រឹត្តទៅនៅក្នុងសាលប្រជុំ អគារឥន្ទ្រទេវី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានប្រសាសន៍ថា ការតែងតាំងថ្នាក់ដឹកនាំ និងមន្ត្រីតាមវិទ្យាស្ថាន និងអង្គភាពឧប សម្ព័ន្ធចំណុះរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ឡើងវិញត្រូវតែផ្អែកតាមជំនាញដែលពួកគេបានសិក្សា ហើយពួកគេត្រូវ តែមានសមត្ថភាពសកម្ម សីលធម៌ និងគោរពវិជ្ជាជីវៈពិតប្រាកដឱ្យស័ក្តិសមឋានៈជាមន្ត្រី និងអ្នកសិក្សាស្រាវជ្រាវបម្រើការងារក្នុងស្ថាប័នវិទ្យាសាស្ត្រជាន់ខ្ពស់ជាតិ ដើម្បីចូលរួមអភិវឌ្ឍជាតិឱ្យកាន់តែចម្រើន ។
ចំពោះឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីដែលមានសមត្ថភាព ការផ្តួចផ្តើមគំនិតការច្នៃប្រ ឌិត និងចក្ខុវិស័យវែងឆ្ងាយក្នុងវិស័យវិទ្យាសាស្រ្តគឺជាធនធានបញ្ញវន្តមួយដ៏សំខាន់ដែលមានគំនិតមិនចេះរីងស្ងួត ដើម្បីចូលរួមលើកកម្ពស់ការសិក្សាស្រាវជ្រាវ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍សង្កត់ធ្ងន់ថា ចាប់ពីពេលនេះតទៅ រាជបណ្ឌិត្យសភាកម្ពុជាត្រូវតែធ្វើការកំណែទម្រង់រៀបចំតែងតាំងមន្ត្រីទាំងអស់ឡើងវិញឱ្យសមស្របតាមចំណេះជំនាញ សមត្ថភាពរបស់ពួកគេ ដើម្បីជំរុញការងារវិទ្យាសាស្រ្ត ស្របនឹងសម័យសកលភាវូបនីយកម្មបច្ចេកវិទ្យាវិទ្យាសាស្រ្ត ៤.០។
សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
រាជបណ្ឌិត្យសភាកម្ពុជាមានភារកិច្ចជាអាទិ៍ ដូចតទៅ៖
- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ
- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា
- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស
- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ
- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា
- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស
- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ
- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ
- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌
- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ
- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕
RAC Media | រឿន ភារុន
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយមជ្ឈមណ្ឌលអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកខេត្តយូណាន់ ទីក្រុងគុនមីង នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការនាំផល...
កាលពីឆ្នាំកន្លង រាជបណ្ឌិត្យសភាកម្ពុជា បានរៀបធ្វើពិធីក្រុងពាលីសាងសង់«អគារខេមរវិទូ»កំពស់៤ជាន់មួយ នៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ចំណែកនៅឆ្នាំនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធី «សែនក្រុងពាលីបុកគ្...
រហូតមកទល់ពេលនេះ កិច្ចពិភាក្សា និងពិនិត្យលើសេចក្តីព្រាងនៃកិច្ចកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្សី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ...
នៅក្នុងបទបាឋកថារបស់លោកសាស្ត្រចារ្យបណ្ឌិត ដាវីដ ឡែមតុន (David M. Lampton) រៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកម៉ិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ...
រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័ន ស្រាវជ្រាវជាន់ខ្ពស់ និងប្រមូលផ្តុំដោយអ្នកសិក្សាស្រាវជ្រាវ លើជំនាញវិស័យ ផ្សេងៗពីគ្នា ហើយក៏កំពុងព្យាយាមក្នុងការពង្រីកវិសាលភាពរបស់ខ្លួន ក្នុងឆាកអន្តរជាតិតាមរយៈការភ្ជាប់កិច...