ព័ត៌មាន

ហេតុអ្វីសិក្សាវិទ្យាសាស្ត្រនយោបាយ?

2019-12-31 11:04:14 ថ្ងៃអង្គារ, 31 ធ្នូ 2019, 11:04 AM
post_detail

នយោបាយ គឺការប្រជែងដើម្បីបានដឹកនាំប្រទេសជាតិ" គឺមកពីពាក្យរបស់ក្រិច ដែលគេហៅថា Politikos ហើយវាមានទាក់ទង់ទៅនឹងមនុស្ស ដែលជាទូទៅ ត្រូវបានគេប្រើចំពោះវិទ្យាសាស្ត្រ ឬសិល្បៈ ក្នុងការដំណើរការក្នុងផ្នែករដ្ឋាភិបាល រឺក៏ក្នុងកិច្ចការរដ្ឋជាដើម រួមបញ្ជូលទាំង សកម្មភាពផ្ទៃក្នុងរបស់រដ្ឋាភិបាលផងដែរ។ ប៉ុន្ដែវាក៏ជួយសំរាប់ការអភិវឌ្ឍ ទីជនបទ ជាពិសេស ខាងផ្នែករួបរួមគ្នាជាក្រុម ជាបណ្ឌិតសភា និង សាសនា មួយផ្នែកផងដែរនៅក្នុងសង្គម។ នយោបាយដែលទំនើប គឺសំដៅនិយាយអំពីរបបប្រជាធិបតេយ្យ ហើយមានទំនាក់ទំនងរវាង មនុស្សនឹង នយោបាយ។

ប្រវត្តិរបស់នយោបាយ គឺបានឆ្លុះបញ្ចាំងឃើញពីដើមកំណើត និងការអភិវឌ្ឍ សេដ្ឋកិច្ច និងការស្ថាបនារបស់រដ្ឋា​ភិបាល។ ជាទូទៅ ផ្នត់គំនិតរបស់ប្រជាពលរដ្ឋដែលតែងតែមិនពេញចិត្តស្អប់ខ្ពើមចំពោះរឿងនយោបាយ ពោលគឺវាកើតមាននៅលើជុំវិញពិភពលោកទាំងអស់ ជាពិសេសគឺនៅបណ្តាប្រទេសដែលក្រីក្រ មានប្រជាពលរដ្ឋ ល្ងង់ៗ មិនសូវមានចំណេះដឹង និងការយល់ដឹងខ្ពស់ ហើយនិងប្រទេសដែលទើបតែងើបចេញពីភ្លើងសង្រ្គាមជា ដើម។ ពួកគេបានចាត់ទុកការងារនយោបាយថា ជាការបោកប្រាស់ ការងារខ្មៅកខ្វក់ និងកាចសាហាវជាទីបំផុត ហើយអ្នកដែលអាចធ្វើនយោបាយបានលុះត្រាតែអ្នកនោះពូកែខាងបោកប្រាស់ភូតកុហក ជាដើម។

ពាក្យថា នយោបាយ គឺជា «ការប្រជែងដើម្បីបានដឹកនាំប្រទេសជាតិ» មិនមែនជាការបោកប្រាស ខ្មៅកខ្វក់ ឬស្មោក​គ្រោកនោះទេ ពាក្យនេះ បានលេចឮឡើង តាំងពីសម័យយូរលង់ណាស់មកហើយ នៅលើសកលលោកនេះ មិនមែនទើបតែឮនៅក្នុងពេលបច្ចុប្បន្ននោះទេ។ សម្រាប់បរិបទប្រទេសកម្ពុជា ដែលគេមើលឃើញថា ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយធនធានមនុស្សនៅមានកម្រិតនោះ ផ្នត់គំនិតពលរដ្ឋមួយចំនួនធំ បាយឱ្យនិយមន័យនយោបាយ ក្នុងគោលដៅចំអក ឬស្អប់ចំពោះពាក្យ នយោបាយ ថាគឺជានយោបោក ហើយថែមទាំងយល់ថា នយោបាយគឺជាការងារមួយថោកទាប មិនស្មោះត្រង់ និងពោរពេញដោយល្បិចកលខ្មៅងងឹតគ្រប់បែបយ៉ាង ធ្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមបក្ខពួករបស់ខ្លួន និងដើម្បីតែអំណាចប៉ុណ្ណោះ។

នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ពេលខ្លះប្រជាពលរដ្ឋ ឱ្យតែឮគេនិយាយរឿងនយោបាយ ពួកគាត់នាំគ្នាខ្លាចដូចខ្មោចងាប់៧ថ្ងៃអ៊ីចឹង។ ផ្នតគំនិតបែបនេះ ពួកគេបានប្រាប់ ឬទូន្មានប្រៀនប្រដៅកូនចៅតៗគ្នា ដូចជាឪពុកម្តាយទូន្មានកូនជាដើម មិនឱ្យកូនចូលរួមក្នុងសកម្មភាពនយោបាយ ដោយពួកគេប្រាប់ថា បើរៀនគិតតែរឿងរៀនទៅ បើធ្វើស្រែឱ្យគិតតែពីរឿងធ្វើស្រែទៅ បើលក់ដូរ គិតតែពីរឿងលក់ដូរដើម្បីបានប្រាក់ចំណេញទៅបានហើយ កុំនាំគ្នាទៅរវល់កិច្ចការនយោបាយ កុំទៅខ្វល់រឿងនយោបាយ ធ្វើម៉េចឱ្យតែគ្រួសារយើងរស់ទៅ ប្រយ័ត្នគុក ប្រយ័ត្នងាប់ រស់នៅសម្ងំយកតែសុខរៀងៗខ្លួនទៅ អាណាងាប់ងាប់ទៅ កុំទៅចំណាយពេលឥតប្រយោជន៍គិតគូរវាច្រើនពេក រឿងនយោបាយហ្នឹង វាមិនមែនជារឿងរបស់ពួកយើងទេ។ ព្រោះរឿងស្រុកទេសរឿងជាតិ មានគេចាត់ចែងហើយ យើងពលរដ្ឋមិនចាំបាច់ខ្វល់នោះទេ រឿងនយោបាយនោះ ។

នយោបាយមិនមែនជាមុខរបររកស៊ីនោះទេ ប៉ុន្តែនយោបាយជាការងារសម្រាប់បុគ្គលមានចិត្តសប្បុរស មានបេះដូងស្មោះត្រង់បរិសុទ្ធ មានទស្សនវិស័យ ហើយធ្វើការងារដើម្បីជួយសង្គ្រោះមនុស្ស និងសង្គមជាតិ។ លើសពីនេះ នយោបាយគឺជាតម្រូវការរបស់មនុស្ស នយោបាយធ្វើឱ្យមានការឯកភាព ហើយមានតែនយោបាយមួយទេ ដែលជួយមនុស្សរស់នៅនៅក្នុងសង្គមបាន។ បើយើងពិចារណានិងស្វែងយល់តាមដានយូរទៅចំពោះរឿងនយោបាយឱ្យបានច្បាស់នោះ យើងនឹងយល់ថា មិនមែននយោបាយជាការងារខ្មៅកខ្វក់ទេ តែអ្នកនយោបាយមួយចំនួនឯណោះទេ ដែលធ្វើឱ្យនយោបាយក្លាយទៅជាការងារខ្មៅកខ្វក់ ដោយសារគំនិតអាក្រក់ អាត្មានិយម អវិជ្ជា យកនយោបាយជាមុខរបររកស៊ី មកចិញ្ចឹមជីវិតខ្លួន គ្រួសារខ្លួនទាំងនោះ។

ដូច្នេះនយោបាយមិនមានកំហុស នយោបាយមិនមែនជាការងារខ្មៅកខ្វក់ នយោបាយមិនមែនជារឿងចោលម្សៀតនោះទេ តែអ្នកនយោបាយដែលមានគំនិតទុច្ចរិតទៅវិញទេ ដែលជាអ្នកមានកំហុស ។ តើនៅពេលណាទើបនយោបាយត្រូវបានពលរដ្ឋឱ្យតម្លៃវិញ? គឺនៅពេលដែលពលរដ្ឋយល់ដឹងនូវវប្បធម៌ នយោបាយកាន់តែច្រើន តាមដានស្ថានការណ៍ព័ត៌មានឱ្យបានទៀងទាត់ មានចំណេះដឹងអាចធ្វើការវិភាគ ឬពិចារណាបានចំពោះអ្នកនយោបាយដែលកំពុងធ្វើសកម្មភាព ស្គាល់ច្បាស់អំពីអត្ថប្រយោជន៍នៃនយោបាយសម្រាប់ជាតិ និងបានដឹងច្បាស់ថា ការចូលរួមតាមដានសកម្មភាពនយោបាយ គឺជាកិច្ចការងារមួយចាំបាច់ធំបំផុត និងជាកាតព្វកិច្ចមួយខានមិនបានរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ក្រៅពីនេះទៀតនោះ ការចូលរួមនយោបាយ សំខាន់ណាស់ការចូលរួមដោយមានការយល់ដឹង ហើយដាច់ខាតទាមទារឱ្យអ្នកចូលរួមដោយមានការយល់ដឹងនោះ មានសីលធម៌ គុណធម៌ និងគុណភាព របស់អ្នកចូលរួ មហើយកាលណាពលរដ្ឋមានការយល់ដឹងខ្ពស់នោះ ធ្វើឱ្យអ្នកនយោបាយបោកប្រាស់ ដែលអាចមកកាន់តំណែងបានស្ទើរតែគ្មាន។

ការចូលរួមរបស់ពលរដ្ឋក្នុង កិច្ចការនយោបាយសំខាន់ណាស់ក្នុងការជ្រើសរើសអ្នកនយោបាយដែលមានទេពកោសល្យខ្ពស់ក្នុងការងារនយោបាយ និងជាអ្នកនយោបាយស្មោះត្រង់ មានបេះដូងបរិសុទ្ធ ហើយនិងជាមនុស្សពោរពេញទៅដោយទស្សនវិស័យ គិតគូរពីវាសនាប្រទេសជាតិជាធំ ។

RAC Media

បណ្ឌិត៖ ស៊ឺន សម មន្ត្រីទទួលបន្ទុកកិច្ចការសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា



អត្ថបទទាក់ទង

‌«ទីផ្សារកំពុងដាំក្បាលចុះ, វីរុសកូរ៉ូណាកំពុងរាតត្បាត ឯលោក Donald Trump កំពុងវាយប្រហារ​លោក Joe Biden និងប្រព័ន្ធផ្សព្វផ្សាយ» ប្រែសម្រួល៖ ដោយ លោក ជា ធារិទ្ធ នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី

លោកប្រធានាធិបតី Donald Trump ដែលរដ្ឋបាលរបស់លោកកំពុងស្ថិតនៅក្រោមសម្ពាធ និងទទួលរងនូវការរិះគន់កាន់តែខ្លាំងចំពោះការឆ្លើយតបរបស់ខ្លួនទៅនឹងការរាលដាលមេរោគកូរ៉ូណា បានផ្ទុះឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយធ្វីតធ័រកាលព...

2020-03-11 10:12:51   Wed, 11,03,2020, 10:12 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ លើកទឹកចិត្តមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាគោរពវិន័យ និងប្រឹងប្រែងបំពេញការងារ បន្សល់ស្នាដៃ និងកេរ្តិ៍ឈ្មោះក្នុងស្ថាប័ន និងសង្គមជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានលើកទឹកចិត្តមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវគោរពវិន័យ និងប្រឹងប្រែងបំពេញការងារ ដើម្បីបន្សល់ស្នាដៃ និងកេរ្តិ៍ឈ្...

2020-03-11 06:29:20   Wed, 11,03,2020, 06:29 AM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ មន្ត្រីរាជការដែលប្រឡងជាប់ថ្មី ត្រូវធ្វើខ្លួនឱ្យក្លាយទៅជាអ្នកបន្តវេនជាអ្នកធានានូវសុចរិត តម្លាភាព និងយុត្តិធម៌

(រាជបណ្ឌិត្យសភាកម្ពុជា)៖ កាលពីព្រឹកថ្ងៃអង្គារ៍ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះ ក្នុងកិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចាប់ផ្ដើមពីម៉ោង ៩:០០ នាទីព...

2020-03-11 06:23:56   Wed, 11,03,2020, 06:23 AM
«ទំនាក់ទំនងត្រីកោណ តួកគី-រុស្ស៊ី-សហរដ្ឋអាម៉េរិក ក្នុងសង្គ្រាមស៊ីវិលនៅស៊ីរី» ដោយ៖ លោក ហ៊ាន ស្រស់ នាយកដ្ឋានសិក្សាអឺរ៉ុបនិងរុស្ស៊ី នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

បញ្ហាទំនាក់ទំនងអន្តរជាតិរបស់ប្រទេសនីមួយៗ ពិតជាស្មុគស្មាញមិនថា ប្រទេសតូច ឬប្រទេសធំទេ សុទ្ធតែប្រកាន់ជំហរការពារ​​អធិបតេយ្យភាពរបស់ជាតិរៀងៗខ្លួន និងចង់កសាងក៏ដូចជាពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់និងពិភពលោ...

2020-03-11 05:42:03   Wed, 11,03,2020, 05:42 AM
«ស្ថានភាពនយោបាយនៅម៉ាឡេស៊ីក្រោយការចាកចេញរបស់មហាធៀរ មហាម៉ាត់» ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់លោក មហាធៀរ មហាម៉ាត់ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើឱ្យស្ថានភាពនយោបាយនៅម៉ាឡេស៊ីមានភាពមិនច្បាស់លាស់។ វិបត្តិគ្មានគណៈរដ្ឋមន្ត្រីរយៈពេលខ្លីរបស់ម៉ាឡើស៊ីនេះនាំឱ្យមានក...

2020-03-10 09:40:26   Tue, 10,03,2020, 09:40 AM
«ស្ថានភាពនៃទំនាក់ទំនងអាស៊ាន-សហរដ្ឋអាម៉េរិក» ដោយ៖ បណ្ឌិត តឹក មេង នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី

សហរដ្ឋអាម៉េរិកបានក្លាយជាដៃគូ​ចរចា​របស់អាស៊ាន​ចាប់តាំង​ពី​ឆ្នាំ​១៩៧៧ ពោលគឺបន្ទាប់ពីអាស៊ាន​បានបង្កើត​បាន​១០ឆ្នាំ​មកម្ល៉េះ។ ទំនាក់ទំនង​រវាង​សហរដ្ឋ​អាម៉េរិក​និង​អាស៊ាន​មានការ​អភិវឌ្ឍ​និង​ជិតស្និទ្ធ​ជាលំដា...

2020-03-10 09:20:55   Tue, 10,03,2020, 09:20 AM

សេចក្តីប្រកាស