ព័ត៌មាន

«EBA និង ទំនាក់ទំនងកម្ពុជាអឺរ៉ុប» ដោយ៖ កាំង សុផា និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយ ជំនាន់ទី៧ វគ្គ២នៃរាជ បណ្ឌិត្យសភាកម្ពុជា

2019-12-30 03:05:54 ថ្ងៃចន្ទ, 30 ធ្នូ 2019 ម៉ោង 10:05 AM
អ្នកមើល 3685
post_detail

បើយោងតាមប្រវត្តិសាស្រ្តយើងឃើញថាវត្តមានរបស់ពួកអឺរ៉ុបភាគច្រើនជាជនជាតិអេស្ប៉ាញនិងព័រទុយហ្គាល់បានមកដល់ប្រទេសអាស៊ីនៅពាក់កណ្តាលទី២នៃសតវត្សទី១៦ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅឆ្នាំ១៥៥០ មកម្ល៉េះ ក្នុងគោលបំណងធ្វើជំនួញ និងផ្សព្វផ្សាយសាសនា។ ជាមួយគ្នានេះយើងក៏កត់សម្គាល់ផងដែរថា ជនជាតិនេះក៏មានទំនាក់ទំនងយ៉ាងល្អជាមួយនឹងព្រះមហាក្សត្រខ្មែរនាកាលនោះ មិនតែប៉ុណ្ណោះគេក៏បានផ្សាភ្ជាប់សាច់ឈាមជាមួយនិងព្រះញាតិវង្សផងដែរ។

«ទំនាក់ទំនងរវាងសហភាព អឺរ៉ុប និងកម្ពុជា បានចាប់ផ្តើមឡើងក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៩០ គឺមានការរីក​ចម្រើនគួរឱ្យយកត់សម្គាល់បើគិតចាប់តាំងពីការបើកការិយាល័យ សហភាពអឺរ៉ុបនៅរាជានីភ្នំពេញ នាដើមទសវត្សរ៍ឆ្នាំ២០០០»។

សហគមន៍អឺរ៉ុបត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៧ និងបច្ចុប្បន្នមាន ២៨ ប្រទេសជាមាជិក មានប្រជាជនសរុបចំនួន ៥០៨ លាននាក់ មាន ២៤ ភាសាជាផ្លូវការ និងមានផ្ទៃដីសរុប ៤, ៤២២, ៧៧៣ គម២។

ប្រទេសកម្ពុជានិងសហគមន៍អឺរ៉ុបគឺមានទំនាក់ទំនងគ្នាយ៉ាងល្អ ដែលត្រូវបានរាប់ចាប់តាំងពីកម្ពុជាបានចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅរកសន្តិភាព កាលពីឆ្នាំ១៩៩០។ ក្នុងនោះសហគមន៍អឺរ៉ុបបានគាំទ្រប្រទេសកម្ពុជាក្នុងការជួយសហប្រត្តិការស្ទើរគ្រប់ផ្នែក និងគ្រប់វិស័យ។ បើមិនមានសហគមន៍អឺរ៉ុបទេ នោះកម្ពុជាអាចនឹងត្រូវបានប្រឈមជាមួយនឹងបញ្ហានានាជាច្រើន នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពទន់ខ្សោយនៅឡើយ។

សហគមន៍អឺរ៉ុបគឺជាតំបន់ទីផ្សារធំលំដាប់ទី២លើពិភពលោក និង ក៏ជាកន្លែងដែលនាំចេញនាំចូលនូវផលិតផលធំលំដាប់ពិភពលោកផងដែរ។ សហគមន៍អឺរ៉ុបត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៧ ក្នុងគោលបំណងបង្រួបបង្រួមអឺរ៉ុបឡើងវិញ ការការពារសន្តិភាព ក៏ដូចជាការពង្រឹងនិងពង្រីកវិស័យសេដ្ឋកិច្ចឱ្យកាន់តែមានភាពរឹងមាំទាំងនៅក្នុងតំបន់អឺរ៉ុបក៏ដូចជាក្នុងពិភពលោក។

ក្រោយពីអឺរ៉ុបបានពើបប្រទះនូវភាពរុងរឿង រីកចម្រើនសំបូរសប្បាយអស់រយៈពេលប្រមាណជា ៦០ឆ្នាំមកនេះ សហគមន៍អឺរ៉ុបក៏មិនបានភ្លេចដែរក្នុងការបង្កើនគោលនយោបាយផ្សេងៗក្នុងការជួយផ្គត់ផ្គង់ និងជ្រោមជ្រែងដល់បណ្តាប្រទេសដែលប្រាក់ចំណូលរបស់ប្រជាជននៅមានកម្រិតទាប ឬយើងអាចនិយាយបានថា ជួយដល់ប្រទេសដែលស្ថិតក្នុងស្ថានភាពក្រីក្រនៅឡើយ។ ការជួយរបស់សហគមន៍អឺរ៉ុបគឺត្រូវបានធ្វើឡើងក្នុងរូបភាពផ្សេងៗគ្នា ខ្លះក៏ត្រូវបានជំនួយឧបត្ថម្ភជាឧបករណ៍សម្ភារៈបរិក្ខារ ជាថវិកា និងជាពិសេសគឺការផ្តល់ជូននូវការអនុគ្រោះពន្ធគ្រប់យ៉ាង លើកលែងតែអាវុធដល់ប្រទេសដែលមិនទាន់អភិវឌ្ឍន៍ ឬកំពុងអភិវឌ្ឍន៍ទាំងនោះដែលមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបាន។ ការអនុគ្រោះពន្ធលើប្រភេទទំនិញគ្រប់មុខលើកលែងតែអាវុធដែលគ្រប់គ្នាបានហៅកាត់ថា EBA នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០0១ មកម្ល៉េះ ដែលវាត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ធានាគារសហគមន៍អឺរ៉ុប តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១១ ក្នុងនោះកម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសប្រមាណ៤៩ ប្រទេសក្នុងពិភពលោកដែលបានទទួលសិទ្ធិជាប្រទេសដែលបានទទួលការអនុគ្រោះពន្ធលើទំនិញគ្រប់មុខពីសហគមន៍អឺរ៉ុប។ សម្រាប់ប្រទេសដែលក្បែរខាងប្រទេសកម្ពុជានេះក៏មានប្រទេសមីយ៉ាន់ម៉ា និង បង់ក្លាដេសដែលបានទទួលសិទ្ធិដូចប្រទេសកម្ពុជា។

“សហភាពអឺរ៉ុប ខិតខំប្រឹងប្រែងដើម្បីបញ្ជ្រាបកង្វល់ទាក់ទិននិងសិទ្ធិមនុស្សទៅក្នុងគ្រប់គោលនយោបាយនិងកម្មវិធីរបស់ខ្លួនហើយមិនតែប៉ុណ្ណោះសហភាបអឺរ៉ុបក៏មានលិខិតតូបករណ៍គោលនយោបាយសិទ្ធិមនុស្សបន្ថែមសម្រាប់វិធានការជាក់លាក់ផងដែរ។ លិខិតតូបករណ៍អឺរ៉ុបដើម្បីលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស (EIDHR)គឺជាការបង្ហាញឱ្យឃើញជាក់ស្តែងនូវការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រ និងលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ នៅក្នុងប្រទេសកម្ពុជា កម្មវិធីនេះត្រូវបានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១០ និងមានគោលបំណងគាំទ្រគំនិតផ្តួចផ្តើមរបស់សង្គមស៊ីវិលដែលរួមចំណែកលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ និងការពារសិទ្ធិមនុស្ស” ។

សម្រាប់លក្ខខណ្ឌនេះកម្ពុជាបានទទួលដឹងឮអស់រយៈកាលជាង១ទស្សវត្សរ៍ទៅហើយជាមួយនិងសហគមន៍អឺរ៉ុប។ ក្រោយមានសាលដីកាពីតុលាការកំពូលប្រកាសរំលាយគណបក្សសង្គ្រោះជាតិ និង ក្រោយពេលមានការឃាត់ខ្លួនតាមផ្លូវតុលាការលើអ្នកនយោបាយបក្សប្រឆាំង និង អតីតប្រធានគណបក្សប្រឆាំង ចាប់តាំងពីឆ្នាំ២០១៧ មកនោះ យើងឃើញថាកម្ពុជាត្រូវបានប្រទេសជិតខាង និង មតិអនុ្តរជាតិបានធ្វើការវិភាគនិងឱ្យតម្លៃខុសៗគ្នា អាស្រ័យទៅលើលក្ខខណ្ឌនៃការយល់ឃើញខុសៗគ្នា។ សម្រាប់សហគមន៍អឺរ៉ុបមិនត្រឹមតែរិះគន់ដល់កម្ពុជានោះទេបែរថែមទាំងបានចាប់ផ្តើមអនុវត្តនីតិវិធីក្នុងការដកការអនុគ្រោះពន្ធនេះយកតែម្តង។ សំណួរសួរថា តើលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សបែបយ៉ាងម៉េចទើបជាតម្រូវការរបស់អឺរ៉ុប? ទន្ទឹមនិងអឺរ៉ុបមិនសប្បាយចិត្តជាមួយកម្ពុជារឿងប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស បែរជាអឺរ៉ុបចុះកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាមក្នុងការនាំចូលទំនិញចូលទៅអឺរ៉ុបដោយបន្ថូរបន្ថយនិងមិនមានការបង់ពន្ធ ដែលមានតម្លៃប្រហាក់ប្រហែលនឹង EBA ទៅវិញ។

សំណួរសួរថា តើប្រទេសវៀតណាមមានប្រធិបតេយ្យ បែបអឺរ៉ុបត្រូវការឬយ៉ាងណា? តើកម្ពុជាមានឯករាជ្យ អធិបតេយ្យភាព និងនីតិរដ្ឋក្នុងការគ្រប់គ្រងប្រទេសរបស់ខ្លួនដែរឬទេ? បើទោះបីជាយ៉ាងណាក៏ដោយក្នុងស្ថានភាពជាក់ស្តែងនេះ ទាំងប្រជាជនកម្ពុជានិងបណ្តាប្រទេសនៅក្នុងពិភពលោកកំពុងតែទន្ទឹងរងចាំមើលសេចក្តីសម្រេចចិត្តរបស់កម្ពុជា ថាតើកម្ពុជាគួរតែសម្របខ្លួនតាមតម្រូវការរបស់អឺរ៉ុប ឬត្រូវតែអនុវត្តតាមការប្រកាសរបស់ប្រមុខរាជរាដ្ឋាភិបាលធ្លាប់តែលើកឡើងនាពេលកន្លងមក ថាកម្ពុជាមិនត្រូវយកអធិបតេយ្យភាពរបស់ខ្លួនទៅដូរជាមួយនិងរបស់អ្វីមួយដែលគេចង់បាននោះទេ។ រឿងដែលសំខាន់គឺស្ថិតនៅត្រង់ថា តើកម្ពុជានឹងត្រូវសាងប្រវត្តិសាស្រ្តថ្មីនេះដោយរៀបណា? តើការសម្របខ្លួនតាមសហគមន៍អឺរ៉ុប និងការមិនសម្របខ្លួនតាមសហគមន៍អឺរ៉ុប មួយណាចំណេញជាងសម្រាប់ប្រជាជនកម្ពុជា? ដើម្បីធានានិងអនុលោមឱ្យខានតែបានសម្រាប់កេរ្តិ៍ឈ្មោះល្អលើឆាកអន្តរជាតិនិងការចំណេញដល់ប្រជាជនកម្ពុជាផង រដ្ឋាភិបាលគួរបន្តអនុវត្តគោលនយោបាយឈ្នះឈ្នះកន្លងមកនៅថ្នាក់ជាតិ ឱ្យក្លាយទៅជាខ្នាតអន្តរជាតិ និងគួរបើកឱកាសឱ្យមានការចរចាមួយសម្រាប់ឆ្ពោះទៅរកការអភិវឌ្ឍន៍៍និងសាមគ្គីជាតិសម្រាប់ប្រជាជនទាំងមូលនិងកូនចៅជំនាន់ក្រោយ។

RAC Media

ដោយ៖ និស្សិត កាំង សុផា និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយ ជំនាន់ទី៧ វគ្គ២នៃរាជ​បណ្ឌិត្យសភាកម្ពុជា (អត្តន័យដែលមានក្នុងអត្តបទស្រាវជ្រាវនេះ គឺជាគំនិតរបស់និស្សិត កាំង សុផា មិនបានឆ្លុះបញ្ចាំងការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ។)


អត្ថបទទាក់ទង

ជំនឿបែបជីវចលនិយមក្នុងសង្គមខ្មែរ ដោយ៖ បណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្ត្រ វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម នៃ​រាជបណ្ឌិត្យសភាកម្ពុជា

មនុស្សក្នុងលោកយើងនេះតែងតែមានជំនឿលើអ្វីៗជាច្រើន តាមការយល់ឃើញរបស់ពួកគេ។ ជនជាតិខ្លះមានជំនឿលើកធម្មជាតិដូចជា បឹងបួ ទន្លេ ព្រៃភ្នំ ដើមឈើធំៗ ឬអព្ហូតហេតុផ្សេងៗ ដែលជារឿង អច្ឆរិយៈ។ ពួកគេនាំគ្នាគោរពបន់ស្រន់ដោយជ...

2023-03-14 08:44:07   ថ្ងៃអង្គារ, 14 មីនា 2023 ម៉ោង 03:44 PM
សំណង់ប្រាសាទក្នុងស្រុកកំពង់លែងនៃដែនដីអាណាចក្រចេនឡា ដោយ៖ បណ្ឌិត ផុន កសិកា- ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

អាណាចក្រចេនឡាចាត់ទុកជារដ្ឋ ដំបូងៗមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាណាចក្រ ឬ រដ្ឋសំខាន់ៗ និងដំបូងបង្អស់ក្នុងដែនដីអាស៊ីអាគ្នេយ៍មានដូចជារដ្ឋហ្វូណន រដ្ឋចេនឡា និង រដ្ឋអង្គរ (អាណាចក្រអង្គរ ឬ ចក្រភពអង្គរ) ។...

2023-03-10 09:06:21   ថ្ងៃសុក្រ, 10 មីនា 2023 ម៉ោង 04:06 PM
សម្តេចតេជោ ហ៊ុន សែន : អ្នកការទូតអាជីព កំពូលអ្នកចរចា និងបិតាសន្តិភាពនៃកម្ពុជា

កាលពីវេលាម៉ោង១២:៣៣ នាទី រំលងអធ្រាត្រថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខនៃគណបក្សប្រជាជនកម្ពុជា បានបង្ហោះឃ្លីបវីដេអូមួយប្រវែង ៨នាទីនិង២៨វិនាទី...

2023-03-06 03:24:10   ថ្ងៃចន្ទ, 06 មីនា 2023 ម៉ោង 10:24 AM
វិន័យគ្រួសារ ជាគ្រឹះរឹងមាំ ជួយកុមារក្លាយជាមនុស្សធំដ៏ជោគជ័យក្នុងសង្គម ដោយ៖ លោក ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ វិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

កាលដែលពួកយើងជាមនុស្សមានរបៀបរៀបរយ ត្រឹមត្រូវ ធ្វើអ្វីច្បាស់លាស់ មានវិន័យ វាមិនមែនជារឿងងាយនោះទេ ហើយបើសិនជាពួកយើងមិនទម្លាប់រឿងនឹងទៀត វាកាន់តែពិបាក។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញ ជីវិតនៅ...

2023-03-01 07:52:51   ថ្ងៃពុធ, 01 មីនា 2023 ម៉ោង 02:52 PM
វីដេអូឯកសារ ស្ដីពី «ពិធីលៀងមេមត់» នៅតំបន់អង្គរ

សូមជូនខ្សែវីដេអូស្តីពី៖ «ពិធីលៀងមេមត់ នៅតំបន់អង្គរ ខេត្តសៀមរាប»- ដឹកនាំផលិតដោយ៖ ឯកឧត្តមបណ្ឌិត ផុន កសិកា- ថត និងកាត់តរូបភាពដោយ៖ លោក នឿន សុធា- បញ្ចូលសម្លេងដោយ៖ កញ្ញា តាកេត ស័កដាពិធីលៀងមេមត់ នៃតំបន់អង្គរ...

2023-03-01 07:44:29   ថ្ងៃពុធ, 01 មីនា 2023 ម៉ោង 02:44 PM
«តើធ្វើដូចម្តេចដើម្បីក្លាយខ្លួនជាចុងភៅអាជីពមួយរូប?»

សិក្ខាកាមទាំងអស់ដែលបានមកទទួលការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើជំនាញចុងភៅ នៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការក្លាយទៅជាចុងភៅអាជីពម្នាក់ គឺទាមទារឱ្យយើងយល់ច្បាស់ ពីវិធីសាស្រ្តជាច្រើនដូចជា៖ -បច្ច...

2023-03-01 07:39:22   ថ្ងៃពុធ, 01 មីនា 2023 ម៉ោង 02:39 PM

សេចក្តីប្រកាស