ព័ត៌មាន

«ទំនាក់ទំនងកម្ពុជា-ចិន ក្រោមឥទ្ធិពលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង» ដោយ៖ ​គួយ តុលាភក្ដី និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយជំនាន់ទី៧ វគ្គ២នៃរាជបណ្ឌិត្យសភាកម្ពុជា

2019-12-27 18:17:16 ថ្ងៃសុក្រ, 27 ធ្នូ 2019, 06:17 PM
post_detail

ជាការពិតណាស់ទំនាក់ទំនងរវាងកម្ពុជា-ចិន បានកើតមានឡើងតាំងពីយូរលង់ណាស់មកហើយ គ្រាន់តែជាផ្លូវការដែលមានគេនិយាយច្រើន គឺចាប់តាំងពីការស្រាវជ្រាវឃើញនូវកំណត់ត្រារបស់ ជីវ តាក្វាន់ ដែលជាបេសកជនពិសេសរបស់ចិន ដែលបានមកទស្សនកិច្ចនៅកម្ពុជាក្នុងនាមជាអ្នកការទូតរបស់ចិន នាសម័យនោះ។​

រហូតមកទល់បច្ចុប្បន្ននេះ មានរយៈពេលជាង២០០០ឆ្នាំទៅហើយ ទំនាក់ទំនងនេះនៅតែបន្ត ព្រមទាំងបានកសាងនូវប្រវត្តិរឿងរ៉ាវល្អជាប្រវត្តិសាស្រ្ត សម្រាប់កូនចៅអ្នកបន្តវេនជំនាន់ក្រោយៗ។ លើសពីនេះ វាកាន់មានតែភាពស្និទ្ធស្នាលដោយសារតែប្រមុខរដ្ឋទាំងពីរ បានប្រកាន់ខ្ជាប់នូវការ គោរពអធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗរៀងខ្លួន។ ម្ល៉ោះហើយរដ្ឋទាំងពីរនៅតែបន្តបាននូវទំនាក់ទំនងនេះ រហូតដល់គេឃើញថា មានភាពស្និទ្ធស្នាលជាមួយរដ្ឋមហាអំណាចមួយនេះខ្លាំងជាង រដ្ឋដែលជាមហាអំណាចពិភពលោកបណ្ដុំត្រសងជាមួយ។ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងស្និតស្នាលជាមួយគ្នាលើវិស័យសំខាន់ៗ ដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ កិច្ចការក្នុងតំបន់ និងអន្តរជាតិជាច្រើនទៀត ដែលបានផ្ដល់នូវសមិទ្ធផលគួរជាទីមោទនៈ។

ជំនួយឥតសំណង និងកម្ចីជាបន្តបន្ទាប់ ត្រូវបានផ្ដល់ជូនកម្ពុជា សម្រាប់ធ្វើការអភិវឌ្ឍស្ទើរគ្រប់វិស័យ។ នាពេលបច្ចុប្បន្ននេះ កម្ពុជាបានប្រែប្រួលនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនគួរឱ្យកត់សម្គាល់ អាគារខ្ពស់ៗជាច្រើនរីកដុះដាល ផ្លូវថ្នល់ ស្ពាន ជាច្រើនត្រូវបានសាងសង់ជាបន្តបន្ទាប់ ។ល។

នៅក្នុងទំនាក់ទំនងនេះ ត្រូវបានគេកត់សម្គាល់ឃើញនូវ កិច្ចសហប្រតិបត្តិការថ្មីមួយរបស់ចិន ដែលកំពុងតែដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់មេគង្គ ក្រៅពី វិថីសូត្រសមុទ្រសតវត្សរ៍ទី២១ ឬខ្សែក្រវាត់មួយផ្លូវមួយ វេទិកាអាស៊ីប៉ូអាវ នោះគឺកិច្ចសហប្រតិបតិ្តការមេគង្គ-ឡានឆាង។

បើគេក្រឡេកមើលកិច្ចសហប្រតិបតិ្តការនៅក្នុងតំបន់មេគង្គនាពេលបច្ចុប្បន្ននេះ មានច្រើនគួរសមដូចជា៖ មហាអនុតំបន់មេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-សាធារណរដ្ឋកូរ៉េ មេគង្គ-គង្គា(ឥណ្ឌា) គំនិតផ្ដួចផ្ដើមមេគង្គក្រោម (LMI) គណៈកម្មាធិការទន្លេមេគង្គកម្ពុជា (MRC) យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(ACMECS) និងមេគង្គ-ឡានឆាង (MLC) ដែលជាកូនពៅក្នុងកិច្ចសហប្រតិបត្តិការនេះ នាពេលបច្ចុប្បន្ន។

កិច្ចសហប្រតិបតិ្តការមេគង្គ-ឡានឆាង ឬជាភាសាអង់គ្លេស Mekong-Lancang Cooperation (MLC) ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយលោក លី ខឺឈាង នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី១៧ នៅខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដោយយោងតាមគំនិតផ្ដួចផ្ដើមរបស់ថៃ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២។

កិច្ចសហប្រតិបត្តិការនេះ បានសម្ពោធជាផ្លូវការនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកដំបូង ដែលបានប្រារព្ធធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ នៅឯទីក្រុងជីងហុង ប្រទេសចិន និងប្រកាសជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលលើកដំបូង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅទីក្រុងសាន់យ៉ា ប្រទេសចិន ក្នុងនោះមានប្រទេសជាសមាជិកចំនួនប្រាំមួយ ដូចជា៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដោយផ្ដោតលើសសរស្ដម្ភ៣ មាន៖ ១)បញ្ហានយោបាយនិងសន្តិសុខ ២)ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និង៣)សង្គម វប្បធម៌ និងការផ្លាស់ប្តូររវាង ប្រជាជន និងប្រជាជន និងមានវិស័យអាទិភាពគន្លឹះ៥ មាន៖ ១.ការតភ្ជាប់ ២.សមត្ថភាពផលិត ៣.កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន ៤.ធនធានទឹក ៥.កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍កុងសង់ស៊ីស បើកចំហរ ការពិគ្រោះយោបល់ ការបញ្ចូលគ្នាជាសមភាព ការសម្របសម្រួលគ្នាទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំណែក ផលប្រយោជន៍រួម និងការគោរពរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។

គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម របស់បណ្ដាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាពប្រជាជន កាត់បន្ថយគម្លាតអភិវឌ្ឍនៅក្នុងតំបន់ និងកសាងសហគមន៍ដែលមានអនាគតរួមគ្នា ប្រកបដោយសន្តិភាព និងវិបុលភាព។

កិច្ចសហប្រតិបត្តិការនេះបានកំណត់នូវកិច្ចប្រជុំសំខាន់ៗ ជាអាទិ៍រួមមាន៖ កិច្ចប្រជុំក្រុមការងាររួមការទូត និងកិច្ចប្រជុំក្រុមការងាររួមតាមវិស័យគន្លឹះនីមួយៗ កិច្ចប្រជុំឧត្ដមមន្រ្តី កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស និងកិច្ចប្រជុំកំពូល។ រាល់កិច្ចប្រជុំទាំងអស់ត្រូវបានធ្វើឡើងដោយមានប្រទេសចិនជាសហប្រធានអចិន្ត្រៃយ៍ ហើយប្រទេសសមាជិកមេគង្គជាសហប្រធានប្ដូរវេនទៅតាមលំដាប់តួរអក្សរ។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្ដល់នូវប្រទេសជាសមាជិកនូវគម្រោងអភិវឌ្ឍទៅដល់ប្រទេសទាំងអស់ដោយផ្ដល់នូវមូលនិធិតាមរយៈគម្រោងរយៈពេលខ្លី មធ្យម និងវែង។ ជាក់ស្ដែងក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី២ នៅខេត្តសៀមរាប កម្ពុជា បានអនុម័តនូវទឹកប្រាក់៣០០លានដុល្លារជាមូលនិធិពិសេសសម្រាប់រយៈពេលប្រាំឆ្នាំ ដល់ប្រទេសសមាជិក ដែលគម្រោងនីមួយៗអាចលើកទឹកប្រាក់មិនឱ្យលើសពី ៥សែនដុល្លារអាមេរិក។

ប្រទេសកម្ពុជា តាមរយៈមូលនិធិនេះ បានទទួលនូវគម្រោងសម្រាប់អនុវត្តចំនួន៣៥គម្រោងរួចទៅហើយ សម្រាប់ការអនុម័ត២ឆ្នាំដំបូង ដែលមានទំហំទឹកប្រាក់ប្រមាណជា១៤លានដុល្លារអាមេរិក ហើយនឹងរង់ចាំសម្រាប់ការអនុម័តជាបន្តបន្ទាប់ទៀតនាកិច្ចប្រជុំខាងមុខ។

បើតាមការវិភាគលើឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការនេះ គឺជាឱកាសពិសេសមួយសម្រាប់កម្ពុជាផងដែរ ដោយហេតុថា នេះជាកិច្ចសហប្រតិបត្តិការថ្មីមួយ ស្របពេលដែលសេដ្ឋកិច្ចប្រទេសចិនកំពុងរីកលូតលាស់ជាលំដាប់ ធ្វើឱ្យចិនចាយលុយច្រើន ដែលអាចនិយាយបានថាជាឱកាសពិសេសមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការទាញយកផលប្រយោជន៍ឱ្យបានច្រើនតាមតែអាចធ្វើបាន ម្យ៉ាងវិញទៀតស្របពេលដែលសហរដ្ឋអាមេរិក និងចិន កំពុងមានភាពល្អក់កករនឹងលើផលប្រយោជន៍សេដ្ឋកិច្ច ធ្វើឱ្យមហាអំណាចចិនពង្រឹងដៃគូឱ្យបានច្រើនជាពិសេសជាមួយប្រទេសនៅជិតៗខ្លួន ដើម្បីទប់ទល់នឹងអាមេរិក ដែលកំពុងសម្លឹងមករកខាងអាស៊ីប៉ាស៊ីហ្វិក ដែលខ្លួនធ្លាប់ទុកចោលជាច្រើនឆ្នាំ។

ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក៏មានចំណុចខ្វះខាតដែលត្រូវធ្វើការអភិវឌ្ឍបន្ថែមផងដែរ ដោយនៅក្នុងនោះប្រទេសជាសមាជិកមួយចំនួន មានការយល់ដឹងរបស់ក្រុមការងារទាក់ទងនឹងវិស័យគន្លឹះនៅមានកម្រិត។ យន្តការនៃកិច្ចសហប្រតិបត្តិការហាក់នៅមានភាពស្រពេចស្រពិល ស្របពេលដែលមានតែខាងភាគីចិន ដែលបានស្គាល់នូវកិច្ចសហប្រតិបត្តិការថ្មីនេះបានច្រើន ផ្ទុយទៅវិញប្រទេសសមាជិកក្នុងតំបន់មានការយល់ដឹងតិចតួច។

ជារួម កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាក្ដីសង្ឃឹមថ្មី សម្រាប់ប្រទេសនៅក្នុងតំបន់មេគង្គ ដោយយោងលើគោលការណ៍កុងសង់ស៊ុស នោះរាល់ការសម្រេចទៅលើកិច្ចការអ្វីមួយ ត្រូវតែមានការឯកភាពរបស់ប្រទេសសមាជិកទាំងអស់។ ជាធម្មតា ក្នុងកិច្ចសហប្រតិបត្តិការមួយតែងតែមានអ្នកចំណេញតិច ឬច្រើនជារឿងធម្មតា ដោយមិនអាចចោទទៅលើអ្នកផ្ដួចផ្ដើម ឬហៅថាអ្នកបោះមេ ហើយជារឿងសាមញ្ញទៀត គឺថា មេមិននៅក្រោមពង ដូចពាក្យចាស់លោកធ្លាប់ពោលកន្លងមក។ ដូច្នេះ កម្ពុជា ត្រូវត្រៀមខ្លួនឱ្យរួចរាល់ក្នុងការពង្រឹងសមត្ថភាព ភាពឆ្លាតវៀងវៃ ភាពរហ័សរហួន ពូកែ និងបង្កើនភាពដឹកនាំឱ្យកាន់តែប្រសើរ ដើម្បីស្រូបយកផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនេះឱ្យបានច្រើន៕

RAC Media

ដោយ៖និស្សិត គួយ តុលាភក្ដី និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយ ជំនាន់ទី៧ វគ្គ២នៃរាជបណ្ឌិត្យសភាកម្ពុជា(អត្តន័យដែលមានក្នុងអត្តបទនេះ គឺជាគំនិតរបស់និស្សិត គួយ តុលាភក្ដី មិនបានឆ្លុះបញ្ចាំងការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ) ។




អត្ថបទទាក់ទង

កម្មវិធីកិច្ចពិភាក្សាតុមូលស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយ

កម្មវិធីកិច្ចពិភាក្សាតុមូលស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយនៅថ្ងៃស្អែកនេះគឺ៖ ពេលព្រឹក៖ គណបក្សយុវជនកម្ពុជា Vs គណបក្សខ្មែររួបរួមជាតិពេលរសៀល៖ គណបក្សខ្មែរតែមួយ Vs គណបក្សឆន្ទៈខ្មែរសាធារណជន អាចចូលរួមស្ត...

2018-05-29 16:38:02   Tue, 29,05,2018, 04:38 PM
«កិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវនិងអប់រំ»

នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩:៣០ព្រឹក នៅសាលនាងនួននៃរាជបណ្ឌិត្យកម្ពុជា បានរៀបចំ អង្គជំនួបមួយជាមួយប្រតិភូឥណ្ឌាស្តីពី «កិច្ចសហប្រតិបត្តិ...

2018-05-28 10:04:19   Mon, 28,05,2018, 10:04 AM
«ពិធីការពារ និក្ខេបទសាកល្បង ថ្នាក់បណ្ឌិត ជំនាន់ទី២ វគ្គ១ នៃរាជបណ្ឌិត្យសភាកម្ពុជា»

នៅរសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកម្មវិធីការពារសាកល្បងនិក្ខេបបទ បេក្ខជនបណ្ឌិ...

2018-05-26 01:57:43   Sat, 26,05,2018, 01:57 AM
គម្រោងកម្មវិធីកិច្ចពិភាក្សាតុមូល ស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយ

នៅសល់ពេលប្រមាណជាង២ខែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ នឹងចាប់ផ្តើមឡើងនៅទូទាំងប្រទេស ហើយរហូតមកទល់ពេលនេះ គណបក្សនយោបាយប្រមាណជា ២០គណបក្ស ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានប្រកាសទ...

2018-05-25 17:45:04   Fri, 25,05,2018, 05:45 PM
«អាគារឥន្ទ្រទេវី» ចំណងដៃពីថ្មីសម្រាប់វិស័យបណ្តុះបណ្តាលនិងស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា !

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ​ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបន្ទាប់ពីបញ្ចប់បេសកកម្មជូនជាតិ និងស្ថាប័ននៅប្រទេសថៃ និងខេត្តព្រះវិហាររួចមក នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូ...

2018-05-25 16:47:09   Fri, 25,05,2018, 04:47 PM
ពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ស្រុកឆែប ខេត្តព្រះវិហារ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ...

2018-05-18 14:15:45   Fri, 18,05,2018, 02:15 PM

សេចក្តីប្រកាស