ព័ត៌មាន

«ការជួសជុលសំណង់ស្ថាបត្យកម្មបុរាណរបស់ខ្មែរ ដើម្បីជាសក្ខីកម្មបន្តថែរក្សាការពារមរតកបុព្វបុរស»

2019-12-19 10:38:59 ថ្ងៃព្រហស្បតិ៍, 19 ធ្នូ 2019, 10:38 AM
post_detail

(រាជធានីភ្នំពេញ)៖ អ្នកស្រាវជ្រាវផ្នែកវប្បធម៌បានលើកយកប្រធានស្តីពី កិច្ចការអភិរក្សសំណង់បេតិកភណ្ឌព្រះពុទ្ធសាសនានៅកម្ពុជា ដើម្បីជជែកពិភាក្សានៅក្នុងសន្និសីទអន្តរជាតិលើកទី១៥ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ក្នុងយុគសម័យបច្ចេកវិទ្យា» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រដោយវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសណ្ឋាគារភ្នំពេញ។

កិច្ចការអភិរក្សសំណង់បេតិកភណ្ឌព្រះពុទ្ធសាសនានៅកម្ពុជា គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទចំនួន ៣០ ដែលត្រូវលើកយកមកពិភាក្សាក្នុងសន្និសីទអន្តរជាតិលើកទី១៥។ ក្នុងឱកាសឡើងធ្វើបទបង្ហាញលើប្រធានបទនេះ អ្នកស្រាវជ្រាវវប្បធម៌វិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក ម៉ៅ សុខចំរើន បានមើលឃើញថា សំណង់ស្ថាបត្យកម្មសាសនាខ្មែរភាគច្រើនត្រូវបានរងការខូចខាត ដោយពេលវេលា និងអាយុកាលរបស់សំណង់។ ហើយថា សំណង់ស្ថាបត្យកម្មផ្នែកសាសនាព្រាហ្មណ៍សាសនា និងព្រះពុទ្ធសាសនាដែលត្រូវបានសង់ឡើងអំពី ថ្ម និងឈើទាំងនោះ បានប្រែប្រួលសណ្ឋានជាច្រើន ដូចនេះក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសគឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវអប់រំ ផ្សព្វផ្សាយអំពី សារសំខាន់នៃតម្លៃផ្នែកសំណង់បុរាណទៅតាមវត្តអារាមនានាទូទាំងប្រទេសកម្ពុជា ដើម្បីថែរក្សាតម្លៃដ៏ធំធេងនៃតម្លៃផ្នែកសិល្បៈ ស្ថាបត្យកម្មដែលជាស្នាដៃរបស់បុព្វបុរសឱ្យនៅរស់រវើកគង់វង្ស។

ចំពោះអ្នកស្រាវជ្រាវវប្បធម៌វិទ្យាសាស្ត្ររូបនេះ សំណង់ស្ថាបត្យកម្មសាសនាបានបង្កប់នូវតម្លៃសិល្បៈផែ្នកសាសនា ទស្សនៈវិជ្ជា ជំនឿខ្មែរតាំងពីបុរាណរៀងមកទើបនាំឱ្យមនុស្សទាំងអស់គ្នាចូលរួមជួយការពារ ថែទាំនូវគរុភ័ណ្ឌដែលមានតម្លៃ ដើម្បីជាភស្តុតាងកេរ្តិ៍ដំណែលបុព្វបុរសឱ្យបានគង់វង្សយូរអង្វែង។

ក្នុងន័យនេះ លោកបានលើកឡើងថា ការជួសជុលសំណង់ស្ថាបត្យកម្មបុរាណរបស់ខ្មែរពិតជាចាំបាច់ណាស់ ដើម្បីជាសក្ខីកម្មបន្តថែរក្សាអភិរក្សាការពារមរតកបុព្វបុរស។ ជាក់ស្តែង លោកបានលើកឡើងអំពី ការអភិរក្ស និងជួសជុលសំណងស្ថាបត្យកម្មផ្នែកសាសនាកន្លងមក មួយចំនួន ដូចជា ការជួសជុល និងអភិរក្សព្រះវិហារវត្តមហាលាភ (ឆ្នាំ២០១៧) វត្តស្វាយសាច់ភ្នំ (ឆ្នាំ២០១៨) វត្តចិនដំដែក (ឆ្នាំ២០១៨) និងព្រះវិហារវត្តកំពង់ព្រះ (ឆ្នាំ២០១៩) ជាដើម។

លោកបានបន្តសង្កត់ធ្ងន់ថា ប្រសិនបើយើងទាំងអស់គ្នាពុំបានចូលរួមយកចិត្តទុកដាក់អភិរក្សថែរក្សានោះទេ សំណង់ស្ថាបត្យកម្មទាំងអស់នោះនឹងបាត់បង់ពីផែនដីដោយភ្ជាប់ទៅជាមួយនៅតម្លៃសិល្បៈ ជំនឿរបស់មនុស្សជំនាន់មុន។

ជាចុងបញ្ចប់ លោកបានផ្តល់អនុសាសន៍ថា ការជួសជុលរាល់សំណង់ទាំងអស់នោះត្រូវធ្វើចាំបាច់ដោយប្រយ័ត្នប្រយែងប្រកបដោយបច្ចេកទេសដោយពុំឱ្យបាត់នូវលំនាំបច្ចេកទេសដែលជាស្នាដៃជាងបុរាណឡើយ ដើម្បីធានាថា រចនាប័ទ្មសំណង់រក្សាបានទម្រង់ដើមទាំងស្រុងដែលមានសារប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវក្នុងវិស័យស្ថាបត្យកម្មវត្តបុរាណ៕

RAC Media


អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញបើកសិក្ខាសាលា ស្តីពី «អត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី»

«ការកំណត់អត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី ជាការលើកបង្ហាញពីវីរភាពរបស់ស្ត្រី(មេ) ព្រោះស្ត្រីដើរតួនាទីសំខាន់ណាស់ទាំងក្នុងគ្រួសារនិងសង្គមជាតិ» នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ...

2019-06-27 05:29:50   Thu, 27,06,2019, 05:29 AM
«បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ»

នៅព្រឹកនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលាមួយ ស្ដីពី «បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ»។ភ្នំពេញ៖ នៅព្រឹកថ្ងៃ...

2019-06-27 05:16:13   Thu, 27,06,2019, 05:16 AM
«ជ្រុងមួយអំពីអត្តសញ្ញាណរបស់ព្រះនាងឥន្ទ្រទេវី»

ភ្នំពេញ៖ តាមសិលាចារឹកប្រាសាទភិមានអាកាសនិពន្ធដោយព្រះនាងឥន្ទ្រទេវីផ្ទាល់ បានឱ្យដឹងថា ព្រះនាងឥន្រ្ទទេវី មានព្រះទ័យសប្បុរស និងព្រះបញ្ញាញាណខាងបរមត្ថវិជ្ជា [1]  ហើយក៏ជាព្រះប្រធានសាស្រ្តាចារ្យ និងគ្រូបង...

2019-06-27 04:56:39   Thu, 27,06,2019, 04:56 AM
«ជំនួបជាមួយឥស្សរជនមានគោរមងារជា«កិត្តិសេដ្ឋាបណ្ឌិត»នៃក្រសួងផែនការ»

បន្ទាប់ពីបានជួបសំណេះសំណាលជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ នៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជប...

2019-06-26 11:43:33   Wed, 26,06,2019, 11:43 AM
«ការសំណេះសំណាល ជាមួយឥស្សរជនមានគោរមងារជា«កិត្តិសង្គហបណ្ឌិត»នៅរដ្ឋសភា»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កា...

2019-06-26 11:17:10   Wed, 26,06,2019, 11:17 AM
«អំណោយសប្បុរសធម៌ ជីកអណ្តូង នៅភូមិធម្មជាតិដងផ្លិត»

នៅរសៀលមុនបន្តិច លោក Love Englund បាននាំយកថវិកាសម្រាប់សាងសង់អណ្តូងទឹក ចំនួន $5,400 ជូនដល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សម្រាប់រួមចំណែកកសាងអណ្តូងទឹកចំនួន០៣ នៅភូមិធម្មជាតិដងផ្លឹត ដែលមានទ...

2019-06-26 09:51:36   Wed, 26,06,2019, 09:51 AM

សេចក្តីប្រកាស