ព័ត៌មាន

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលចួបពិភាក្សាជាមួយគណៈប្រតិភូក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមរបស់សាធារណរដ្ឋកូរ៉េ (NRC) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ»

2019-12-17 07:45:55 ថ្ងៃអង្គារ, 17 ធ្នូ 2019, 07:45 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទីអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមរបស់សាធារណរដ្ឋកូរ៉េ (NRC) ដើម្បីរៀបចំគម្រោងស្រាវជ្រាវវិស័យវិទ្យាសាស្រ្តសង្គម និងវិស័យទេសចរណ៍រួមគ្នាជាមួយរាជបណ្ឌិត្យសភាកម្ពុជា នៅឆ្នាំ២០២០ ខាងមុខ។

មានប្រសាសន៍ក្នុងជំនួបពិភាក្សាការងារដែលត្រូវបានរៀបចំឡើងក្នុងសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានថ្លែងស្វាគមន៍ចំពោះគណៈប្រតិភូ NRC ដែលបានអញ្ជើញមករាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានបានមានប្រសាសន៍លើកឡើងអំពី សាវតា តួនាទី ភារកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជា និងវឌ្ឍនភាពការងារដែលឯកឧត្តមចូលកាន់តំណែងប្រធានបណ្ឌិត្យសភាកម្ពុជា រយៈពេល ២ឆ្នាំមកនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាក៏បានឯកភាពលើគម្រោងស្រាវជ្រាវដែលគណៈប្រតិភូនៃស្ថាប័នស្រាវជ្រាវជាន់ខ្ពស់ទាំងពីរ បានលើកឡើងនៅក្នុងជំនួបពិភាក្សានាព្រឹកនេះ រួមមាន ១. កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលភាសាកូរ៉េនិងភាសាខ្មែរ ២. កិច្ចសហប្រតិបត្តិការក្នុងការសិក្សាគម្រោងស្រាវជ្រាវ អំពីសង្គមសាស្ត្រ ទេសចរណ៍ វប្បធម៌ និងជនជាតិដើមភាគតិច ៣. កិច្ចសហប្រតិបត្តិការលើការបកប្រែឯកសារស្ដីពីវប្បធម៌នៃប្រទេសទាំងពីរជាភាសាខ្មែរនិងភាសាកូរ៉េ ៤. ការដោះដូរអ្នកសិក្សាស្រាវជ្រាវទៅវិញទៅមក។

ឯកឧត្តមបណ្ឌិតសភាចារ្យក៏ បានសម្ដែងនូវសេចក្ដីសោមនស្សជាក្រៃលែងចំពោះជំនួបពិភាក្សានាព្រឹកនេះ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា «វាជាការប្រសើរណាស់ដែលក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ យើងអាចនិយាយគ្នាបានដោយស្មោះត្រង់ទៅវិញទៅមក ហើយយើងអាចធ្វើការងារជាមួយគ្នាបានយ៉ាងប្រសើរ ដោយសារយើងមានទស្សនវិជ្ជាដូចគ្នា។ លើសពីនេះទៅទៀត ចំពោះបំណងរបស់ភាគីកូរ៉េដែលបានស្នើឱ្យមានការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់ទាំងពីរ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា វាជាការប្រសើរខ្លាំងណាស់ ហើយឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានឯកភាពនឹងគំនិតនេះផងដែរ៕

RAC Media


អត្ថបទទាក់ទង

«កិច្ចប្រជុំ ពិនិត្យពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...»

ថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំ ពិនិត្យពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ប...

2019-01-11 02:49:46   Fri, 11,01,2019, 02:49 AM
«ប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍...»

ថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍បានចំនួន០៤ពាក...

2019-01-10 04:10:06   Thu, 10,01,2019, 04:10 AM
«នយោបាយកម្ពុជាចន្លោះចិន និងសហរដ្ឋអាម៉េរិកក្នុងសម័យសង្គមរាស្ត្រនិយម...»

កញ្ញា មាស អេឡែន  ដែលជានិស្សិតថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ឯកទេសវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា និងជានិស្សិតស្ថិតនៅក្រោមការណែនាំរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា នៅថ្...

2019-01-10 03:36:09   Thu, 10,01,2019, 03:36 AM
«ត្រូវចេះខ្ចីកម្លាំងជនបរទេសជួយអភិវឌ្ឍប្រទេស, រៀនសូត្រពីប្រទេស២» ដោយ៖ យង់ ពៅ

ប្រវត្តិសាស្ត្រយូរអង្វែង កម្ពុជាធ្លាប់ជាចក្រភពដ៏ធំនៅក្នុងតំបន់។ ក្រោយអាណាចក្រមហានគរ ចក្រភពមួយនេះ ប្រែទៅជាប្រទេសមួយដែលតូច ទន់ខ្សោយ និងក្រីក្រនៅក្នុងតំបន់ទៅវិញ។ ក្នុងប្រវត្តិសម័យទំនើប កម្ពុជាត្រូវបានគេស...

2019-01-09 04:05:31   Wed, 09,01,2019, 04:05 AM
«កិច្ចប្រជុំប្រចាំខែរបស់វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម»

នាព្រឹកថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង៣០នាទីព្រឹក នៅសាលប្រជុំវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា ប...

2019-01-08 08:17:27   Tue, 08,01,2019, 08:17 AM
«ថ្ងៃ៧ មករា មិនមែនជាថ្ងៃសម្រាប់តែគណបក្សប្រជាជនកម្ពុជានោះទេ‌»

ថ្ងៃ៧មករា ត្រូវបានដាក់បញ្ចូលជាថ្ងៃបុណ្យជាតិ ហើយក្រសួង ស្ថាប័នទាំងរដ្ឋនិងឯកជនទូទៅ ត្រូវបានអនុញ្ញាត​ឱ្យ​ឈប់​សម្រាក​១ថ្ងៃ។ ថ្ងៃឈប់សម្រាកនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា ថ្ងៃនេះ គឺមិនមែនសម្រាប់តែជាក...

2019-01-07 06:48:35   Mon, 07,01,2019, 06:48 AM

សេចក្តីប្រកាស