ព័ត៌មាន

ជំនួបដើម្បីស្វែងរកកិច្ចសហការស្រាវជ្រាវរួមគ្នាលើវិស័យប្រវត្តិសាស្ត្ររាជធានីសម័យកណ្ដាល រវាងវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងសាកលវិទ្យាល័យស៊ីដនី (University of Sydney) ប្រទេសអូស្ត្រាលី

2019-12-12 09:47:41 ថ្ងៃព្រហស្បតិ៍, 12 ធ្នូ 2019, 09:47 AM
post_detail

សៀមរាប៖ ថ្ងៃសៅរ៍ ១១កើត ខែមិរសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ផុន កសិកា ជាប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានជួបជំនុំជាមួយលោកសាស្ត្រាបណ្ឌិត រ៉ូឡង់ វ្លែតឆ័រ ( Prof. Roland Fletcher) ជាប្រធាន គម្រោងអាណាចក្រអង្គរ (Greater Angkor Project) នៃសាកលវិទ្យាល័យស៊ីដនី (University of Sydney) ប្រទេសអូស្ត្រាលី ដើម្បីពិភាក្សាអំពីកិច្ចសហការរវាងស្ថាប័នទាំងពីរគឺ រាជបណ្ឌិត្យសភាកម្ពុជា និងគម្រោងអាណាចក្រអង្គរ (Greater Angkor Project) លើកិច្ចការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្ររាជធានីសម័យកណ្ដាល។

ក្នុងជំនួបនោះ លោកសាស្ត្រាចារ្យបណ្ឌិត រ៉ូឡង់ វ្លែតឆ័រ​ បានបង្ហាញពីដំណើរការស្រាវជ្រាវរបស់គម្រោងអាណាចក្រអង្គរដែលបានសិក្សាស្រាវជ្រាវជាច្រើនឆ្នាំនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប នៅតំបន់បន្ទាយលង្វែក ខេត្តកំពង់ឆ្នាំង និងកំពុងសិក្សាស្រាវជ្រាវនៅតំបន់ស្រីសន្ធរដែលជារាជធានីរបស់ព្រះរាជាខ្មែរក្នុងសម័យកណ្ដាល។ លោកសាស្ត្រាចារ្យក៏បានរៀបរាប់ដែរថា កិច្ចការស្រាវជ្រាវរបស់សាកលវិទ្យាស៊ីដនីក៏មានកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោកបណ្ឌិត ផុន កសិកា និងកញ្ញា តាកេត ស័កដា។ លោកសាស្ត្រាចារ្យក៏បានបន្ថែមទៀតថា នៅឆ្នាំ២០២០ ខាងមុខនេះ គម្រោងអាណាចក្រអង្គរនឹងបន្ដកិច្ចការស្រាវជ្រាវនៅរាជធានីស្រីសន្ធរដើម្បីប្រមូលទិន្នន័យប្រវត្តិសាស្ត្រនៃការផលិតកុលាលភាជន៍ ការតាំងទីលំនៅ មុខរបរចិញ្ចឹមជីវិតរបស់ប្រជាជនក្នុងសម័យនោះ។ ការងារស្រាវជ្រាវនេះនឹងស្នើសុំកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជាក្នុងការស្វែងរកពត៌មាន ក៏ដូចជាប្រវត្តិសាស្ត្រអំពីសម័យកណ្ដាលនៃប្រទេសកម្ពុជាដែលជាសម័យមួយត្រូវបានអ្នកស្រាវជ្រាវគិតថា ជាយុគ្គខ្មៅដែលប្រទេសកម្ពុជាធ្លាក់ក្នុងភាពវឹកវរ គ្រោះអាសន្ន ដោយសារសង្រ្គាមរាំងជុល និងការឈ្លានពានពីបរទេស។ ការសិក្សាស្រាវជ្រាវនេះនឹងអាចរកឃើញពត៌មានថ្មីៗសម្រាប់បន្ថែមលើពត៌មានដែលខ្វះខាតក្នុងសម័យកណ្ដាល។

លោកបណ្ឌិត ផុន កសិកា ក៏បានបង្ហាញអំពីការទឹកចិត្តសប្បាយរីករាយក្នុងការសហការសិក្សាស្រាវជ្រាវរួមគ្នារវាងគម្រោងអាណាចក្រអង្គរ (Greater Angkor Project) ដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត រ៉ូឡង់ វ្លែតឆ័រ និងវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា។ លោកបណ្ឌិត ផុន កសិកា ក៏បានរៀបរាប់ដែរថា រាជបណ្ឌិត្យសភាកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចា្យ សុខ ទូច តែងតែគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងអនុវត្តការងារស្រាវជ្រាវ ហើយក៏តែងតែស្វាគមន៍រាល់កិច្ចសហការពីបរទេសលើគ្រប់វិស័យក្នុងគោលដៅសិក្សាស្រាវជ្រាវ។ នៅទីបញ្ចប់លោកបណ្ឌិត ផុន កសិកា ថ្លែងអំណរគុណចំពោះលោកសាស្ត្រាចារ្យបណ្ឌិត រ៉ូឡង់ វ្លែតឆ័រ ចំពោះកិច្ចសហការនេះ ហើយលោកបណ្ឌិតនឹងត្រៀមរៀបចំក្រុមស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ដែលមានផ្នែកប្រវត្តិសាស្ត្រ ដើម្បីចុះសិក្សាស្រាវជ្រាវរួមគ្នា ក្នុងឆ្នាំ២០២០។

RAC Media 

ប្រភព៖ ហេង សុភី


អត្ថបទទាក់ទង

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំឆ្នាំ២០២០

នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុ...

2020-12-16 08:37:02   Wed, 16,12,2020, 08:37 AM
តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   Tue, 15,12,2020, 04:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   Sat, 12,12,2020, 04:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   Wed, 09,12,2020, 07:22 AM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   Wed, 02,12,2020, 04:01 AM
យុទ្ធសាស្រ្តសេដ្ឋកិច្ចចិននៅក្នុងសម័យកូវីដ-១៩ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2020-11-30 03:28:38   Mon, 30,11,2020, 03:28 AM

សេចក្តីប្រកាស