Royal Academy of Cambodia
ខេត្តសៀមរាប៖ កាលពីថ្ងៃសុក្រ ១០កើត ខែមិរសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ផុន កសិកា ជាប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងកញ្ញា តាកេត ស័កដា មន្ត្រីស្ម័គ្រចិត្តនៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបជំនុំជាមួយលោកបណ្ឌិត ប្រីស វាំងសង់ ( Dr. Brice Vincent) ជាប្រធានសាលាបារាំងចុងបូព៌ាប្រចាំនៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីលទ្ធភាពដែលស្ថាប័នទាំងពីរគឺ រាជបណ្ឌិត្យសភាកម្ពុជា និងសាលាបារាំងចុងបូព៌ា អាចសហការគ្នាក្នុងកិច្ចសិក្សាស្រាវជ្រាវបាន។ ក្នុងជំនួបនោះ លោកបណ្ឌិត ប្រីស វាំងសង់ បានបង្ហាញពីការរកឃើញថ្មីៗរបស់អ្នកស្រាវជ្រាវសាលាបារាំងចុងបូព៌ានូវទីតាំងយករ៉ែទង់ដែង និងស្ពាន់ នៅភ្នំពិល ស្ថិតក្នុងចម្ងាយ១០គីឡូម៉ែត្រភាគខាងលិចប្រាសាទព្រះខ័នកំពង់ស្វាយ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ចំណែកលោកបណ្ឌិត ផុន កសិកា ក៏បានបង្ហាញអំពីការរកឃើញថ្មីពីការផលិតទង់ដែង និងស្ពាន់ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ។ លោកទាំងពីរក៏បានយល់ព្រមដើម្បីបង្កើតជាកិច្ចសហការសិក្សាស្រាវជ្រាវរវាងស្ថាប័នទាំងពីរ អំពី «ប្រវត្តិសាស្ត្រនៃការផលិត ទង់ដែង និងស្ពាន់នៅប្រទេសកម្ពុជា»។
របកគំហើញនៃការផលិតស្ពាន់ដែលទទួលបានពីការស្លចម្រាញ់ពីរ៉ែស្ពាន់ និងទង់ដែង គឺជាទិន្នន័យថ្មីមួយដែលអ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិទាំងឡាយមិនដែលរកឃើញកន្លងមក។ អ្នកស្រាវជ្រាវខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជារកឃើញស្ថានីយផលិតទង់ដែង និងស្ពាន់ ចំណែកឯអ្នកស្រាវជ្រាវជនជាតិបារាំងនៃសាលាបារាំងចុងបូព៌ាបានរកឃើញស្ថានីយយករ៉ែទង់ដែង និងស្ពាន់។ របកគំហើញទាំងពីរនឹងអាចប្រមូលស្ថាប័នទាំងពីរបង្កើតជាកិច្ចសហការសិក្សាស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅតាមបែបវិទ្យាសាស្ត្រ ដើម្បីសិក្សាចងក្រងពត៌មានប្រវត្តិសាស្ត្រប្រទេសកម្ពុជាឱ្យកាន់តែច្បាស់លាស់អំពីចង្វាក់ផលិតកម្មផ្សេងៗរួមទាំងផលិតកម្មទង់ដែង និងស្ពាន់ផងដែរដែលជាធាតុចូលមួយជំរុញឱ្យអាណាចក្រអង្គរក្លាយជាចក្រភពរុងរឿងក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងរវាងសតវត្សទី៩ ដល់ ១៤។
RAC Media
ប្រភព៖ ហេង សុភី
វិស័យទេសចរណ៍របស់កម្ពុជា ដែលបច្ចុប្បន្នកំពុងតែជួបប្រទះនឹងបញ្ហាធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ត្រូវបានគេមើលឃើញជាទូទៅដោយសារតែបញ្ហាជាលក្ខណៈសាកលផង និងហេតុផលមួយចំនួនដែលមានលក្ខណៈផ្ទៃក្នុងប្រទេសផងដែរនោះ គឺជាចំណុច...
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ បានគូសបញ្ជាក់ថារាជបណ្ឌិត្យសភាកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកនូវការកសាងបដិមាទោលព្រះនាងឥន្ទ្រទេវី ដើម្បីបង្កើតស្មារតីស្រឡាញ់វប្បធម៌ជាតិ...
ទាក់ទងនឹងការប្រកាសបិទការិយាល័យស្ថានទូតស៊ុយអែត ប្រចាំរាជធានីភ្នំពេញ បានបង្កឱ្យមានការលើកឡើងផ្សេងៗ ទៅតាមជ្រុងទស្សនៈរបស់អ្នកវិភាគ អ្នកតាមដានកិច្ចការនយោបាយ ខណៈដែលស្ថានទូតស៊ុយអែតក៏បានប្រកាសព័ត៌មាន ហើយក្រសួង...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសការងារជ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបាន ជំរុញឱ្យមន្ត្រីរាជបណ្ឌិត្យសភាក...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៩ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានអញ្ជើញដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋាន ដោយបានបន្តក្រើន...