ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ នៅក្នុងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ត្រូវជំរុញឱ្យប្រជាជននិងប្រជាជនស្វែងយល់ពីគ្នាឱ្យកាន់តែស៊ីជម្រៅ

2019-12-09 04:50:44 ថ្ងៃចន្ទ, 09 ធ្នូ 2019 ម៉ោង 11:50 AM
អ្នកមើល 8373
post_detail

សៀមរាប៖ ថ្លែងនៅក្នុងឱកាសបើក «វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១» រៀបចំឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នាខេត្តសៀមរាបកន្លងទៅនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងជាអនុសាសន៍គន្លឹះថា «កម្ពុជា-ចិន ក្នុងនាមជាប្រទេសដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គប្បីត្រូវជំរុញឱ្យប្រជាជននឹងប្រជាជនស្វែងយល់ពីគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ទាំងរវាងរដ្ឋាភិបាល និងទាំងក្នុងស្រទាប់មហាជននៃប្រទេសទាំងពីរ»។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងថា ទោះបីជាទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល បានឈានដល់កម្រិតកំពូលក្ដី ក៏ប៉ុន្តែរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន នៅមានទិដ្ឋភាពជាច្រើនដែលមិនទាន់យល់ច្បាស់ពីគ្នានៅ ឡើយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា «នៅប្រទេសចិន កម្រចិននិយាយខ្មែរណាស់ តែនៅកម្ពុជា ខ្មែរច្រើនដែលនិយាយភាសាចិន និងថែមទាំងប្រារព្ធបុណ្យចូលឆ្នាំចិនទៀតផង ត្រង់នេះ អ្នកវិទ្យាសាស្ត្រប្រទេសទាំងពីរត្រូវធ្វើយ៉ាងណាឱ្យខ្មែរយល់ថា អ្វីទៅជាចូលឆ្នាំចិន ប៉ុន្តែមិនទាន់មានសៀវភៅណាសរសេរជាភាសាខ្មែរអំពីបុណ្យចូលឆ្នាំចិននោះឡើយ»។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ដល់អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃប្រទេសទាំងពីរ គប្បីត្រូវតែធ្វើការសិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយអំពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ នៅពេលណាដែលប្រជាជនយល់អំពីគ្នាស៊ីជម្រៅ វានឹងធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរ ហើយគេមិនត្រូវនិយាយតែអំពីទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយ តែប្រជាជននិងប្រជាជនមិនយល់ពីគ្នានោះទេ។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងវប្បធម៌កម្ពុជា-ចិនបន្ថែមថា ជនជាតិចិនដែលបានចូលមករស់នៅក្នុងប្រទេសកម្ពុជានៅក្នុងប្រវត្តិសាស្ត្រយូរយារមកហើយនោះ បានចាក់ចូលវប្បធម៌កម្ពុជាយ៉ាងជ្រៅ ដោយចិនបានកែប្រែវប្បធម៌របស់ប្រជាជនកម្ពុជា រាប់ទាំងការប្រើប្រាស់សម្ភារៈ និងការហូកចុក ដូចជា ខ្មែរបានប្ដូរពីការបរិភោគដោយដៃមកជាការប្រើចង្កឹះ ប្ដូរពីការនិយមបរិភោគនំបញ្ចុក មកបរិភោគគុយទាវ ប្ដូរពីការបរិភោគអន្សមទៅបរិភោគនំប៉ាវជាដើម គឺជាឧទាហរណ៍ជាក់ស្ដែង អំពីទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្ដល់អនុសាសន៍ដល់អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់កម្ពុជា-ចិន បន្ថែមថា នៅមានភារកិច្ចជាច្រើនទៀត ដែលអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរត្រូវធ្វើបន្ត ដូចជាការសិក្សាស្រាវជ្រាវអំពីទំនោរនៃការរស់នៅ វប្បធម៌ ស្ថានភាពសង្គម និងលិខិតបទដ្ឋានច្បាប់នានា រួចបកប្រែជាពីរភាសា ទាំងភាសាខ្មែរ និងភាសាចិន ទាំងអ្វីដែលមាននៅកម្ពុជា និងនៅក្នុងប្រទេសចិន ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន អាចស្វែងយល់ពីគ្នាឱ្យបានកាន់តែប្រសើរ៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

«ក្រុមប្រឹក្សាជាតិភាសាខ្មែរបាន ប្រជុំ អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍...»

ថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍បានចំនួន០៣ពា...

2018-11-07 04:08:13   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 11:08 AM
«គម្រោងស្រាវជ្រាវចំនួនពីររបស់រាជបណ្ឌិត្យសភាកម្ពុជានឹងបង្កើតនូវរបត់ថ្មីសន្លាងមួយសម្រាប់កម្ពុជា ក្នុងនោះសាធារណជនទូទៅនឹងអាចអានអក្សរខ្មែរបុរាណដោយខ្លួនឯងបាន»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវសិក្ខាសាលាមួយស្ដីពី «កម្មវិធីអូស៊ីអខ្មែរ និងអក្សរខ្មែរបុរាណក្នុងបច្ចេកវិទ្យាព័ត៌មាន» ដោយវាគ្មិន៣រូបគឺ បណ្ឌិត ឈិត វណ្ណា...

2018-11-06 09:13:52   ថ្ងៃអង្គារ, 06 វិច្ឆិកា 2018 ម៉ោង 04:13 PM
«សូមអបអរសាទរនូវការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតប្រកបដោយជោគជ័យរបស់បេក្ខជនបណ្ឌិត លឹម វណ្ណនី»

កាលពីថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៖៣០ នាទីរសៀល នៅសាលនាងនួននៃរាជបណ្ឌិត្យសភាកម្ពុជា ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវបានរៀបចំកម្មវិធី...

2018-11-03 13:59:38   ថ្ងៃសៅរ៍, 03 វិច្ឆិកា 2018 ម៉ោង 08:59 PM
«សូមអបអរសាទរនូវការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតប្រកបដោយជោគជ័យរបស់បេក្ខជនបណ្ឌិត ឥន យឿន»

កាលពីថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៩៖៣០ នាទីព្រឹក នៅសាលនាងនួននៃរាជបណ្ឌិត្យសភាកម្ពុជា ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវបានរៀបចំកម្មវិធ...

2018-11-03 13:52:53   ថ្ងៃសៅរ៍, 03 វិច្ឆិកា 2018 ម៉ោង 08:52 PM
«វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលបានប្រធានស្តីទី...»

លោកបណ្ឌិត ឆេង វណ្ណារិទ្ធ ត្រូវបានសម្រេចចាត់តាំងធ្វើជាប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈលិខិតបង្គាប់ការលេខ ០១២/១៨ ល.ប.ក ចុះថ្ងៃទី ថ្ងៃព្រហស្បតិ៍ ៨រ...

2018-11-02 09:37:39   ថ្ងៃសុក្រ, 02 វិច្ឆិកា 2018 ម៉ោង 04:37 PM
«ជំនួបពិភាក្សាការងាររវាង ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងគណៈប្រតិភូរបស់បណ្ឌិត្យសភាវិទ្យា សាស្រ្តសង្គមចិន...»

នៅព្រឹកថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីចំនួន៥រូបបានទទួលជួបជាមួយគណៈប្រតិភូដែល...

2018-11-02 08:35:08   ថ្ងៃសុក្រ, 02 វិច្ឆិកា 2018 ម៉ោង 03:35 PM

សេចក្តីប្រកាស