ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ នៅក្នុងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ត្រូវជំរុញឱ្យប្រជាជននិងប្រជាជនស្វែងយល់ពីគ្នាឱ្យកាន់តែស៊ីជម្រៅ

2019-12-09 04:50:44 ថ្ងៃចន្ទ, 09 ធ្នូ 2019 ម៉ោង 11:50 AM
អ្នកមើល 3624
post_detail

សៀមរាប៖ ថ្លែងនៅក្នុងឱកាសបើក «វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១» រៀបចំឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នាខេត្តសៀមរាបកន្លងទៅនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងជាអនុសាសន៍គន្លឹះថា «កម្ពុជា-ចិន ក្នុងនាមជាប្រទេសដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គប្បីត្រូវជំរុញឱ្យប្រជាជននឹងប្រជាជនស្វែងយល់ពីគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ទាំងរវាងរដ្ឋាភិបាល និងទាំងក្នុងស្រទាប់មហាជននៃប្រទេសទាំងពីរ»។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងថា ទោះបីជាទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល បានឈានដល់កម្រិតកំពូលក្ដី ក៏ប៉ុន្តែរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន នៅមានទិដ្ឋភាពជាច្រើនដែលមិនទាន់យល់ច្បាស់ពីគ្នានៅ ឡើយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា «នៅប្រទេសចិន កម្រចិននិយាយខ្មែរណាស់ តែនៅកម្ពុជា ខ្មែរច្រើនដែលនិយាយភាសាចិន និងថែមទាំងប្រារព្ធបុណ្យចូលឆ្នាំចិនទៀតផង ត្រង់នេះ អ្នកវិទ្យាសាស្ត្រប្រទេសទាំងពីរត្រូវធ្វើយ៉ាងណាឱ្យខ្មែរយល់ថា អ្វីទៅជាចូលឆ្នាំចិន ប៉ុន្តែមិនទាន់មានសៀវភៅណាសរសេរជាភាសាខ្មែរអំពីបុណ្យចូលឆ្នាំចិននោះឡើយ»។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ដល់អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃប្រទេសទាំងពីរ គប្បីត្រូវតែធ្វើការសិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយអំពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ នៅពេលណាដែលប្រជាជនយល់អំពីគ្នាស៊ីជម្រៅ វានឹងធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរ ហើយគេមិនត្រូវនិយាយតែអំពីទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយ តែប្រជាជននិងប្រជាជនមិនយល់ពីគ្នានោះទេ។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងវប្បធម៌កម្ពុជា-ចិនបន្ថែមថា ជនជាតិចិនដែលបានចូលមករស់នៅក្នុងប្រទេសកម្ពុជានៅក្នុងប្រវត្តិសាស្ត្រយូរយារមកហើយនោះ បានចាក់ចូលវប្បធម៌កម្ពុជាយ៉ាងជ្រៅ ដោយចិនបានកែប្រែវប្បធម៌របស់ប្រជាជនកម្ពុជា រាប់ទាំងការប្រើប្រាស់សម្ភារៈ និងការហូកចុក ដូចជា ខ្មែរបានប្ដូរពីការបរិភោគដោយដៃមកជាការប្រើចង្កឹះ ប្ដូរពីការនិយមបរិភោគនំបញ្ចុក មកបរិភោគគុយទាវ ប្ដូរពីការបរិភោគអន្សមទៅបរិភោគនំប៉ាវជាដើម គឺជាឧទាហរណ៍ជាក់ស្ដែង អំពីទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្ដល់អនុសាសន៍ដល់អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់កម្ពុជា-ចិន បន្ថែមថា នៅមានភារកិច្ចជាច្រើនទៀត ដែលអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរត្រូវធ្វើបន្ត ដូចជាការសិក្សាស្រាវជ្រាវអំពីទំនោរនៃការរស់នៅ វប្បធម៌ ស្ថានភាពសង្គម និងលិខិតបទដ្ឋានច្បាប់នានា រួចបកប្រែជាពីរភាសា ទាំងភាសាខ្មែរ និងភាសាចិន ទាំងអ្វីដែលមាននៅកម្ពុជា និងនៅក្នុងប្រទេសចិន ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន អាចស្វែងយល់ពីគ្នាឱ្យបានកាន់តែប្រសើរ៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

«ល្ខោនខោលវត្តស្វាយអណ្ដែត៖ បេតិកភណ្ឌវប្បធម៌អរូបីពិភពលោក» ដោយលោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

ល្ខោនខោល ឬ ភាណី ឬ ល្ខោនពាក់មុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយ ដែលមាន អាយុកាលតាំងពីសតវត្សរ៍ទី១០។ លក្ខណៈពិសេសរបស់ល្ខោនខោលគឺ សម្ដែងតែនៅក្នុងរឿង រាមកេរ្តិ៍ខែ្មរមួយគត់ (មិនយករឿងអ្វីផ្សេងមកសម្ដែងឡើយ),...

2018-12-18 08:01:42   ថ្ងៃអង្គារ, 18 ធ្នូ 2018 ម៉ោង 03:01 PM
«ទម្រង់សិល្បៈមហោរីខ្មែរ» ដោយ៖ លោកស្រី យ៉ាន់វិភារតន៍ ប្រធានផ្នែកទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

«មហោរី» ​ជាទម្រង់​សិល្បៈ​តន្រ្តីមួយប្រភេទដែលបានបង្កើតឡើងដើម្បីប្រគំថ្វាយអាទិទេព និងបម្រើព្រះមហាក្សត្រ។ ក្រោយមកតន្រ្តីមហោរី ក៏ប្រគំសម្រាប់លើក​ទឹកចិត្តដល់នាម៉ឺនមន្ត្រី ដែលមានគុណបំណាច់ចំពោះ​ប្រទេសជាតិផងដ...

2018-12-18 03:48:39   ថ្ងៃអង្គារ, 18 ធ្នូ 2018 ម៉ោង 10:48 AM
«កិច្ចប្រជុំប្រចាំខែចុងក្រោយសម្រាប់ឆ្នាំ២០១៨របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ»

វិទ្យាស្ថានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ៖ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌និង វិចិត្រសិល្បៈ បានដឹកនាំការប្រជុំវិទ្យាស្ថានប្រចាំខែធ្នូ ដែលជាខែចុងក្រោយឆ្នាំ២០១៨ នាព្រឹកថ្ងៃចន្ទ ១០...

2018-12-17 10:18:36   ថ្ងៃចន្ទ, 17 ធ្នូ 2018 ម៉ោង 05:18 PM
«សត្វស្លាប ១៤៥ប្រភេទ ថតបានពីតំបន់ឧទ្យានឫស្សីត្រឹប»

បេសកកម្មការងាររុករកប្រភេទសត្វស្លាបលើកទី១នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បាន បញ្ចប់ និងបានរកឃើញប្រភេទបក្សីចំនួន១៤៥ប្រភេទផ្សេងគ្នា ដែលកំពុងបង្ហាញវត្តមាននៅក្នុង តំបន់ ឧទ្យាន។ លោក ស្រី សីហា...

2018-12-17 06:12:04   ថ្ងៃចន្ទ, 17 ធ្នូ 2018 ម៉ោង 01:12 PM
សិក្ខាសាលាជាតិស្ដីពី «ការវិវត្តនៃរចនាបថ និង សំណង់ស្ថាបត្យកម្ម ប្រាសាទខ្មែរពីសម័យនគរភ្នំដល់សម័យបច្ចុប្បន្ន»

ថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុ...

2018-12-15 05:46:23   ថ្ងៃសៅរ៍, 15 ធ្នូ 2018 ម៉ោង 12:46 PM
«វគ្គសិក្សាអនឡាញស្តីពីគោលនយោបាយបរិស្ថាន៖ សិក្ខាកាម មានកំណើនឡើងច្រើន»

ការចុះឈ្មោះរៀនពីគោលនយោបាយបរិស្ថានអនឡាញ លើកទីពីរនៅឆ្នាំ ២០១៨ នេះ មានកំណើនកើនឡើងច្រើនគួរកត់សម្គាល់បើប្រៀបធៀបជាមួយអ្វីដែលសម្រេចបានកាលពីឆ្នាំ២០១៧កន្លងទៅ។ បើតាមប្រសាសន៍ លោកស្រី កែវ ខេមរា អ្នកសម្របសម្រួលទូទ...

2018-12-14 15:04:00   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 10:04 PM

សេចក្តីប្រកាស