Royal Academy of Cambodia
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសាលប្រជុំសណ្ឋាគារ Empress Angkor ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Goa Peiyong អនុប្រធានបណ្ឌិត្យសភាវិទ្យា សាស្រ្តសង្គមចិន (CASS) បានអញ្ជើញចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាន់ខ្ពស់ផ្នែកសង្គមគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ការស្រាវជ្រាវនៅលើវិស័យអាទិភាពរវាងរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិន (CASS)។
ពិធីអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាន់ខ្ពស់ផ្នែកសង្គមគ្រប់ជ្រុងជ្រោយនេះ ប្រារព្ធឡើងនៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១ ស្តីពី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឆ្ពោះទៅសហគមន៍ដែលមានអនាគតរួមគ្នា៖ យើងរីកចម្រើនទាំងអស់គ្នា។
នៅក្នុងពិធីចុះអនុស្សារណៈយោគយល់នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា (RAC) បានមានប្រសាសន៍លើកឡើងថា ការចុះអនុស្សារណៈយោគយល់រវាងស្ថាប័នសិក្សា ស្រាវជ្រាវជាន់ខ្ពស់ទាំងពីរ កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា ជាពិសេសគឺ ការបកប្រែឯកសារច្បាប់ខ្មែរពីភាសាខ្មែរទៅជាភាសាចិន ដើម្បីឱ្យអ្នកវិនិយោគចិនយល់ច្បាប់កម្ពុជាកាន់តែច្បាស់ ដើម្បីជំរុញការវិនិយោគចូលរួមចំណែកធ្វើឱ្យការអភិវឌ្ឍប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមបណ្ឌិតសភាចារ្យជឿជាក់យ៉ាងមុតមាំថា ការចុះអនុស្សារណៈយោគយល់នាពេលនេះនឹងស្វែងរកធាតុចូលសំខាន់ៗជាអាទិភាពបន្ថែមទៀតជូនរដ្ឋាភិបាលប្រទេសទាំងពីរ ទៅថ្ងៃអនាគត។
ជាមួយនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Goa Peiyong អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្រ្ត សង្គមចិន (CASS) បានមានប្រសាសន៍ថ្លែងអំណរគុណឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងសហការីដែលបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនយ៉ាងល្អប្រសើរ។
ទន្ទឹមនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Goa Peiyong បានជម្រាបជូនឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ថា ការចុះអនុស្សារណៈយោគយល់រវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិន (CASS) នាពេលនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវគ្រប់ជ្រុងជ្រោយរួមគ្នា ក្នុងនោះ រួមមាន ការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងមន្ត្រីស្រាវជ្រាវស្ថាប័នទាំងពីរ និងការរៀបចំគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រជាអាទិភាពនានាដែលចូលរួមចំណែកអភិវឌ្ឍប្រទេសទាំងពីរឱ្យកាន់ប្រសើរឡើង។
ឆ្លៀតឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Goa Peiyong បានអញ្ជើញឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ទៅទស្សនកិច្ចស្វែងយល់អំពី បណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិន (CASS) ដោយផ្ទាល់នៅឆ្នាំ២០២០ ខាងមុខ។
សូមជ្រាបជូន វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១ ស្តីពី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឆ្ពោះទៅសហគមន៍ដែលមានអនាគតរួមគ្នា៖ យើងរីកចម្រើនទាំងអស់គ្នា រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០១៩។ វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១នេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកស្រាវជ្រាវជាន់ខ្ពស់កម្ពុជា ចិន និងអាស៊ាន ជួបពិភាក្សាគ្នាលើប្រធានបទសកល ដើម្បីស្វែងរក និងផ្តល់ធាតុចូលជូនរដ្ឋាភិបាល។
ប្រធានបទសំខាន់ៗចំនួន៣ ត្រូវបានដាក់លើតុពិភាក្សា រួមមាន៖
- កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខកម្ពុជា-ចិន
- កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ចិន
- ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសង្គម វប្បធម៌កម្ពុជា-ចិន៕
រយៈពេល២សប្ដាហ៍ក្រោយការធ្វើរដ្ឋប្រហារយោធា ពីសំណាក់ឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា ពេលនេះ ប្រទេស មីយ៉ាន់ម៉ាកំពុងប្រឈមនឹងប្រតិកម្ម និងការដាក់សម្ពាធពីមជ្ឈដ្ឋាននានា ពិសេសពីបណ្ដាប្រទេសមហាអំណាចលោកខាងលិច និងសហរដ្ឋអ...
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសា...
នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ យោធាមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុង សាន ស៊ូជី និងប្រធានាធិបតី ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើននាក់។ យ៉ាងណាមិញ មុនរដ្ឋប្រហារនេះកើតឡើង អគ្គមេបញ្ជ...