Royal Academy of Cambodia
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍
ភ្នំពេញ៖ «ការបើកល្បឿនលើសច្បាប់កំណត់ ជាមូលហេតុទីមួយដែលធ្វើឱ្យអ្នករងគ្រោះដល់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយសមត្ថកិច្ចមិនមែនជាភាគីផ្ដាច់មុខតែម្នាក់ដែលត្រូវដោះស្រាយបញ្ហាចរាចរណ៍នោះទេ» នេះជាការលើកឡើងនៅក្នុងបទបង្ហាញរបស់លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី «ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ៖ បញ្ហាប្រឈមនិងដំណោះស្រាយ» ដែលធ្វើឡើងនៅសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នេះ។
បើតាមលោក គង់ រតនៈ ការបើកបរហួសល្បឿនកំណត់ដែលមានចែងនៅក្នុងច្បាប់របស់អ្នកបើកបរ គឺមូលហេតុចម្បងជាងគេដែលបណ្ដាលឱ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងស្ថានភាពមួយធ្ងន់ធ្ងរ ដែលនៅត្រង់ចំណុចនេះ លោក បានចោទសួរអំពីការរឹងបន្តឹងនូវការអនុវត្តច្បាប់ចរាចរណ៍ គុណភាពនៃដំណើរការផ្ដល់បណ្ណបើកបរសព្វថ្ងៃជាដើម។ ជាមួយគ្នានេះដែរ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍រូបនេះ ក៏បានលើកឡើងជាយោបល់ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការពិចារណាអំពីសុពលភាពនៃបណ្ណបើកបរនៅកម្ពុជាដែលមានរហូតដល់រយៈពេល ១០ឆ្នាំ ដោយលោកលើកឡើងថា តើគួរតែមានការកែសម្រួលដោយបន្ថយរយៈពេលមកវិញដែរឬទេ ដើម្បីធានាបាននូវការត្រួតពិនិត្យស្ថានភាពលក្ខណៈសម្បត្តិនិងសុខភាពនៃអ្នកកាន់បណ្ណបើកបរ។
បន្ថែមពីលើនេះ លោក គង់ រតនៈ បានអះអាងថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានចូលរួមចំណែកធ្វើឱ្យខ្ជះខ្ជាយនូវសេដ្ឋកិច្ចជាតិកម្ពុជា ដោយយោងតាមតួលេខកាលពី២០១៤ កម្ពុជាបានខាតបង់សេដ្ឋកិច្ចក្នុងទំហំ ៣៣៩លាន ដុល្លារសហរដ្ឋអាម៉េរិក ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលឆ្នាំ២០១៩ នេះ លោកបានព្យាករណ៍ថា គ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ចយ៉ាងតិចក្នុងទំហំ ជាង៤០០លានដុល្លារសហរដ្ឋអាម៉េរិក។
ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ពលរដ្ឋជាច្រើនតែងតែដាក់បន្ទុកទៅលើមន្ត្រីនគរបាលចរាចរណ៍នៅគ្រប់បញ្ហាចរាចរណ៍ដែលកើតមានឡើង ប៉ុន្តែពួកគេមិនបានស្វែងយល់ឱ្យបានច្បាស់នោះថា បញ្ហាចរាចរណ៍គឺជារឿងរបស់ទាំងអស់គ្នា ដែលត្រូវរួមគ្នាស្វែងរកដំណោះស្រាយទាំងអស់គ្នា។ ប៉ុន្តែទោះជាយ៉ាងណា លោកបានសម្ដែងនូវការសោកស្ដាយផងដែរ ដែលរាជរដ្ឋាភិបាលបានសម្រេចចិត្តដកការកំណត់ដែលតម្រូវឱ្យអ្នកបើកបរម៉ូតូកម្លាំងក្រោម 125cc ត្រូវមានបណ្ណបើកបរ ខណៈដែលមានជនរងគ្រោះនៃគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៨៥% គឺជាអ្នកបើកបរម៉ូតូ ហើយបើតាមលោកអះអាង បច្ចុប្បន្ន ម៉ូតូដែលត្រូវបានប្រើប្រាស់ជាង៩០% ជាម៉ូតូដែលមានកម្លាំងក្រោម 125cc។
សម្រាប់អនុសាសន៍ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ លោកបានលើកឡើងថា គួរតែបង្កើតនូវចំណតឱ្យបានកាន់តែច្រើន និងបង្កើននូវទីតាំងផ្សារសម្រាប់ផ្ដល់ឱ្យប្រជាពលរដ្ឋទូទៅ អាចប្រកបអាជីវកម្មងាយស្រួល ចៀសវាងការយកផ្លូវសាធារណៈធ្វើជាទីតាំងប្រកបអាជីវកម្មផ្ទាល់ខ្លួន៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភ...
កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្...
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន ត្រូវបានផ្តួចផ្តើមធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ (ដែលកម្ពុជាជាប្រធានអាស៊ាន) ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រ...
គិតរហូតមកទល់ពេលនេះ ក្នុងបរិបទនៃការប្រកួតប្រជែងឥទ្ធិពល រវាងសហរដ្ឋអេម៉េរិក និងចិន ដែលកំពុងតែមានភាពក្តៅគគុកនៅ តំបន់អាស៊ីអាគ្នេយ៍ មានបុគ្គល ក្រុមហ៊ុន និងប្រទេសមួយចំនួន កំពុងជាប់ និងត្រៀមនឹងជាប់ទណ្ឌកម្មសេដ...