Royal Academy of Cambodia
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍
ភ្នំពេញ៖ «ការបើកល្បឿនលើសច្បាប់កំណត់ ជាមូលហេតុទីមួយដែលធ្វើឱ្យអ្នករងគ្រោះដល់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយសមត្ថកិច្ចមិនមែនជាភាគីផ្ដាច់មុខតែម្នាក់ដែលត្រូវដោះស្រាយបញ្ហាចរាចរណ៍នោះទេ» នេះជាការលើកឡើងនៅក្នុងបទបង្ហាញរបស់លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី «ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ៖ បញ្ហាប្រឈមនិងដំណោះស្រាយ» ដែលធ្វើឡើងនៅសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នេះ។
បើតាមលោក គង់ រតនៈ ការបើកបរហួសល្បឿនកំណត់ដែលមានចែងនៅក្នុងច្បាប់របស់អ្នកបើកបរ គឺមូលហេតុចម្បងជាងគេដែលបណ្ដាលឱ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងស្ថានភាពមួយធ្ងន់ធ្ងរ ដែលនៅត្រង់ចំណុចនេះ លោក បានចោទសួរអំពីការរឹងបន្តឹងនូវការអនុវត្តច្បាប់ចរាចរណ៍ គុណភាពនៃដំណើរការផ្ដល់បណ្ណបើកបរសព្វថ្ងៃជាដើម។ ជាមួយគ្នានេះដែរ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍រូបនេះ ក៏បានលើកឡើងជាយោបល់ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការពិចារណាអំពីសុពលភាពនៃបណ្ណបើកបរនៅកម្ពុជាដែលមានរហូតដល់រយៈពេល ១០ឆ្នាំ ដោយលោកលើកឡើងថា តើគួរតែមានការកែសម្រួលដោយបន្ថយរយៈពេលមកវិញដែរឬទេ ដើម្បីធានាបាននូវការត្រួតពិនិត្យស្ថានភាពលក្ខណៈសម្បត្តិនិងសុខភាពនៃអ្នកកាន់បណ្ណបើកបរ។
បន្ថែមពីលើនេះ លោក គង់ រតនៈ បានអះអាងថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានចូលរួមចំណែកធ្វើឱ្យខ្ជះខ្ជាយនូវសេដ្ឋកិច្ចជាតិកម្ពុជា ដោយយោងតាមតួលេខកាលពី២០១៤ កម្ពុជាបានខាតបង់សេដ្ឋកិច្ចក្នុងទំហំ ៣៣៩លាន ដុល្លារសហរដ្ឋអាម៉េរិក ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលឆ្នាំ២០១៩ នេះ លោកបានព្យាករណ៍ថា គ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ចយ៉ាងតិចក្នុងទំហំ ជាង៤០០លានដុល្លារសហរដ្ឋអាម៉េរិក។
ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ពលរដ្ឋជាច្រើនតែងតែដាក់បន្ទុកទៅលើមន្ត្រីនគរបាលចរាចរណ៍នៅគ្រប់បញ្ហាចរាចរណ៍ដែលកើតមានឡើង ប៉ុន្តែពួកគេមិនបានស្វែងយល់ឱ្យបានច្បាស់នោះថា បញ្ហាចរាចរណ៍គឺជារឿងរបស់ទាំងអស់គ្នា ដែលត្រូវរួមគ្នាស្វែងរកដំណោះស្រាយទាំងអស់គ្នា។ ប៉ុន្តែទោះជាយ៉ាងណា លោកបានសម្ដែងនូវការសោកស្ដាយផងដែរ ដែលរាជរដ្ឋាភិបាលបានសម្រេចចិត្តដកការកំណត់ដែលតម្រូវឱ្យអ្នកបើកបរម៉ូតូកម្លាំងក្រោម 125cc ត្រូវមានបណ្ណបើកបរ ខណៈដែលមានជនរងគ្រោះនៃគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៨៥% គឺជាអ្នកបើកបរម៉ូតូ ហើយបើតាមលោកអះអាង បច្ចុប្បន្ន ម៉ូតូដែលត្រូវបានប្រើប្រាស់ជាង៩០% ជាម៉ូតូដែលមានកម្លាំងក្រោម 125cc។
សម្រាប់អនុសាសន៍ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ លោកបានលើកឡើងថា គួរតែបង្កើតនូវចំណតឱ្យបានកាន់តែច្រើន និងបង្កើននូវទីតាំងផ្សារសម្រាប់ផ្ដល់ឱ្យប្រជាពលរដ្ឋទូទៅ អាចប្រកបអាជីវកម្មងាយស្រួល ចៀសវាងការយកផ្លូវសាធារណៈធ្វើជាទីតាំងប្រកបអាជីវកម្មផ្ទាល់ខ្លួន៕
RAC Media | លឹម សុវណ្ណរិទ្ធ
តាមការសន្និដ្ឋានជាបឋមរបស់ក្រុមអ្នកស្រាវជ្រាវកំណាយស្ថានីយ៍ស្រែអំពិល របស់វិទ្យាវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្រែអំពិល ជាក់ស្តែង បានរកឃើញថ...
(ផែនទីបន្ទាយលង្វែក និងទួលបាយក្អែក)បួនសតវត្សរ៍បន្ទាប់ពីសម័យអង្គររុងរឿង គឺជាសម័យមួយដែលគេហៅថា សម័យកណ្តាល។ សម័យនេះមិនសូវបានគេចងក្រងទុកក្នុងប្រវត្តិសាស្រ្តកម្ពុជាទេ ជាពិសេសការសិក្សាស្រាវជ្រាវខាងវិស័យបុរាណវ...
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសហការី នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ ២០១៩ ម៉ោង៩ព្រឹក។ ជំនួបដ៏កម្រនេះ ធ្វើឡ...
ក្នុងនាមពលរដ្ឋស៊ុយអែតម្នាក់ដែលស្រឡាញ់ប្រទេសកម្ពុជាយ៉ាងខ្លាំងនោះ លោក Love Englund បានសន្យាជាមួយរាជបណ្ឌិត្យសភាកម្ពុជា ជួយថវិកាសម្រាប់ជីកអណ្តូងទឹកចំនួន៣ ដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅក្នុងភូមិគំរូដ...
(ប្រភព : http://khmersalem.blogspot.com/2012/08)កាលពីភាគទី៧ វគ្គទី២ យើងបានធ្វើការបង្ហាញអំពីសេចក្តីអធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់បារាំង មុននឹងគាត់ថ្លែងសុន្ទរកថា។ ចំណែកនៅក្នុងភាគទី៧ វគ្គទី៣នេះ យើងសូមធ...