ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ យើងនឹងនៅតែបន្តពង្រឹងធនធានបញ្ញវន្តចេញពីរាជបណ្ឌិត្យសភាកម្ពុជា គឺត្រូវតែជាធនធានបញ្ញវន្តប្រកបដោយមូលធនចំណេះដឹងទូលំទូលាយបែបវិទ្យាសាស្ត្រ

2019-12-03 13:51:38 ថ្ងៃអង្គារ, 03 ធ្នូ 2019 ម៉ោង 08:51 PM
អ្នកមើល 3042
post_detail

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ដែលបានផ្សាយផ្ទាល់នៅលើទំព័រ Facebook ផ្លូវការរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នេះ។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានពង្រឹងជាបន្ត បន្ទាប់ ដោយក្នុងនោះ កន្លងមក រាល់និក្ខេបបទថ្នាក់បណ្ឌិតដែលត្រូវលើកយកមកការពារ ត្រូវតែមានមូលដ្ឋានការពារយ៉ាងរឹងមាំតាមបែបវិទ្យាសាស្ត្រ និងឆ្លងកាត់ការវាយតម្លៃជាច្រើនដំណាក់កាល ដោយរាប់បញ្ចូលទាំងការការពារសាកល្បងជាដើម ខណៈដែលដំណើរការនិងនីតិវិធីកន្លងមកត្រូវបានរឹតបន្តឹង និងធ្វើឡើងដោយសុក្រឹតភាព ដើម្បីធានាបាននូវនិក្ខេបបទថ្នាក់បណ្ឌិតដែលមានទម្ងន់បែបវិទ្យាសាស្ត្រ និងទទួលបាននូវធនធានបញ្ញវន្តជាបណ្ឌិតដែលមានសមត្ថភាពនិងលក្ខណៈសម្បត្តិពេញលេញ ក្នុងការតតាំងគ្រប់ជ្រុងទាំងអស់ជុំវិញប្រធានបទនិក្ខេបបទដែលខ្លួនបានជ្រើសរើសនិងសរសេរបញ្ចប់ថ្នាក់បណ្ឌិត។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានផ្ដល់នូវអនុសាសន៍បន្ថែមថា «និក្ខេបបទថ្នាក់បណ្ឌិតដែលមានទម្ងន់ គឺជានិក្ខេបបទដែលមានមូលដ្ឋានការពាររឹងមាំ ឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ ព្រមទាំងមានប្រភពឯកសារឱ្យបានទូលំទូលាយ»។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមថា ក្រោយឯកឧត្ដមបណ្ឌិតសភាចារ្យឡើងកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យបានដាក់កំហិតចំពោះការឧទ្ទេសនាមសមាជិកគណៈកម្មការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជាថា «រាល់សមាជិកគណៈកម្មការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត មិនត្រូវបានអនុញ្ញាតចំពោះអ្នកទាំងឡាយណាដែលជាសាច់ញាតិ ឬបងប្អូននឹងគ្នានោះឡើយ គឺដើម្បីធានាឱ្យបាននូវសុក្រឹតភាពនៃដំណើរការការពារនិក្ខេបបទនេះ»។

សម្រាប់ការរៀបចំការការពារសាកល្បងនៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា បេក្ខជនត្រូវតែយកប្រធានបទនិក្ខេបបទរបស់ខ្លួនដាក់ចេញផ្សាយនៅតាមទស្សនាវដ្ដីនានា មុននឹងរៀបចំការការពារសាកល្បង ហើយក្រោយរយៈពេល ២ ខែ ប្រសិនបើមិនមាននរណាជំទាស់នឹងប្រធានបទនិក្ខេបបទដែលបានសរសេរនោះទេ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធីការពារសាកល្បងថ្នាក់បណ្ឌិតជូនបេក្ខជនបណ្ឌិតរូបនោះ។

ជាការក្រើនរំឭក ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានផ្ដល់ជាអនុសាសន៍ ដល់អ្នកដែលមានបំណងបន្តការសិក្សាក្រោយឧត្ដមសិក្សា ត្រូវពង្រឹងនូវចំណេះដឹងរបស់ខ្លួនឱ្យបានរឹងមាំ ពិសេសចំណេះដឹងពាក់ព័ន្ធនឹងជំនាញឯកទេសជាមូលដ្ឋានដែលខ្លួននឹងជ្រើសរើសបន្តការសិក្សា ចំណេះដឹងផ្នែកទស្សនវិជ្ជា និងចំណេះដឹងអំពីវិធីសាស្ត្រស្រាវជ្រាវ។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងនូវវឌ្ឍនភាពថ្មីមួយទៀត ក្នុងការបណ្ដុះបណ្ដាលថ្នាក់ក្រោយឧត្ដមសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសមិទ្ធផលថ្មីរបស់ស្ថាប័នស្រាវជ្រាវនិងបណ្ដុះបណ្ដាលជាន់ខ្ពស់របស់ជាតិមួយនេះ នៅក្នុងវិស័យវិទ្យាសាស្ត្រពិត គឺមន្ទីរពិសោធន៍កម្រិតស្តង់ដារមួយ ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នឹងត្រូវកសាងឡើងនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជានាពេលខាងមុខ ដើម្បីបម្រើឱ្យផលប្រយោជន៍នៃការស្រាវជ្រាវ ពិសោធន៍ និងការបណ្ដុះបណ្ដាលតាមបែបវិទ្យាសាស្ត្រ ។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់បន្ថែមថា «នៅក្នុងវិទ្យាសាស្ត្រពិត គេគួរតែបញ្ឈប់ហើយនូវការសរសេរនិក្ខេបបទដោយធ្វើការចម្លងស្នាដៃពីបរទេស ហើយយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសតាមរយៈចំណេះដឹងរបស់ពលរដ្ឋនៃប្រទេសជាតិមួយនេះ»៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

ទស្សនវិជ្ជាគ្រិស្តសាសនានិងអ៊ិស្លាមសាសនា ដោយ៖ បណ្ឌិត ហែម ឡាច អនុប្រធាននាយកដ្ឋាននីតិសាស្ត្រ វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា

គ្រិស្តសាសនា គឺជាសាសនាដែលមានសាសនិកច្រើនជាងគេបង្អស់ក្នុងចំណោមសាសនាធំៗនៃពិភពលោក។ ទស្សនវិជ្ជាគ្រិស្តសាសនា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយគ្រប់ទ្វីបទាំងអស់។ ទស្សនវិជ្ជាគ្រិស្តសាសនា ត្រូវបានផ្សព្វផ្សាយគ្រ...

2024-04-18 15:06:52   ថ្ងៃព្រហស្បតិ៍, 18 មេសា 2024 ម៉ោង 10:06 PM
ទស្សនវិជ្ជា​​​សង្គម ​និង​ ទស្សនវិជ្ជានយោបាយ​ខ្មែរ តាមរយៈ​រឿងធម្មបាលកុមារ ដោយ៖ លោក​ ឈុន ផាវ៉េង មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង​ សង្គមវិទ្យា វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

រឿងធម្មបាលកុមារ ដែលគេច្រឡំហៅថា រឿងកបិលមហាព្រហ្ម គឺជាទេវកថាមួយដែលបានបង្កប់នូវខ្លឹមសារទស្សនវិជ្ជាសង្គមនិងនយោបាយខ្មែរយ៉ាងជ្រាលជ្រៅ។ រឿងនេះបាននិងកំពុងមានប្រជាប្រិយភាពខ្លាំងសម្រាប់ជនជាតិខ្មែរគ្រប់វ័យ ជាច្រ...

2024-04-18 14:52:16   ថ្ងៃព្រហស្បតិ៍, 18 មេសា 2024 ម៉ោង 09:52 PM
ការលួចស្នាដៃនិពន្ធ Plagiarism ដោយ៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

និស្សិតនិងអ្នកស្រាវជ្រាវភាគច្រើនតែងត្រូវការទិន្នន័យពីឯកសារដែលមានស្រាប់ដើម្បីឱ្យដឹងថា ការស្រាវជ្រាវមុនៗបានធ្វើដល់ណាហើយមុននឹងចាប់ផ្តើមប្រមូលទិន្នន័យបថម។ ក្នុងការសរសេរកិច្ចការគរុកោសល្យមួយ សេចក្តីស្មោះត្រ...

2024-04-18 14:50:16   ថ្ងៃព្រហស្បតិ៍, 18 មេសា 2024 ម៉ោង 09:50 PM
១៧ មេសា ៖ ចេញពីមាត់ក្រពើទៅទើរលើមាត់ខ្លា ដោយ៖ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅ...

2024-04-17 15:07:11   ថ្ងៃពុធ, 17 មេសា 2024 ម៉ោង 10:07 PM
ស្វែងយល់ពីពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ និងចរិយាសាស្ត្រនៃវិទ្យាស្ថានមនុសសាស្ត្រ និងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

នៅលើលោកនេះមិនថាប្រទេសណាឬប្រទេសណា គឺគ្រប់ជាតិសាសន៍ទាំងអស់​ តែងតែមានការប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រជាជាតិរៀងខ្លួន គ្រាន់តែថាគេកំណត់ពេលវេលានៃការរៀបចំបុណ្យនេះផ្សេងគ្នា ដោយស្របទៅតាមជំនឿទំនៀម...

2024-04-13 15:18:22   ថ្ងៃសៅរ៍, 13 មេសា 2024 ម៉ោង 10:18 PM
ឆ្លើយតបនឹងការរារាំងការកសាងព្រែកជីកហ្វូណនតេជោ បណ្ឌិតសភាចារ្យ សុខ ទូច ស្នើឱ្យវៀតណាមត្រូវចងចាំរឿងរ៉ាវប្រវត្តិសាស្ត្រ ដែលកម្ពុជាបានជួយវៀតណាមនៅក្នុងទិដ្ឋភាពជាច្រើន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ជាការឆ្លើយតបទៅនឹងការរារាំងគ្រប់រូបភាពចំពោះការកសាងព្រែកជីកហ្វូណនតេជោ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ...

2024-04-11 09:47:52   ថ្ងៃព្រហស្បតិ៍, 11 មេសា 2024 ម៉ោង 04:47 PM

សេចក្តីប្រកាស