Royal Academy of Cambodia
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ដែលបានផ្សាយផ្ទាល់នៅលើទំព័រ Facebook ផ្លូវការរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នេះ។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានពង្រឹងជាបន្ត បន្ទាប់ ដោយក្នុងនោះ កន្លងមក រាល់និក្ខេបបទថ្នាក់បណ្ឌិតដែលត្រូវលើកយកមកការពារ ត្រូវតែមានមូលដ្ឋានការពារយ៉ាងរឹងមាំតាមបែបវិទ្យាសាស្ត្រ និងឆ្លងកាត់ការវាយតម្លៃជាច្រើនដំណាក់កាល ដោយរាប់បញ្ចូលទាំងការការពារសាកល្បងជាដើម ខណៈដែលដំណើរការនិងនីតិវិធីកន្លងមកត្រូវបានរឹតបន្តឹង និងធ្វើឡើងដោយសុក្រឹតភាព ដើម្បីធានាបាននូវនិក្ខេបបទថ្នាក់បណ្ឌិតដែលមានទម្ងន់បែបវិទ្យាសាស្ត្រ និងទទួលបាននូវធនធានបញ្ញវន្តជាបណ្ឌិតដែលមានសមត្ថភាពនិងលក្ខណៈសម្បត្តិពេញលេញ ក្នុងការតតាំងគ្រប់ជ្រុងទាំងអស់ជុំវិញប្រធានបទនិក្ខេបបទដែលខ្លួនបានជ្រើសរើសនិងសរសេរបញ្ចប់ថ្នាក់បណ្ឌិត។
លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានផ្ដល់នូវអនុសាសន៍បន្ថែមថា «និក្ខេបបទថ្នាក់បណ្ឌិតដែលមានទម្ងន់ គឺជានិក្ខេបបទដែលមានមូលដ្ឋានការពាររឹងមាំ ឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ ព្រមទាំងមានប្រភពឯកសារឱ្យបានទូលំទូលាយ»។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមថា ក្រោយឯកឧត្ដមបណ្ឌិតសភាចារ្យឡើងកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យបានដាក់កំហិតចំពោះការឧទ្ទេសនាមសមាជិកគណៈកម្មការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជាថា «រាល់សមាជិកគណៈកម្មការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត មិនត្រូវបានអនុញ្ញាតចំពោះអ្នកទាំងឡាយណាដែលជាសាច់ញាតិ ឬបងប្អូននឹងគ្នានោះឡើយ គឺដើម្បីធានាឱ្យបាននូវសុក្រឹតភាពនៃដំណើរការការពារនិក្ខេបបទនេះ»។
សម្រាប់ការរៀបចំការការពារសាកល្បងនៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា បេក្ខជនត្រូវតែយកប្រធានបទនិក្ខេបបទរបស់ខ្លួនដាក់ចេញផ្សាយនៅតាមទស្សនាវដ្ដីនានា មុននឹងរៀបចំការការពារសាកល្បង ហើយក្រោយរយៈពេល ២ ខែ ប្រសិនបើមិនមាននរណាជំទាស់នឹងប្រធានបទនិក្ខេបបទដែលបានសរសេរនោះទេ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធីការពារសាកល្បងថ្នាក់បណ្ឌិតជូនបេក្ខជនបណ្ឌិតរូបនោះ។
ជាការក្រើនរំឭក ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានផ្ដល់ជាអនុសាសន៍ ដល់អ្នកដែលមានបំណងបន្តការសិក្សាក្រោយឧត្ដមសិក្សា ត្រូវពង្រឹងនូវចំណេះដឹងរបស់ខ្លួនឱ្យបានរឹងមាំ ពិសេសចំណេះដឹងពាក់ព័ន្ធនឹងជំនាញឯកទេសជាមូលដ្ឋានដែលខ្លួននឹងជ្រើសរើសបន្តការសិក្សា ចំណេះដឹងផ្នែកទស្សនវិជ្ជា និងចំណេះដឹងអំពីវិធីសាស្ត្រស្រាវជ្រាវ។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងនូវវឌ្ឍនភាពថ្មីមួយទៀត ក្នុងការបណ្ដុះបណ្ដាលថ្នាក់ក្រោយឧត្ដមសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសមិទ្ធផលថ្មីរបស់ស្ថាប័នស្រាវជ្រាវនិងបណ្ដុះបណ្ដាលជាន់ខ្ពស់របស់ជាតិមួយនេះ នៅក្នុងវិស័យវិទ្យាសាស្ត្រពិត គឺមន្ទីរពិសោធន៍កម្រិតស្តង់ដារមួយ ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នឹងត្រូវកសាងឡើងនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជានាពេលខាងមុខ ដើម្បីបម្រើឱ្យផលប្រយោជន៍នៃការស្រាវជ្រាវ ពិសោធន៍ និងការបណ្ដុះបណ្ដាលតាមបែបវិទ្យាសាស្ត្រ ។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់បន្ថែមថា «នៅក្នុងវិទ្យាសាស្ត្រពិត គេគួរតែបញ្ឈប់ហើយនូវការសរសេរនិក្ខេបបទដោយធ្វើការចម្លងស្នាដៃពីបរទេស ហើយយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសតាមរយៈចំណេះដឹងរបស់ពលរដ្ឋនៃប្រទេសជាតិមួយនេះ»៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ កាលពីព្រឹកថ្ងៃអង្គារ៍ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះ ក្នុងកិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចាប់ផ្ដើមពីម៉ោង ៩:០០ នាទីព...
បញ្ហាទំនាក់ទំនងអន្តរជាតិរបស់ប្រទេសនីមួយៗ ពិតជាស្មុគស្មាញមិនថា ប្រទេសតូច ឬប្រទេសធំទេ សុទ្ធតែប្រកាន់ជំហរការពារអធិបតេយ្យភាពរបស់ជាតិរៀងៗខ្លួន និងចង់កសាងក៏ដូចជាពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់និងពិភពលោ...
ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់លោក មហាធៀរ មហាម៉ាត់ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើឱ្យស្ថានភាពនយោបាយនៅម៉ាឡេស៊ីមានភាពមិនច្បាស់លាស់។ វិបត្តិគ្មានគណៈរដ្ឋមន្ត្រីរយៈពេលខ្លីរបស់ម៉ាឡើស៊ីនេះនាំឱ្យមានក...
សហរដ្ឋអាម៉េរិកបានក្លាយជាដៃគូចរចារបស់អាស៊ានចាប់តាំងពីឆ្នាំ១៩៧៧ ពោលគឺបន្ទាប់ពីអាស៊ានបានបង្កើតបាន១០ឆ្នាំមកម្ល៉េះ។ ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ានមានការអភិវឌ្ឍនិងជិតស្និទ្ធជាលំដា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្...