ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ យើងនឹងនៅតែបន្តពង្រឹងធនធានបញ្ញវន្តចេញពីរាជបណ្ឌិត្យសភាកម្ពុជា គឺត្រូវតែជាធនធានបញ្ញវន្តប្រកបដោយមូលធនចំណេះដឹងទូលំទូលាយបែបវិទ្យាសាស្ត្រ

2019-12-03 13:51:38 ថ្ងៃអង្គារ, 03 ធ្នូ 2019 ម៉ោង 08:51 PM
អ្នកមើល 3330
post_detail

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ដែលបានផ្សាយផ្ទាល់នៅលើទំព័រ Facebook ផ្លូវការរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នេះ។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានពង្រឹងជាបន្ត បន្ទាប់ ដោយក្នុងនោះ កន្លងមក រាល់និក្ខេបបទថ្នាក់បណ្ឌិតដែលត្រូវលើកយកមកការពារ ត្រូវតែមានមូលដ្ឋានការពារយ៉ាងរឹងមាំតាមបែបវិទ្យាសាស្ត្រ និងឆ្លងកាត់ការវាយតម្លៃជាច្រើនដំណាក់កាល ដោយរាប់បញ្ចូលទាំងការការពារសាកល្បងជាដើម ខណៈដែលដំណើរការនិងនីតិវិធីកន្លងមកត្រូវបានរឹតបន្តឹង និងធ្វើឡើងដោយសុក្រឹតភាព ដើម្បីធានាបាននូវនិក្ខេបបទថ្នាក់បណ្ឌិតដែលមានទម្ងន់បែបវិទ្យាសាស្ត្រ និងទទួលបាននូវធនធានបញ្ញវន្តជាបណ្ឌិតដែលមានសមត្ថភាពនិងលក្ខណៈសម្បត្តិពេញលេញ ក្នុងការតតាំងគ្រប់ជ្រុងទាំងអស់ជុំវិញប្រធានបទនិក្ខេបបទដែលខ្លួនបានជ្រើសរើសនិងសរសេរបញ្ចប់ថ្នាក់បណ្ឌិត។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានផ្ដល់នូវអនុសាសន៍បន្ថែមថា «និក្ខេបបទថ្នាក់បណ្ឌិតដែលមានទម្ងន់ គឺជានិក្ខេបបទដែលមានមូលដ្ឋានការពាររឹងមាំ ឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ ព្រមទាំងមានប្រភពឯកសារឱ្យបានទូលំទូលាយ»។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមថា ក្រោយឯកឧត្ដមបណ្ឌិតសភាចារ្យឡើងកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យបានដាក់កំហិតចំពោះការឧទ្ទេសនាមសមាជិកគណៈកម្មការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជាថា «រាល់សមាជិកគណៈកម្មការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត មិនត្រូវបានអនុញ្ញាតចំពោះអ្នកទាំងឡាយណាដែលជាសាច់ញាតិ ឬបងប្អូននឹងគ្នានោះឡើយ គឺដើម្បីធានាឱ្យបាននូវសុក្រឹតភាពនៃដំណើរការការពារនិក្ខេបបទនេះ»។

សម្រាប់ការរៀបចំការការពារសាកល្បងនៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា បេក្ខជនត្រូវតែយកប្រធានបទនិក្ខេបបទរបស់ខ្លួនដាក់ចេញផ្សាយនៅតាមទស្សនាវដ្ដីនានា មុននឹងរៀបចំការការពារសាកល្បង ហើយក្រោយរយៈពេល ២ ខែ ប្រសិនបើមិនមាននរណាជំទាស់នឹងប្រធានបទនិក្ខេបបទដែលបានសរសេរនោះទេ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធីការពារសាកល្បងថ្នាក់បណ្ឌិតជូនបេក្ខជនបណ្ឌិតរូបនោះ។

ជាការក្រើនរំឭក ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានផ្ដល់ជាអនុសាសន៍ ដល់អ្នកដែលមានបំណងបន្តការសិក្សាក្រោយឧត្ដមសិក្សា ត្រូវពង្រឹងនូវចំណេះដឹងរបស់ខ្លួនឱ្យបានរឹងមាំ ពិសេសចំណេះដឹងពាក់ព័ន្ធនឹងជំនាញឯកទេសជាមូលដ្ឋានដែលខ្លួននឹងជ្រើសរើសបន្តការសិក្សា ចំណេះដឹងផ្នែកទស្សនវិជ្ជា និងចំណេះដឹងអំពីវិធីសាស្ត្រស្រាវជ្រាវ។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងនូវវឌ្ឍនភាពថ្មីមួយទៀត ក្នុងការបណ្ដុះបណ្ដាលថ្នាក់ក្រោយឧត្ដមសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសមិទ្ធផលថ្មីរបស់ស្ថាប័នស្រាវជ្រាវនិងបណ្ដុះបណ្ដាលជាន់ខ្ពស់របស់ជាតិមួយនេះ នៅក្នុងវិស័យវិទ្យាសាស្ត្រពិត គឺមន្ទីរពិសោធន៍កម្រិតស្តង់ដារមួយ ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នឹងត្រូវកសាងឡើងនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជានាពេលខាងមុខ ដើម្បីបម្រើឱ្យផលប្រយោជន៍នៃការស្រាវជ្រាវ ពិសោធន៍ និងការបណ្ដុះបណ្ដាលតាមបែបវិទ្យាសាស្ត្រ ។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់បន្ថែមថា «នៅក្នុងវិទ្យាសាស្ត្រពិត គេគួរតែបញ្ឈប់ហើយនូវការសរសេរនិក្ខេបបទដោយធ្វើការចម្លងស្នាដៃពីបរទេស ហើយយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសតាមរយៈចំណេះដឹងរបស់ពលរដ្ឋនៃប្រទេសជាតិមួយនេះ»៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

ផ្ទាំងចម្លាក់ឥន្ទ្រាភិសេកនៅប្រាសាទបាយ័ន ដោយ៖បណ្ឌិត យង់ ពៅ, បណ្ឌិត ផុន កសិកា, កញ្ញា តាកេត ស័កដា, លោក ឡេង សត្យា,លោកស្រី ម៉ិល វាសនា, លោក សួ ប៉ុណ្ណារ៉ាត់ និង លោក រឿន ភារុន

...

2020-07-25 05:55:25   ថ្ងៃសៅរ៍, 25 កក្កដា 2020 ម៉ោង 12:55 PM
ឯកឧត្ដម ងួន ញ៉ិល ទទួលបានគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិនីតិកោសលបណ្ឌិត»

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ព្...

2020-07-24 09:55:33   ថ្ងៃសុក្រ, 24 កក្កដា 2020 ម៉ោង 04:55 PM
ឯកឧត្ដម ទេព ងន ទទួលបានគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិសង្គហបណ្ឌិត»

ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៦ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា...

2020-07-24 09:44:55   ថ្ងៃសុក្រ, 24 កក្កដា 2020 ម៉ោង 04:44 PM
ឯកឧត្ដម ស៊ឹម កា ទទួលបានគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិនីតិកោសលបណ្ឌិត»

ឯកឧត្ដម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភាដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៥ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ...

2020-07-24 09:33:27   ថ្ងៃសុក្រ, 24 កក្កដា 2020 ម៉ោង 04:33 PM
ឥស្សរជនជាតិ ចំនួន ៥រូប ទទួលបានគោរមងារជា«បណ្ឌិតសភាចារ្យ»

ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៩ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការតែងតាំងសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរ...

2020-07-24 07:58:07   ថ្ងៃសុក្រ, 24 កក្កដា 2020 ម៉ោង 02:58 PM
កម្មវិធីកិច្ចពិភាក្សាតុមូល នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ!

ដោយមានកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម រាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងរៀបចំកម្មវិធីតុមូលមួយនៅរសៀលម៉ោង១៥:០០នាទី ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលមរតកសិល្បៈខ្មែរ ក្រោមប្រធានបទ៖ «តើអ្វីជាសារប្...

2020-07-24 02:47:15   ថ្ងៃសុក្រ, 24 កក្កដា 2020 ម៉ោង 09:47 AM

សេចក្តីប្រកាស