ព័ត៌មាន

លោក សេង សុវណ្ណដារ៉ា៖ រចនាបថសំណង់ស្ថាបត្យកម្មខ្មែរ ពីសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម

2019-11-29 07:49:21 ថ្ងៃសុក្រ, 29 វិច្ឆិកា 2019 ម៉ោង 02:49 PM
អ្នកមើល 2217
post_detail

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សេង សុវណ្ណដារ៉ា អ្នកសិក្សាស្រាវជ្រាវអក្សរសិល្ប៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញនូវអត្ថបទស្រាវជ្រាវរបស់លោកអំពីស្ថានភាពនៃការសាងសង់សំណង់ស្ថាបត្យកម្មនានានៅក្នុងសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម។

នៅក្នុងសម័យអាណានិគមបារាំង ប្លង់រាជធានីភ្នំពេញ និងប្លង់ទីក្រុងតាមខេត្តនានា មានរាងជាក្រឡាចត្រង្គ ហើយសំណង់ទាំងនោះច្រើនជាអគាររដ្ឋបាលនានា ឬជាលំនៅឋានរបស់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជាជនជាតិបារាំងដែលមានធ្វើការនៅស្រុកខ្មែរ និងច្រើនមានទម្រង់ជាអគារ ឬសំណង់យកតាមលំនាំវប្បធម៌អឺរ៉ុបនៅសម័យក្លាស៊ីក ឬណេអូក្លាស៊ីក ដូចជានៅតាមតំបន់រដ្ឋបាលផ្សេងៗជាដើម។

បើតាមលោក សេង សុវណ្ណដារ៉ា សំណង់ដែលត្រូវបានកសាងថ្មីៗនៅក្នុងសម័យអាណាព្យាបាលបារាំង គឺមានទាំងសំណង់បែបទំនើប និងសំណង់ដែលមានតាមបែបប្រពៃណីខ្មែរ។ តួយ៉ាងដូចជាសំណង់នៅក្នុងព្រះបរមរាជវាំង គឺនៅតែរក្សាតាមបែបប្រពៃណី ដោយគ្រាន់តែក្រោយមកមានសំណង់មួយចំនួនដែលមានឥទ្ធិពលស្ថាបត្យកម្មប្រទេសលោកខាងលិច ពិសេសគឺសំណង់ប្រាសាទណាប៉ូឡេអុងជាដើម ដែលជាព្រះរាជអំណោយរបស់ព្រះចៅអធិរាជបារាំងថ្វាយសម្ដេចព្រះនរោត្ដមនៅក្នុងឆ្នាំ១៩៧៦។

សំណង់ដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ សំណង់សារមន្ទីរជាតិ ដែលបានកសាងនៅឆ្នាំ១៩១៧ តាមរចនា​បថខ្មែរ។ ក្រៅពីនោះមានសំណង់អគារមួយចំនួន ដែលបានសាងសង់ទៅតាមរចនាបថសិល្បៈទំនើប ដូចជា រាជាយស្ម័យយាន ផ្សារធំថ្មី និងព្រះវិហារ សាំង ចូសែហ្វ ជាដើម។ ទោះជាយ៉ាងណា លោក សេង សុវណ្ណដារ៉ា ក៏បាន​គូសបញ្ជាក់បន្ថែមផងដែរថា សំណង់អគារតាមបែបបារាំង គឺជាសម្បត្តិបេតិកភណ្ឌជាតិសម័យទំនើបរបស់កម្ពុជា ដែលទាមទារឱ្យមានការថែរក្សានិងអភិរក្សឱ្យបានល្អប្រសើរ។

បើតាមការលើកឡើងរបស់លោក សេង សុវណ្ណដារ៉ា ដដែល ក្រោយសម័យអាណានិគមបារាំង លោក វណ្ណ មូលីវណ្ណ បានរួមចំណែកក្នុងុការធ្វើទំនើបកម្មរាជធានីភ្នំពេញក្នុងសម័យសង្គមរាស្ត្រនិយម ដែលចលនាស្ថាបត្យកម្មរបស់លោក ត្រូវបានគេទទួលស្គាល់ថាជា «ស្ថាបត្យកម្មខ្មែរសម័យទំនើប» ដែលក្នុងនោះរួមមានសំណង់ពហុកីឡដ្ឋានអូឡាំពិក មហោស្រពចតុមុខ វិមានរដ្ឋចំការមន និងវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម។

គួរបញ្ជាក់ផងដែរថា លោក សេងសុវណ្ណដារ៉ា បានអញ្ជើញជាវាគ្មិនកិត្តិយសផ្ដល់បទបង្ហាញ ស្ដីពី «រចនាបថសំណង់ស្ថាបត្យកម្មខ្មែរ ពីសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម» នៅក្នុងសិក្ខាសាលា ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនៅសាលប្រជុំនៃអគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា៕

RAC Media


អត្ថបទទាក់ទង

«ការងារ និងសុខភាព»

រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវរបស់រាជរដ្ឋាភិបាល ដែលមន្ត្រីរាជការភាគច្រើន ធ្វើការផ្តោតជាសំខាន់លើកិច្ចការស្រាវជ្រាវ ដើម្បីផ្តល់ធាតុចូលជូនរាជរដ្ឋភិបាលកម្ពុជា និងស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាប្រជ...

2018-09-06 10:11:01   ថ្ងៃព្រហស្បតិ៍, 06 កញ្ញា 2018 ម៉ោង 05:11 PM
«អភិក្រមទាំង៥ត្រូវបានយកមកអនុវត្ដជាលើកដំបូងសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា»

រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូ...

2018-09-04 05:17:50   ថ្ងៃអង្គារ, 04 កញ្ញា 2018 ម៉ោង 12:17 PM
«ការបង្កើនប្រសិទ្ធភាព និងវិន័យការងារនៅតាមវិទ្យាស្ថានចំណុះ»

«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួ...

2018-09-04 04:00:56   ថ្ងៃអង្គារ, 04 កញ្ញា 2018 ម៉ោង 11:00 AM
«មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជាទទួលបានគ្រឿងឥស្សរិយយសពីវិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម»

ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ​ និងគណៈកម្មការបច្ចេកទេសដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស...

2018-09-03 09:36:36   ថ្ងៃចន្ទ, 03 កញ្ញា 2018 ម៉ោង 04:36 PM
«ពិធីការពារគម្រោងនិក្ខេបបទលម្អិតថ្នាក់បណ្ឌិត...»

នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២ និង៣០ រសៀល ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «កម្មវិធីការពារគម្រោងនិក្...

2018-08-31 14:56:49   ថ្ងៃសុក្រ, 31 សីហា 2018 ម៉ោង 09:56 PM
«ការបោះជំហានរបស់រាជបណ្ឌិត្យសភាកម្ពុជានៅក្នុងឆាកអន្តរជាតិ...»

នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ គណៈប្រតិភូរបស់រាជបណ្ឌិត្យ សភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អមដំណើរដោយឯកឧត្តមបណ្ឌិតសភាច...

2018-08-31 14:09:20   ថ្ងៃសុក្រ, 31 សីហា 2018 ម៉ោង 09:09 PM

សេចក្តីប្រកាស