ព័ត៌មាន

លោក សេង សុវណ្ណដារ៉ា៖ រចនាបថសំណង់ស្ថាបត្យកម្មខ្មែរ ពីសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម

2019-11-29 07:49:21 ថ្ងៃសុក្រ, 29 វិច្ឆិកា 2019 ម៉ោង 02:49 PM
អ្នកមើល 2608
post_detail

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សេង សុវណ្ណដារ៉ា អ្នកសិក្សាស្រាវជ្រាវអក្សរសិល្ប៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញនូវអត្ថបទស្រាវជ្រាវរបស់លោកអំពីស្ថានភាពនៃការសាងសង់សំណង់ស្ថាបត្យកម្មនានានៅក្នុងសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម។

នៅក្នុងសម័យអាណានិគមបារាំង ប្លង់រាជធានីភ្នំពេញ និងប្លង់ទីក្រុងតាមខេត្តនានា មានរាងជាក្រឡាចត្រង្គ ហើយសំណង់ទាំងនោះច្រើនជាអគាររដ្ឋបាលនានា ឬជាលំនៅឋានរបស់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជាជនជាតិបារាំងដែលមានធ្វើការនៅស្រុកខ្មែរ និងច្រើនមានទម្រង់ជាអគារ ឬសំណង់យកតាមលំនាំវប្បធម៌អឺរ៉ុបនៅសម័យក្លាស៊ីក ឬណេអូក្លាស៊ីក ដូចជានៅតាមតំបន់រដ្ឋបាលផ្សេងៗជាដើម។

បើតាមលោក សេង សុវណ្ណដារ៉ា សំណង់ដែលត្រូវបានកសាងថ្មីៗនៅក្នុងសម័យអាណាព្យាបាលបារាំង គឺមានទាំងសំណង់បែបទំនើប និងសំណង់ដែលមានតាមបែបប្រពៃណីខ្មែរ។ តួយ៉ាងដូចជាសំណង់នៅក្នុងព្រះបរមរាជវាំង គឺនៅតែរក្សាតាមបែបប្រពៃណី ដោយគ្រាន់តែក្រោយមកមានសំណង់មួយចំនួនដែលមានឥទ្ធិពលស្ថាបត្យកម្មប្រទេសលោកខាងលិច ពិសេសគឺសំណង់ប្រាសាទណាប៉ូឡេអុងជាដើម ដែលជាព្រះរាជអំណោយរបស់ព្រះចៅអធិរាជបារាំងថ្វាយសម្ដេចព្រះនរោត្ដមនៅក្នុងឆ្នាំ១៩៧៦។

សំណង់ដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ សំណង់សារមន្ទីរជាតិ ដែលបានកសាងនៅឆ្នាំ១៩១៧ តាមរចនា​បថខ្មែរ។ ក្រៅពីនោះមានសំណង់អគារមួយចំនួន ដែលបានសាងសង់ទៅតាមរចនាបថសិល្បៈទំនើប ដូចជា រាជាយស្ម័យយាន ផ្សារធំថ្មី និងព្រះវិហារ សាំង ចូសែហ្វ ជាដើម។ ទោះជាយ៉ាងណា លោក សេង សុវណ្ណដារ៉ា ក៏បាន​គូសបញ្ជាក់បន្ថែមផងដែរថា សំណង់អគារតាមបែបបារាំង គឺជាសម្បត្តិបេតិកភណ្ឌជាតិសម័យទំនើបរបស់កម្ពុជា ដែលទាមទារឱ្យមានការថែរក្សានិងអភិរក្សឱ្យបានល្អប្រសើរ។

បើតាមការលើកឡើងរបស់លោក សេង សុវណ្ណដារ៉ា ដដែល ក្រោយសម័យអាណានិគមបារាំង លោក វណ្ណ មូលីវណ្ណ បានរួមចំណែកក្នុងុការធ្វើទំនើបកម្មរាជធានីភ្នំពេញក្នុងសម័យសង្គមរាស្ត្រនិយម ដែលចលនាស្ថាបត្យកម្មរបស់លោក ត្រូវបានគេទទួលស្គាល់ថាជា «ស្ថាបត្យកម្មខ្មែរសម័យទំនើប» ដែលក្នុងនោះរួមមានសំណង់ពហុកីឡដ្ឋានអូឡាំពិក មហោស្រពចតុមុខ វិមានរដ្ឋចំការមន និងវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម។

គួរបញ្ជាក់ផងដែរថា លោក សេងសុវណ្ណដារ៉ា បានអញ្ជើញជាវាគ្មិនកិត្តិយសផ្ដល់បទបង្ហាញ ស្ដីពី «រចនាបថសំណង់ស្ថាបត្យកម្មខ្មែរ ពីសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម» នៅក្នុងសិក្ខាសាលា ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនៅសាលប្រជុំនៃអគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា៕

RAC Media


អត្ថបទទាក់ទង

«កិច្ចប្រជុំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា»

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅរាជ​បណ្ឌិត្យសភាកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតី...

2020-01-29 10:28:00   ថ្ងៃពុធ, 29 មករា 2020 ម៉ោង 05:28 PM
«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា»

កាលពីរសៀលថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័...

2020-01-29 03:09:29   ថ្ងៃពុធ, 29 មករា 2020 ម៉ោង 10:09 AM
«ការសិតបដិមាទោលព្រះនាងឥន្រ្ទទេវី» ស្រាវជ្រាវនិងចងក្រងដោយ៖ យង់ ពៅ, ផុន កសិកា, ម៉ិល វាសនា, តាកេត ស័កដា, ហឿង សុធារស់, ប្រែង ពិសិដ្ឋ

...

2020-01-28 09:47:46   ថ្ងៃអង្គារ, 28 មករា 2020 ម៉ោង 04:47 PM
«ការសិក្សាអង្កេតបឋមអំពីម៉ូដសក់ផ្នួងមួយនៃចម្លាក់អប្សរនៅប្រាសាទអង្គវត្ត» ដោយ៖ ដោយ នូ ចាន់សុភី, ម៉ិល វាសនា, ប្រែង ពិសិដ្ឋ

...

2020-01-23 07:39:52   ថ្ងៃព្រហស្បតិ៍, 23 មករា 2020 ម៉ោង 02:39 PM
«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តពាក្យរបស់គណៈកម្មការព័ត៌មានវិទ្យា និងពិភាក្សា អនុម័តបច្ចេកសព្ទ បរិស្ថាននិងធនធានធម្មជាតិ...»

កាលពីរសៀលថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើក កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអ...

2020-01-23 05:21:31   ថ្ងៃព្រហស្បតិ៍, 23 មករា 2020 ម៉ោង 12:21 PM
«មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែជាមន្ត្រីដែលមានសមត្ថភាពសកម្ម សីលធម៌ និងគោរពវិជ្ជាជីវៈពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែជាមន្ត្រីដែលមានសមត្ថភាពសកម្ម សីលធម៌ និងគោរពវិជ្ជាជីវៈពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍជាតិឱ្យកាន់តែចម្រើន។ នេះជាប្រសាសន៍ក្រើនរម្លឹកថ្នាក់ដឹកនាំវ...

2020-01-22 05:23:38   ថ្ងៃពុធ, 22 មករា 2020 ម៉ោង 12:23 PM

សេចក្តីប្រកាស