Royal Academy of Cambodia
ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងអំពីគុណតម្លៃនៃស្ថាបត្យកម្ម ការវិវត្តសំខាន់ៗនៃស្ថាបត្យកម្មខ្មែរ ភាពសម្បូរបែប ព្រមទាំងភាពអស្ចារ្យនៃស្ថាបត្យកម្មខ្មែរបុរាណ ប៉ុន្តែឯកឧត្ដមបានគូសបញ្ជាក់ថា វិធីសាស្ត្រក្នុងការបង្ហាញរបស់ខ្មែរ ទៅកាន់ពិភពលោកនៅមិនទាន់ទូលំទូលាយនៅឡើយ។
បើតាមឯកឧត្ដមបណ្ឌិត យង់ ពៅ ស្ថាបត្យកម្មនីមួយៗ ត្រូវគោរពទៅតាមក្បួនខ្នាតជាចាំបាច់របស់មរតកវប្បធម៌នៃប្រជាជាតិនីមួយៗ ហើយស្ថាបត្យកម្មបានចារឹកនូវឥរិយាបថ វប្បធម៌ និងសង្គមរបស់ប្រជាជាតិ ដោយតាមរយៈការសង្កេតមើលសំណង់អគារ គេអាចយល់នូវចរឹកលក្ខណៈ ឥរិយាបថសង្គម និងឥរិយាបថជនជាតិ ភ្ជាប់ទៅនឹងទស្សនវិជ្ជាសង្គម នៃប្រជាជាតិនីមួយៗបាន។ ជាមួយគ្នានេះដែរ ស្ថាបត្យកម្មរបស់ជាតិសាសន៍មួយ ត្រូវបានផ្លាស់ប្ដូរដោយសារកត្តាសង្គម សេដ្ឋកិច្ច ប្រវត្តិសាស្ត្ររបស់ប្រជាជាតិនីមួយៗ ហើយវាក៏អាចក្លាយទៅជាភស្តុតាងដែលបង្ហាញអំពីស្ថានភាពប្រែប្រួលនៃឥរិយាបថសង្គម ទិដ្ឋភាពសង្គមជាហូរហែរ ដោយពេលខ្លះមិនមានអ្វីជាសំណេរនោះទេ ប៉ុន្តែគេអាចមើលទៅលើស្ថាបត្យកម្ម ក៏គេអាចមើលឃើញអំពីឥរិយាបថសង្គម ទិដ្ឋភាពសង្គមផងដែរ។
ជាមួយគ្នានេះដែរ ការវិវត្តនៃស្ថាបត្យកម្ម គឺជាបង្ហាញអំពីវឌ្ឍនភាពនៃសង្គមមនុស្ស ដោយមនុស្សបានវិវត្តពីការរស់នៅក្នុងរូងភ្នំ រហូតដល់ដំណាក់កាលកសាងប្រាសាទភ្នំ និងចុងក្រោយដូចជារហូតមកដល់សម័យឧដុង្គ ដែលខ្មែរយើងបានកសាងជាលក្ខណៈវត្តច្រើនជាងលក្ខណៈប្រាសាទ ពោលគឺវាជាការវិវត្តនៃសង្គមរបស់មនុស្សខ្មែរជំនាន់មុន ដែលទាំងនេះជាការប្រែប្រួលនៃស្ថាបត្យកម្មនៃប្រជាជាតិនីមួយៗ។
ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា កន្លងមកខ្មែរយើងតែងតែនិយាយថា «ភាពអស្ចារ្យនៃវប្បធម៌របស់យើង» ប៉ុន្តែវិធីបង្ហាញរបស់យើង គេមិនបានឃើញនោះទេ ដូច្នេះរាជបណ្ឌិត្យសភាកម្ពុជាមានតួនាទីឆ្កឹះបង្ហាញនូវវិធីនេះ ដែលកន្លងមក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាជាមួយនឹងឯកឧត្ដមរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងទេសចរណ៍រួចហើយ និងបានឯកភាពគ្នាជាកម្រិតអន្តរស្ថាប័ន ដើម្បីធ្វើការលើកតម្កើងវិស័យទេសចរណ៍វប្បធម៌ និងផលិតផលថ្មី ដែលនេះជាអ្វីដែលយើងបានធ្វើដើម្បីមរតកវប្បធម៌របស់ជាតិយើង។
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយនឹងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ បានរៀបចំនូវសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីវាគ្មិនដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់សរុប ៨រូប៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ» ន...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ឱកាសថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញ...
នៅថ្ងៃពុធ ២ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ តាមការណែនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច រាជបណ្ឌិត្យសភាកម្ពុជាបានបន្តផ្ដល់ជូនទឹកដោះគោ តេជោសែន ប្ញស្សី...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាខ្លី អំពីទំនៀមទម្លាប់ និងប្រពៃណី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាខ្លី អំពីទំនៀមទម្លាប់ និងប្រពៃណី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អ្នកជំនាញនិងអ្នកសិក្សាស្រាវជ្រាវនៃរាជបណ្ឌិត្យស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ជនជាតិខ្មែរគឺជាប្រជាជាតិដែលមានអារ្យធម៌ដ៏ចំណាស់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងកេរដំណែលដ៏មានតម្លៃបង្កប់ក្នុងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ដែលបន្សល់ពីបុព្វបុរសដូនត...