ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ ខ្មែរយើងមានមរតកវប្បធម៌ដ៏អស្ចារ្យ ប៉ុន្តែកន្លងមកវិធីសាស្ត្រក្នុងការបង្ហាញរបស់យើង នៅមិនទាន់អាចឱ្យគេស្គាល់និងឃើញបានទូលំទូលាយនៅឡើយ

2019-11-29 04:52:34 ថ្ងៃសុក្រ, 29 វិច្ឆិកា 2019, 04:52 AM
post_detail

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងអំពីគុណតម្លៃនៃស្ថាបត្យកម្ម ការវិវត្តសំខាន់ៗនៃស្ថាបត្យកម្មខ្មែរ ភាពសម្បូរបែប ព្រមទាំងភាពអស្ចារ្យនៃស្ថាបត្យកម្មខ្មែរបុរាណ ប៉ុន្តែឯកឧត្ដមបានគូសបញ្ជាក់ថា វិធីសាស្ត្រក្នុងការបង្ហាញរបស់ខ្មែរ ទៅកាន់ពិភពលោកនៅមិនទាន់ទូលំទូលាយនៅឡើយ។

បើតាមឯកឧត្ដមបណ្ឌិត យង់ ពៅ ស្ថាបត្យកម្មនីមួយៗ ត្រូវគោរពទៅតាមក្បួនខ្នាតជាចាំបាច់របស់មរតកវប្បធម៌នៃប្រជាជាតិនីមួយៗ ហើយស្ថាបត្យកម្មបានចារឹកនូវឥរិយាបថ វប្បធម៌ និងសង្គមរបស់ប្រជាជាតិ ដោយតាមរយៈការសង្កេតមើលសំណង់អគារ គេអាចយល់នូវចរឹកលក្ខណៈ ឥរិយាបថសង្គម និងឥរិយាបថជនជាតិ ភ្ជាប់ទៅនឹងទស្សនវិជ្ជាសង្គម នៃប្រជាជាតិនីមួយៗបាន។ ជាមួយគ្នានេះដែរ ស្ថាបត្យកម្មរបស់ជាតិសាសន៍មួយ ត្រូវបានផ្លាស់ប្ដូរដោយសារកត្តាសង្គម សេដ្ឋកិច្ច ប្រវត្តិសាស្ត្ររបស់ប្រជាជាតិនីមួយៗ ហើយវាក៏អាចក្លាយទៅជាភស្តុតាងដែលបង្ហាញអំពីស្ថានភាពប្រែប្រួលនៃឥរិយាបថសង្គម ទិដ្ឋភាពសង្គមជាហូរហែរ ដោយពេលខ្លះមិនមានអ្វីជាសំណេរនោះទេ ប៉ុន្តែគេអាចមើលទៅលើស្ថាបត្យកម្ម ក៏គេអាចមើលឃើញអំពីឥរិយាបថសង្គម ទិដ្ឋភាពសង្គមផងដែរ។

ជាមួយគ្នានេះដែរ ការវិវត្តនៃស្ថាបត្យកម្ម គឺជាបង្ហាញអំពីវឌ្ឍនភាពនៃសង្គមមនុស្ស ដោយមនុស្សបានវិវត្តពីការរស់នៅក្នុងរូងភ្នំ រហូតដល់ដំណាក់កាលកសាងប្រាសាទភ្នំ និងចុងក្រោយដូចជារហូតមកដល់សម័យឧដុង្គ ដែលខ្មែរយើងបានកសាងជាលក្ខណៈវត្តច្រើនជាងលក្ខណៈប្រាសាទ ពោលគឺវាជាការវិវត្តនៃសង្គមរបស់មនុស្សខ្មែរជំនាន់មុន ដែលទាំងនេះជាការប្រែប្រួលនៃស្ថាបត្យកម្មនៃប្រជាជាតិនីមួយៗ។

ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា កន្លងមកខ្មែរយើងតែងតែនិយាយថា «ភាពអស្ចារ្យនៃវប្បធម៌របស់យើង» ប៉ុន្តែវិធីបង្ហាញរបស់យើង គេមិនបានឃើញនោះទេ ដូច្នេះរាជបណ្ឌិត្យសភាកម្ពុជាមានតួនាទីឆ្កឹះបង្ហាញនូវវិធីនេះ ដែលកន្លងមក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាជាមួយនឹងឯកឧត្ដមរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងទេសចរណ៍រួចហើយ និងបានឯកភាពគ្នាជាកម្រិតអន្តរស្ថាប័ន ដើម្បីធ្វើការលើកតម្កើងវិស័យទេសចរណ៍វប្បធម៌ និងផលិតផលថ្មី ដែលនេះជាអ្វីដែលយើងបានធ្វើដើម្បីមរតកវប្បធម៌របស់ជាតិយើង។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយនឹងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ បានរៀបចំនូវសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីវាគ្មិនដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់សរុប ៨រូប៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

«កិច្ចប្រជុំ ប្រចាំខែរបស់ថ្នាក់ដឹកនាំ មន្ត្រី​វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ...»

នាព្រឹកថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩:០០ នៅសាលប្រជុំវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំប្រចាំខ...

2018-11-16 09:14:27   Fri, 16,11,2018, 09:14 AM
«ភាពសុខដុមរមនានៃក្រុមជនជាតិភាគតិចចិននៅកម្ពុជា»

ចុះផ្សាយថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ដោយ៖ ហៀង លាងហុង ប្រធានផ្នែកវប្បធម៌វិទ្យា វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា។RAC Media

2018-11-15 16:57:47   Thu, 15,11,2018, 04:57 PM
«កិច្ចប្រជុំវិសាមញ្ញរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ...»

នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តម...

2018-11-15 16:15:17   Thu, 15,11,2018, 04:15 PM
«បច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និងរូបវិទ្យាចំនួន១៦ ពាក្យត្រូវបានអនុម័ត»

កាលពីថ្ងៃ ពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និងរូបវិ...

2018-11-15 08:29:36   Thu, 15,11,2018, 08:29 AM
សន្និសីទតំបន់ ស្តីពី «ទំនាក់ទំនងនៅឧបទ្វីបកូរ៉េក្នុង ឆ្នាំ២០១៨ និងពេលខាងមុខ ៖ តថភាពនិងបញ្ហាប្រឈមថ្មី»

ថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ទទួលបន្ទុកសិក្សាអាស៊ីនិងអាហ្វ្រិក និងលោក ឡុង ម៉េងហ៊ាងមន...

2018-11-14 09:07:34   Wed, 14,11,2018, 09:07 AM
«បច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ ចំនួន០៧ ពាក្យ ត្រូវបានអនុម័ត...»

ថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តម សូ មុយឃៀង បានបន្តប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ បានចំនួន០៧ពាក្យ...

2018-11-14 08:40:56   Wed, 14,11,2018, 08:40 AM

សេចក្តីប្រកាស