ព័ត៌មាន

នាព្រឹកនេះរាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលាស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន»

2019-11-29 01:54:03 ថ្ងៃសុក្រ, 29 វិច្ឆិកា 2019 ម៉ោង 08:54 AM
អ្នកមើល 2476
post_detail

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទីព្រឹកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

សិក្ខាសាលានេះ ត្រូវរៀបចំឡើងក្នុងគោលបំណងបង្ហាញនូវរចនាបថអង្គរ និង បង្ហាញអំពីទម្រង់ និង លក្ខណៈពិសេសនៃក្បាច់បុរាណខ្មែរសំខាន់ៗមួយចំនួន ដែលជាមូលដ្ឋានគ្រឹះ ជាស្នូលនៃព្រលឹងខ្មែរនាសម័យស្ថាបត្យកម្ម និង សំណង់ខ្មែរសម័យទំនើបបច្ចុប្បន្ន និង សម័យក្រោយៗទៀត។ ជាការពិតណាស់ ក្នុងបរិបទសាកលភាវូបនីយកម្ម សំណង់ និង ស្ថាបត្យកម្មខ្មែរសម័យទំនើប ចាប់តាំងពីសម័យអាណានិគមនិយមបារាំង សម័យសង្គមរាស្ត្រនិយម រហូតមកដល់សម័យបច្ចុប្បន្ន ខ្មែរតែងតែផ្សារភ្ជាប់ទៅនឹងស្ថាបត្យកម្ម និង ក្បាច់រចនាបែបបុរាណខ្មែរ ដែលបានបន្សល់ទុកជាមរតកដ៏វិសេសវិសាល តាំងពីសម័យចក្រភពអង្គរ បង្កើតបានជាតម្លៃដ៏ពិសិដ្ឋរបស់ប្រជាជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន។

សិក្ខាសាលានៅថ្ងៃនេះ ត្រូវបានរៀបចំដោយមានការអញ្ជើញចូលរួមចែករំលែកចំណេះដឹង និងស្នាដៃស្រាវជ្រាវ របស់វាគ្មិន ៨ រូប ផ្ដោតលើប្រធានបទចំនួន ៨ សំខាន់ៗដូចខាងក្រោម៖

“រចនាបថស្ថាបត្យកម្មនិងសំណង់ប្រាសាទសម័យអង្គរ” ដោយលោក រ៉េត សាមុត

“ការស្វែងយល់អំពីរចនាបថសិល្បៈខ្មែរ” ដោយលោកសាស្ត្រាចារ្យ ឡោ សាន

“ក្បាច់៤ប្រភេទរបស់សិល្បៈខ្មែរ” ដោយលោកព្រឹទ្ធាចារ្យ ចាន់ ស៊ឹម

“ទម្រង់ក្បាច់បុរាណខ្មែរ” ដោយលោកសាស្ត្រាចារ្យ ផល ពុទ្ធិ

“រចនាបថសំណង់ស្ថាបត្យកម្មខ្មែរសម័យឧដុង្គ” ដោយបណ្ឌិតសភាចារ្យ សោម សុមុនី

“រចនាបថសំណង់ស្ថាបត្យកម្មខ្មែរពីសម័យអាណាព្យាបាលបារាំងដល់សម័យបច្ចុប្បន្ន” ដោយលោក សេង សុវណ្ណដារ៉ា

“រចនាបថនិងសំណង់ស្ថាបត្យកម្មខ្មែរពីសម័យសាធារណរដ្ឋខ្មែរ ដល់បច្ចុប្បន្ន” ដោយលោកសាស្ត្រាចារ្យ កុល សារ៉ូ

“រចនាបថស្ថាបត្យកម្មខ្មែរសម័យទំនើប” ដោយលោក លឹម សុក្រាត

នៅក្នុងសិក្ខាសាលានេះផងដែរ ក៏មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ មន្ត្រីរាជការ និងនិស្សិតសរុបប្រមាណជាង ៦០ នាក់។

បើតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត យង់ ពៅ សិក្ខាសាលានេះ គឺជាផ្នែកមួយនៃការប្រមូលផ្តុំធនធានបញ្ញាញាណខ្មែរលើវិស័យរចនាបថ និង សំណង់ស្ថាបត្យកម្ម ដើម្បីរួមចំណែកលើកតម្កើងលក្ខណៈជាតិ និងការអភិវឌ្ឍសង្គមប្រកបដោយវិបុលភាព វឌ្ឍនភាព ភិយ្យោភាព និង សេចក្តីសុខក្សេមក្សាន្តក្នុងសង្គមកម្ពុជាតរៀងទៅ៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

«ឯកឧត្តមបណ្ឌិត យង់ ពៅ និងឯកឧត្តមបណ្ឌិត គិន ភា អញ្ជើញចូលរួមវេទិកាអន្តរជាតិស្តីពី ការអភិវឌ្ឍក្នុងប្រទេសចិនរយៈពេល៧០ឆ្នាំ និងការកសាងសហគមន៍អនាគតរួមសម្រាប់មនុស្សជាតិ នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន»

(ទីក្រុងសៀងហៃ)៖ តបតាមការអញ្ជើញរបស់វិទ្យាស្ថានជាតិសម្រាប់យុទ្ធសាស្ត្រសកល នៃសាធារណរដ្ឋប្រជាមានិតចិន (National Institute for Global Strategy) ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងឯក...

2019-11-05 06:47:25   ថ្ងៃអង្គារ, 05 វិច្ឆិកា 2019 ម៉ោង 01:47 PM
សិក្ខាសាលាស្តីពី «លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា៖ ផលប្រយោជន៍ និងបញ្ហាប្រឈម»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសា...

2019-11-05 06:39:50   ថ្ងៃអង្គារ, 05 វិច្ឆិកា 2019 ម៉ោង 01:39 PM
«សមិទ្ធិផលនៃកិច្ចសហការណ៍ចូលរួមរបស់មន្រ្តីនៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងកំណាយស្រាវជ្រាវបុរាណវត្ថុវិទ្យាផូស៊ីលឈើ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន នៅក្នុងខេត្តរតនគីរី»

តាមរយៈការសិក្សាភូមិវិទ្យា យើងតែងតែដឹងថាកម្ពុជាជាអតីតបាតសមុទ្រ ប៉ុន្តែសម្រាប់ជាភស្តុតាងសម្រាប់បញ្ជាក់នូវសម្មតិកម្មដែលអាចអោយមានភាពជឿជាក់ច្បាស់លាស់នោះហាក់នៅមានចំនួនតិចតួចនៅឡើយ ជាពិសេសគឺពត៌មានអំពីផូស៊ីលនា...

2019-11-04 03:59:26   ថ្ងៃចន្ទ, 04 វិច្ឆិកា 2019 ម៉ោង 10:59 AM
«ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប កំពុងមានវត្តមានក្នុងឱកាសនៃពិធីបុណ្យអុំទូកនាខេត្តកំពង់ស្ពឺ...»

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមការងារផ្សព្វផ្សាយទឹកដោះគោតេជោសែនឫស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើដំណើរដល់ក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ ដើម្បីចូលរួមក្នុងឱកាសពិ...

2019-11-02 08:23:36   ថ្ងៃសៅរ៍, 02 វិច្ឆិកា 2019 ម៉ោង 03:23 PM
«ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ចង់ឃើញប្រជាជនកម្ពុជាមានទម្លាប់រស់នៅដូចប្រជាជនជប៉ុនដែរ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលនេះ ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអនុញ្ញាតឱ្យលោក Mori...

2019-11-01 10:32:20   ថ្ងៃសុក្រ, 01 វិច្ឆិកា 2019 ម៉ោង 05:32 PM
«ជំនួបពិភាក្សាការងារ រវាង​ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកតំណាងស្ថានទូតជប៉ុននៅកម្ពុជា...»

នៅរសៀលថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត​សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Mori Nobuo ជាលេ...

2019-11-01 09:52:28   ថ្ងៃសុក្រ, 01 វិច្ឆិកា 2019 ម៉ោង 04:52 PM

សេចក្តីប្រកាស