ព័ត៌មាន

«ពិធីសូធ្យមន្តចម្រើនព្រះបរិត្ត លើករាសី អគារឥន្ទ្រទេវី និងអភិសេកបដិមាព្រះនាងឥន្ទ្រទេវី»

2019-11-18 05:51:11 ថ្ងៃចន្ទ, 18 វិច្ឆិកា 2019 ម៉ោង 12:51 PM
អ្នកមើល 2777
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា និងភ្ញៀវកិត្តិយស បានរៀបចំប្រារព្ធពិធីសូធ្យមន្តចម្រើនព្រះបរិត្ត លើករាសី អគារឥន្ទ្រទេវី និងអភិសេកបដិមាព្រះនាងឥន្ទ្រទេវី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងសមាសភាពអញ្ជើញចូលរួមឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ បណ្ឌិត អស់លោក លោកស្រី អ្នកនាង និងកញ្ញា ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសសរុបចំនួនប្រមាណ ១០០រូប។

នៅក្នុងពិធីតាមបែបសាសនា ព្រះសង្ឃចំនួន ៩អង្គបានសូធ្យមន្តចម្រើនព្រះបរិត្ត និងប្រោះព្រំលើករាសីនៅសំណង់បុស្បុក បដិមាព្រះនាងឥន្ទ្រទេវី និងនៅអគារឥន្ទ្រទេវី។

សូមជម្រាបជូនថា អគារឥន្ទ្រទេវី ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកឧកញ៉ា ពុង ឃាងសែ ត្រូវបានសាងសង់រួចរាល់ហើយ នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ ជាផ្លូវការ នៅថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងទ្រឹស្តីផ្សារចងភ្ជាប់ជាមួយការអនុវត្តហើយត្រូវមានលទ្ធផល និងក្រមសីលធម៌វិជ្ជាជីវៈរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា គោលបំណងនៃការសាងសង់អគារនេះឡើង គឺដើម្បីបំពេញតម្រូវការនៃការរីកចម្រើនរបស់រាជបណ្ឌិត្យសភាកម្ពុជា លើបីចំណុច សំខាន់៖ ទី១. ជាកន្លែងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផ្នែកភាសាចិន, ទី២. ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស (ជាទិសដៅនាពេលអនាគត) រាជបណ្ឌិត្យសភាកម្ពុជាមានបំណងប្រមូលផ្តុំអ្នកមានចំណេះដឹងខាងភាសាផ្សេងៗ ហើយសុំសិទ្ធិធ្វើការបកប្រែនូវរាល់ស្នាដៃ ឬផលិតផលដែលមានតម្លៃសម្រាប់ជាតិមកជាខេមរភាសា) និងទី៣. ជាកន្លែងស្រាវជ្រាវ ប្រមូលផ្តុំបញ្ញវន្ត សិក្ខាសាលា ហើយជាទិសដៅចំពោះមុខ អគារនេះក៏អាចបង្កើតជាតុមូលសម្រាប់បញ្ញវន្តធ្វើការវិភាគពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកថ្មីៗនេះផងដែរ។ ជារួម អគារនេះនឹងជាទីបម្រើដល់បញ្ញវន្តទាំងខាងផ្នែកវិទ្យាសាស្រ្តពិត និងវិទ្យាសាស្រ្តសង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយបានបញ្ចេញស្នាដៃរបស់ខ្លួនសម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។

កាលពីមុន អគារនេះ (អគារA) ដែលមានកម្ពស់ត្រឹមតែមួយជាន់ត្រូវបានផ្លាស់ប្តូរទម្រង់ថ្មីមួយទៀតទៅជាអគារ ឥន្ទ្រទេវី ដែលមានកម្ពស់បីជាន់ មានលក្ខណៈកាន់តែទំនើប ដោយត្រូវបានបំពាក់បិរក្ខារប្រកបដោយផាសុកភាព និងកាន់តែមានសោភ័ណភាព សក្តិសមជាកន្លែងបណ្តុះបណ្តាលកម្រិតស្តង់ដារខ្ពស់សម្រាប់ជាតិដែលបម្រើលើវិស័យច្រើន ជាពិសេសគឺ ទាក់ទងនឹងការងារបណ្តុះបណ្តាលផ្សេងៗ។ អគារឥន្ទ្រទេវីនេះ មានកន្លែងដែលរៀបចំកម្មវិធីសម្រាប់អ្នកចូលរួមប្រមាណជាង ៤០០នាក់ ដែលកន្លងមករហូតដល់ពេលបច្ចុប្បន្ន រាជបណ្ឌិត្យសភាកម្ពុជាមិនទាន់មានទីកន្លែងសម្រាប់រៀបចំកម្មវិធីនានាដែលអាចទទួលអ្នកចូលរួមបានលើសពី ២០០នាក់នៅឡើយទេ។

ជាមួយនេះ បដិមាព្រះនាង ឥន្ទ្រទេវី ជាលើកដំបូងដែលត្រូវបានសិតនៅក្នុងបរិវេណអគារឥន្ទ្រទេវីនេះ គឺសិតឡើងអំពី ស្ពាន់ មានកម្ពស់ ១,៥៧ម៉ែត្រ គិតពីបាតជើងដល់ព្រះសិរ និងទំហំដងខ្លួនមានសមាមាត្រទៅនឹងរូបចម្លាក់ជាក់ស្តែងដែលឆ្លាក់នៅប្រាសាទព្រះខ័ន។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីបានសម្រេចសាងសង់បដិមាព្រះនាងឥន្ទ្រទេវី ជានិមិត្តរូបតម្កល់នៅក្នុងបរិវេណអគារ ដើម្បីជាការរម្លឹកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំពីរូបភាពគំរូនារីខ្មែរសម័យអង្គរដែលបានជួយដល់ប្រទេសជាតិជាច្រើន ជាពិសេសក្នុងវិស័យអប់រំ។

បដិមានេះទទួលបានជំនួយឧបត្ថម្ភពីលោកជំទាវឧកញ៉ា សៀង ចាន់ហេង នាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍៕

RAC Media


អត្ថបទទាក់ទង

«ឯកឧត្ដមបណ្ឌិត យង់ ពៅ ជំរុញក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាផលិតព័ត៌មានវិជ្ជាជីវៈ និងវិទ្យាសាស្ត្រឱ្យបានទូលំទូលាយ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ បានជំរុញលើកទឹកចិត្តក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ឱ្យបង្កើនការផលិតព័ត៌មានជាអត្ថបទ វីដេអូ បទសម្ភាសន៍ បទវិភាគ បទវិចារណកថាវិជ្ជាជីវៈ និងបែបវិទ...

2021-02-05 08:11:41   ថ្ងៃសុក្រ, 05 កុម្ភៈ 2021 ម៉ោង 03:11 PM
ពិធីសែនដកជើងធូប ដោយ បណ្ឌិត ចាន់ ប៊ុន្នី, វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-02-04 09:05:17   ថ្ងៃព្រហស្បតិ៍, 04 កុម្ភៈ 2021 ម៉ោង 04:05 PM
«របត់នៃការអភិវឌ្ឍថ្មី ក្រោយសមាជលើកទី១៣ របស់វៀតណាម»

សមាជបក្សកុម្មុយនីស្តវៀតណាមលើកទី១៣ បានបិទបញ្ចប់នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២ មុនការគ្រោងទុកមួយថ្ងៃដោយសារស្ថានភាពនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះមានភាពស្មុគស្មាញ។ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានប្រកាសជាផ្...

2021-02-03 07:29:22   ថ្ងៃពុធ, 03 កុម្ភៈ 2021 ម៉ោង 02:29 PM
ផ្លូវដែកនៅក្នុងប្រទេសកម្ពុជា ដោយ​៖ ខុម មុនីបញ្ញា, វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-02-01 03:02:05   ថ្ងៃចន្ទ, 01 កុម្ភៈ 2021 ម៉ោង 10:02 AM
«ឯកឧត្តមបណ្ឌិត គិន ភា៖ ការស្រាវជ្រាវគឺជាការស្វែងរកការពិតនិងដោះស្រាយបញ្ហាមូលដ្ឋាន»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីសារប្រយោជន៍នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការស្រាវជ្រាវគ...

2021-01-30 09:16:52   ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 04:16 PM
«តើកម្ពុជាគួរធ្វើយ៉ាងណាដើម្បីលើកស្ទួយការស្រាវជ្រាវ?»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ អ្នកស្រាវជ្រាវជំនាញដែលមានបទពិសោធន៍ការងារយូរឆ្នាំក្នុងកិច្ចការងារស្រាវជ្រាវ និងកំពុងបំពេញការងារនៅក្នុងស្ថាប័នស្រាវជ្រាវល្បីៗសុទ្ធតែបានផ្តល់តម្លៃខ្ពស់ដល់ការសិក្សាស្រាវជ្រាវវិភាគ...

2021-01-30 07:58:39   ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 02:58 PM

សេចក្តីប្រកាស