Royal Academy of Cambodia
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជាអធិបតីបើក «វគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនស្ម័គ្រចិត្តនៅកម្ពុជាឆ្នាំសិក្សា ២០១៩-២០២០» ដែលរៀបចំឡើងដោយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។
វត្តមានអញ្ជើញចូលរួមពិធី រួមមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី គណៈអធិបតី តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងសមាគមសម័្ពន្ធ ខ្មែរ-ចិន សហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា លោកគ្រូ និងអ្នកគ្រូជនជាតិចិនសរុបចំនួន ៣៣០រូប។
នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល កញ្ញា វុធ សុភ័ក្រណា នាយិកាវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងរបាយការណ៍ស្វាគមន៍ឱ្យដឹងថា ការបណ្តុះបណ្តាលនេះមានគោលបំណងជួយពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូបង្រៀនស័្មគ្រចិត្ត និងអាចលើកកម្ពស់គុណភាពបង្រៀន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានភាសាចិន នៃប្រទេសយើងទាំងពីរ ឱ្យបានកាន់តែច្រើនថែមទៀតផង។
ថ្លែងសុន្ទរកថាក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដែលប្រារព្ធឡើងនៅក្នុងសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានសម្តែងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា លោកគ្រូ និងអ្នកគ្រូក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនស្ម័គ្រចិត្តនៅកម្ពុជា ឆ្នាំសិក្សា ២០១៩-២០២០ នាឱកាសដ៏ថ្លៃថ្លានេះ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាម ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់គណៈអធិបតី ភ្ញៀវកិត្តិយស ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងលោកគ្រូ អ្នកគ្រូទាំងអស់មកពីទូទាំងប្រទេសចិនសរុបចំនួន ២៨០នាក់ដែលបានមកបំពេញការងារនៅប្រទេសកម្ពុជា ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញចូលរួមក្នុងកម្មវិធី នាពេលនេះ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានរំលឹកជូនអង្គពិធីទាំងមូលផងដែរថា នេះជាលើកទីពីរហើយដែលលោកគ្រូ អ្នកគ្រូទាំងអស់បានជួបគ្នា។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ទៅកាន់អង្គពិធីថា ទំនាក់ទំនងកម្ពុជា-ចិន មានរយៈកាលយូរលង់ណាស់មកហើយ។ ប្រទេសទាំងពីរ គឺជាជិតខាងល្អ ដៃគូល្អ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា ភាសាគឺជាយានទំនាក់ទំនងប្រទេសយើងទាំងពីរដ៏សំខាន់ ដើម្បីធានាបន្តអភិវឌ្ឍលើគ្រប់វិស័យ ទាំងទំនាក់ទំនងវប្បធម៌ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សមស្របទៅនឹងតម្រូវការនៃការផ្លាស់ប្តូររវាងប្រទេសកម្ពុជា-ចិន និងសកលលោក។
ជាមួយនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ជឿជាក់ថា លោកគ្រូ អ្នកគ្រូទាំងអស់នឹងអាចថ្នឹកជាមួយការងារ និងជីវភាពនៅកម្ពុជា ហើយលោកគ្រូ អ្នកគ្រូទាំងអស់នឹងខិតខំចាប់យកឱកាសសិក្សាបន្ថែមពីបច្ចេកទេសក្នុងការបង្រៀន ក្នុងវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ។ ហើយសង្ឃឹមថា លោកគ្រូ អ្នកគ្រូ នឹងបន្តបង្កើនចំណេះដឹងរបស់ខ្លួនបន្ថែមទៀត។
ជាថ្មីម្តងទៀត ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ សង្ឃឹមថា លោកគ្រូ អ្នកគ្រូ ចេះចាប់ឱកាសលើកនេះ ដើម្បីពង្រឹងសមត្ថភាព និងគុណភាពបង្រៀនរឹតតែអាចបង្ហាញពីទេពកោសល្យរបស់គ្រូបង្រៀនវ័យក្មេងជនជាតិចិនដែលយកចំណេះរបស់ខ្លួនដែលធ្លាប់មានមកអនុវត្តន៍ក្នុងពេលបំពេញការងារ ដើម្បីកែប្រែឱ្យប្រសើរឡើងជាងនេះ។ ម្យ៉ាងទៀត ឯកឧត្តមបណ្ឌិត យង់ ពៅ ជឿជាក់ថា អ្នកទាំងអស់គ្នា នឹងអាចសម្របខ្លួននឹងវប្បធម៌ និងជីវភាពនៅកម្ពុជា ដោយអាចរស់នៅ និងបំពេញបេសកកម្មការងារប្រកបដោយភាពរីករាយ៕
RAC Media
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី១០ ឆ្នាំ២០២៣ ស្ដីពី«កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ឡាវ វៀតណាម លើប្រធានបទស្ដ...
ចំណងមេត្រីភាព កម្ពុជា-ចិន ចាប់ផ្តើមពីអ្នកដឹកនាំជំនាន់មុនបន្តពូនផ្តុំដោយអ្នកជំនាន់ក្រោយ វាបានក្លាយជាសម្ព័ន្ធមេត្រីមិត្តភាពដែកថែប និងស្ថិតលើវិធីរួមឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួមគ្នា ហើយចិន និងកម្ពុជា តែងត...
នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធីសំណេះ សំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ ពិធីនេះធ្វើឡើង ក្នុងគោលបំ...
ក្នុងអត្ថបទស្រាវជ្រាវនេះ យើងខ្ញុំសិក្សាអំពីទ្រឹស្ដីដេរីវេលំដាប់ខ្ពស់នៃអនុគមន៍ដូចជា ដេរីវេទី២ ដេរីវេបន្តបន្ទាប់ ដេរីវេនៃអនុគមន៍ប៉ារ៉ាម៉ែត្រ និង ដេរីវេទី n នៃអនុគមន៍។ យើងមានការបញ្ចូលនិយមន័យនៃដេរីវេ...
បាយខុំជាប្រភេទល្បែងមួយក្នុងចំណោម ប្រភេទល្បែងប្រជាប្រិយខ្មែរ (khmer popular game) ដែលយើងធ្លាប់បានដឹងនិងចូលរួមលេងជាទម្លាប់ហូរហែមកហើយដូចជា ល្បែងបោះអង្គញ់ ល្បែងចោលឈូង លាក់កន្សែង ទាញព្រ័ត្រ គ្របមាន់ ជាដើម។...
ជំនឿអរូបិយឬអបិយជំនឿ គឺជាជំនឿ ឥតរូប,មានតែជំនឿមានតែឈ្មោះឬពាក្យហៅ ប៉ុន្តែឥតរូបទេ។ អបិយជំនឿ ដូចគ្នានឹង ពាក្យ អរូបធម៌ឬនាមធម៌ (អ្វីៗដែលមានតែនាមឥតរូប), អរូបនាម (នាមសព្ទដែលឥតរូប ដូចជា ចិត្ត,វិញ្ញាណ,វេទនា,សញ...