Royal Academy of Cambodia
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជាអធិបតីបើក «វគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនស្ម័គ្រចិត្តនៅកម្ពុជាឆ្នាំសិក្សា ២០១៩-២០២០» ដែលរៀបចំឡើងដោយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។
វត្តមានអញ្ជើញចូលរួមពិធី រួមមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី គណៈអធិបតី តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងសមាគមសម័្ពន្ធ ខ្មែរ-ចិន សហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា លោកគ្រូ និងអ្នកគ្រូជនជាតិចិនសរុបចំនួន ៣៣០រូប។
នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល កញ្ញា វុធ សុភ័ក្រណា នាយិកាវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងរបាយការណ៍ស្វាគមន៍ឱ្យដឹងថា ការបណ្តុះបណ្តាលនេះមានគោលបំណងជួយពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូបង្រៀនស័្មគ្រចិត្ត និងអាចលើកកម្ពស់គុណភាពបង្រៀន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានភាសាចិន នៃប្រទេសយើងទាំងពីរ ឱ្យបានកាន់តែច្រើនថែមទៀតផង។
ថ្លែងសុន្ទរកថាក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដែលប្រារព្ធឡើងនៅក្នុងសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានសម្តែងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា លោកគ្រូ និងអ្នកគ្រូក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនស្ម័គ្រចិត្តនៅកម្ពុជា ឆ្នាំសិក្សា ២០១៩-២០២០ នាឱកាសដ៏ថ្លៃថ្លានេះ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាម ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់គណៈអធិបតី ភ្ញៀវកិត្តិយស ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងលោកគ្រូ អ្នកគ្រូទាំងអស់មកពីទូទាំងប្រទេសចិនសរុបចំនួន ២៨០នាក់ដែលបានមកបំពេញការងារនៅប្រទេសកម្ពុជា ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញចូលរួមក្នុងកម្មវិធី នាពេលនេះ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានរំលឹកជូនអង្គពិធីទាំងមូលផងដែរថា នេះជាលើកទីពីរហើយដែលលោកគ្រូ អ្នកគ្រូទាំងអស់បានជួបគ្នា។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ទៅកាន់អង្គពិធីថា ទំនាក់ទំនងកម្ពុជា-ចិន មានរយៈកាលយូរលង់ណាស់មកហើយ។ ប្រទេសទាំងពីរ គឺជាជិតខាងល្អ ដៃគូល្អ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា ភាសាគឺជាយានទំនាក់ទំនងប្រទេសយើងទាំងពីរដ៏សំខាន់ ដើម្បីធានាបន្តអភិវឌ្ឍលើគ្រប់វិស័យ ទាំងទំនាក់ទំនងវប្បធម៌ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សមស្របទៅនឹងតម្រូវការនៃការផ្លាស់ប្តូររវាងប្រទេសកម្ពុជា-ចិន និងសកលលោក។
ជាមួយនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ជឿជាក់ថា លោកគ្រូ អ្នកគ្រូទាំងអស់នឹងអាចថ្នឹកជាមួយការងារ និងជីវភាពនៅកម្ពុជា ហើយលោកគ្រូ អ្នកគ្រូទាំងអស់នឹងខិតខំចាប់យកឱកាសសិក្សាបន្ថែមពីបច្ចេកទេសក្នុងការបង្រៀន ក្នុងវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ។ ហើយសង្ឃឹមថា លោកគ្រូ អ្នកគ្រូ នឹងបន្តបង្កើនចំណេះដឹងរបស់ខ្លួនបន្ថែមទៀត។
ជាថ្មីម្តងទៀត ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ សង្ឃឹមថា លោកគ្រូ អ្នកគ្រូ ចេះចាប់ឱកាសលើកនេះ ដើម្បីពង្រឹងសមត្ថភាព និងគុណភាពបង្រៀនរឹតតែអាចបង្ហាញពីទេពកោសល្យរបស់គ្រូបង្រៀនវ័យក្មេងជនជាតិចិនដែលយកចំណេះរបស់ខ្លួនដែលធ្លាប់មានមកអនុវត្តន៍ក្នុងពេលបំពេញការងារ ដើម្បីកែប្រែឱ្យប្រសើរឡើងជាងនេះ។ ម្យ៉ាងទៀត ឯកឧត្តមបណ្ឌិត យង់ ពៅ ជឿជាក់ថា អ្នកទាំងអស់គ្នា នឹងអាចសម្របខ្លួននឹងវប្បធម៌ និងជីវភាពនៅកម្ពុជា ដោយអាចរស់នៅ និងបំពេញបេសកកម្មការងារប្រកបដោយភាពរីករាយ៕
RAC Media
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានបង្កើតឡើងដើម្បីជួយជ្រោមជ្រែងដល់អ្នកនាំចេញ ឬអ្នកនាំ ចូលទៅប្រទេសជាដៃគូតាមរយៈការផ្តល់ទីផ្សារ និងការបន្តយរបាំងពាណិជ្ជកម្ម។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម...
កាលពីព្រឹកថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រសង្គម បានដឹកនាំក្រុមការងារមានល...
ប្រេងជាថាមពលដ៏សំខាន់ក្នុងផលិតកម្មសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ផលិតកម្មពីធម្មជាតិ និងពាណិជ្ជកម្មប្រេងកាតបានក្លាយជាឧស្សាហកម្មដ៏ធំរបស់ពិភពលោក ពិសេស ប្រទេសនាំប្រេងចេញដែលហៅថា អូប៉ិច (OPEC)។ ផលិតកម្...
ផ្អែកលើលក្ខណៈភូមិសាស្ត្រ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» គឺជាតំបន់មួយដែលលាតសន្ធឹងលើតំបន់មហាសមុទ្រពីរ គឺមហាឥណ្ឌានិងសមុទ្រប៉ាស៊ីហ្វិក។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិនបានដាក់ចេញនូវការផ្លាស់ប្តូរផែនទីគំនិត...
ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានចាប់ផ្ទុះឡើងមុនដំបូងនៅដើមឆ្នាំ២០១៨។ សង្រ្គាមពាណិជ្ជកម្មវាងប្រទេសមហាអំណាចទាំងពីរនេះ បានអូសបន្លាយជាច្រើនខែដែលអាចជះឥទ្ធិពលដ៏ខ្លាំងក្លាមួយបណ្តាលឱ្យប៉ះពាល...