Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមន្ត្រីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជានៅរសៀលថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះរួច ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តអនុញ្ញាតឱ្យប្រតិភូចិនដែលអញ្ជើញមកពីវិទ្យាស្ថានចិនសម្រាប់សិក្សាទំនាក់ទំនងអន្តរជាតិសហសម័យ ( China Institute of Contemporary International Relations) ដែលវិទ្យាស្ថាននេះបានចុះអនុស្សរណៈយោគយល់ជាមួយរាជបណ្ឌិត្យសភាកម្ពុជាកាលពីឆ្នាំ ២០១៤ ចូលជួបពិភាក្សាការងារ ដើម្បីពង្រីកសកម្មភាពស្រាវជ្រាវរួមគ្នាដើម្បីទំនាក់ទំនងបែបវិទ្យាសាស្ត្រឱ្យកាន់តែប្រសើរឡើង ដោយមានសមាសភាពចូលរួមឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិតប្រធានខុទ្ទកាល័យ ឯកឧត្តម អស់លោក លោកស្រីប្រតិភូចិន និងមន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាសរុបចំនួន ១៧រូប។
ថ្លែងក្នុងជំនួបពិភាក្សាការងារដែលប្រព្រឹត្តទៅក្នុងសាលប្រជុំក្រវាន់ នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ស្វាគមន៍ប្រតិភូចិនដែលអញ្ជើញមកពីវិទ្យាស្ថានចិនសម្រាប់សិក្សាទំនាក់ទំនងអន្តរជាតិសហសម័យ ( China Institute of Contemporary International Relations) ដែលបានអញ្ជើញមកដល់រាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់ជាតិខ្មែរ។
ឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ទៅកាន់ប្រតិភូចិន ដោយបង្ហាញអំពី ទិដ្ឋភាពការងារទូទៅ រចនាសម្ព័ន្ធ ចក្ខុវិស័យ និងទស្សនវិស័យរបស់រាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានប្រសាសន៍ថា អំឡុងពេលឯកឧត្តមបណ្ឌិតសភាចារ្យបានចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា រយៈពេលអស់ប្រមាណ ២ឆ្នាំមកបច្ចុប្បន្ននេះ រាជបណ្ឌិត្យសភាកម្ពុជាបានទទួលសមិទ្ធផលជារូបវន្ត និងអរូបវន្តជាច្រើន ក្នុងនោះ រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារបណ្តុះបណ្តាល និងស្រាវជ្រាវ ការពង្រឹងសមត្ថភាពនិងធនធានមនុស្ស និងរចនាសម្ព័ន្ធស្ថាប័នឧបសម្ព័ន្ធចំណុះរាជបណ្ឌិត្យសភាកម្ពុជា។
លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមថា រាជបណ្ឌិត្យសភាកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាជូនជាតិ និងប្រជាជន និងការបណ្តុះបណ្តាល និងស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ ក្នុងនោះ រួមមាន ការបណ្តុះបណ្តាលថ្នាក់ក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត) ការស្រាវជ្រាវអំពី កិច្ចការងារព្រំដែនកម្ពុជា ការស្រាវជ្រាវអំពី វិស័យមីក្រូហិរញ្ញវត្ថុ វិស័យទេសចរណ៍ និងវិស័យកសិកម្ម។
ដោយផ្តោតលើគោលការណ៍ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តហើយត្រូវមានសីលធម៌ក្នុងការបណ្តុះបណ្តាល និងការស្រាវជ្រាវជាក់ស្តែង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានជម្រាបជូនប្រតិភូចិនបន្ថែមថា ក្រៅពីទទួលសមិទ្ធផលស្នាដៃស្រាវជ្រាវធំៗជូនរាជរដ្ឋាភិបាល រាជបណ្ឌិត្យសភាកម្ពុជាបាន និងកំពុងអនុវត្តការស្រាវជ្រាវការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅក្នុងស្រុកឆែប ខេត្តព្រះវិហារផង។
នៅក្នុងជំនួបឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងប្រតិភូចិន បានពិភាក្សាការងារលើនយោបាយក្នុងតំបន់ ទំនាក់ទំនងអន្តរជាតិ កិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចចិន និងកម្ពុជា ការអភិវឌ្ឍន៍វិស័យកសិកម្ម កសិឧស្សាហកម្មចិន និងកម្ពុជា កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ចិន និងអាស៊ាន អាម៉េរិក និងចិន និងពង្រីកសកម្មភាពស្រាវជ្រាវរួមគ្នាដើម្បីទំនាក់ទំនងបែបវិទ្យាសាស្ត្រឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ទៅកាន់ប្រតិភូចិនថា រាជបណ្ឌិត្យសភាកម្ពុជាស្វាគមន៍អ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិធ្វើការសិក្សាស្រាវជ្រាវលើបញ្ហាប្រឈមទាំងក្នុងជាត និងអន្តរជាតិរួមគ្នា ដើម្បីបុព្វហេតុជាតិ និងប្រជាជន។
ក្នុងជំនួបពិភាក្សាការងារអស់រយៈពេលប្រមាណពីរម៉ោង លោកបណ្ឌិត FENG Zhongping អនុប្រធាន វិទ្យាស្ថានចិនសម្រាប់សិក្សាទំនាក់ទំនងអន្តរជាតិសហសម័យ បានមានប្រសាសន៍ថ្លែងអំណរគុណជូនឯកឧត្តមបណ្ឌិតសភាចារ្យដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបពិភាក្សាការងារ និងបង្ហាញពីគោលបំណងសហប្រតិបត្តិការងារសិក្សាស្រាវជ្រាវ នាពេលនេះ។ លោកបណ្ឌិត FENG Zhongpingបានសន្យាថា លោកនឹងរាយការណ៍អំពី លទ្ធផលពិភាក្សាការងារជូនរដ្ឋាភិបាលចិន ដើម្បីសិក្សាលទ្ធភាពបង្កើនកិច្ចប្រតិបត្តិការរវាងស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់ភាគីទាំងពីរ នាពេលដ៏ឆាប់ខាងមុខ៕
RAC Media
នៅព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាចំហស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា» ដោយមានការចូលរ...
គិតចាប់តាំងពីឆ្នាំ១៩៩៨ មក ឯកឧត្តម លឹម គានហោបានកសាងមកនូវសមិទ្ធផល និងស្នាដៃជូនជាតិច្រើន ក្នុងវិស័យធនធានទឹក និងឧតុនិយមក្នុងនោះការកសាងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែងនៅតាមបណ្តាខេត្តសំខាន់ៗជាច្រើន ដូចជានៅ...
វិមានសន្តិភាព៖ នៅថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ សណ្ឋាគារអង្គរសិនជូរី ខេត្តសៀមរាប។ សិក្ខាសាលាអន្តរជាតិនេះ សហការរៀបចំដោយវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត...