ព័ត៌មាន

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុញ្ញាតឱ្យមន្ត្រីក្រសួងការបរទេសអាម៉េរិកចូលជួបពិភាក្សាការងារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៅរាជបណ្ឌិត្យសភាកម្ពុជា»

2019-11-05 14:12:15 ថ្ងៃអង្គារ, 05 វិច្ឆិកា 2019, 02:12 PM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានអនុញ្ញាតឱ្យមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមន្ត្រីស្ថានទូតអាម៉េរិកប្រចាំកម្ពុជាចូលជួបពិភាក្សាការងារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នសិក្សាស្រាវជ្រាវសហរដ្ឋអាម៉េរិក។

នៅក្នុងជំនួបពិភាក្សាការងារដែលប្រព្រឹត្តទៅក្នុងសាលស្លឹករឹតនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ស្វាគមន៍មន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមន្ត្រីស្ថានទូតអាម៉េរិកប្រចាំកម្ពុជាដែលបានអញ្ជើញមករាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់ជាតិខ្មែរ។

ឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ទៅកាន់មន្ត្រីការទូតអាម៉េរិក ដោយបង្ហាញអំពី ទិដ្ឋភាពការងារទូទៅ រចនាសម្ព័ន្ធ ចក្ខុវិស័យ និងទស្សនវិស័យរបស់រាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានប្រសាសន៍ថា អំឡុងពេលឯកឧត្តមបណ្ឌិតសភាចារ្យបានចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា រយៈពេលអស់ប្រមាណ ២ឆ្នាំមកបច្ចុប្បន្ននេះ រាជបណ្ឌិត្យសភាកម្ពុជាបានទទួលសមិទ្ធផលជារូបវន្ត និងអរូបវន្តជាច្រើន ក្នុងនោះ រួមមាន ការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ សំណង់អគារបណ្តុះបណ្តាល និងស្រាវជ្រាវ ការពង្រឹងសមត្ថភាពនិងធនធានមនុស្ស និងរចនាសម្ព័ន្ធស្ថាប័នឧបសម្ព័ន្ធរាជបណ្ឌិត្យសភាកម្ពុជា។

លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមថា រាជបណ្ឌិត្យសភាកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាជូនជាតិ និងប្រជាជន និងការបណ្តុះបណ្តាល និងស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ ក្នុងនោះ រួមមាន ការបណ្តុះបណ្តាលថ្នាក់ក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត) ការស្រាវជ្រាវអំពី កិច្ចការងារព្រំដែនកម្ពុជា ការស្រាវជ្រាវអំពី វិស័យមីក្រូហិរញ្ញវត្ថុ វិស័យទេសចរណ៍ និងវិស័យកសិកម្ម។

ដោយផ្តោតលើគោលការណ៍ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តហើយត្រូវមានសីលធម៌ក្នុងការបណ្តុះបណ្តាល និងការស្រាវជ្រាវជាក់ស្តែង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានជម្រាបជូនមន្ត្រីការបរទេសអាម៉េរិកបន្ថែមថា ក្រៅពីទទួលសមិទ្ធផលស្នាដៃស្រាវជ្រាវធំៗជូនរាជរដ្ឋាភិបាល រាជបណ្ឌិត្យសភាកម្ពុជាបាន និងកំពុងអនុវត្តការស្រាវជ្រាវការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅក្នុងស្រុកឆែប ខេត្តព្រះវិហារទៀតផង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានស្នើមន្ត្រីការបរទេសអាម៉េរិកពិចារណាសហការផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវជាភាសាអង់គ្លេស ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នសិក្សាស្រាវជ្រាវរបស់អាម៉េរិក។

ជាការឆ្លើយតបនឹងសំណើរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងជំនួបពិភាក្សាការងារអស់រយៈពេលប្រមាណមួយម៉ោង លោក Steve Goldrup មន្ត្រីក្រសួងការបរទេសអាម៉េរិកបានមានប្រសាសន៍ថ្លែងអំណរគុណជូនឯកឧត្តមបណ្ឌិតសភាចារ្យដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបពិភាក្សាការងារ និងបង្ហាញពីគោលបំណងសហប្រតិបត្តិការងារសិក្សាស្រាវជ្រាវ នាពេលនេះ។ លោក Steve Goldrupបានសន្យាថា លោកនឹងរាយការណ៍លទ្ធផលជំនួបពិភាក្សាការងារនាពេលនេះជូនសហការីនៅក្នុងស្ថានទូតអាម៉េរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសអាម៉េរិក ដើម្បីសិក្សាលទ្ធភាពបង្កើនកិច្ចប្រតិបត្តិការរវាងស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់ភាគីទាំងពីរ នាពេលដ៏ឆាប់ខាងមុខ៕

RAC Media


អត្ថបទទាក់ទង

«កិច្ចប្រជុំកំពូលអាស៊ានពិសេសស្ដីពីកូវីដ-១៩ និងក្ដីសង្ឃឹមរបស់ប្រជាជាតិអាស៊ានអំពីការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩» ដោយ៖ បណ្ឌិត ឈត ប៊ុនថង, វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ក្រោយពីពិភពលោកទាំងមូល រួមទាំងតំបន់អាស៊ានដែរ កំពុងរងការវាយប្រហារពីមេរោគឆ្លងកូវីដ-១៩ ប្រទេសអាស៊ានបានលើកប្រធានបទទាក់ទងនឹងមេរោគឆ្លងជំងឺកូវីដ-១៩ មកបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលពិសេសរបស់ខ្លួនផង។ កិច...

2020-04-17 04:36:17   Fri, 17,04,2020, 04:36 AM
«ដំណើរឆ្ពោះទៅកាន់វាលពិឃាត (១៧ មេសា ១៩៧៥ - ៧ មករា ១៩៧៩)» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅ...

2020-04-17 04:05:40   Fri, 17,04,2020, 04:05 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធរបស់អង្គភាពចំណុះនៃអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់រាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្រោយពីបានបញ្ចប់ការប្រជុំអន្តរក្រសួងរវាងរាជបណ្ឌិត្យសភាកម្ពុជា តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមុខងារសារធារណៈ ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភា...

2020-04-16 12:56:31   Thu, 16,04,2020, 12:56 PM
ស្ថានភាពទំនាក់ទំនងអូស្រ្តាលី-សហរដ្ឋអាម៉េរិក ដោយ ៖ បណ្ឌិត តឹក មេង នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

អូស្រ្តាលី និងសហរដ្ឋអាម៉េរិក បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៤០ ដោយអូស្រ្តាលីបាន បញ្ជូនបេស កកម្មការទូតរបស់ខ្លួនទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នៅខែមករា ឆ្នាំ១៩៤០។ ចំណែកសហរដ្ឋអាម៉េរិក...

2020-04-14 12:22:15   Tue, 14,04,2020, 12:22 PM
«វប្បធម៌ដឹងគុណ និងការបន្តនិរន្តរភាពនៃរាជបណ្ឌិត្យសភាកម្ពុជា»

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ.ស.២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងសហការីបានអញ្ជើញទៅសួរសុ...

2020-04-14 09:21:13   Tue, 14,04,2020, 09:21 AM
«សកម្មភាពលួចកាប់ឈើនៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅតែបន្តកើតមាន»

(ខេត្តព្រះវិហារ)៖ សកម្មភាពនៃការលួចកាប់ឈើនៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារនៅតែបន្តកើតមាន ដោយសារឈ្មួញខិលខូចមួយចំនួនបានប្រើដៃប្រជាជនដែលមានជីវភាពខ្វះខាត...

2020-04-13 07:24:17   Mon, 13,04,2020, 07:24 AM

សេចក្តីប្រកាស