Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា៖ ផលប្រយោជន៍ និងបញ្ហាប្រឈម ដើម្បីធ្វើការបង្ហាញពីលទ្ធសិក្សាស្រាវជ្រាវលើប្រធានបទ លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា៖ ផលប្រយោជន៍ និងបញ្ហាប្រឈម នៅកម្ពុជា ដោយសមាសភាពចូលរួមឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម អស់លោក លោកស្រី អ្នកនាង និងកញ្ញា និស្សិត ដែលជាតំណាង រាជបណ្ឌិត្យសភាកម្ពុជា តំណាងក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការពលកម្មអន្តរជាតិ តំណាងមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង និងតាកែវ ព្រមទាំងតំណាងក្រុមហ៊ុននាំពលករទៅធ្វើការនៅបរទេស សរុបចំនួនប្រមាណ ៨២រូប។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាដែលប្រព្រឹត្តទៅនៅក្នុងសាលប្រជុំវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឆេង វណ្ណារិទ្ធ ប្រធានស្តីទី វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការធ្វើទេសន្តរប្រវេសន៍ការងារអន្តរជាតិ គឺជាព្រឹត្តិការណ៍ដែលកើតមានតាំងពីយូរមកហើយបានបន្តកើតមានរហូតដល់ពេលបច្ចុប្បន្ន។ ចំពោះស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជា លោកបណ្ឌិតបានស្រាវជ្រាវឃើញថា កត្តាចម្បងនៃចំណាកស្រុកឆ្លងដែនពីប្រទេសកម្ពុជា គឺដោយសារភាពក្រីក្រ ភាពអត់ការងារធ្វើ ឬមានការងារធ្វើមិនពេញលេញ និងមិនច្បាស់លាស់ និងកង្វះការទទួលបានការអប់រំ ព្រមទាំងសេវាសង្គមផ្សេងៗមួយចំនួនទៀត។
លើសពីនេះ បណ្ឌិត ឆេង វណ្ណារិទ្ធ បានមានប្រសាសន៍បន្ថែមថា បើទោះបីជាប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ៧ភាគរយក្នុងរយៈជាងកន្លះទសវត្សរ៍កន្លងមកក៏ដោយ ក៏ភាពនៅមានកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតែជាចំណោទបញ្ហាសំខាន់នៅឡើយ។ ផ្អែកតាមលទ្ធផលស្រាវជ្រាវ លោកបណ្ឌិតបានបង្ហាញឱ្យដឹងថា ប្រទេសគោលដៅនៃពលករចំណាកស្រុករបស់កម្ពុជា គឺប្រទេសថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន និងមជ្ឈិមបូព៌ា ក្នុងចំណោមនេះប្រទេសថៃ គឺជាប្រទេសដែលពលករចំណាកស្រុកពីប្រទេសកម្ពុជាទៅច្រើនជាងគេ។
ដើម្បីរកដោះស្រាយបញ្ហាប្រឈមការធ្វើចំណាកស្រុក និងឆ្លងដែនទៅធ្វើការនៅបរទេសរបស់ប្រជាពលករខែ្មរ និងការខាតបង់សេដ្ឋកិច្ចជាតិ លោកបណ្ឌិត ឆេង វណ្ណារិទ្ធ បានធ្វើការសិក្សាស្រាវជ្រាវ លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា៖ ផលប្រយោជន៍ និងបញ្ហាប្រឈម អស់រយៈពេលចំនួន ៨ខែ ចាប់ពីខែមីនា រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០១៩កន្លងមកនេះ។ លោកបណ្ឌិតបានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំសិក្ខាសាលានាពេលនេះ មានគោលបំណងផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធទាំងអស់ពិភាក្សាផ្ទៀងផ្ទាត់ទិន្នន័យឱ្យមានសង្គតិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលសិក្សាស្រាវជ្រាវ ដើម្បីធ្វើជាធាតុចូលដ៏សំខាន់ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ។
ឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា លំហូរពលករទេសន្តរប្រវេសន៍កម្ពុជាទៅធ្វើការនៅបរទេស និងក្រោយពេលធ្វើមាតុភូមិនិវត្តន៍នៅតែជាប្រធានបទមួយដែលត្រូវដោះស្រាយក្នុងក្របខណ្ឌគោលនយោបាយជាតិ ហើយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន អង្គភាព អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់រួមគ្នាដោះស្រាយ ដើម្បីបន្តធានាថា ពលករខ្មែរម្នាក់ៗបានចូលធ្វើការងារណាមួយ និងនៅប្រទេសណាមួយដោយស្របច្បាប់ ហើយទទួលបាននូវការការពារសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាមួយនឹងផលប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារផ្ទាល់ ប្រទេសជាតិផងដែរ និងប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ តាមរយៈអនុក្រឹត្យលេខ ១៩០ អនក្រ.បក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ ស្តីពី ការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេស តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន៕
RAC Media
Cambodia's political landscape has been shaped by a complex history and is currently at a critical juncture as the country looks towards the future. At the heart of this landscape is the role of the P...
លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិត សួន រ៉ានី ដែលបានផ្ដល់សៀវភៅចំនួន៩មុខ សរុប៦៤ក្បាល នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ សៀវភៅទាំងនោះរួមមាន៖១- ការគ្រប់គ្រងសេវា២...
ជាទូទៅបើគេនិយាយពីធម្មជាតិ នៃការរស់នៅ របស់មនុស្សក្នុងសង្គមគេតែងតែជួបប្រទះនឹងមនុស្សពីរប្រភេទ ដែលមាន ឋានៈសង្គមខុសប្លែកគ្នា ពោលគឺ មនុស្សមួយប្រភេទមានឋានៈជាមេដឹកនាំ ហើយមនុស្សមួយប្រភេទទៀតជាអ្នកនៅក្រោមបង្...
ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ ប្រាសាទដ៏ចំណាស់មួយដែលមានអាយុជាងមួយពាន់ឆ្នាំ កំពុងឈរបង្អួតរាងយ៉ាងរឹងមាំនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែកដែលមានកម្...
ព្រះពុទ្ធសាសនាមានដើមកំណើតនៅ ប្រទេសឥណ្ឌាក្នុងសតវត្សរ៍ទី ៦ មុនគ.ស ប្រហែលគ្នានឹងសម័យទី២ នៃលទ្ធិសាសនាព្រាហ្មណ៍ ដោយព្រះសិទ្ធត្ថជាព្រះបុត្រានៃមហាក្សត្រព្រះអង្គបានត្រាស់ដឹងនូវព្រះធម៌ ហើយមានសង្ឃសាវ័កកាន់តែច្រ...
The high-ranking team of the Republic of Korea (RoK), led by President Yoon Suk Yeol, recently traveled to Vietnam, which is a neighboring country of Cambodia. President Yoon participated in a number...