Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញទទួលដើមឈើផ្កាខ្មែរចំនួន១២ប្រភេទ សរុបចំនួន ៤៥ដើម ពីលោក ណៅ សុខ ដែលជាសប្បុរសជនម្នាក់រស់នៅក្នុងរាជធានីភ្នំពេញដែលបានផ្តល់ជូនរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមដាំដុះលើកកម្ពស់បរិស្ថានធម្មជាតិនៅក្នុងបរិវេណស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។
មគ្គទេសក៍ទេសចរណ៍រស់នៅក្នុងរាជធានីភ្នំពេញ លោក ណៅ សុខ បានដឹកជញ្ជូនដើមឈើផ្កាចំនួន ១២ប្រភេទ សរុបចំនួន ៤៥ដើម តាមមធ្យោបាយត្រីចក្រយានយន្ត (ម៉ូតូរ៉ឺម៉កកង់បី) មកដល់រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកមិញនេះ។ បុរសវ័យ ៤៨ឆ្នាំ លោក ណៅ សុខ បានមានប្រសាសន៍ឱ្យដឹងថា មូលហេតុដែលនាំឱ្យលោកសម្រេចចិត្តទិញដើមឈើផ្កាទាំង១២ប្រភេទ សរុបចំនួន ៤៥ដើមផ្តល់ជូនដល់រាជបណ្ឌិត្យសភាកម្ពុជា ដោយសារលោកមានគោលបំណងចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិនៅក្នុងបរិវេណស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។
ម្យ៉ាងទៀត លោកបានមានប្រសាសន៍បញ្ជាក់បន្ថែមថា ការបរិច្ចាគដើមឈើផ្កាខ្មែរនេះ គឺមានគោលបំណងចូលរួមអបអរសាទរខួបកំណើតគម្រប់ ៨ឆ្នាំ របស់កូនប្រុសរបស់លោក គឺឈ្មោះ ណៅ សុខសាន្តសុធនវឌ្ឍនបញ្ញា នៅថ្ងៃទី២ ខែវិច្ឋិកា ឆ្នាំ២០១៩ខាងមុខនេះផង។
«ខ្ញុំមានបំណងយកថ្ងៃប្រារព្ធខួបកំណើតកូន ជាថ្ងៃធ្វើធម្មទានជួយសង្គមតាមលទ្ធភាព។ សកម្មភាពទាំងនេះអាចជួយឱ្យខ្ញុំមានសុខភាពផ្លូវចិត្តដែរ។ សូមតេជានុភាពនៃព្រះរតនត្រៃយ៍ជួយឃុំគ្រងកូនឱ្យជួបតែសេចក្តីសុខក្នុងដំណើរជីវិត»។ លោក ណៅ សុខ មានប្រសាសន៍បង្ហាញពីទឹកចិត្តឳពុកជូនពរកូនប្រុស នៅពេលជូនដើមឈើផ្កានៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា។
ក្រៅពីផ្តល់ដើមឈើផ្កាជូនរាជបណ្ឌិត្យសភាកម្ពុជា លោក ណៅ សុខ បានមានប្រសាសន៍ថា លោកក៏ធ្លាប់បានបរិច្ចាគសម្ភារៈ និងដើមឈើផ្កាជូនទៅតាមទីអារាម មណ្ឌលអប់រំពុទ្ធសាសនាកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺដទៃទៀតដែរ។
ឆ្លើយតបនឹងទឹកចិត្តរបស់សប្បុរសជនខាងលើ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណដល់លោក ណៅ សុខ ដែលផ្តល់ជូនកូនដើមឈើផ្កា ដើម្បីចូលរួមដាំដុះលើកកម្ពស់បរិស្ថានធម្មជាតិក្នុងស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជាសូមស្វាគមន៍សប្បុរសជនជាតិ និងអន្តរជាតិដែលមានគោលបំណងជួយជ្រោមជ្រែងស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។
សូមជម្រាបជូនថា ដើមឈើផ្កាទាំង ១២ប្រភេទ សរុបចំនួន ៤៥ដើម រួមមាន៖ ដើមផ្ការំដួល ដើមព្កុល ដើមផ្កាអង្គបុស្ប ដើមផ្កាត្របែកព្រៃ ដើមសេដា ដើមអសោក ដើមលៀប ដើមចន្ទន៍ និងដើមផ្កាក្រវាន់៕
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩៖០០នាទីព្រឹក នៅសាលទន្លេសាប (អគារខេមរវិទូ)នៃរាជបណ្ឌិត្យសភាកម្ពុជា មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំអង្គប្រជុំម...
នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា តំណាងឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលយកលិខិតថ្លែងអំណរគុណរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៥ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុម...
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី “ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរ ទៅអង្គការ (The Histo...
ថ្ងៃ៧ ខែមករា ឆ្នាំ២០២៣ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤៤ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យសេរីពហុបក្ស ពហុមតិទៅលើបញ្ហានានាក៏...