ព័ត៌មាន

«សប្បុរសជនក្នុងរាជធានីភ្នំពេញផ្តល់ដើមឈើផ្កាខ្មែរចំនួន១២ប្រភេទ សរុបចំនួន ៤៥ដើមជូនរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិនៅក្នុងបរិវេណស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ»

2019-10-30 07:40:24 ថ្ងៃពុធ, 30 តុលា 2019 ម៉ោង 02:40 PM
អ្នកមើល 2785
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញទទួលដើមឈើផ្កាខ្មែរចំនួន១២ប្រភេទ សរុបចំនួន ៤៥ដើម ពីលោក ណៅ សុខ ដែលជាសប្បុរសជនម្នាក់រស់នៅក្នុងរាជធានីភ្នំពេញដែលបានផ្តល់ជូនរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមដាំដុះលើកកម្ពស់បរិស្ថានធម្មជាតិនៅក្នុងបរិវេណស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។

មគ្គទេសក៍ទេសចរណ៍រស់នៅក្នុងរាជធានីភ្នំពេញ លោក ណៅ សុខ បានដឹកជញ្ជូនដើមឈើផ្កាចំនួន ១២ប្រភេទ សរុបចំនួន ៤៥ដើម តាមមធ្យោបាយត្រីចក្រយានយន្ត (ម៉ូតូរ៉ឺម៉កកង់បី) មកដល់រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកមិញនេះ។ បុរសវ័យ ៤៨ឆ្នាំ លោក ណៅ សុខ បានមានប្រសាសន៍ឱ្យដឹងថា មូលហេតុដែលនាំឱ្យលោកសម្រេចចិត្តទិញដើមឈើផ្កាទាំង១២ប្រភេទ សរុបចំនួន ៤៥ដើមផ្តល់ជូនដល់រាជបណ្ឌិត្យសភាកម្ពុជា ដោយសារលោកមានគោលបំណងចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិនៅក្នុងបរិវេណស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។

ម្យ៉ាងទៀត លោកបានមានប្រសាសន៍បញ្ជាក់បន្ថែមថា ការបរិច្ចាគដើមឈើផ្កាខ្មែរនេះ គឺមានគោលបំណងចូលរួមអបអរសាទរខួបកំណើតគម្រប់ ៨ឆ្នាំ របស់កូនប្រុសរបស់លោក គឺឈ្មោះ ណៅ សុខសាន្តសុធនវឌ្ឍនបញ្ញា នៅថ្ងៃទី២ ខែវិច្ឋិកា ឆ្នាំ២០១៩ខាងមុខនេះផង។

«ខ្ញុំមានបំណងយកថ្ងៃប្រារព្ធខួបកំណើតកូន ជាថ្ងៃធ្វើធម្មទានជួយសង្គមតាមលទ្ធភាព។ សកម្មភាពទាំងនេះអាចជួយឱ្យខ្ញុំមានសុខភាពផ្លូវចិត្តដែរ។ សូមតេជានុភាពនៃព្រះរតនត្រៃយ៍ជួយឃុំគ្រងកូនឱ្យជួបតែសេចក្តីសុខក្នុងដំណើរជីវិត»។ លោក ណៅ សុខ មានប្រសាសន៍បង្ហាញពីទឹកចិត្តឳពុកជូនពរកូនប្រុស នៅពេលជូនដើមឈើផ្កានៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា។

ក្រៅពីផ្តល់ដើមឈើផ្កាជូនរាជបណ្ឌិត្យសភាកម្ពុជា លោក ណៅ សុខ បានមានប្រសាសន៍ថា លោកក៏ធ្លាប់បានបរិច្ចាគសម្ភារៈ និងដើមឈើផ្កាជូនទៅតាមទីអារាម មណ្ឌលអប់រំពុទ្ធសាសនាកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺដទៃទៀតដែរ។

ឆ្លើយតបនឹងទឹកចិត្តរបស់សប្បុរសជនខាងលើ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណដល់លោក ណៅ សុខ ដែលផ្តល់ជូនកូនដើមឈើផ្កា ដើម្បីចូលរួមដាំដុះលើកកម្ពស់បរិស្ថានធម្មជាតិក្នុងស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជាសូមស្វាគមន៍សប្បុរសជនជាតិ និងអន្តរជាតិដែលមានគោលបំណងជួយជ្រោមជ្រែងស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។

សូមជម្រាបជូនថា ដើមឈើផ្កាទាំង ១២ប្រភេទ សរុបចំនួន ៤៥ដើម រួមមាន៖ ដើមផ្ការំដួល ដើមព្កុល ដើមផ្កាអង្គបុស្ប ដើមផ្កាត្របែកព្រៃ ដើមសេដា ដើមអសោក ដើមលៀប ដើមចន្ទន៍ និងដើមផ្កាក្រវាន់៕



អត្ថបទទាក់ទង

«បរិស្ថាននិងវិស័យពាក់ព័ន្ធក្នុងកម្មវិធីសិក្សាគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ E-Learning នៅកម្ពុជា...»

E-learning! ឱកាសសិក្សាដ៏ល្អ សម្រាប់សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ អ្នកកំពុងបំពេញការងារក្នុងវិស័យបរិស្ថាននិងវិស័យពាក់ព័ន្ធ ក្នុងកម្មវិធីសិក្សាគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ E-Learning នៅកម្ពុជា...

2018-11-07 08:38:52   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 03:38 PM
«និស្សិតអាហាររូបករណ៍ចំនួន២០០នាក់ នឹងទទួលបានការបណ្តុះបណ្តាលភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា...»

ជំនួបពិភាក្សាទ្វេភាគីមួយ រវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក ស្រី ឧកញ៉ា កែវ មុំ តំណាងសមាគមអភិវឌ្ឍសុខមាលភាពអាស៊ីអាគ្នេយ៍ប្រជាជនចិន ស្តីពី«ការបណ្តុះបណ្តាលភាសាចិនដល់និស្ស...

2018-11-07 08:17:46   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 03:17 PM
«ប្រជុំពិភាក្សា និងវាយតម្លៃលទ្ធផលនៃការរៀបចំសន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-សហភាពអឺរ៉ុប ៖ សមិទ្ធិផលនិងមាគ៌ាឆ្ពោះទៅមុខ»

ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដឹកនាំការប្រជុំពិភាក្សា និងវាយតម្លៃល...

2018-11-07 04:31:51   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 11:31 AM
«ក្រុមប្រឹក្សាជាតិភាសាខ្មែរបាន ប្រជុំ អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍...»

ថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍បានចំនួន០៣ពា...

2018-11-07 04:08:13   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 11:08 AM
«គម្រោងស្រាវជ្រាវចំនួនពីររបស់រាជបណ្ឌិត្យសភាកម្ពុជានឹងបង្កើតនូវរបត់ថ្មីសន្លាងមួយសម្រាប់កម្ពុជា ក្នុងនោះសាធារណជនទូទៅនឹងអាចអានអក្សរខ្មែរបុរាណដោយខ្លួនឯងបាន»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវសិក្ខាសាលាមួយស្ដីពី «កម្មវិធីអូស៊ីអខ្មែរ និងអក្សរខ្មែរបុរាណក្នុងបច្ចេកវិទ្យាព័ត៌មាន» ដោយវាគ្មិន៣រូបគឺ បណ្ឌិត ឈិត វណ្ណា...

2018-11-06 09:13:52   ថ្ងៃអង្គារ, 06 វិច្ឆិកា 2018 ម៉ោង 04:13 PM
«សូមអបអរសាទរនូវការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតប្រកបដោយជោគជ័យរបស់បេក្ខជនបណ្ឌិត លឹម វណ្ណនី»

កាលពីថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៖៣០ នាទីរសៀល នៅសាលនាងនួននៃរាជបណ្ឌិត្យសភាកម្ពុជា ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវបានរៀបចំកម្មវិធី...

2018-11-03 13:59:38   ថ្ងៃសៅរ៍, 03 វិច្ឆិកា 2018 ម៉ោង 08:59 PM

សេចក្តីប្រកាស