Royal Academy of Cambodia
«... ប្រទេសក្រីក្រត្រូវការថវិកា ដើម្បីអភិវឌ្ឍន៍ប្រទេស រីឯប្រទេសជឿនលឿនត្រូវការបរិស្ថាន។ យើងដឹងហើយថា ប្រទេសដែលមានឧស្សាហកម្មជឿនលឿន ដូចអាម៉េរិក ចិន រុស្ស៊ី ជាប្រទេសដែលបានបំផ្លិចបំផ្លាញព្រៃឈើ និងបរិស្ថាន ខ្លាំងជាងគេ។ ប្រទេសចិនបានអភិវឌ្ឍប្រទេសដោយមិនបានគិតពីបរិស្ថាន ពេលនេះប្រទេសចិនបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បីស្តារគម្របព្រៃឈើឡើងវិញ។ ស្រដៀងគ្នានេះដែរ កូរ៉េខាងត្បូងក៏មានបទពិសោធន៍ប្រហាក់ប្រហែលគ្នាដែរ។ ដូច្នេះ យើងជាប្រទេស ដែលផឹកទឹកទន្លេមេគង្គរួមគ្នា កម្ពុជា វៀតណាម ឡាវ គួរដកស្រង់បទពិសោធន៍ទាំងនេះដើម្បីជាមេរៀនសម្រាប់ប្រទេសរបស់យើង ព្រោះថា មនុស្សត្រូវការធម្មជាតិ តែធម្មជាតិមិនត្រូវការមនុស្សឡើយ....» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៨ ស្តីពី «ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពនៅប្រទេសឡាវ កម្ពុជា និងវៀតណាម» នៅក្រុងហ្លួងព្រះបាងប្រទេសឡាវ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដែលមានការចូលរួមពីស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ(KEI, NRC) រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ។
ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានរំលេចផងដែរថា «....វិទ្យាស្ថានបរិស្ថានកូរ៉េ(KEI) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែករៀបចំសន្និសីទអន្តរជាតិនេះ ដើម្បីផ្តល់ឱកាសដល់អ្នកសិក្សាស្រាវជ្រាវមកពីប្រទេសទាំង៤រួមមាន កម្ពុជា កូរ៉េខាងត្បូង វៀតណាម និងឡាវ បានផ្លាស់ប្តូរយោបល់និងរៀនសូត្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងវិស័យបរិស្ថាន ក៏ដូចជាបញ្ហាប្រឈមនានា និងបទពិសោធន៍កន្លងមកអំពីបញ្ហាព្រៃឈើនៅក្នុងប្រទេសនីមួយៗ។ ម្យ៉ាងវិញទៀត KEI ជាដៃគូយ៉ាងសំខាន់របស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការជួយសហការដល់ការសិក្សាពីផែនការមេនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ....»។
ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា «... វត្តមានរបស់អ្នកសិក្សាស្រាវជ្រាវកូរ៉េ ដើរស្របគ្នានឹងគោលនយោបាយថ្មីរបស់ប្រធានាធិបតីកូរ៉េ មូន ជេអ៊ីន នៅក្នុងតំបន់គឺ គោលនយោបាយសម្លឹងមកទិសខាងត្បូង ( New Southern Policy ) ដែលជាការបង្ហាញជំហរថ្មីរបស់កូរ៉េនៅក្នុងតំបន់ ដែលជាការប្រកួតប្រជែងឥទ្ធិពលថ្មីរវាង អាម៉េរិក ចិន និងជប៉ុន...»
បញ្ជាក់ជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅចូលរួមសន្និសីទលើកទី៨នៅក្រុងវប្បធម៌ ហ្លួងព្រះបាង ប្រទេសឡាវ។ សន្និសីទនេះ នឹងពិភាក្សាគ្នាដេញដោលគ្នាពេញមួយថ្ងៃដោយគ្រោងនឹងជជែកពីប្រធានបទបីពាក់ព័ន្ធនឹងព្រៃឈើ រួមមាន៖ Session 1 «Opportunities and Challenges for Sustainable Forestry Development.» Session 2 «Efforts for community-based forestry and participatory approaches for sustainable forest management.» Session 3«Innovation in forest-based solutions and cross-sectoral forestry practices» ។
សន្និសីទអន្តរជាតិនេះ មានវាគ្មិន និងអ្នកចូលរួមមកពី រាជបណ្ឌិត្យសភាកម្ពុជា ស្ថាប័នស្រាវជ្រាវជាន់ខ្ពស់កូរ៉េ ខាងត្បូង បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ដែលមានចំនួនប្រមាណ ១៦២នាក់។
ឆ្លងកាត់បាតុភូតធម្មជាតិ និងបាតុភូតសង្គមរាប់មិនអស់ ទាំងល្អ ទាំងអាក្រក់ នាពេលកន្លងមក ខ្ញុំបានមើលឃើញថាអត្ថិភាព ការរស់នៅ ជីវិត ឬវាសនារបស់ប្រជាជាតិឬរដ្ឋនីមួយៗនៅលើពិភពលោកនេះ ពិតជាជាប់ទាក់ទងគ្នាដោយមិនអាចប្រក...
ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ាននៅឆ្នាំ២០១៥ ដោយពឹងផ្អែកលើចំណុចសំខាន់ចំនួន ពីរ៖ ទីមួយ គឺគោលនយោបាយយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នារវាងសេដ្ឋកិច្ចនិងនយោបាយ និងទីពីរ គឺការខិតខំប្រឹងប្រែងរួមនិងជាសាធារណៈ...
កូវីដ-១៩ ជាឈ្មោះវីរុសកូរ៉ូណាប្រភេទថ្មី ដែលមកទល់ពេលនេះបានចម្លងរាលដាលស្ទើរតែពេញពិភពលោកទាំងមូល ដោយមានចំនួនអ្នកឆ្លងជាងប្រាំសែននាក់ និងស្លាប់ដល់ទៅជាងពីរម៉ឺននាក់ឯណោះ។ ដើមឡើយមេរោគនេះ គេថាចេញប្រភពមកពីប្រទេស...