ព័ត៌មាន

«ការតភា្ជប់ទេសចរណ៍កម្ពុជា វៀតណាម ឡាវ និងទស្សន:អនាគត( ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី »

2019-10-28 04:08:21 ថ្ងៃចន្ទ, 28 តុលា 2019 ម៉ោង 11:08 AM
អ្នកមើល 2674
post_detail

លោក ហេង សុភី មន្រ្តីស្រាវជ្រាវ នៃវិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបង្ហាញមួយស្តីពី «ការតភា្ជប់ទេសចរណ៍កម្ពុជា វៀតណាម ឡាវ និងទស្សន:អនាគត ( ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី » នៅក្នុងសន្និសីទអន្តរជាតិលើកទី៨ ស្តីពី «ទេសចរណ៍វប្បធម៌ និងសង្គមប្រកបដោយ​ចីរភាពនៅប្រទេសឡាវ វៀតណាម និងកម្ពុជា» នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នៅក្រុងហ្លួងព្រះបាង នៃសាធារ​ណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

វិស័យទេសចរណ៍បានរួមចំណែកកសាងសេដ្ឋកិច្ច សង្គម តាមរយៈការផ្តល់ឱកាសការងាររកប្រាក់ចំណូល លើកកម្រិតជីវភាពប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារសម្បត្តិធនធានវប្បធម៌ ធម្មជាតិ ជីវៈចម្រុះ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ តំបន់ CLV ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ១៩៩៩ ដោយមានការឯកភាពពីថ្នាក់ដឹកនាំនៃប្រទេសទាំង៣។

តាមការសិក្សាស្រាវជ្រាវបានសង្កេតឃើញថា សក្តានុពលធនធានទេសចរណ៍តំបន់ CLV គឺមានភាពប្រហាក់ប្រហែលគ្នា ទាំងធនធានធម្មជាតិ វប្បធម៌ និងប្រពៃណីរបស់បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចដែលមានចំនួន ៨៦ ជន​ជាតិ កំពុងរស់នៅលើខេត្តទាំង១៣ នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។ គួរបញ្ជាក់ផងដែរថា តំបន់ CLV មាន​១៣​​ខេត្ត ដោយកម្ពុជាមានចំនួន ៤ ខេត្ត គឺខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងខេត្តរតនគីរី ចំណែកប្រទេសឡាវមានចំនួន ៤ ខេត្ត គឺខេត្តចំប៉ាសាក់ អត្តពើ សារ៉ាវាន់ និងខេត្តសេកុង រីឯប្រទេសវៀតណាមមានចំនួន៥ខេត្ត គឺខេត្តកន្ទុំ យ៉ាឡាយ ដាឡាក់ ដាក់ណុង និង ប៊ីងភឿក។

តាមរយៈការស្រាវជ្រាវក៏បានអោយដឹងពីចំនួននៃការធ្វើដំណើរមកដល់នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកាន់តំបន់ CLV ព្រមទាំងបានសិក្សាបន្ថែមទៅលើសេវាកម្មស្នាក់នៅ និងកម្លាំងពលកម្មដែលកំពុងបម្រើការ លើវិស័យទេសចរណ៍ក្នុងខេត្តទាំង១៣នេះផងដែរ។

ដើម្បីតភ្ជាប់ទេសចរណ៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ប្រាកដណាស់ កម្ពុជាត្រូវធ្វើសមាហរណកម្មខ្លួន ឯងចូលទៅក្នុងតំបន់ទាំងមូល។ តាមរយៈការសិក្សាស្រាវជ្រាវ បញ្ហាប្រឈម ជាច្រើន ដែលត្រូវបានរកឃើញក្នុងតំបន់ភូមិភាគឦសាន្តក្នុងនោះរួមមាន៖ ផ្លូវ (ផ្លូវទៅកាន់រមណីយដ្ឋាន) មិនទាន់មានព្រលានយន្តហោះ ធនធានមនុស្សនៅមានកម្រិត ការរុករករ៉ែធ្វើអោយប៉ះពាល់ធនធានធម្មជាតិ គ្មានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដំណើរឆ្លងកាត់តាមច្រកព្រំដែននៅតែចោទជាបញ្ហា សុវត្ថិភាពចំណីអាហារ មិនមានកន្លែងសង្គ្រោះបឋមក្នុងរមណីយដ្ឋាន ការធ្លុះ​ធា្លយសេដ្ឋកិច្ចលើវិស័យទេសចរណ៍ គ្មានផលិតផលទេសចរណ៍ថ្មីៗដើម្បីទាក់ទាញបន្ថែម កង្វះទឹកស្អាតនិងអគ្គិស​នីមិនទាន់មានគ្រប់គ្រាន់ ការអនុវត្តប្រព័ន្ធច្បាប់នៅមានកម្រិត ការចូលរួមរបស់វិស័យឯកជននៅមានកម្រិត គ្មានប្រាក់មូលនិធិដើម្បីអភិវឌ្ឍទេសចរណ៍ កម្សោយនៃការសិក្សាទីផ្សារនិងការផ្សព្វផ្សាយតំបន់ភូមិភាគឥសាន្តទៅកាន់ពិភព​លោកទាំងមូល។

ការអភិវឌ្ឍទេសចរណ៍តំបន់ភូមិភាគឦសាន្ត និយាយជារួមគឺជាការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់ទាំងមូល និងនិយាយដោយឡែកគឺជាការលើកកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន ចូលរួមថែរក្សាការពារសម្បត្តិធ​នធានធម្មជាតិ បង្កើនឱកាសការងារ ព្រមទាំងលើកកិត្តិយស ប្រទេសជាតិទៅកាន់ពិភពលោកទាំងមូល។ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមខាងលើ វាគ្មិនបាន ផ្តល់ជាអនុសាសន៍មួយចំនួនដូចជា៖ ១. ការអភិវឌ្ឍធនធានមនុស្ស ២. ចូលរួមថែរក្សាការពារធនធានកម្រ សត្វព្រៃនិងជីវៈចម្រុះ ៣. អភិវឌ្ឍន៍ផ្លូវទៅកាន់រមណីយដ្ឋាន ៤.បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយ ប្រទេសជិតខាង ជាពិសេសតាមច្រកព្រំដែន សម្រួលការធ្វើដំណើរនៃភ្ញៀវទេសចរ ៥. ជំរុញលើក ទឹកចិត្តអោយមានការចូលរួមពីវិស័យឯកជនអោយបានខ្លាំងក្លា ៦. ពង្រឹងប្រព័ន្ធច្បាប់ ជាពិសេស ច្បាប់ស្តីពីវិស័យទេសចរណ៍ ៧. បង្កើនថវិកាសម្រាប់ធ្វើការសិក្សាទីផ្សារនិង ផ្សព្វផ្សាយប្រកបដោយ ភាព​​ទាក់ទាញនឹងច្នៃប្រឌិត ៨. ជំរុញការដាំដុះនិងចិញ្ចឹមសត្វសម្រាប់បម្រើដល់តម្រូវការក្នុងស្រុក និងភ្ញៀវទេសចរ ៩. ដាក់ចេញនូវផែនការសកម្មភាពអភិវឌ្ឍទេសចរណ៍អោយទាន់សម័យឧស្សាហកម្មជំនាន់ទី៤.០​ ( Smart Tourism)​ ១០. ជំរុញឱ្យមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដែលមានបណ្តុះបណ្តាលលើផ្នែកម្ហូបអាហារ បដិសណ្ឋារកិច្ច និងមគ្គុទ្ទេសក៍ (Guide) ឱ្យសមស្របទៅនឹងស្ថានភាពទេសចរណ៍នៅតំបន់ភូមិភាគឦសាន្ត។

ការប្រឹងប្រែងអភិវឌ្ឍខ្លួនដើម្បីសមាហរណកម្មចូលទៅក្នុងតំបន់ CLV-DTA គឺជាការប្រែក្លាយ ប្រទេស៣អោយទៅជាគោលដៅទេសចរណ៍តែមួយប្រកបដោយភាពទាក់ទាញនិងតម្លាភាព។

សូមរំឭកជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅចូលរួមសន្និសីទលើកទី៨នៅក្រុងវប្បធម៌ហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សន្និសីទនេះ នឹងពិភាក្សាដេញ ដោលគ្នាពេញមួយថ្ងៃដោយគ្រោងនឹងជជែកពីប្រធានបទបី ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ រួមមាន៖

ទី១«វិស័យទេសចរណ៍ផ្សារភ្ជាប់នឹងការអភិរក្សធម្មជាតិប្រកបដោយចីរភាពនៅ ឡាវ វៀតណាម និងកម្ពុជា»
ទី២«ទេសចរណ៍វប្បធម៌និងសង្គមប្រកបដោយចីរភាពនៅប្រទេសឡាវ វៀតណាម និងកម្ពុជា» និង
ទី៣«ផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយសេដ្ឋកិច្ចនិរន្តរភាពនៃប្រទេសឡាវ វៀតណាម និងកម្ពុជា»។

សន្និសីទអន្តរជាតិនេះ មានវាគ្មិន និងអ្នកចូលរួមមកពី រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ដែលមានចំនួនប្រមាណ១៥០នាក់។

RAC Media


អត្ថបទទាក់ទង

ការរៀបចំនិងប្រព្រឹត្តទៅនៃតួនាទី និងអំណាចរដ្ឋបាលឃុំ សង្កាត់ ដោយ៖ បណ្ឌិត ហ៊ឹម ញាណារិទ្ធ មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

ការគ្រប់គ្រងរដ្ឋបាលតាមបែប វិមជ្ឈការ គឺជាប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋបាល ដែលរដ្ឋបាលកណ្តាលផ្ទេរអំណាចទៅឱ្យរដ្ឋបាល មូលដ្ឋាន ដែលមានរដ្ឋបាលឃុំ សង្កាត់។ ការផ្ទេរអំណាចបែបនេះ ក្នុងគោលបំណងឱ្យរដ្ឋបាលមូលដ...

2023-03-14 09:11:44   ថ្ងៃអង្គារ, 14 មីនា 2023 ម៉ោង 04:11 PM
ការអនុវត្តកិច្ចសន្យាពាណិជ្ជកម្មអន្តរជាតិ ដោយ៖ បណ្ឌិត មិន ប្រុសបញ្ញារិទ្ធិ - នាយកដ្ឋាននីតិសាស្រ្តនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

ច្បាប់កិច្ចសន្យា ត្រូវបានគេយកទៅអនុវត្ត នៅគ្រប់ក្របខណ្ឌអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមក្រុមហ៊ុនរូបវន្តបុគ្គល និង ក្រុមហ៊ុននីតិបុគ្គលជាតិ និង អន្តរជាតិ។ ដើម្បីដំណើរការប្រព្រឹត្តទៅបានល្អ កាត់បន្ថយនូវជម្...

2023-03-14 08:58:00   ថ្ងៃអង្គារ, 14 មីនា 2023 ម៉ោង 03:58 PM
ជំនឿបែបជីវចលនិយមក្នុងសង្គមខ្មែរ ដោយ៖ បណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្ត្រ វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម នៃ​រាជបណ្ឌិត្យសភាកម្ពុជា

មនុស្សក្នុងលោកយើងនេះតែងតែមានជំនឿលើអ្វីៗជាច្រើន តាមការយល់ឃើញរបស់ពួកគេ។ ជនជាតិខ្លះមានជំនឿលើកធម្មជាតិដូចជា បឹងបួ ទន្លេ ព្រៃភ្នំ ដើមឈើធំៗ ឬអព្ហូតហេតុផ្សេងៗ ដែលជារឿង អច្ឆរិយៈ។ ពួកគេនាំគ្នាគោរពបន់ស្រន់ដោយជ...

2023-03-14 08:44:07   ថ្ងៃអង្គារ, 14 មីនា 2023 ម៉ោង 03:44 PM
សំណង់ប្រាសាទក្នុងស្រុកកំពង់លែងនៃដែនដីអាណាចក្រចេនឡា ដោយ៖ បណ្ឌិត ផុន កសិកា- ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

អាណាចក្រចេនឡាចាត់ទុកជារដ្ឋ ដំបូងៗមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាណាចក្រ ឬ រដ្ឋសំខាន់ៗ និងដំបូងបង្អស់ក្នុងដែនដីអាស៊ីអាគ្នេយ៍មានដូចជារដ្ឋហ្វូណន រដ្ឋចេនឡា និង រដ្ឋអង្គរ (អាណាចក្រអង្គរ ឬ ចក្រភពអង្គរ) ។...

2023-03-10 09:06:21   ថ្ងៃសុក្រ, 10 មីនា 2023 ម៉ោង 04:06 PM
សម្តេចតេជោ ហ៊ុន សែន : អ្នកការទូតអាជីព កំពូលអ្នកចរចា និងបិតាសន្តិភាពនៃកម្ពុជា

កាលពីវេលាម៉ោង១២:៣៣ នាទី រំលងអធ្រាត្រថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខនៃគណបក្សប្រជាជនកម្ពុជា បានបង្ហោះឃ្លីបវីដេអូមួយប្រវែង ៨នាទីនិង២៨វិនាទី...

2023-03-06 03:24:10   ថ្ងៃចន្ទ, 06 មីនា 2023 ម៉ោង 10:24 AM
វិន័យគ្រួសារ ជាគ្រឹះរឹងមាំ ជួយកុមារក្លាយជាមនុស្សធំដ៏ជោគជ័យក្នុងសង្គម ដោយ៖ លោក ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ វិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

កាលដែលពួកយើងជាមនុស្សមានរបៀបរៀបរយ ត្រឹមត្រូវ ធ្វើអ្វីច្បាស់លាស់ មានវិន័យ វាមិនមែនជារឿងងាយនោះទេ ហើយបើសិនជាពួកយើងមិនទម្លាប់រឿងនឹងទៀត វាកាន់តែពិបាក។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញ ជីវិតនៅ...

2023-03-01 07:52:51   ថ្ងៃពុធ, 01 មីនា 2023 ម៉ោង 02:52 PM

សេចក្តីប្រកាស