ព័ត៌មាន

«កម្ពុជា ២៨ឆ្នាំក្រោយ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ដោយ៖ រឿន ភារុន

2019-10-23 00:37:56 ថ្ងៃពុធ, 23 តុលា 2019, 12:37 AM
post_detail

ភ្នំពេញ៖ នៅថ្ងៃពុធ ២៣ តុលានេះ គឺជាថ្ងៃគម្រប់ខួប២៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៩) ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលខ្មែរ។ ឆ្លៀតក្នុងឱកាសនេះ យើងសូមរំឭក អំពីខ្លឹមសារនៃកិច្ចព្រមព្រៀងដោយសង្ខេប។

កិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មី និងបានផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជាក្នុងការទទួលបានមក វិញនូវសុខសន្តិភាព និងកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលជិតពីរទសវត្សរ៍រួចមក។ កិច្ចព្រមព្រៀងសន្តិភាពនេះ ទម្រាំនឹងប្រសូតចេញមកបាន គឺត្រូវបានគេពិ ពណ៌នាថា មាន «ការលំបាកយ៉ាងខ្លាំង» និងបានចំណាយពេលជាច្រើនឆ្នាំដោយចាប់ផ្តើមពីជំនួបលើកទី១ រវាងសម្តេច ឪ នរោត្តម សីហនុ តំណាងឲ្យរដ្ឋាភិបាលត្រីភាគីកម្ពុជាប្រជាធិបតេយ្យនិងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តំ ណាងភាគីរដ្ឋកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅទីក្រុងហ្វែរអង់តាដឺន័រ (Fere-en Tardenois) នៃប្រទេស បារាំង ។ កិច្ចចរចារវាងសម្តេច ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ បានធ្វើជាបន្តបន្ទាប់ក្រោយពីជួបគ្នាលើក ទី១ នៅទីក្រុងហ្វែរអង់តាដឺន័រ ដោយជំនួបលើកទី២ និងទី៣ និងលើកទី៤នៅទីក្រុង សែនសាំងខ្លូដ ប្រទេសបារាំង និងលើកទី៥នៅផ្ទះនាយករដ្ឋមន្ត្រីថៃ ឆាធីឆៃ នៅទីក្រុងបាងកកប្រទេសថៃ។

សម្តេច ហ៊ុន សែន ដែលនៅពេលនោះ ជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាផង បានដឹកនាំការចរចាយ៉ាងស្វិតស្វាញជាមួយនឹងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យចូលរួមដោយត្រីភាគីដើម្បីបញ្ចប់សង្គ្រាម។ បើទោះ បីជាលោកមានវ័យក្មេង ប៉ុន្តែសម្តេច ហ៊ុន សែន ត្រូវបានគេវាយតម្លៃថា មានភាពចាស់ទុំខាងផ្នែកនយោបាយ ជាអ្នកស្រលាញ់សន្តិភាព ព្រោះលោកមិនចង់ឲ្យពលរដ្ឋខ្មែរជំនាន់ក្រោយបន្តរងគ្រោះដោយសារ សង្គ្រាម ដូចជំនាន់លោកឡើយ។

សម្តេច ហ៊ុន សែន ធ្លាប់បានបញ្ជាក់ទស្សនៈរបស់លោកថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការរកដំណោះស្រាយនយោបាយតាមរយៈការចរចា។ កំណែទម្រង់សេដ្ឋកិច្ចបានដើរជាមួយកំណែ ទម្រង់នយោបាយ។ ប៉ុន្តែស្ថិរភាពនយោ បាយត្រូវបានរក្សាទុក ធ្វើដូច្នេះដើម្បីកែទម្រង់ខាងសេដ្ឋកិច្ចអាចអនុវត្តបានស្របជាមួយ នឹងការស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាព»

ទីបំផុតទៅ សម័យប្រជុំលើកទី២ នៃសន្និសីទអន្តរជាតិទីក្រុងប៉ារីស បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ សន្និសីទអន្តរជាតិទីក្រុងប៉ារីសបានសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដែលត្រូវបានចុះហត្ថលេខាដោយប្រទេសហត្ថលេខីទាំង១៨ រួមមាន សមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ៥ ប្រទេស រួមមាន អាម៉េរិក, អង់គ្លេស, បារាំង (សហប្រធានសន្និសីទ), ចិន និងសហភាពសូវៀត។ ប្រទេសនៅអាស៊ីអាគ្នេយ៍ មាន ៨ប្រទេសរួមមាន ឥណ្ឌូណេស៊ី (សហប្រធានសន្និសីទ), វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វ៊ីលីពីន និងប៊្រុយណេ ពោលគឺ ប្រទេសក្នុងអាស៊ានបច្ចុប្បន្ន លើកលែងតែភូមាចេញ និងក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ តំណាងដោយ យូហ្គោស្លាវី និងប្រទេស៤ផ្សេងទៀត គឺ ឥណ្ឌា, ជប៉ុន, កាណាដា និង អូស្រ្តាលី។

កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ មិនមែនជាកិច្ចព្រមព្រៀងតែមួយទេ គឺមានកិច្ចព្រមព្រៀង២ និងសេចក្តីថ្លែងការណ៍មួយ។ កិច្ចព្រមព្រៀងនេះ មានសុពលភាពជាចម្បងទៅលើភាគីទាំង ៤ នៅក្នុងសង្រ្គាមស៊ីវិលខ្មែរ រួមមាន ភាគីរដ្ឋកម្ពុជា ភាគីហ្វ៊ុនស៊ិនប៉ិច ភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និងភាគីខ្មែរក្រហម។

ខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងនេះ រួមមាន

• ការឈប់បាញ់រវាងភាគីជម្លោះ ក្នុងសង្រ្គាមស៊ីវិលខ្មែរ

• ការកាត់រំសាយទ័ព

• ការដកកងទ័ពបរទេសចេញពីកម្ពុជា (ដោយសារតែនៅក្នុងអំឡុងសង្រ្គាមស៊ីវិលនោះ វៀតណាមដាក់ទ័ពនៅកម្ពុជា ដើម្បីជួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងការប្រយុទ្ធជាមួយនឹងចលនាតស៊ូ នៅជាយដែន)

• ការរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ

• ការកំណត់អាណត្តិរបស់អ៊ុនតាក់ ដើម្បីមកពិនិត្យមើលបទឈប់បាញ់ រក្សាសន្តិភាព និងរៀបចំការបោះឆ្នោត ទៅតាមអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀង

• ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនខ្មែរ ជាពិសេស ពីជំរំជនភៀសខ្លួននៅជាយដែនខ្មែរ-ថៃ ឲ្យវិលត្រឡប់មកក្នុងប្រទេសកម្ពុជាវិញ

• កំណត់គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា (រួមមានដូចជា គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជន និងគោលការណ៍នីតិរដ្ឋ ជាដើម)។

ក្រោយកិច្ចព្រមព្រៀងត្រូវបានចូលជាធរមាន សភាធម្មនុញ្ញត្រូវបានបង្កើតឡើង ប្រទេស និងប្រជាជនកម្ពុជាបានស្គាល់នូវការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្សជាលើកដំបូងក្រោយសង្គ្រាមស៊ីវិលជាង៣ ទសវត្សរ៍ ដែលការបោះឆ្នោតបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ដោយ គណបក្សដែលបានចូលរួមការបោះឆ្នោតមានចំនួន២០គណបក្ស។

ក្រោយការបោះឆ្នោតរួច អត្ថន័យសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា នៃព្រះរាជាណាចក្រទី២ ហើយត្រូវបានអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន។

ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរយៈពេល ២៨ឆ្នាំមកនេះ កម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។ ហើយ កម្ពុជារក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយយ៉ាងពេញលេញទូទាំងប្រទេសប្រកបដោយឧត្តមភាពទាំងក្នុងប្រទេស និងអន្តរជាតិ។ កត្តាទាំងនេះបានធានាដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច ធនាគារពិភពលោកបានចេញរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃ៦ ខែឧសភា ឆ្នាំ២០១៩ ឱ្យដឹងថា ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥ភាគរយនៅក្នុងឆ្នាំ២០១៨ ដែលជាអត្រាកំណើនល្អជាងការរំពឹងទុកទៅទៀត ដោយមានការជំរុញមួយផ្នែកធំពីការកើនយ៉ាងរហ័សនៃការនាំចេញ និងការបន្តលូតលាស់នៃវិស័យសំណង់៕

RAC Media | រឿន ភារុន




អត្ថបទទាក់ទង

«គណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួម វេទិកាបញ្ញាជន ឡានឆាង-មេគង្គ លើកទី២...!»

វេទិកានេះ បានអញ្ជើញ អ្នកស្រាវជ្រាវទាំងរដ្ឋនិងឯកជនជួបគ្នានៅសាកលវិទ្យាល័យយូណាន ពីថ្ងៃ២៥-២៨ ខែកញ្ញា។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៥ នៃទំនាក់ដៃគូជាយុទ្ធសាស្ត្ររវាង ចិន-អាស៊ាន និងជាឆ្នាំសំខាន់សម្រា...

2018-09-25 02:39:55   Tue, 25,09,2018, 02:39 AM
«២៤ កញ្ញា ឆ្នាំ២០១៨ ខួបទី២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា»

ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ...

2018-09-22 14:24:27   Sat, 22,09,2018, 02:24 PM
«ជំនួបជាមួយលោកបណ្ឌិត Brad Glosserman»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានទទួលជួបជាមួយលោកបណ្ឌិត Brad Glosserman នាយករង និងជាសាស្ត្រាចារ្យដែលកំពុងផ្លាស់ប...

2018-09-19 09:29:20   Wed, 19,09,2018, 09:29 AM
គម្រោងស្រាវជ្រាវលើប្រសិទ្ធភាព Biochar បានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីកម្រឹត​ពិភពលោក

ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច...

2018-09-17 12:17:54   Mon, 17,09,2018, 12:17 PM
សង្ខេបព័ត៌មាន ២សប្តាហ៍កន្លងមកនេះ

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨៖ មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ៦រូបទទួលបានគ្រឿងឥស្សរិយយស​ពីវិទ្យាស្ថានស្តង់ដា​កម្ពុជា​នៃក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបំពេញភារកិច្ចក្នុងគណៈកម្មាការស្តង់រយៈកាលជាង១០ឆ្...

2018-09-17 04:31:18   Mon, 17,09,2018, 04:31 AM
«ប្រវត្តិសិល្បៈមហោរីខ្មែរ»

(ស្រាវជ្រាវចងក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតស្យសភាកម្ពុជា) ការសិក្សាអំពីសង្គម និងវប្បធម៌របស់ជាតិសាសន៍ណាមួយ មិនមែនជាការងាយស្រួ...

2018-09-14 03:05:51   Fri, 14,09,2018, 03:05 AM

សេចក្តីប្រកាស