Royal Academy of Cambodia
កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Md. Nazmul Quaunine ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត គិន ភា បានជម្រាបដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ពីប្រវត្តិ បេសកកម្ម ទស្សនវិស័យ សកម្មភាព និង សមិទ្ធផលសំខាន់ៗមួយចំនួន ដែលរាជបណ្ឌិត្យសភាកម្ពុជា សម្រេចបានកន្លងមក។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានក៏បានរំឭកឡើងវិញពីអនុស្សរណៈយោគយល់គ្នាកន្លងមក ដែលត្រូវបានធ្វើឡើងរវាងរាជបណ្ឌិត្យសភាកម្ពុជា និង វិទ្យាស្ថានបង់ក្លាដែសសម្រាប់សិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត គិន ភា បានលើកសំណើចំនួនពីរចំណុចទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូត គឺ៖
ទី១. ការរៀបចំដំណើរទស្សនកិច្ចការងារនៃថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ទៅកាន់សាធារណរដ្ឋបង់ក្លាដែស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវជាន់ខ្ពស់រវាងស្ថាប័នទាំងពីរ និងប្រទេសទាំងពីរ និង
ទី២. ពិនិត្យលទ្ធភាពលើគម្រោងស្រាវជ្រាវរួមគ្នារវាងកម្ពុជានិងបង់ក្លាដែស។
ជាការឆ្លើយតប ឯកឧត្តម Nazmul Quaunine បានគាំទ្រទាំងស្រុងលើសំណើទាំងពីរនេះ ហើយឯកឧត្តមបានស្នើឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា សរសេរលិខិតផ្លូវការទៅកាន់ប្រធានវិទ្យាស្ថានបង់ក្លាដែសសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ តាមរយៈស្ថានទូតបង់ក្លាដែស ដើម្បីរៀបចំដំណើរទស្សនកិច្ចការងារនេះក្នុងចុងឆ្នាំ។ ដោយឡែក ចំពោះគម្រោងស្រាវជ្រាវរួមគ្នា ភាគីទាំងពីរនឹងពិភាក្សាលម្អិតនាអំឡុងពេលនៃទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងប្រទេសបង់ក្លាដែសនាពេលខាងមុខ។
ជាមួយគ្នានោះដែរ ឯកឧត្តម Nazmul Quaunine បានស្នើសុំការគាំទ្រពីរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការរៀបចំប្រារព្ធពិធីរំឭកខួបឯករាជ្យរបស់បង់ក្លាដែស។ ពិធីនេះនឹងត្រូវរៀបចំឡើងដើម្បីរំឭកដល់លោក ឆេក មូហ្ស៊ីបួរ រ៉ាម៉ាន់ ជាបិតាស្ថានិកប្រទេសបង់ក្លាដែស ដែលបានទាមទារឯករាជ្យផ្តាច់ខ្លួនចេញពីប្រទេសប៉ាគីស្ថានក្នុងខែមីនា ឆ្នាំ១៩៧១។ ពិធីនេះគ្រោងនឹងរៀបចំនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា ដោយអញ្ជើញតំណាងអង្គទូតបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការ និងនិស្សិតកម្ពុជាចូលរួមប្រមាណ ៣០០នាក់។ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា នឹងទទួលរៀបចំកម្មវិធីនេះ។
ចុងក្រោយឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តម Nazmul Quaunine ដែលបានចំណាយពេលវេលាមកពិភាក្សាការងារជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណងនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវជាន់ខ្ពស់រវាងប្រទេសទាំងពីរ។
Rac Media
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែនឫស្សីត្រឹប៖ ការអភិរក្ស និងអភិវឌ្ឍនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប គឺជារឿងចាំបាច់បំផុតដែលថ្នាក់ដឹកនាំ រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក...
នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយលោកអគ្គនាយករងក្រុមហ៊ុន China Huaneng Group ។ ជាមួយគ្នានេះ ក្រុម...
រាជបណ្ឌិត្យសភាកម្ពជា៖ ថ្លែងក្នុងពិធីបិទសុន្ទរកក្នុងថាសិក្ខាសាលាកសាងសមត្ថភាព ស្តីពី «យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩» ដែលបានប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២១ ខែក...
រាជបណ្ឌិត្យសភាកម្ពុជា៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសទទួលបានការអញ្ជើញចូលរួមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋល...
រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងនៅក្នុងសុន្ទរកថាស្វាគមន៍ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នា...
រាជបណ្ឌិត្យសភាកម្ពុជា៖ បន្ទាប់ពីការរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» នាល្ងាចថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព....