ព័ត៌មាន

ឯកឧត្តមបណ្ឌិត គិន​ ភា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបង់ក្លាដែស

2019-10-11 11:29:30 ថ្ងៃសុក្រ, 11 តុលា 2019, 11:29 AM
post_detail

កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Md. Nazmul Quaunine ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត គិន ភា បានជម្រាបដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ពីប្រវត្តិ បេសកកម្ម ទស្សនវិស័យ សកម្មភាព និង សមិទ្ធផលសំខាន់ៗមួយចំនួន ដែលរាជបណ្ឌិត្យសភាកម្ពុជា សម្រេចបានកន្លងមក។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានក៏បានរំឭកឡើងវិញពីអនុស្សរណៈយោគយល់គ្នាកន្លងមក ដែលត្រូវបានធ្វើឡើងរវាងរាជបណ្ឌិត្យសភាកម្ពុជា និង វិទ្យាស្ថានបង់ក្លាដែសសម្រាប់សិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត គិន ភា បានលើកសំណើចំនួនពីរចំណុចទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូត គឺ៖ 

ទី១. ការរៀបចំដំណើរទស្សនកិច្ចការងារ​នៃថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ទៅកាន់សាធារណរដ្ឋបង់ក្លាដែស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវជាន់ខ្ពស់រវាងស្ថាប័នទាំងពីរ និងប្រទេសទាំងពីរ និង

ទី២. ពិនិត្យលទ្ធភាពលើគម្រោងស្រាវជ្រាវរួមគ្នារវាងកម្ពុជានិងបង់ក្លាដែស។

ជាការឆ្លើយតប ឯកឧត្តម Nazmul Quaunine បាន​គាំទ្រទាំងស្រុងលើសំណើទាំងពីរនេះ ហើយឯកឧត្តមបានស្នើឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា​ សរសេរលិខិតផ្លូវការទៅកាន់ប្រធានវិទ្យាស្ថានបង់ក្លាដែសសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ តាមរយៈស្ថានទូតបង់ក្លាដែស ដើម្បី​រៀបចំដំណើរទស្សនកិច្ចការងារនេះក្នុងចុងឆ្នាំ។ ដោយឡែក ចំពោះគម្រោងស្រាវជ្រាវរួមគ្នា ភាគីទាំងពីរនឹងពិភាក្សាលម្អិតនាអំឡុងពេលនៃទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំ​រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងប្រទេសបង់ក្លាដែសនាពេលខាងមុខ។

ជាមួយគ្នានោះដែរ ឯកឧត្តម Nazmul Quaunine បានស្នើសុំការគាំទ្រពីរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការរៀបចំប្រារព្ធពិធីរំឭកខួបឯករាជ្យរបស់បង់ក្លាដែស។ ពិធីនេះនឹងត្រូវរៀបចំឡើងដើម្បីរំឭកដល់លោក ឆេក មូហ្ស៊ីបួរ រ៉ាម៉ាន់​ ជា​បិតា​ស្ថានិក​ប្រទេស​បង់ក្លាដែស​ ដែលបានទាមទារឯករាជ្យផ្តាច់ខ្លួនចេញពីប្រទេសប៉ាគីស្ថានក្នុងខែមីនា ​ឆ្នាំ១៩៧១។ ពិធីនេះគ្រោងនឹងរៀបចំនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា ដោយអញ្ជើញតំណាងអង្គទូតបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការ និងនិស្សិតកម្ពុជាចូលរួម​ប្រមាណ ៣០០នាក់។ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា នឹងទទួលរៀបចំកម្មវិធីនេះ។

ចុងក្រោយឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តម Nazmul Quaunine ដែលបានចំណាយពេលវេលាមកពិភាក្សាការងារជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណងនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវជាន់ខ្ពស់រវាងប្រទេសទាំងពីរ។

Rac Media


អត្ថបទទាក់ទង

កម្មវិធីកិច្ចពិភាក្សាតុមូលស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយ

កម្មវិធីកិច្ចពិភាក្សាតុមូលស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយនៅថ្ងៃស្អែកនេះគឺ៖ ពេលព្រឹក៖ គណបក្សយុវជនកម្ពុជា Vs គណបក្សខ្មែររួបរួមជាតិពេលរសៀល៖ គណបក្សខ្មែរតែមួយ Vs គណបក្សឆន្ទៈខ្មែរសាធារណជន អាចចូលរួមស្ត...

2018-05-29 16:38:02   Tue, 29,05,2018, 04:38 PM
«កិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវនិងអប់រំ»

នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩:៣០ព្រឹក នៅសាលនាងនួននៃរាជបណ្ឌិត្យកម្ពុជា បានរៀបចំ អង្គជំនួបមួយជាមួយប្រតិភូឥណ្ឌាស្តីពី «កិច្ចសហប្រតិបត្តិ...

2018-05-28 10:04:19   Mon, 28,05,2018, 10:04 AM
«ពិធីការពារ និក្ខេបទសាកល្បង ថ្នាក់បណ្ឌិត ជំនាន់ទី២ វគ្គ១ នៃរាជបណ្ឌិត្យសភាកម្ពុជា»

នៅរសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកម្មវិធីការពារសាកល្បងនិក្ខេបបទ បេក្ខជនបណ្ឌិ...

2018-05-26 01:57:43   Sat, 26,05,2018, 01:57 AM
គម្រោងកម្មវិធីកិច្ចពិភាក្សាតុមូល ស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយ

នៅសល់ពេលប្រមាណជាង២ខែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ នឹងចាប់ផ្តើមឡើងនៅទូទាំងប្រទេស ហើយរហូតមកទល់ពេលនេះ គណបក្សនយោបាយប្រមាណជា ២០គណបក្ស ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានប្រកាសទ...

2018-05-25 17:45:04   Fri, 25,05,2018, 05:45 PM
«អាគារឥន្ទ្រទេវី» ចំណងដៃពីថ្មីសម្រាប់វិស័យបណ្តុះបណ្តាលនិងស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា !

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ​ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបន្ទាប់ពីបញ្ចប់បេសកកម្មជូនជាតិ និងស្ថាប័ននៅប្រទេសថៃ និងខេត្តព្រះវិហាររួចមក នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូ...

2018-05-25 16:47:09   Fri, 25,05,2018, 04:47 PM
ពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ស្រុកឆែប ខេត្តព្រះវិហារ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ...

2018-05-18 14:15:45   Fri, 18,05,2018, 02:15 PM

សេចក្តីប្រកាស