Royal Academy of Cambodia
កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Md. Nazmul Quaunine ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត គិន ភា បានជម្រាបដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ពីប្រវត្តិ បេសកកម្ម ទស្សនវិស័យ សកម្មភាព និង សមិទ្ធផលសំខាន់ៗមួយចំនួន ដែលរាជបណ្ឌិត្យសភាកម្ពុជា សម្រេចបានកន្លងមក។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានក៏បានរំឭកឡើងវិញពីអនុស្សរណៈយោគយល់គ្នាកន្លងមក ដែលត្រូវបានធ្វើឡើងរវាងរាជបណ្ឌិត្យសភាកម្ពុជា និង វិទ្យាស្ថានបង់ក្លាដែសសម្រាប់សិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត គិន ភា បានលើកសំណើចំនួនពីរចំណុចទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូត គឺ៖
ទី១. ការរៀបចំដំណើរទស្សនកិច្ចការងារនៃថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ទៅកាន់សាធារណរដ្ឋបង់ក្លាដែស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវជាន់ខ្ពស់រវាងស្ថាប័នទាំងពីរ និងប្រទេសទាំងពីរ និង
ទី២. ពិនិត្យលទ្ធភាពលើគម្រោងស្រាវជ្រាវរួមគ្នារវាងកម្ពុជានិងបង់ក្លាដែស។
ជាការឆ្លើយតប ឯកឧត្តម Nazmul Quaunine បានគាំទ្រទាំងស្រុងលើសំណើទាំងពីរនេះ ហើយឯកឧត្តមបានស្នើឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា សរសេរលិខិតផ្លូវការទៅកាន់ប្រធានវិទ្យាស្ថានបង់ក្លាដែសសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ តាមរយៈស្ថានទូតបង់ក្លាដែស ដើម្បីរៀបចំដំណើរទស្សនកិច្ចការងារនេះក្នុងចុងឆ្នាំ។ ដោយឡែក ចំពោះគម្រោងស្រាវជ្រាវរួមគ្នា ភាគីទាំងពីរនឹងពិភាក្សាលម្អិតនាអំឡុងពេលនៃទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងប្រទេសបង់ក្លាដែសនាពេលខាងមុខ។
ជាមួយគ្នានោះដែរ ឯកឧត្តម Nazmul Quaunine បានស្នើសុំការគាំទ្រពីរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការរៀបចំប្រារព្ធពិធីរំឭកខួបឯករាជ្យរបស់បង់ក្លាដែស។ ពិធីនេះនឹងត្រូវរៀបចំឡើងដើម្បីរំឭកដល់លោក ឆេក មូហ្ស៊ីបួរ រ៉ាម៉ាន់ ជាបិតាស្ថានិកប្រទេសបង់ក្លាដែស ដែលបានទាមទារឯករាជ្យផ្តាច់ខ្លួនចេញពីប្រទេសប៉ាគីស្ថានក្នុងខែមីនា ឆ្នាំ១៩៧១។ ពិធីនេះគ្រោងនឹងរៀបចំនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា ដោយអញ្ជើញតំណាងអង្គទូតបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការ និងនិស្សិតកម្ពុជាចូលរួមប្រមាណ ៣០០នាក់។ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា នឹងទទួលរៀបចំកម្មវិធីនេះ។
ចុងក្រោយឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តម Nazmul Quaunine ដែលបានចំណាយពេលវេលាមកពិភាក្សាការងារជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណងនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវជាន់ខ្ពស់រវាងប្រទេសទាំងពីរ។
Rac Media
យោងទៅតាមឯកសារស្តីពី អ្នកការទូត និងច្បាប់អន្តរជាតិ បានកំណត់និយមន័យនៃ «ការទូត»ថា គឺជាទំនាក់ទំនងផ្លូវការរវាងរដ្ឋនិងរដ្ឋក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងការងារជាមួយគ្នា ដូចជាការស្វែងរកសន្តិភាព ពាណិជ្ជកម្ម សង្គ...
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួលជួបជាមួយលោក ថន វណ្ដុង នាយកប្រតិបត្តិអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីការអភិវឌ្ឍសង្គម ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពនៃការអនុវ...
វៀតណាម ដែលជាប្រទេសមួយនៅជិតខាងកម្ពុជា ហើយដែលជាប្រទេសមួយមានទំនាក់ទំនល្អជាមួយកម្ពុជាផងដែរនោះ បានបង្កើតច្បាប់គ្រប់គ្រងអ៊ិនធឺណិត ដោយច្បាប់នោះបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩នេះ។ កាលពីថ្ងៃទី១៨ ខែក...
ការសិក្សាស្រាជ្រាវពីកុលាលភាជន៍ខ្មែរជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យបុរាណវត្ថុវិទ្យា និងប្រវត្តិសាស្រ្ត ព្រោះតាមរយៈកុលាលភាជន៍ទាំងនោះ អ្នកស្រាវជ្រាវអាចកំណត់បានពីភាពប៉ិនប្រសប់របស់ជនជាតិខ្មែរ...
ក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍មីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម (Micro Small and Medium Enterprises: MSMEs) ទើបតែបានបង្កើតនៅកម្ពុជាក្នុងទសវត្សរ៍ទី៩០ប៉ុណ្ណោះ។ MSMEs មានតួនាទីជាឆ្អឹងខ្នងនៃសេដ្ឋក...