Royal Academy of Cambodia
កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Md. Nazmul Quaunine ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត គិន ភា បានជម្រាបដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ពីប្រវត្តិ បេសកកម្ម ទស្សនវិស័យ សកម្មភាព និង សមិទ្ធផលសំខាន់ៗមួយចំនួន ដែលរាជបណ្ឌិត្យសភាកម្ពុជា សម្រេចបានកន្លងមក។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានក៏បានរំឭកឡើងវិញពីអនុស្សរណៈយោគយល់គ្នាកន្លងមក ដែលត្រូវបានធ្វើឡើងរវាងរាជបណ្ឌិត្យសភាកម្ពុជា និង វិទ្យាស្ថានបង់ក្លាដែសសម្រាប់សិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត គិន ភា បានលើកសំណើចំនួនពីរចំណុចទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូត គឺ៖
ទី១. ការរៀបចំដំណើរទស្សនកិច្ចការងារនៃថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ទៅកាន់សាធារណរដ្ឋបង់ក្លាដែស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវជាន់ខ្ពស់រវាងស្ថាប័នទាំងពីរ និងប្រទេសទាំងពីរ និង
ទី២. ពិនិត្យលទ្ធភាពលើគម្រោងស្រាវជ្រាវរួមគ្នារវាងកម្ពុជានិងបង់ក្លាដែស។
ជាការឆ្លើយតប ឯកឧត្តម Nazmul Quaunine បានគាំទ្រទាំងស្រុងលើសំណើទាំងពីរនេះ ហើយឯកឧត្តមបានស្នើឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា សរសេរលិខិតផ្លូវការទៅកាន់ប្រធានវិទ្យាស្ថានបង់ក្លាដែសសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ តាមរយៈស្ថានទូតបង់ក្លាដែស ដើម្បីរៀបចំដំណើរទស្សនកិច្ចការងារនេះក្នុងចុងឆ្នាំ។ ដោយឡែក ចំពោះគម្រោងស្រាវជ្រាវរួមគ្នា ភាគីទាំងពីរនឹងពិភាក្សាលម្អិតនាអំឡុងពេលនៃទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងប្រទេសបង់ក្លាដែសនាពេលខាងមុខ។
ជាមួយគ្នានោះដែរ ឯកឧត្តម Nazmul Quaunine បានស្នើសុំការគាំទ្រពីរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការរៀបចំប្រារព្ធពិធីរំឭកខួបឯករាជ្យរបស់បង់ក្លាដែស។ ពិធីនេះនឹងត្រូវរៀបចំឡើងដើម្បីរំឭកដល់លោក ឆេក មូហ្ស៊ីបួរ រ៉ាម៉ាន់ ជាបិតាស្ថានិកប្រទេសបង់ក្លាដែស ដែលបានទាមទារឯករាជ្យផ្តាច់ខ្លួនចេញពីប្រទេសប៉ាគីស្ថានក្នុងខែមីនា ឆ្នាំ១៩៧១។ ពិធីនេះគ្រោងនឹងរៀបចំនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា ដោយអញ្ជើញតំណាងអង្គទូតបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការ និងនិស្សិតកម្ពុជាចូលរួមប្រមាណ ៣០០នាក់។ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា នឹងទទួលរៀបចំកម្មវិធីនេះ។
ចុងក្រោយឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តម Nazmul Quaunine ដែលបានចំណាយពេលវេលាមកពិភាក្សាការងារជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណងនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវជាន់ខ្ពស់រវាងប្រទេសទាំងពីរ។
Rac Media
លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍«មានកត្តា ៤ យ៉ាងដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលការកកស្ទះចរាចរណ៍បណ្ដាលមកពីកត្តា ៦ យ៉ាង» នេះបើតាមការធ្...
បញ្ហាសំខាន់ដែលជាកត្តាចម្បងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជារួមមាន៖ ១. ការប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ ២. ការប្រើប្រាស់ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ៣. ការនឿយហត់ក្នុងពេលកំពុងបើកបរ ៤. លក្ខខណ្ឌបច្ចេកទ...
បណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជាភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅបន្ទប់សោតទស្សន៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំរួមមួយរវាងប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្...
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ដែលបានផ្សាយផ្ទាល់នៅលើទំព័រ Facebook ផ្លូវការរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ នៅល្ងាចថ្ងៃទី៣ ខែធ្នូ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកទឹកចិត្តមន្ត្រីរាជការទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាឱ្យចូលរួមផ្តួចផ្តើមគំនិតការងារថ្មីៗលើការសិក្សា និងការស្រា...