ព័ត៌មាន

ឯកឧត្តមបណ្ឌិត គិន​ ភា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបង់ក្លាដែស

2019-10-11 11:29:30 ថ្ងៃសុក្រ, 11 តុលា 2019 ម៉ោង 06:29 PM
អ្នកមើល 6874
post_detail

កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Md. Nazmul Quaunine ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត គិន ភា បានជម្រាបដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ពីប្រវត្តិ បេសកកម្ម ទស្សនវិស័យ សកម្មភាព និង សមិទ្ធផលសំខាន់ៗមួយចំនួន ដែលរាជបណ្ឌិត្យសភាកម្ពុជា សម្រេចបានកន្លងមក។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានក៏បានរំឭកឡើងវិញពីអនុស្សរណៈយោគយល់គ្នាកន្លងមក ដែលត្រូវបានធ្វើឡើងរវាងរាជបណ្ឌិត្យសភាកម្ពុជា និង វិទ្យាស្ថានបង់ក្លាដែសសម្រាប់សិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត គិន ភា បានលើកសំណើចំនួនពីរចំណុចទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូត គឺ៖ 

ទី១. ការរៀបចំដំណើរទស្សនកិច្ចការងារ​នៃថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ទៅកាន់សាធារណរដ្ឋបង់ក្លាដែស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវជាន់ខ្ពស់រវាងស្ថាប័នទាំងពីរ និងប្រទេសទាំងពីរ និង

ទី២. ពិនិត្យលទ្ធភាពលើគម្រោងស្រាវជ្រាវរួមគ្នារវាងកម្ពុជានិងបង់ក្លាដែស។

ជាការឆ្លើយតប ឯកឧត្តម Nazmul Quaunine បាន​គាំទ្រទាំងស្រុងលើសំណើទាំងពីរនេះ ហើយឯកឧត្តមបានស្នើឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា​ សរសេរលិខិតផ្លូវការទៅកាន់ប្រធានវិទ្យាស្ថានបង់ក្លាដែសសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ តាមរយៈស្ថានទូតបង់ក្លាដែស ដើម្បី​រៀបចំដំណើរទស្សនកិច្ចការងារនេះក្នុងចុងឆ្នាំ។ ដោយឡែក ចំពោះគម្រោងស្រាវជ្រាវរួមគ្នា ភាគីទាំងពីរនឹងពិភាក្សាលម្អិតនាអំឡុងពេលនៃទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំ​រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងប្រទេសបង់ក្លាដែសនាពេលខាងមុខ។

ជាមួយគ្នានោះដែរ ឯកឧត្តម Nazmul Quaunine បានស្នើសុំការគាំទ្រពីរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការរៀបចំប្រារព្ធពិធីរំឭកខួបឯករាជ្យរបស់បង់ក្លាដែស។ ពិធីនេះនឹងត្រូវរៀបចំឡើងដើម្បីរំឭកដល់លោក ឆេក មូហ្ស៊ីបួរ រ៉ាម៉ាន់​ ជា​បិតា​ស្ថានិក​ប្រទេស​បង់ក្លាដែស​ ដែលបានទាមទារឯករាជ្យផ្តាច់ខ្លួនចេញពីប្រទេសប៉ាគីស្ថានក្នុងខែមីនា ​ឆ្នាំ១៩៧១។ ពិធីនេះគ្រោងនឹងរៀបចំនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា ដោយអញ្ជើញតំណាងអង្គទូតបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការ និងនិស្សិតកម្ពុជាចូលរួម​ប្រមាណ ៣០០នាក់។ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា នឹងទទួលរៀបចំកម្មវិធីនេះ។

ចុងក្រោយឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តម Nazmul Quaunine ដែលបានចំណាយពេលវេលាមកពិភាក្សាការងារជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណងនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវជាន់ខ្ពស់រវាងប្រទេសទាំងពីរ។

Rac Media


អត្ថបទទាក់ទង

បោះឆ្នោតឃុំសង្កាត់ ២០២២ និងបញ្ហាប្រឈម ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

2021-08-09 04:29:53   ថ្ងៃចន្ទ, 09 សីហា 2021 ម៉ោង 11:29 AM
បន្ទាប់ពីខួបទំនាក់ទំនងការទូត តើកម្ពុជានិងចិនត្រូវធ្វើអ្វីបន្ត? ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-07-19 14:45:01   ថ្ងៃចន្ទ, 19 កក្កដា 2021 ម៉ោង 09:45 PM
អត្ថបទពិចារណា៖ «សាធារណមតិអន្តរជាតិ»

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ថ្មីៗនេះ គេកត់សម្គាល់ឃើញថា បងប្អូនកូនខ្មែរយើងមួយចំនួន បានបង្ហោះសារជាច្រើនពាក់ព័ន្ធនឹងជនបរទេសដែលធ្វើការក្នុងស្ថាប័នព័ត៌មានអន្តរជាតិធំៗ ដ...

2021-06-18 09:51:25   ថ្ងៃសុក្រ, 18 មិថុនា 2021 ម៉ោង 04:51 PM
បណ្ឌិត គិន ភា៖ «ត្រឹមតែមោទនភាព ឈឺចាប់ និងស្តាយស្រណោះនោះ មិនគ្រប់គ្រាន់ទេ»

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៅពេលសម្លឹងទៅអតីតកាលជាង ១០០០ឆ្នាំមុន ប្រជារាស្ត្រខ្មែរតែងមានមោទនភាពចំពោះជាតិខ្លួនដែលធ្លាប់ជាចក្រភពដ៏ខ្លាំងពូកែមួយនៅអាស៊ីអាគ្នេយ៍ មានទឹកដីធំ...

2021-06-16 06:45:46   ថ្ងៃពុធ, 16 មិថុនា 2021 ម៉ោង 01:45 PM
បទវិភាគ៖ «វៀតណាមមិនគួរយកបញ្ហាជនអន្តោប្រវេសន៍របស់ខ្លួនបន្ថែមទម្ងន់នៃការឈឺចាប់ដល់ប្រជាជនខ្មែរទៀតទេ»

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា, រាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយ ដែលតម្រូវឱ្យមានការរុះរើឬចល័តចេញជាបន្ទាន់...

2021-06-13 04:48:24   ថ្ងៃអាទិត្យ, 13 មិថុនា 2021 ម៉ោង 11:48 AM
ឯកឧត្តម ស៊ឹម សារ៉ាក់ ទទួលបានគោរមងារកិត្តិយសពីរាជបណ្ឌិត្យសភាកម្ពុជានូវ«សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកវប្បធម៌និងវិចិត្រសិល្បៈ»

កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ រាជបណ្ឌិត្យសភាកម្ពុជាបានសម្រេចប្រគល់គោរមងារកិត្តយស នូវ«សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកវប្បធម៌និងវិចិត្រសិល្បៈ» ជូនដល់ឯកឧត្តមបណ្ឌិត ស៊ឹម សារ៉ាក់ ដើម្បីជាការតបស្នងចំពោះកិច្ចខិ...

2021-06-03 07:54:56   ថ្ងៃព្រហស្បតិ៍, 03 មិថុនា 2021 ម៉ោង 02:54 PM

សេចក្តីប្រកាស