ព័ត៌មាន

«របបរាជានិយមក្នុងសង្គមខ្មែរ»

2019-09-21 05:26:37 ថ្ងៃសៅរ៍, 21 កញ្ញា 2019, 05:26 AM
post_detail

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពជានៃរាជបណ្ឌិត្យសភាកម្ពុជា

បើយើងក្រឡេកមើលប្រវត្តិសាស្ត្រកម្ពុជា យើងឃើញថាប្រទេសកម្ពុជា ជាប្រទេសដែលកាន់របបរាជានិយមរាប់សតវត្សរ៍មកហើយ គឺតាំងពីការកកើតរដ្ឋមកម៉្លេះ ​មានទាំងរបបរាជានិយមផ្តាច់ការ (សម្បូរណញ្ញាសិទ្ធិរាជ្យ) និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។ ប៉ុន្តែ របបរាជានិយមអាស្រ័យធម្មនុញ្ញ ត្រូវបានបញ្ចប់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយសាររដ្ឋប្រហារមួយដឹកនាំដោយ លន់ នល់ សិរិមតៈ និងចេង ហេង ដើម្បីទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីអំណាច។

ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៣ របបនយោបាយចំនួនបី បានខិតខំចូលមកគ្រប់គ្រងប្រទេសកម្ពុជា ដែលនៅក្នុងចំណោមរបបនយោបាយទាំងនោះ គេឃើញមានរបបប្រធានាធិបតីនិយម ដែលមានអត្ថិភាពរហូតដល់ឆ្នាំ១៩៧៥ ដែលពេលនោះខ្មែរក្រហមបានផ្តួលរំលំ ហើយបានឡើងកាន់អំណាចជំនួសវិញដោយចុងកាណុង។ ពីឆ្នាំ១៩៧៥ របបផ្តាច់ការខ្មែរក្រហមបានឡើងកាន់អំណាច ហើយបានប្រព្រឹត្តអំពើហិង្សានិងការកាប់សម្លាប់តាមអំពើចិត្តពាសពេញផ្ទៃប្រទេសកម្ពុជា។ នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមប្រល័យពូជសាសន៍ត្រូវបានផ្តួលរំលំដោយក្រុមសង្គមនិយមមិនតឹងរ៉ឹង “Les Modérés” (និយមកណ្តាល) ហើយឡើងដឹកនាំប្រទេសម្តងវិញ ដោយចាប់ផ្តើមរៀបចំរដ្ឋបាលនិងហិរញ្ញវត្ថុឡើងវិញ។ ក្រុមនេះបានខិតខំកសាងនិងការពារជាតិក្នុងស្ថានភាពដ៏លំបាកមយយដោយដៃម្ខាងការពារការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមនិងដៃម្ខាងទៀតកសាងជាតិ។ របបគ្រប់គ្រងនេះមានអត្ថិភាពរហូតឆ្នាំ១៩៩៣។

ក្រោយការបោះឆ្នោត១៩៩៣ ប្រទេសកម្ពុជាបានប្រកាន់យករបបរាជានិយមអាស្រ័យធម្មនុញ្ញជាថ្មីឡើងវិញ។ រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ បានចែងថា ៖ «ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។ របបរាជានិយមថ្មីនេះមានអត្ថិភាពរហូតដល់បច្ចុប្បន្ន។ យើងឃើញថា ប្រទេសកម្ពុជាបានភ្លក្សស្ទើរគ្រប់រសជាតិនៃរបបនយោបាយ ហើយរបបនយោបាយដែលមិនមែនរាជានិយម មិនសូវមានអត្ថិភាពបានយូរទេ ច្រើនតែត្រូវបានផ្តួលរំលំដោយរបបមួយផ្សេងទៀត។ ដូច្នេះ មានតែរបបរាជានិយមអាស្រ័យធម្មនុញ្ញទំនើបទេ ទើបអាចធានាបាននូវស្ថិរភាពនយោបាយនិងមានអត្ថិភាពយូរអង្វែង។

ផ្អែកតាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ព្រះមហាក្សត្រទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែ ទ្រង់មិនកាន់អំណាចឡើយ ហើយទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិ​, ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។ ទោះបីព្រះមហាក្សត្រមិនកាន់អំណាចក្តី ប៉ុន្តែ ព្រះអង្គត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ គឺអង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ ទន្ទឹមនឹងនេះ ក្រមព្រហ្មទណ្ឌកម្ពុជា ក៏បានកំណត់ទោសទណ្ឌចំពោះជនទាំងឡាយណា ដែលប្រមាថចំពោះអង្គព្រះមហាក្សត្រផងដែរ។

មាត្រា ៤៣៧ ស្ទួន នៃជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»។

ដូច្នេះ បុគ្គលទាំងឡាយណា ដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺប្រឈមនឹងបញ្ហាបួន ៖

- ទីមួយ ទិដ្ឋភាពប្រវត្តិសាស្ត្រនិងគ្រឹះនៃវប្បធម៌និងអារ្យធម៌ខ្មែរ៖ ការប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺមានន័យថា ជាការជាន់ឈ្លីប្រវត្តិសាស្ត្រនិងគ្រឹះនៃវប្បធម៌និងអារ្យធម៌ខ្មែរ។ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺជាមនុស្សទម្មិឡឥតសាសនា និងជាមនុស្សដែលមិនស័ក្តសមនឹងទទួលបានសញ្ជាតិជាខ្មែរ និងជាន់ដីខ្មែរនោះទេ។

- ទីពីរ ទិដ្ឋភាពច្បាប់ ៖ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺបានរំលោភយ៉ាងធ្ងន់ធ្ងរចំពោះរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ មានពិរុទ្ធភាពព្រហ្មទណ្ឌមានស្ថានទម្ងន់ ដែលត្រូវផ្តន្ទាទោសឱ្យធ្ងន់ធ្ងរបំផុត ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ និង បានរំលោភបាវចនារបស់ជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ។

- ទីបី ទិដ្ឋភាពសង្គម ៖ ប្រជាជនខ្មែរទូទាំងនគរគោរពស្រឡាញ់អង្គព្រះមហាក្សត្រ និង ចាត់ទុកព្រះអង្គជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅបណ្តាប្រជានុរាស្ត្រខ្មែរទូទាំងនគរ។ ដូច្នេះ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺជាបុគ្គលជាន់ឈ្លីនិងប្រមាថចំពោះប្រជាជនទូទាំងនគរ ប្រៀបបានយកកាំបិតទៅចាក់បេះដូងប្រជាជនឱ្យឈឺផ្សាបំផុត។

- ទីបួន ទិដ្ឋភាពនយោបាយ ៖ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ ជាបុគ្គលដែលមិនអាចធ្វើនយោបាយក្នុងសង្គមកម្ពុជាបានទេ ជាបុគ្គលដែលប្រជាជាតិកម្ពុជាមិនស្វាគមន៍។ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ ជាបុគ្គលមានទំនោរសាធារណរដ្ឋនិយម និងអាចមានឧបាយកលទុចរិតឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរបបរាជានិយមនៅកម្ពុជាក៏ថាបាន។

ដូច្នេះ សូមបងប្អូនប្រជាជនខ្មែរទាំងអស់ គ្រប់ទីក្រុង និគមជនបទ សូមប្រយ័ត្នប្រយែងចំពោះបុគ្គលបែបនេះ។ និន្នាការណាមួយឈានទៅរកការផ្តួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញនៅកម្ពុជា គឺជាការប៉ុប៉ងនាំកម្ពុជាទៅរកសោកនាដកម្មដ៏ឈឺចាប់ពីអតីតកាលម្តងទៀត។

អត្ថបទទាក់ទង

«សន្តិភាពធានានូវការអភិវឌ្ឍគុណភាពជីវិតរស់នៅរបស់ប្រជាជន»

(តាកែវ)៖ ថ្លែងក្នុងពិធីមីទ្ទីញរំលឹកខួបលើកទី៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា (៧/១/១៩៧៩-៧/១/២០២០) នៅក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្...

2020-01-10 06:06:53   Fri, 10,01,2020, 06:06 AM
អត្ថបទ ស្ដីពី ការដំឡើង «របាំច្បោះជ័រ»

ស្រាវជ្រាវនិងចងក្រងដោយ៖ ផុន កសិកា, ប្រែង ពិសិដ្ឋ, លោកស្រីម៉ិល វាសនា, យ៉ាន់ វិភារតន៍, តាកេត ស័កដា វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា។...

2020-01-08 08:01:59   Wed, 08,01,2020, 08:01 AM
«៧ មករា» ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកូនខ្មែរត្រូវចងចាំ

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ស្អែកនេះជាខួបលើកទី៤១ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍កម្ពុជាធិបតេយ្យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) លោកបណ្ឌិត គិន ភា ប្...

2020-01-06 07:24:10   Mon, 06,01,2020, 07:24 AM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំកិច្ចប្រជុំតាមដានការងារ ភារកិច្ច និងយុទ្ធសាស្ត្រលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមការងារព័ត៌មាននៃរាជបណ្ឌិត្យសភាកម្ពុជា (RAC Media) ដោយ៖ លឹម សុវណ្ណរិទ្ធ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នេះ នៅបន្ទប់ក្រវាន់ អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំតាមដានការងារនិងភារកិច្ច និងយុទ្ធសាស្ត...

2020-01-06 05:48:40   Mon, 06,01,2020, 05:48 AM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ រាជបណ្ឌិត្យសភាកម្ពុជាត្រូវបង្កើនប្រសិទ្ធភាពការងារ ពិសេសបង្កើនស្នាដៃស្រាវជ្រាវឱ្យឆ្លើយតបនឹងបញ្ហាអាទិភាពរបស់សង្គមជាតិ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីម៉ោង ៩:០០ នាទី ដល់ម៉ោង ១១:២២ នាទី ព្រឹកថ្ងៃ...

2020-01-03 09:01:26   Fri, 03,01,2020, 09:01 AM
Challenges for Cambodian Workers in Thailand

By: Sam Seun, Researcher of Royal Academy of CambodiaEmail: samseun77@gmail.com

2020-01-03 08:38:47   Fri, 03,01,2020, 08:38 AM

សេចក្តីប្រកាស