ព័ត៌មាន

«គម្រោងការចិញ្ចឹមគោយកទឹកដោះ ឈានដល់ដំណាក់កាលសំខាន់»

2018-09-08 09:59:36 ថ្ងៃសៅរ៍, 08 កញ្ញា 2018 ម៉ោង 04:59 PM
អ្នកមើល 5146
post_detail

អស់រយៈពេលជិត១ឆ្នាំកន្លងមកហើយដែលរាជបណ្ឌិត្យសភាកម្ពុជា បាន​ដាក់​ចេញ​នូវ​គោល​ដៅ​​រៀបចំ​​គម្រោង​​​សិក្សា​ពីលទ្ធភាពនៃការចិញ្ចឹមគោយកទឹកដោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ គម្រោងការនេះ ជា​ចំណែក​​​មួយ​​ដែល​ថ្នាក់​ដឹកនាំ​នៃស្ថាប័នស្រាវជ្រាវរបស់ជាតិមួយនេះ បានប្តេជ្ញា​ក្នុងការ​ធ្វើកំណែទម្រង់រាប់​តាំង​ពី​រដ្ឋបាល​​ការងារ​ផ្ទៃក្នុង ដើម្បីជំរុញប្រសិទ្ធភាពការងារ ជាពិសេសការងារស្រាវជ្រាវនៅតាមវិទ្យាស្ថានជំនាញទាំង៦ នៃ​រាជ​​បណ្ឌិត្យ​សភាកម្ពុជា។ 

សូមរំឭកជូនថា កាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ នៅក្នុងពិធីដាំដើឈើនៅឧទ្យានរាជ​បណ្ឌិត្យ​សភាកម្ពុជា តេជោសែនឫស្សីត្រឹប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា បានជួយ​ឧបត្ថម្ភ​ទឹកប្រាក់ក្នុងការចិញ្ចឹមគោយកទឹកដោះនេះ ចំនួន ១០ ម៉ឺនដុល្លារអាម៉េរិក និងមានការ​ចូលរួម​ពីមន្ត្រី​រាជការ និង​សប្បុរសជន​នានា​ជាច្រើនទៀត ដែលសរុបទឹកប្រាក់ទាំងអស់ជាង ១៧ ម៉ឺនដុល្លារអាម៉េរិក។ ដោយមានការលើកទឹកចិត្ត​ពី​ថ្នាក់​ដឹកនាំ​រាជបណ្ឌិត្យសភាកម្ពុជា បានកំណត់គោលដៅ​យ៉ាង​ច្បាស់ថា​នឹង​បង្កើតគម្រោងការចិញ្ចឹមគោយកទឹកដោះ ហើយ​កម្ពុជា​​នឹង​មានទឹកដោះគោស្រស់ដែល សមិទ្ធផល​​​របស់​ស្ថាប័ន​រដ្ឋ​យើង​​នៅឆ្នាំក្រោយនេះ។ 

មកដល់ពេលនេះ គម្រោងសិក្សានិងចិញ្ចឹមគោយកទឹកដោះនៅ​ឧទ្យាន​ឫស្សី​ត្រឹប បាន​ឈាន​ដល់ដំណាក់កាលសំខាន់មួយ ​ហើយក៏ជាដំណាក់កាលសិក្សាចុងក្រោយ មុននឹងបន្ត​កិច្ច​សហការ​ជំហ៊ាន​បន្ទាប់​ជាមួយ​ដៃគូ​ពី​កសិដ្ឋាន​​ចិញ្ចឹមគោ​ទឹកដោះ​នៅ​ខេត្ត​ស្រះកែវ។  

ការសិក្សាចុងក្រោយអំពីបច្ចេកទេសចិញ្ចឹមគោយកទឹកដោះ ការថែទាំ និងការកែច្នៃ​ទឹកដោះ​គោ​ស្រស់​ទៅជា​ផលិតផល​​​សម្រេច ជាគោលបំណងនៃដំណើរទស្សនកិច្ចរបស់ក្រុមស្រាវជ្រាវរាជបណ្ឌិត្យសភា​កម្ពុជា​ទៅកាន់ សហគមន៍​ចិញ្ចឹម​គោយក​ទឹកដោះ វ៉ាងណាំយិន ស្ថិតក្នុង​ខេត្ត​ស្រះកែវ ប្រទេសថៃ នៅថ្ងៃសុក្រ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ដំណើរ​ទស្សនកិច្ច​នេះ ដឹកនាំដោយ​ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។

ឯកឧត្តមប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវទស្សនៈជាវិជ្ជមានពីដំណើរទស្សនកិច្ចសិក្សាមួយ នៅ​កសិដ្ឋាន​គោ​ទឹក​ដោះ​នៅ​ខេត្តស្រះកែវ តាមទំព័រហ្វេសប៊ុគ ថា «ថ្ងៃនេះខ្ញុំបានមកដល់ខេត្តស្រះកែវក្នុងប្រទេសថៃ ដើម្បី​សិក្សាចុងក្រោយ ក្នុងការយកគោទឹកដោះទៅចិញ្ចឹមនៅប្រទេសកម្ពុជាយើង ហើយធ្វើការសរសេរជាសៀវភៅក៏ដូចជាចេញវីដេអូខ្លីៗ​សម្រាប់​ប្រជាកសិករ​អាចយក​ទៅ​ចិញ្ចឹមបន្តទៅទៀត ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ​»​។ 

នេះជាការសិក្សាដំណាក់កាលចុងបញ្ចប់លើបច្ចេកទេសចិញ្ចឹមគោយកទឹកដោះ​របស់​ក្រុមការងារ​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ត្បិតនៅចុងឆ្នាំ២០១៨នេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងនាំយកគោទឹកដោះចំនួន​១០០​ក្បាល​ មក​ចិញ្ចឹម​​នៅ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេជោសែន​ឫស្សីត្រឹប ក្នុងខេត្តព្រះវិហារ។ ការចិញ្ចឹមនៅដំណាក់កាល​ដំបូង ជា​ការ​សិក្សា និងពិសោធន៍​ដោយក្រុមការងារ​ស្រាវជ្រាវ​រាជបណ្ឌិត្យសភាកម្ពុជា បន្ទាប់​មក​ក្រុមការងារ​ស្រាវជ្រាវ នឹងចងក្រង​ជា​ឯកសារ និងជាវីដេអូ ដើម្បីចែកចាយពីបច្ចេកទេស និងរបៀបថែទាំគោ របៀបបូមយកទឹកដោះគោ របៀបដាំស្មៅ ក៏ដូចជា​របៀប​រៀបចំ​អាហារ​បំប៉ន សម្រាប់​ផ្សព្វផ្សាយ​ជូនដល់​ប្រជាកសិករ​ខ្មែរ​យើង​ដែលមាន​បំណង​​បង្កើន​​ប្រាក់ចំណូល​​តាមរយៈ​ការចិញ្ចឹមគោ​យកទឹកដោះនេះ។

គួររំឭកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តួចផ្តើមគម្រោង​ការ​ចិញ្ចឹម​​គោ​យក​ទឹកដោះ ក្នុងគោលបំណងសំខាន់បង្កើតការងារថ្មីសម្រាប់អ្នកស្រាវជ្រាវ រៀបចំចងក្រងនូវឯកសារ​​​សម្រាប់​អ្នក​ចិញ្ចឹម​គ្រប់គ្នា។ រាជបណ្ឌិត្យសភាកម្ពុជា មិនត្រឹមតែផលិតនូវឯកសារជាសៀវភៅប៉ុណ្ណោះទេ គឺ​​រៀបចំ​ផលិត​ទាំង​ឯកសារ​ជា​វីដេអូ​ខ្លី ជា​រូបភាព​ផ្សេងពាក់ព័ន្ធនឹងវិស័យកសិកម្ម សម្រាប់ធ្វើជាជំនួយដល់អ្នកសិក្សា និង​កសិករ ដែល​មាន​ចំណាប់​​អារម្មណ៍​ក្នុង​វិស័យ​កសិកម្ម។ ក្រៅពីគម្រោងការ​ចិញ្ចឹមគោ​យកទឹកដោះ​នេះ នៅ​​មាន​គម្រោង​ជាច្រើន​នឹង​អនុវត្ត​​នៅ​​ឧទ្យាន​​​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​​​តេជោសែន​​ឫស្សីត្រឹប ដូចជា គម្រោងការ​បង្កើតសួន​សត្វសាហ្វារី គម្រោង​បង្កើត​​កសិដ្ឋាន​​ចិញ្ចឹម​ដង្កូវនាង ជាដើម ហើយគម្រោងការទាំងនេះ សុទ្ធតែមានគោលដៅបង្កើតការងារជូន​​ប្រជា​ពលរដ្ឋ​​ដែល​រស់នៅ​ជុំវិញ​​តំបន់​ឧទ្យាន​ឫស្សីត្រឹប ដែល​នឹងក្លាយជាចំណែកមួយជួយបង្កើនប្រាក់ចំណូលប្រចាំ​គ្រួសារ​ និង​ជួយ​កាត់បន្ថយ​ការ​អាស្រ័យ​លើ​អនុផល​ព្រៃឈើ ដូចជា ការកាប់ឈើ ការរានដីព្រៃ និងការ​ប្រមាញ់​សត្វ​ព្រៃ ជាដើម។ រាជបណ្ឌិត្យសភាកម្ពុជា មាន​គោលដៅ​ចូលរួមចំណែក​ស្រាវជ្រាវ​រករបកគំហើញ​ថ្មីៗ​បន្ថែម​ទៀត ដើម្បីជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សំដៅលើកកម្ពស់​កម្រិត​ជីវភាព​របស់​កសិករ​យើង​ឱ្យស្រប​នឹង​គោលនយោបាយជាតិ​ដែល​បាន​កំណត់​ថា នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់ និងក្នុងឆ្នាំ២០៥០ កម្ពុជានឹងក្លាយទៅជាប្រទេសមានចំណូលខ្ពស់៕

ខាងក្រោមនេះ ជារូបភាពពីដំណើរទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោទឹកដោះនៅខេត្តស្រះកែវ របស់ថ្នាក់​ដឹកនាំ​រាជ​បណ្ឌិត្យ​សភាកម្ពុជា៖ 


RAC Media

អត្ថបទទាក់ទង

«ប្រវត្តិ និងសារៈសំខាន់នៃពុទ្ធិកសិក្សានៅកម្ពុជា»

(រូបថត៖ http://5000-years.org/)វិស័យអប់រំផ្នែកពុទ្ធិកសិក្សាជាវិស័យមួយដែលបានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ វិស័យនេះបានចាប់បដិសន្ធិជាច្រើនសតវត្សរ៍មកហើយ គឺនៅមុនរជ្ជកាលនៃការគ្រប់គ្រងរបស់អតីត...

2022-06-22 03:24:45   ថ្ងៃពុធ, 22 មិថុនា 2022 ម៉ោង 10:24 AM
សមិទ្ធផលថ្មី សៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត»

សៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត» រៀបចំសម្រាប់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ អ្នកសិក្សា និង អ្នកស្រាវជ្រាវលើវិស័យគណិតវិទ្យា។ សៀវភៅនេះ ជាផ្នែកមួយនៃពីជគណិត ដែលផ្តល់ឱ្យនិស្សិតត្រូវ សិក្សាទទួលបានចំណេះដឹងខ...

2022-06-22 02:59:11   ថ្ងៃពុធ, 22 មិថុនា 2022 ម៉ោង 09:59 AM
រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ទឹកថ្នាំសម្លាប់មេរោគជូនក្រសួងសុខាភិបាល

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធ...

2022-06-16 12:19:23   ថ្ងៃព្រហស្បតិ៍, 16 មិថុនា 2022 ម៉ោង 07:19 PM
ជំនួបប្រជុំបង្កើនកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃពុធនេះ ទី១៥ ខែមិថុនា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសទទួលបដិសណ្ឋារកិច្ចឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ។ នៅក្នុងជំ...

2022-06-16 03:14:22   ថ្ងៃព្រហស្បតិ៍, 16 មិថុនា 2022 ម៉ោង 10:14 AM
ជំនួបម្ចាស់សៀវភៅ 24-Hour English Pronunciation 101

នាថ្ងៃពុធ ទី ១១ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងមន្រ្តីជំនាញអប់រំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ លោក លី សុជាតិ អ្នករៀបរៀបចងក្រងសៀវភៅ 24-Hour English Pronunci...

2022-05-12 01:29:46   ថ្ងៃព្រហស្បតិ៍, 12 ឧសភា 2022 ម៉ោង 08:29 AM
ជំនួបគោរមវន្តកិត្តិយស កសាងគុណកថា កិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី

លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមការងារលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ តាមការចាត់តាំងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ...

2022-05-10 14:52:10   ថ្ងៃអង្គារ, 10 ឧសភា 2022 ម៉ោង 09:52 PM

សេចក្តីប្រកាស