អស់រយៈពេលជិត១ឆ្នាំកន្លងមកហើយដែលរាជបណ្ឌិត្យសភាកម្ពុជា បានដាក់ចេញនូវគោលដៅរៀបចំគម្រោងសិក្សាពីលទ្ធភាពនៃការចិញ្ចឹមគោយកទឹកដោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ គម្រោងការនេះ ជាចំណែកមួយដែលថ្នាក់ដឹកនាំនៃស្ថាប័នស្រាវជ្រាវរបស់ជាតិមួយនេះ បានប្តេជ្ញាក្នុងការធ្វើកំណែទម្រង់រាប់តាំងពីរដ្ឋបាលការងារផ្ទៃក្នុង ដើម្បីជំរុញប្រសិទ្ធភាពការងារ ជាពិសេសការងារស្រាវជ្រាវនៅតាមវិទ្យាស្ថានជំនាញទាំង៦ នៃរាជបណ្ឌិត្យសភាកម្ពុជា។
សូមរំឭកជូនថា កាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ នៅក្នុងពិធីដាំដើឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួយឧបត្ថម្ភទឹកប្រាក់ក្នុងការចិញ្ចឹមគោយកទឹកដោះនេះ ចំនួន ១០ ម៉ឺនដុល្លារអាម៉េរិក និងមានការចូលរួមពីមន្ត្រីរាជការ និងសប្បុរសជននានាជាច្រើនទៀត ដែលសរុបទឹកប្រាក់ទាំងអស់ជាង ១៧ ម៉ឺនដុល្លារអាម៉េរិក។ ដោយមានការលើកទឹកចិត្តពីថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា បានកំណត់គោលដៅយ៉ាងច្បាស់ថានឹងបង្កើតគម្រោងការចិញ្ចឹមគោយកទឹកដោះ ហើយកម្ពុជានឹងមានទឹកដោះគោស្រស់ដែល សមិទ្ធផលរបស់ស្ថាប័នរដ្ឋយើងនៅឆ្នាំក្រោយនេះ។
មកដល់ពេលនេះ គម្រោងសិក្សានិងចិញ្ចឹមគោយកទឹកដោះនៅឧទ្យានឫស្សីត្រឹប បានឈានដល់ដំណាក់កាលសំខាន់មួយ ហើយក៏ជាដំណាក់កាលសិក្សាចុងក្រោយ មុននឹងបន្តកិច្ចសហការជំហ៊ានបន្ទាប់ជាមួយដៃគូពីកសិដ្ឋានចិញ្ចឹមគោទឹកដោះនៅខេត្តស្រះកែវ។
ការសិក្សាចុងក្រោយអំពីបច្ចេកទេសចិញ្ចឹមគោយកទឹកដោះ ការថែទាំ និងការកែច្នៃទឹកដោះគោស្រស់ទៅជាផលិតផលសម្រេច ជាគោលបំណងនៃដំណើរទស្សនកិច្ចរបស់ក្រុមស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជាទៅកាន់ សហគមន៍ចិញ្ចឹមគោយកទឹកដោះ វ៉ាងណាំយិន ស្ថិតក្នុងខេត្តស្រះកែវ ប្រទេសថៃ នៅថ្ងៃសុក្រ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្តមប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវទស្សនៈជាវិជ្ជមានពីដំណើរទស្សនកិច្ចសិក្សាមួយ នៅកសិដ្ឋានគោទឹកដោះនៅខេត្តស្រះកែវ តាមទំព័រហ្វេសប៊ុគ ថា «ថ្ងៃនេះខ្ញុំបានមកដល់ខេត្តស្រះកែវក្នុងប្រទេសថៃ ដើម្បីសិក្សាចុងក្រោយ ក្នុងការយកគោទឹកដោះទៅចិញ្ចឹមនៅប្រទេសកម្ពុជាយើង ហើយធ្វើការសរសេរជាសៀវភៅក៏ដូចជាចេញវីដេអូខ្លីៗសម្រាប់ប្រជាកសិករអាចយកទៅចិញ្ចឹមបន្តទៅទៀត ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ»។
នេះជាការសិក្សាដំណាក់កាលចុងបញ្ចប់លើបច្ចេកទេសចិញ្ចឹមគោយកទឹកដោះរបស់ក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ត្បិតនៅចុងឆ្នាំ២០១៨នេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងនាំយកគោទឹកដោះចំនួន១០០ក្បាល មកចិញ្ចឹមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ក្នុងខេត្តព្រះវិហារ។ ការចិញ្ចឹមនៅដំណាក់កាលដំបូង ជាការសិក្សា និងពិសោធន៍ដោយក្រុមការងារស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា បន្ទាប់មកក្រុមការងារស្រាវជ្រាវ នឹងចងក្រងជាឯកសារ និងជាវីដេអូ ដើម្បីចែកចាយពីបច្ចេកទេស និងរបៀបថែទាំគោ របៀបបូមយកទឹកដោះគោ របៀបដាំស្មៅ ក៏ដូចជារបៀបរៀបចំអាហារបំប៉ន សម្រាប់ផ្សព្វផ្សាយជូនដល់ប្រជាកសិករខ្មែរយើងដែលមានបំណងបង្កើនប្រាក់ចំណូលតាមរយៈការចិញ្ចឹមគោយកទឹកដោះនេះ។
គួររំឭកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តួចផ្តើមគម្រោងការចិញ្ចឹមគោយកទឹកដោះ ក្នុងគោលបំណងសំខាន់បង្កើតការងារថ្មីសម្រាប់អ្នកស្រាវជ្រាវ រៀបចំចងក្រងនូវឯកសារសម្រាប់អ្នកចិញ្ចឹមគ្រប់គ្នា។ រាជបណ្ឌិត្យសភាកម្ពុជា មិនត្រឹមតែផលិតនូវឯកសារជាសៀវភៅប៉ុណ្ណោះទេ គឺរៀបចំផលិតទាំងឯកសារជាវីដេអូខ្លី ជារូបភាពផ្សេងពាក់ព័ន្ធនឹងវិស័យកសិកម្ម សម្រាប់ធ្វើជាជំនួយដល់អ្នកសិក្សា និងកសិករ ដែលមានចំណាប់អារម្មណ៍ក្នុងវិស័យកសិកម្ម។ ក្រៅពីគម្រោងការចិញ្ចឹមគោយកទឹកដោះនេះ នៅមានគម្រោងជាច្រើននឹងអនុវត្តនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដូចជា គម្រោងការបង្កើតសួនសត្វសាហ្វារី គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមដង្កូវនាង ជាដើម ហើយគម្រោងការទាំងនេះ សុទ្ធតែមានគោលដៅបង្កើតការងារជូនប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ឧទ្យានឫស្សីត្រឹប ដែលនឹងក្លាយជាចំណែកមួយជួយបង្កើនប្រាក់ចំណូលប្រចាំគ្រួសារ និងជួយកាត់បន្ថយការអាស្រ័យលើអនុផលព្រៃឈើ ដូចជា ការកាប់ឈើ ការរានដីព្រៃ និងការប្រមាញ់សត្វព្រៃ ជាដើម។ រាជបណ្ឌិត្យសភាកម្ពុជា មានគោលដៅចូលរួមចំណែកស្រាវជ្រាវរករបកគំហើញថ្មីៗបន្ថែមទៀត ដើម្បីជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សំដៅលើកកម្ពស់កម្រិតជីវភាពរបស់កសិករយើងឱ្យស្របនឹងគោលនយោបាយជាតិដែលបានកំណត់ថា នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្នុងឆ្នាំ២០៥០ កម្ពុជានឹងក្លាយទៅជាប្រទេសមានចំណូលខ្ពស់៕